Then នៅក្នុងជីវភាពវប្បធម៌ ស្មារតីរបស់ជនជាតិ Tay និង Nung
(VOVWORLD) - Then ជាទម្រង់សកម្មភាពវប្បធម៌ វិញ្ញាណ ដែលមានអាយុកាលយូរលង់ណាស់មកហើយ និងដើរតួនាទីយ៉ាងសំខាន់របស់ជនជាតិ Tay និង Nung នៅ វៀតណាម។ ដោយឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្តិសាស្ត្រ និងឥទ្ធិពលនៃការលាយបញ្ចូលវប្បធម៌គ្នា Then នៅតែមាននៅក្នុងជីវភាពខាងស្មារតីរបស់ ជនជាតិ Tay និង Nung ដែលជាសក្ខីភាពនៃកម្លាំងគង់វង្សអមតៈនៃស្មារតី និងអត្តសញ្ញាណជាតិ។
ការត្រៀមរៀបចំសម្រាប់ពិធី Then។ (រូបថត៖ VOV) |
តាមទស្សនៈទានតាំងពីបុរាណកាល Then គឺជាស្ពានខាងវិញ្ញាណដែលនាំសេចក្ដីបួងសួង និងបំណងប្រាថ្នារបស់ប្រជាជនទៅកាន់ Put Luong (ព្រះឥន្ទ) និងពពួកទេវតា។ ដូច្នេះហើយ នៅឱកាសសំខាន់ៗក្នុងឆ្នាំដូចជាការបួងសួងសុំសេចក្តីសុខចម្រើន ឡើងផ្ទះថ្មី សែនដូនតា បុណ្យចម្រើនជន្មាយុតាយាយ ឪពុកម្តាយជាដើម គឺមិនអាចខ្វះ Then បានឡើយ។ លោកស្រី Dam Thi An អ្នកស្រុក Thach Sinh ខេត្ត Cao Bang បានឲ្យដឹងថា៖
“នៅខែមករាជារៀងរាល់ឆ្នាំ គ្រួសារខ្ញុំតែងតែអញ្ជើញគ្រូ Then មកធ្វើពិធីរំដោះគ្រោះ ដើម្បីឲ្យក្រុមគ្រួសារទាំងមូលមានសុខភាពល្អ រកស៊ីមានបាន រដូវអំណោយផល កូនចៅឆាប់ធំធាត់និងមានសុខភាពល្អ។ នេះក៏ជាអត្តសញ្ញាណរបស់ជនជាតិ ដែលស្ទើរតែគ្រប់គ្រួសារប្រារព្ធក្នុងខែមករា”។
ជាមួយនឹងសមត្ថភាពពិសេស គ្រូ Then អាចធ្វើដំណើរពីឋានកណ្ដាលឡើងឋានសួគ៍ ឬពីឋានកណ្ដាលចុះឋាននរក។ បន្ទាប់មក គ្រូ Then នឹងតាងនាមម្ចាស់ផ្ទះដើម្បីប្រគេនចង្ហាន់ និងផ្តាំផ្ញើសេចក្ដីប្រាថ្នារបស់ម្ចាស់ផ្ទះដល់បុព្វការីជន និងពពួកទេវតាដើម្បីប្រទានពរជ័យនូវសុខភាពល្អ សេចក្ដីសុខ សំណាងល្អជាដើម។ ជាសិប្បករវ័យក្មេងម្នាក់ដែលបានរួមចំណែកជាច្រើនក្នុងការអភិរក្សនិងថែរក្សា Then បុរាណនោះ គ្រូ Then Nguyen Van Tho មកពីស្រុក Trang Dinh ខេត្ត Lang Son បានឲ្យដឹងថា៖
“ក្នុងជីវិតរបស់ជនជាតិTay Nung តាំងពីចាប់កំណើតរហូតដល់ស្លាប់ គេតែងធ្វើពិធី Then នេះ។ មានជំងឺឈឺថ្កាត់ ជីវភាពរស់នៅជួបប្រទះប្រការមិនល្អគេតែងតែទៅអញ្ជើញគ្រូ Then មករំដោះគ្រោះដើម្បីឲ្យគ្រប់ប្រការបានល្អ ជីវិតសុខសាន្ត”។
ការច្រៀង Then នៅក្នុងពិធីបង្កក់ខែសម្រាប់ទារក។ (រូបថត៖ VOV) |
