Binh Thuan ពង្រីកតម្លៃវប្បធម៌នៃចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងតន្ត្រីប្រជាប្រិយ

(VOVWORLD) - ខេត្ត Binh Thuan នាបច្ចុប្បន្នមានជនជាតិចំនួន ៣៥ រស់នៅលើភូមិសាស្ត្រខេត្ត ក្នុងនោះជនជាតិ ចាម មានមនុស្សប្រមាណ ៤ ម៉ឺននាក់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយស្តីពីការងារអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនជាជនជាតិភាគតិច និងប្រជាជននៅតំបន់ភ្នំក្នុងខេត្ត។ ក្នុងនោះការអភិរក្សចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រពៃណីរបស់ជនជាតិភាគតិចនានា ត្រូវបានខេត្តយកចិត្តទុកដាក់ ក្នុងគោលបំណងថែរក្សាសិល្បៈប្រជាប្រិយក្នុងសកម្មភាពសហគមន៍។

Binh Thuan ពង្រីកតម្លៃវប្បធម៌នៃចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងតន្ត្រីប្រជាប្រិយ - ảnh 1ក្រុមយុវជនរៀនផ្លុំត្រែ saranai។ រូបថត៖ VOV

ចាប់ពីពាក់កណ្តាលខែកក្កដាមក គឺពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ជារៀងរាល់សប្ដាហ៍ នៅមជ្ឈ មណ្ឌលវប្បធម៌កីឡាស្រុក Bac Binh យុវជនជាង ៤០នាក់បានចូលរួមក្នុងថ្នាក់រៀនរបាំប្រពៃណីជនជាតិចាម។ ក្រៅពីនោះ ក្រុមប្អូនប្រុស ៨ នាក់ទៀត បានចូលរួមក្នុងថ្នាក់រៀនផ្លុំត្រែ Saranai និងវាយស្គរ Ghinang ។ លោក Lam Tan Binh គ្រូម្នាក់ដែលបង្រៀនថ្នាក់វាយស្គរ Ghinang បានឲ្យដឹងថា ថ្នាក់នីមួយៗអូសបន្លាយរយៈពេល ២ ខែ ដែលបង្រៀនដោយឥតគិតថ្លៃ ដើម្បីបំពេញបំណងក្នុងការសិក្សា និងលេងកំសាន្តរបស់ប្អូនៗក្នុងអំឡុងវិស្សមកាលរដូវក្តៅ។ ថ្នាក់រៀនចម្រៀង របាំ និងតន្ត្រីប្រជាប្រិយ ជួយប្អូនៗកុមារពង្រីកទេពកោសល្យ រក្សាហើយបន្តលើកកំពស់ជំនាញសម្តែងប្រកបដោយភាពច្នៃប្រឌិតក្នុងសិល្បៈ។

“មហោស្រពតន្ត្រី របាំ សមុទ្រខៀវ ធ្វើប្រធានបទស្រាវជ្រាវអំពីការអភិរក្សតម្លៃវប្បធម៌សិល្បៈប្រជាប្រិយរបស់សហគមន៍ជនជាតិចាម រួមទាំងការអភិរក្ស ការបង្ហាត់បង្រៀន និងការធ្វើឧបករណ៍ភ្លេងប្រពៃណីមួយចំនួនរបស់ជនជាតិចាម សម្រាប់បម្រើក្នុងពិធីបុណ្យទាននានាផងដែរ។ ដូច្នេះហើយ ត្រូវធ្វើយ៉ាងណាឲ្យតម្លៃវប្បធម៌ប្រពៃណីរបស់ខ្លួនត្រូវបានថែរក្សាប្រកបដោយការទទួលខុសត្រូវដោយជនរួមជាតិរបស់ខ្លួន”។

Binh Thuan ពង្រីកតម្លៃវប្បធម៌នៃចម្រៀងប្រជាប្រិយ របាំប្រជាប្រិយនិងតន្ត្រីប្រជាប្រិយ - ảnh 2ក្រុមរៀនវាយស្គរ Ghinang។

