កាផា - ឧបករណ៍ប្រើប្រាស់ផ្សាភ្ជាប់នឹងជីវភាពរបស់ជនជាតិ Mong ខេត្ត Son La
(VOVWORLD) - ជនជាតិ Mong ភាគច្រើនរស់នៅតាមតំបន់ព្រៃភ្នំ។ ហេតុដូច្នេះហើយ ចាប់តាំង ពីបុរាណកាលមក ពួកគេបានចេះយកឫស្សី ឫស្សីពក ឫស្សីថ្ង ដើម្បីធ្វើជា ឧបករណ៍ប្រើប្រាស់សម្រប់បម្រើជីវភាពប្រចាំថ្ងៃ។ ក្នុងនោះ កាផា (តាមភាសា Mong បានហៅថា cù lở) គឺជាឧបករណ៍ប្រើប្រាស់មួយប្រភេទដែលមិនអាចខ្វះ បានក្នុងជីវភាពរស់នៅរបស់ពួកគេឡើយ។
បុរសជនជាតិ Mong ត្បាញកាផាតាមទំហំធំតូចខុសៗគ្នា ឲ្យស្របតាមវ័យអាយុរបស់អ្នកប្រើប្រាស់។ (រូបថត៖ VOV) |
ពេលមកដល់ភូមិស្រុករបស់មាមីងបងប្អូនជនជាតិ Mong នៅតំបន់ព្រៃភ្នំនៃខេត្ត Son La អ្នកណាក៍ងាយប្រទះឃើញរូបភាពបុរសជនជាតិ Mong កំពុងផ្ដោតអារម្មណ៍ ត្បាញកាផានៅតាមរបៀងផ្ទះ ឬនារីជនជាតិ Mong ស្ពាយកាផាឡើងស្រែចុះ ផ្សារផងដែរ។
មិនដឹងថា កាផាមានតាំងពីពេលណាទេ ប៉ុន្តែវាបានផ្សាភ្ជាប់នឹងជីវភាព ប្រចាំថ្ងៃរបស់ជនជាតិ Mong តាំងពីយូរលង់ណាស់មកហើយ ដោយត្រូវបាន ពួកគេរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។ ប្រសិនបើរបរធ្វើក្រដាស ដេរប៉ាក តែងតែជាការងាររបស់នារីនោះ គឺការត្បាញកាផាភារកិច្ចដោយឡែកសម្រាប់បុរស វិញ។ ព្រឹទ្ធាចារ្យភូមិ Vu Sua Ly នៅភូមិ Pha Khuong ស្រុក Thuan Chau ខេត្ត Son La ឲ្យដឹងថា៖ “ចាប់តាំងពីយូរលង់ណាស់មកហើយ ជនជាតិ Mong តែងតែរស់នៅតាម តំបន់ខ្ពស់ មានលក្ខណៈភូមិសាស្ត្រពិបាកបំផុត ដូច្នេះយើងបានច្នៃប្រឌិត កាផាដើម្បីស្ពាយពោត អង្ករ ឆ្លងកាត់ភ្នំផ្ទាំងថ្ម ចំណោតភ្នំ ដែលសូម្បីតែសេះក៏ពិបាក ធ្វើដំណើរដែរ ដើម្បីនាំយកអ្វីៗដែលយើងរកបានលើព្រៃភ្នំមកផ្ទះវិញ”។
ទោះជាមានអាយុ៧០ឆ្នាំហើយក៏ដោយ ប៉ុន្តែលោក Vu Sua Ly នៅតែចាំ យ៉ាងល្អិតល្អន់ពីរបៀបធ្វើកាផា។ លោកឲ្យដឹងថា ដើម្បីធ្វើកាផាឲ្យ បានស្អាត ប្រើបានយូរ គឺទាមទារត្រូវមានបាតដៃដ៏បិនប្រសពនិងភាពផ្ចិតផ្ចង់ក្នុង ដំណាក់កាលនីមួយៗ។ “ខ្ញុំចាប់ផ្ដើមធ្វើកាផាតាំងពីមានអាយុ២០ឆ្នាំប៉ុណ្ណោះ។ ដើម្បីធ្វើកាផាឲ្យ បានស្អាត ប្រើបានយូរ គឺទាមទារឲ្យមានភាពហ្មត់ចត់ ផ្ចិតផ្ចង់ក្នុងដំណាក់កាល នីមួយៗ។ ជាពិសេសគឺត្រូវជ្រើសរើសដើមឫស្សី ឫស្សីពកចាស់ៗ ទើបកាផាប្រើ បានយូរ មិនឆាប់ពុកឡើយ”។