ចាប់ពីពិធី Then គេអាចឃើញតម្លៃសីលធម៌ របៀបរស់នៅជាច្រើនដែលផ្សាភ្ជាប់នឹងទំនៀមទម្លាប់វប្បធម៌ដ៏យូរលង់ របស់ជនជាតិ Tay Nung ។ ជាឧទាហរណ៍ ទំនៀមទម្លាប់គោរពមនុស្សចាស់ ស្រឡាញ់កុមារ ត្រូវបានបង្ហាញក្នុងពិធីបុណ្យចម្រើនជន្មាយុ ឬ ពិធី Then បួងសួងដល់ម្តាយ Hoa (យាយឆ្មប) ដើម្បីការពារ និងប្រទានពរជ័យដល់ទារកក្នុងបុណ្យបង្កក់ខែ ជាដើម។ លោក Vi Hong Nhan ជាអ្នកដែលយល់ដឹងអំពីវប្បធម៌ជនជាតិ Tay Nung នៅខេត្ត Lang Son បានឲ្យដឹងថា៖
“ជនជាតិ Tay Nung មានទំនៀមទម្លាប់ធ្វើពិធី Then នៅដើមឆ្នាំ និងចុងឆ្នាំ ដើម្បីបួងសួង សុំសេចក្តីសុខ ចម្រុងចម្រើន ជូនក្រុមគ្រួសារ និងបងប្អូនក្នុងភូមិ។ គេហៅគ្នា មកស្តាប់ Then ជួបជុំគ្នាដើម្បីស្រឡញ់រាប់អានគ្នាថែមទៀត។ ការធ្វើពិធី Then នេះ ក៏មានអត្ថន័យមួយទៀតនោះ គឺដើម្បីបួងសួងសុំឲ្យឆាប់ជាសះស្បើយពីជំងឺ សុំសេចក្ដីសុខ ហើយរឿងល្អៗនឹងមកដល់អ្នកជំងឺ និងក្រុមគ្រួសារ”។
ដោយផ្សាភ្ជាប់ជាមួយនឹងជីវភាពខាងវិញ្ញាណ និងវប្បធម៌របស់ជនជាតិ Tay Nung ដូច្នេះ Then ត្រូវបានរក្សានៅក្នុងជីវភាពសហគមន៍។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីកត្តាខាងវិញ្ញាណ ការច្រៀង Then ក៏ទាក់ទងនឹងជីវភាពវប្បធម៌ ពិធីបុណ្យប្រពៃណី ហើយរហូតដល់ការផ្ដោះផ្ដងសាសងគ្នារវាងបុរសនិងស្ត្រីទៀតផងដែរ។ លោក Dang Hoanh Loan អតីតនាយករងវិទ្យាស្ថានតន្ត្រី វៀតណាម បានបញ្ជាក់ថា Then គឺជារតនសម្បត្តិដ៏ថ្លៃថ្លា ដែលបង្កប់តម្លៃអក្សរសាស្ត្រសិល្បៈពីជំនាន់មួយទៅជំនាន់មួយ របស់ជនជាតិ Tay Nung ហើយនឹងគងវង្សជាមួយពេលវេលាជារៀងរហូត។
“នាបច្ចុប្បន្ន ជំនឿរបស់បណ្ដាជនជាតិភាគតិច នៅតែគងវង្សរហូត។ ហើយជំនឿខាងវិញ្ញាណរបស់បងប្អូនជនជាតិ Tay Nung នោះ ខ្ញុំគិតថា ពិតជាអមតៈពីព្រោះវាអាចឆ្លើយតបនឹងតម្រូវការផ្លូវចិត្ត និងមនោសញ្ចេតនារបស់មនុស្ស។ ដូច្នេះ Then មិនដែលរលាយសាបសូន្យទៅឡើយ”។
Then គឺជាទម្រង់សិល្បៈចម្រុះនៃអក្សរសាស្ត្រ តន្ត្រី របាំ និងវិចិត្រសិល្បៈ។ Then បង្កប់នូវកត្តាជាច្រើននៃសាសនាបុរាណកាល និងមានភាពទាក់ទាញចំឡែក ធ្វើឲ្យមនុស្សអាចទទួលយកអារម្មណ៍នូវពិភពមួយដ៏ពិសិដ្ឋ អាថ៌កំបាំង ផងប៉ុន្តែជិតស្និទ្ធផង ព្រមទាំងបង្ហាញពីកម្លាំងជាអមតៈនៃស្មារតីជាតិ និងអត្តសញ្ញាណជាតិ៕