ឧទ្យានជាតិ Tram chim – តំបន់រ៉ាំសារ (Ramsar) ទី ២០០០ របស់ពិភពលោក
(VOVWORLD) - ឧទ្យានជាតិ Tram chimស្ថិតនៅស្រុក Tam Nongខេត្ត Dong Thapត្រូវបានចាត់ទុកថាជាតំបន់រ៉ាំសារទី ២០០០ របស់ពិភពលោក។ រដូវទឹកឡើងនៅTram chimបានចាប់ផ្ដើមពីខែ ៨ រហូតខែ ១១ តាមប្រតិទិនច័ន្ទគតិ។ នៅពេលនោះឧទ្យានជាតិTram chimមានទេសភាពស្រស់បំព្រង ប្រៀបប្រដូចជាគំនូរមួយផ្ទាំងអញ្ចឹង។ នៅលើមេឃនិងលើផ្ទៃទឹកគឺពោរពេញទៅដោយ ពណ៌ខៀវស្រងាត់។ ទន្ទឹមនឹងទេសភាពទាំងនេះគឺមានវាលផ្កាឈូកផ្កាព្រលឹតនិងផ្ដាស្មាចបង្អួតសម្រស់ឆើតឆាយផងដែរ។
ដោយមានចម្ងាយប្រមាណ ៣៥ គីឡូម៉ែត្រពីទីក្រុង Cao Lanh ខេត្ត Dong Thapនោះ ឧទ្យានជាតិTram chim គឺជាតំបន់ដីលិចទឹក ដែលមានផ្ទៃដីជាង ៧ ៣០០ ហិកតា ចំណុះឃុំចំនួន ៥ គឺ Tan Cong Sinh Phu Duc Phu Tho Phu Thanh Phu Hiepនិងទីរួមស្រុក Tram Chim នៃស្រុក Tam Nong ខេត្ត Dong Thap។ នេះគឺជាជម្រករបស់អំបូររុក្ខជាតិជាង ១៣០ ប្រភេទសត្វស្លាបជាង ២០០ ប្រភេទ។ កាលពី ៨ ឆ្នាំមុនឧទ្យានជាតិ Tram chimត្រូវបានទទួលស្គាល់ជាតំបន់រ៉ាំសារតំបន់អភិរក្សដីលិចទឹកទី ២០០០ របស់ពិភពលោកនិងទី ៤ របស់វៀតណាម។ លោក Nguyen Van Vuiមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់នៅខេត្ត Dong Thapបានឲ្យដឹងថា៖ “ឧទ្យានជាតិ Tram chim ត្រូវបាន ទទួលស្គាល់ថាជាតំបន់រ៉ាំសារដោយបានឆ្លើយតបនឹងរាល់លក្ខខ័ណ្ឌ។ ទីមួយគឺ សន្ធិសញ្ញារ៉ាំសារត្រូវបានបង្កើតឡើងដើម្បីការពារតំបន់ដីសើម។ ដូច្នេះឧទ្យានជាតិTram chim នៅខេត្ត Dong Thap Muoi ធានាបានបទដ្ឋានដំបំបូងគឺជាតំបន់ដីទឹកសើម។ ទីពីរគឺដើម្បីការពារប្រភេទបក្សីកម្រ។ ទីបីនេះគឺជាតំបន់ព្រៃធម្មជាតិដោយមាន ផ្ទៃដីចំនួន ៧៣១៣ ហិកតា។ ព្រៃស្មាច់មានបក្សីកម្រនិងត្រីទឹកសាបជាច្រើនប្រភេទដែលត្រូវបានរស់នៅធម្មជាតិនិងអភិរក្សនៅទីនេះ”។
ចាប់ពីខែ ១២ ដល់ខែ ៥ តាមប្រតិទិនចន្ទគតិគឺជារដូវប្រាំង។ ធ្វើដំណើរតាមបណ្ដោយព្រែកដោយកាណូតនៅតំបន់ភាគខាងលិចនេះលោកអ្នកបានគយគន់ទេសភាពដ៏ស្រស់បំព្រងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅទីនេះ។ លោក Nguyen Van Vui បានឲ្យដឹងថែមទៀតថា៖ “នៅក្នុងឧទ្យានជាតិនេះភាគច្រើនគឺជាព្រៃស្មាចពោលគឺព្រៃស្មាច់មានទំហំជាង ៣០០០ ហិកតា។ ក្រៅពីនេះក៏មានរុក្ខជាតិមួយចំនួនទៀតដូចជាស្មៅកំប្លោកនិងផ្កាភ្ញីគ្រប់ប្រភេទផងដែរ”។