ប្រការពិសេសមួយក្នុងការត្បាញកាផាគឺ បុរសជនជាតិ Mong ច្រើនតែ ត្បាញក្នុងរដូវភ្លៀងចាប់ពីខែមិថុនាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ ដោយសារតែ ក្នុងរដូវភ្លៀង អាកាសមានសំណើមខ្ពស់ នៅពេលពុះច្រៀកសសៃឫស្សីមិនត្រូវ ស្ងួតរហ័សទេ តែមានភាពស្វិតល្អ អាចពត់កោងងាយស្រួលតែមិនត្រូវបែកបាក់ ទេ ហើយនេះក៏ជាពេលវេលាដែលបុរសមានពេលទំនេរក្រោយពីជាប់ មមាញឹកនឹងការងារស្រែចម្ការជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត កាផាហាក់ដូចជាការ ត្រៀមរៀបចំសម្រាប់រដូវប្រមូលផលមួយដោយមានក្ដីសង្ឃឹមអំពីរដូវអំណោយ ផល សម្បូរធូធារនិងសុភមង្គល។
មាមីងជនជាតិ Mong ប្រើប្រាស់កាផាក្នុងជីវភាពប្រចាំថ្ងៃ។ |
កាផាត្រូវបានបងប្អូនជនរួមជាតិ Mong ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ មនុស្សគ្រប់រូបក្នុងគ្រួសារសុទ្ធតែមានកាផាដោយឡែកមួយ ដោយមានទំហំ ធំតូចខុសពីគ្នា។ នៅពេលទៅធ្វើស្រែ ពួកគេតែងតែស្ពាយកាផាជាប់លើខ្នងដើម្បីផ្ទុក បាយ ទឹកដប និងឧបករណ៍ធ្វើពលកម្ម។ នៅពេលវិល ត្រឡប់មកផ្ទះវិញ កាផានោះ ពោរពេញទៅដោយផលិតផលព្រៃភ្នំដូចជាបន្លែ ទំពាំងឫស្សី បាច់អុស ឬ ពោត។ នៅផ្ទះ កាផាត្រូវបានប្រើប្រាស់ដើម្បីផ្ទុកស្បៀអាហារ។ ហើយនៅពេល ប្រជុំផ្សារម្ដងៗ បងប្អូននារីជនជាតិ Mong តែងតែស្ពាយកាផាទៅផ្សារដោយផ្ទុក កសិផលជាច្រើនប្រភេទសម្រាប់លក់ ហើយផ្ទុកអំបិល សាច់ ឬក្រណាត់នៅ ពេលវិលត្រឡប់មកផ្ទះវិញ។ អ្នកស្រី Va Thi Va នៅភូមិ Pha Khuong ស្រុក Thuan Chau បានចែករំលែកថា៖
“តាំងពីនៅកុមារភាព នាងខ្ញុំបានស្ពាយកាផាឡើងស្រែជាមួយឪពុកម្ដាយ ហើយ។ មានកាផានេះធ្វើការងារអ្វីៗក៏ងាយស្រួលដែរ ជាពិសេសចំពោះស្ត្រី ដែលមានកម្លាំងខ្សោយដូចយើង ហើយមិនចេះជិះម៉ូតូទេ គឺកាផាពិតជា ឧបករណ៍ប្រើប្រាស់ដ៏ចាំបាច់ណាស់ក្នុងជីវភាព”។
ជីវភាពកំពុងផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែកាផា (Lù cở ) នៅតែត្រូវ បានបងប្អូនជនជាតិ Mong ថែរក្សាយ៉ាងយកចិត្តទុកដាក់ ពីព្រោះវាជាឧបករណ៍ ប្រើប្រាស់មិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ពួកគេឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាលក្ខណៈវប្បធម៌ដែលមានតែមួយគត់នៅតាមភូមិឃុំព្រៃភ្នំទៀត ផង៕