Ninh សំរឹទ្ធ - ឧបករណ៍ចាំបាច់នៅក្នុងគ្រួសារជនជាតិ Thai

(VOVWORLD) -  នៅក្នុងគ្រួសារជនជាតិ Thai ស្ទើរតែគ្រប់ផ្ទះទាំងអស់សុទ្ធតែមាន Ninh សំរឹទ្ធ (Ninh ដែលជាឆ្នាំងមួយប្រភេទធ្វើពីសំរឹទ្ធ)។ ជនជាតិ Thai តែងតែចាត់ទុក Ninh សំរឹទ្ធ ជារបស់ដ៏ពិសិដ្ឋមួយ ប្រសិនបើគ្មានវា ទំនងជាក្រុមគ្រួសាររកស៊ីមិនអំណោយផលឡើយ។

Ninh សំរឹទ្ធ - ឧបករណ៍ចាំបាច់នៅក្នុងគ្រួសារជនជាតិ Thai - ảnh 1Ninh សំរឹទ្ធសម្រាប់ចម្អិនបាយ 

Ninh គឺជារបស់ពិសេសមួយ ដែលបង្កប់នូវតម្លៃជាច្រើននៃក្រុមគ្រួសារជនជាតិ Thai។ ហេតុដូច្នេះ វាត្រូវបានប្រជាជន ជនជាតិ Thai យកចិត្តទុកដាក់យ៉ាងខ្លាំង។ Ninh មានរាងជាស៊ីឡាំង ផ្នែកខាងបាតក្រោមមានទទឹង ២៨ សង់ទីម៉ែត្រ និងផ្នែកមាត់មានទទឹង ២៩ សង់ទីម៉េត្រ។ ចំណែកឯកម្ពស់របស់ Ninh វាស់ពីបាតក្រោមទៅមាត់គឺមានកម្ពស់ ៣៣ សង់ទីម៉ែត្រ។ Ninh សំរឹទ្ធអាចតុបតែងក្បូរក្បាច់ជារូបជីង ចក់ពីរក្បាលនៅក្រោមខ្សែរឺគ្មានក៏មិនអីដែរ។ បើនិយាយពីតម្លៃនៃការប្រើប្រាស់វិញ គឺប្រជាជន ជនជាតិ Thai ប្រើប្រាស់ Ninh សំរឹទ្ធក្នុងការចំអិនបាយ បន្លែឬពុះម្ហូបជាច្រើនមុខ តាមទំលាប់ទទួលទានរបស់ពួកគេ។ Ninh ដើរតួជាឆ្នាំងចំហុយ ពោលគឺផ្តល់ចំហាយទឹកក្តៅសម្រាប់ចំអិនបាយឬម្ហូបដែលមានរសជាតិឆ្ងាញ់។

លោក Lo Van Thang មកពីសង្កាត់ Thanh Truong ទីក្រុង Dien Bien Phu បានមានប្រសាសន៍ថា៖ “គ្រួសារខ្ញុំបានប្រើប្រាស់ Ninh នេះ អស់បីជំនាន់ហើយ តាំងពីជំនាន់ជីតាខ្ញុំ រហូតដល់ជំនាន់កូនៗ របស់ខ្ញុំតែម្តង។ ជនជាតិ Thai តែងតែមានទស្សនទានថា ម្ចាស់ផ្ទះត្រូវតែមាន Ninh ប្រសិនបើពួកគេត្រូវរើផ្ទះចេញ ពួកគេក៏ត្រូវតែយក Ninh តាមដែរ ពីព្រោះ Ninh អាចប្រើសម្រាប់ចំអិនឬស្ងោជំនួសឆ្នាំង ប៉ុន្តែភាគច្រើនវាគឺសម្រាប់ចំហាយបាយ”។