ទម្រង់សិល្បៈប្រជាប្រិយរបស់ជនជាតិចាម ត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងតាមរយៈការបង្កើតក្រុមសិល្បៈចំនួនពីរ។ នោះគឺជាក្រុមសិល្បៈប្រជាប្រិយជនជាតិចាមពាក់កណ្តាលអាជីពនៃស្រុក Bac Binh ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ និងក្រុមសិល្បៈជនជាតិចាមអាជីពនៃរោងមហោស្រព សមុទ្រខៀវ តាំងពីឆ្នាំ ២០០៦។ ជារៀងរាល់ឆ្នាំ ក្រុមសិល្បៈអាជីពជនជាតិចាមបានសម្ដែងចំនួន ១០០ លើកដើម្បីបម្រើប្រជាជននៅតាមឃុំឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច ដែលជួយបំពេញតម្រូវការកម្សាន្តនិងរីករាយជាមួយសិល្បៈរបស់ប្រជាជន។ ក្រៅពីនោះ រោងមហោស្រពក៏បានកសាងកម្មវិធី ពង្រីកការជួបប្រាស្រ័យជាមួយខេត្ត-ក្រុង ចូលរួមការប្រកួត មហោស្រពសិល្បៈចម្រៀង របាំ តន្ត្រីអាជីពទូទាំងប្រទេស ហើយនិពន្ធស្នាដៃពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌បណ្ដាជនជាតិផងដែរ។

សិល្បករប្រជាជន Mai Trung Kien នាយករោងមហោស្រពសមុទ្រខៀវខេត្ត Binh Thuan បានឲ្យដឹងថា ការអភិវឌ្ឍនៃរោងមហោស្រពផ្សារភ្ជាប់ជានិច្ចជាមួយនឹងវប្បធម៌សិល្បៈរបស់បណ្ដាជនជាតិ។

“ចង់ថែរក្សាបាន យើងត្រូវតែមានការតំរង់ទិសដ៏ត្រឹមត្រូវលើបញ្ហាសិល្បៈដូចជា របាំដើម ចម្រៀងប្រជាប្រិយដើម។ កត្តាដើមនោះ យើងនឹងអភិរក្ស ចំណែកការអភិវឌ្ឍ គឺត្រូវធ្វើយ៉ាងណាណែនាំឲ្យប្រជាជនទស្សនាបាន ស្ដាប់ទម្រង់សិល្បៈចម្រៀង របាំ ការប្រគុំតន្ត្រីប្រជាប្រិយនោះ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ក្នុងការអភិវឌ្ឍរបស់អង្គភាព ចាំបាច់ត្រូវមានតួរសម្តែងជាជនជាតិចាម រួមជាមួយនឹងមហោស្រព ដើម្បីលើកកំពស់គុណភាពសិល្បៈជំនាញផង ក៏ដូចជាតម្លៃនៃការអភិរក្សទៀតផង”។

នៅឃុំខ្ពង់រាបជាច្រើននៃស្រុក Ham Thuan ខាងជើង និងស្រុក Bac Binh ការបង្ហាត់បង្រៀនពីរបៀបលេងគងឃ្មោះដល់កុមារជនជាតិ Raglai និង K’ho ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។ លោក Ka Van Nhon អនុប្រធានឃុំ Dong Tien ស្រុក Ham Thuan ខាងជើង ខេត្ត Binh Thuan បានឲ្យដឹងថា៖

“ឃុំ Dong Tien នៅតែរក្សាក្រុមគងឃ្មោះ ក្នុងថ្ងៃគោរពបូជាដូនតា នៅតែប្រើគងឃ្មោះដើម្បីបម្រើទំនៀមទម្លាប់នោះ។ នាពេលខាងមុខ ឃុំក៏មានគោលបំណងថា ខេត្តនឹងបន្តយកចិត្តទុកដាក់ ទី១ វិនិយោគលើសម្ភារៈបរិក្ខារ ទិញឧបករណ៍បន្ថែម ដូចជាសំលៀកបំពាក់ជនជាតិ K’ho ដើម្បីបម្រើក្នុងឱកាសរៀបចំពិធីបុណ្យវប្បធម៌កីឡា។ យើងខ្ញុំនឹងបន្តស្តារឡើងវិញនូវអ្វីៗដែលត្រូវរសាត់បាត់ទៅ”។

ដើម្បីរួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ ជំរុញការអភិវឌ្ឍទេសចរណ៍ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសនៅតំបន់ជនជាតិភាគតិច នាពេលថ្មីៗនេះ គណៈ កម្មាធិការប្រជាជនខេត្ត Binh Thuan បានរៀបចំផែនការអនុវត្តន៍គម្រោង “អភិរក្សនិងពង្រីកតម្លៃចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រជាប្រិយរបស់ជនជាតិភាគតិចដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ក្នុងដំណាក់កាលឆ្នាំ២០២២ - ២០៣០” នៅលើភូមិសាស្ត្រខេត្ត។

ដោយមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាជនជាជនជាតិភាគតិច សង្ឃឹមថា ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងតន្ត្រីប្រពៃណីរបស់បណ្ដាជនជាតិភាគតិចនៅខេត្ត Binh Thuan នឹងត្រូវបានថែរក្សា និងផ្សព្វផ្សាយថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