ដោយអង្គុយលើកាណូតឆ្លងកាត់ព្រៃស្មាច់នោះលោកអ្នកនឹងមានចំណាប់អារម្មណ៍ចំពោះបក្សាបក្សីគ្រប់ប្រភេទនៅលើផ្ទៃមេឃដូចជាចាបនិងកុក។ មើលពីចំងាយសុរិយាអស្ដង្គត រំលេចដោយទេសភាពដ៏ស្រស់ត្រកាលក្រោមកម្រាលពណ៌មាសដែលចាំងជះលើផ្ទៃមេឃ។ ទេសភាពទាំងនេះនៅឧទ្យានជាតិ Tram chim ប្រៀបប្រដូចជាគំនូរដ៏ស្រស់បំព្រងមួយផ្ទាំងអញ្ចឹង។
នៅពេលព្រឹកព្រលឹម លោកអ្នកនឹងបានគយគន់សត្វចាប់ជាច្រើនក្បាលនៅលើដើមស្មាច់។ វាបានប្រមូលផ្ដុំគ្នាដើម្បីពន្លាស្លាប ជជុះរោមហើយហើរនៅលើផ្ទៃមេឃវិញ។ ទន្ទឹមនឹងនេះ លោកអ្នកនឹងមានឱកាសទស្សនាទេសភាពធម្មជាតិដ៏ស្រស់ត្រកាលជាច្រើនទៀតនៅព្រៃស្មាច់ទៀតផង។ លោក Nguyen Van Vui បានឲ្យដឹងថែមទៀតថា៖ “ក្រៅពីទស្សនានូវទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ លោកអ្នកក៏អាចទស្សនាសកម្មភាពរបស់សត្វកុកនៅពេលរកចំណី។ នៅពេលរកចំណី សត្វកុកបានឈររង់ចាំត្រី។ វាមិនប្រញាប់ប្រញាល់ចាប់ត្រីភ្លាមឡើយ ពោលគឺវាបានឈររង់ចាំក្នុងរយៈពេលយូរយ៉ាងអត់ធ្មត់ ដើម្បីធ្វើឲ្យត្រីលែងផ្អើលទើបវាចាប់។ នៅពេលចាប់បានត្រីហើយសត្វកុកមិនស៊ីវាភ្លាមហើយ។ សត្វកុកនឹងទៅរកស្រះមួយនៅក្នុងព្រៃហើយប្រលែងត្រីដើម្បីចិញ្ចឹមវាបន្ត។ នៅពេលរដូវប្រាំងមកដល់ ហ្វូងកុកទើបស៊ីត្រីជុំគ្នាតែម្ដង”។
បក្សាបក្សីនៅឧទ្យានជាតិ Tram chim (រូបថត៖ TTXVN) |
ប្រសិនបើមានសំណាងនោះលោកអ្នកនឹងបានគយគន់សត្វក្រៀលក្បាលក្រហមជាប្រភេទបក្សីដែលត្រូវបានដាក់បញ្ជូលទៅក្នុងសៀវភៅក្រហមវៀតណាមនិងពិភពលោក។លោក Nguyen Van Vuiបានឲ្យដឹងថែមទៀតថា៖ “ក្នុងរដូវប្រាំងនោះ សត្វក្រៀលចូលចិត្តស៊ីមើមថ្លុង (Water chestnut) ណាស់។ ជាពិសេសសត្វក្រៀលតែងតែស្រែកច្រៀងដាក់គ្នាទៅវិញទៅមកដើម្បីបញ្ជាក់ពីចំណងភក្តីភាពនៃគ្រួសាររបស់ខ្លួន។ ឧទាហរណ៍ថាប្រសិនបើសត្វមួយមានបញ្ហាស្លាប់នោះគឺសត្វមួយទៀតបានបង្អត់ចំណីរហូតដល់ពេលស្លាប់ ដើម្បីបញ្ជាក់ពីចំណងភក្តីភាពឬប្រសិនបើវានៅរស់គឺវានឹងមិនចាប់គូរទៀតឡើយរហូតដល់ពេលស្លាប់ទៅ”។
ឧទ្យានជាតិ Tram chimត្រូវបានបែងចែកជាអនុតំបន់ចំនួន ៥។ ក្នុងនោះ A១ និង A៥ គឺ ត្រូវបានបើកសកម្មភាពទេសចរណ៍។ ចំណែកឯអនុតំបន់ A២ គឺជាកន្លែងភ្ញាស់ពងរបស់បក្សី។ A៣ ជាកន្លែងអភិរក្សត្រីគ្រប់ប្រភេទនិងA ៤ គឺជាកន្លែងរកចំណីរបស់សត្វក្រៀលក្បាលក្រហម។ កាលពីមុននៅរដូវទឹកឡើងសត្វក្រៀលក្បាលក្រហមបានធ្វើចំណាកស្រុក។ នៅរដូវប្រាំងវិញពួកវាបានហើរវិលត្រឡប់មកវិញផងដែរ៕