ដោយសារ Ninh មានអត្ថន័យសំខាន់នៅក្នុងជីវភាពរស់នៅរបស់ជនជាតិ Thai ហេតុដូច្នេះ  Ninh ត្រូវបានអ្នកភូមិគេរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។ សាច់ញាតិក៏កម្រអោយខ្ចីឬចែករំលែកជាមួយអ្នកដទៃដែរ ពីព្រោះពួកគេជឿថា នៅក្នុង Ninh មានព្រលឹងដូនតា។ ប្រសិនបើអ្នកត្រូវផ្លាស់ប្តូរទីលំនៅរបស់អ្នកទៅកន្លែងថ្មី Ninh នឹងក្លាយជារបស់របរដំបូងដែលម្ចាស់ត្រូវយកតាមខ្លួន។ លោក Lo Van Thai មកពីភូមិ Mai ឃុំ Muong Sai ស្រុក Quynh Nhai ខេត្ត Son La បានមានប្រសាសន៍ ថា៖ “ផ្ទះអ្នកណាក៏មាន Ninh សំរឹទ្ធដែរ។ នៅពេលដែលឡើងផ្ទះថ្មី ម្ចាស់ត្រូវយក Ninh ជាមុនសិន បន្ទាប់មកទើបយករបស់របរផ្សេងៗ។ ដំឡើងផ្ទះថ្មី គឺត្រូវតែមាន Ninh បើមិនមាន គឺមិនបានជាដាច់ខាត។  យ៉ាងណាមិញ ឥឡូវនេះ បើគ្មាន Ninh សំរឹទ្ធទេ ប្រជាជនគេនឹងប្រើ Ninh ធ្វើពីអាលុយមីញ៉ូម ពោលគឺ Ninh ណាក៏ល្អដែរ។ សម្រាប់មនុស្សជំនាន់មុនដូចយើងខ្ញុំគឺប្រើតែ NInh ស្ពាន់ប៉ុណ្ណោះ”។

Ninh សំរឹទ្ធ - ឧបករណ៍ចាំបាច់នៅក្នុងគ្រួសារជនជាតិ Thai - ảnh 2

យោងទៅតាមទំនៀមទម្លាប់របស់ជនជាតិ Thai, Ninh សំរឹទ្ធគឺជាទ្រព្យសម្បត្តិរបស់ឪពុកម្តាយសម្រាប់កូនៗ របស់ពួកគេ។ ប៉ុន្តែនៅពេលដែលពួកគេទៅនៅដោយឡែកវិញ មានតែក្មេងប្រុសទេដែលនឹងបានគ្រួសារទិញ Ninh អោយ រីឯក្មេងស្រីអាចទិញរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត។ នៅពេលកូនប្រុសកសាងគ្រួសារថ្មីដើម្បីរស់នៅដោយឡែក ឪពុកម្តាយតែងតែទិញ Ninh អោយមួយដែរ។ សាច់ញាតិនឹងពឹងពាក់លើគ្រូសែន ដើម្បីបួងសួងសុំអោយ Ninh សក្តិសិទ្ធនិងប្រើវាបានយូរ កូនៗ របស់ពួកគេនឹងជួបតែសេចក្តីសុខ។ លោក Quang Van Lanh នៅឃុំ Ban Po ភូមិ Chieng An ទីក្រុង Son La បានអោយដឹងថែមទៀតថា៖ “តាំងពីយូរណាស់មកហើយ ជនជាតិ Thai តែងតែមានទស្សនទានថា   កូនប្រុសដែលត្រូវកសាងគ្រួសារត្រូវតែមាន Ninh ដូចជា ធ្វើផ្ទះថ្មី នៅពេលគ្រួសារមានការងារ ធ្វើគោរពបូជាបុព្វការីជន ពោលគឺមិនអាចខ្វះបាន Ninh នៅឡើយ។ នៅពេលមិនប្រើ Ninh ត្រូវបានគេទុកនៅកន្លែងគោរពបូជាដូនតាផងដែរ”។

Ninh សំរឹទ្ធមិនត្រឹមតែជាប្រដាប់ប្រដាប្រើប្រាស់ក្នុងផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏មានអត្ថ ន័យខាងវិញ្ញាណផងដែរ ដែលជាកន្លែងព្រលឹងដូនតាតែងតែឃ្លាំមើលកូនៗ ហើយសង្ឃឹមថាកូនៗ របស់ពួកគេនឹងទទួលបានជីវភាពសុខសន្តិភាពនិងសុភមង្គលជា និច្ច។ ហេតុដូច្នេះ ទោះបី Ninh សំរឹទ្ធមានភាពខ្វះខាតកាន់តែខ្លាំងឡើង មានតែ Ninh អាលុយមីញ៉ូមដែលពេញនិយមនៅលើទីផ្សារក៏ពិតមែន ប៉ុន្តែ ជន ជាតិថៃនៅតែគោរព Ninh សំរឹទ្ធ - ជារបស់របរដែលមិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅរបស់អ្នកភូមិនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