ការត្បាញក្រណាត់ចរបាប់ - រង្វាស់នៃភាពប៉ិនប្រសប់របស់នារី Ede

(VOVWORLD) - តាំងពីនៅតូច កុមារីជនជាតិ Ede នៅខេត្ត Dak Lak ត្រូវបានយាយនិងម្ដាយបង្រៀនពីរបៀបត្បាញក្រណាត់ចរបាប់ដើម្បីធ្វើភួយ សម្ពាយឬសំលៀកបំពាក់។ ផលិតផលទាំងនេះមិនត្រឹមតែសម្រាប់ប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងក៏ជាជំនូនទុកជូនគ្រួសារកូនកំលោះនៅពេលដែលកូនក្រមុំទៅ "ចាប់" ប្តីរបស់នាងទៀតផង។ ដូច្នេះ ការត្បាញក្រណាត់ចរបាប់ត្រូវបានចាត់ទុកថា ជារង្វាស់នៃភាពប៉ិនប្រសប់សម្រាប់នារីជនជាតិ Ede។ របរតម្បាញចរបាប់ត្រូវបាននារី Ede ថែរក្សា និងអភិវឌ្ឍក្លាយជាការផលិតទំនិញ ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ និងសហគមន៍។

ការត្បាញក្រណាត់ចរបាប់ - រង្វាស់នៃភាពប៉ិនប្រសប់របស់នារី Ede - ảnh 1ការត្បាញក្រណាត់ចរបាប់ជារង្វាស់នៃភាពប៉ិនប្រសប់របស់នារី Ede។ (រូបថត៖ VOV)

“ខ្ញុំចេះត្បាញតាំងពីអាយុ១៥ឆ្នាំ រហូតមកដល់ពេលនេះ ពេលមានកូនចៅគឺស្ទាត់ជំនាញហើយ។ ពីថ្នាក់បង្រៀនរបស់ខ្ញុំ មានមនុស្សជាច្រើនបានចេះត្បាញហើយទទួលបានរង្វាន់ខ្ពស់នៅពេលចូលរួមការប្រកួត ក៏ដូចជាបន្តស្តាររបរតម្បាញចរបាប់នេះ”។

នោះគឺជាការចែករំលែករបស់សិប្បការិនី H'Blong Knul នៅភូមិ Ja ឃុំ Ea Trul ស្រុក Krong Bong ពេលដែលលោកស្រីកំពុងផ្ដោតអារម្មណ៍បង្រៀនកូនស្រីពីរបៀបធ្វើអំបោះ ដាក់អំបោះទៅក្នុងកីតម្បាញ ឬធ្វើក្បូរក្បាច់រចនាសម្រាប់សំពត់ចរបាប់។ អ្នកស្រី H'Giang Knul កូនស្រីរបស់សិប្បការិនី H'Blong Knul បានឲ្យដឹងថា បងប្អូនស្រីទាំង៣នាក់ក្នុងគ្រួសារបានចេះត្បាញយ៉ាងស្ទាត់ជំនាញនូវសំលៀកបំពាក់ជាច្រើនប្រភេទរបស់ជនជាតិ Ede។

“តាំងពីដំបូងឡើយ ការរៀនក៏ពិបាកដែរ ប៉ុន្តែបានស្ទាត់ជំនាញបន្តិចម្តងៗដូចជាចេះបៀបបង្វិលអំបោះ ចេះត្បាញ និងដេរលំនាំប្រពៃណីរបស់ជនជាតិ Ede”។

ដូចជនជាតិដទៃទៀតនៅតំបន់ Tay Nguyen ដែរ ជនជាតិ Ede កាលពីមុននេះបានប្រើអំបោះកប្បាសធ្វើជាវត្ថុធាតុដើមសម្រាប់ត្បាញចរបាប់។ ទោះជាយ៉ាងណាក៏ដោយ ប្រការដែលបង្កើតឡើងលក្ខណៈពិសេសដោយឡែក អាចស្គាល់បានយ៉ាងងាយស្រួល នៃសំលៀកបំពាក់ចរបាប់ Ede នោះ គឺក្បូរក្បាច់រចនាជាមួយនឹងពណ៌ស្នូលៗគឺខ្មៅ ក្រហម លឿង ខៀវ និងស។ លោកស្រី H'Nun Byă មកពីភូមិ Cu Ebon ឃុំ Ea Kao ទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖ ដើម្បីជ្រលក់ពណ៌ ប្រជាជន Ede បន្ទាប់ពីប្រមូលផលកប្បាសនឹងកែច្នៃទៅជាអំបោះ ហើយយកមកជ្រលក់ពណ៌ដោយភក់ ស្លឹកឈើ មើម ឫស ឬសំបកឈើព្រៃ។

“ក្បូរក្បាច់រចនាតែងតែប្រើពណ៌ស ខ្មៅ និងក្រហមដែលជាពណ៌ពេញនិយមបំផុត។ មានក្បូរក្បាច់រចនាជាច្រើនប្រភេទណាស់ អំបោះ ១៥ ១៧ សសៃ ក៏មាន ២៧ សសៃក៏មាន សូម្បីតែ ៣៥ សសៃក៏មានដែរ។ ពិបាកបំផុតគឺធ្វើ kngam ជាប្រភេទក្បូរក្បាច់រចនាដែលរំលេចរូបភាពដែលអ្នកចង់តុបតែង”។

ការត្បាញក្រណាត់ចរបាប់ - រង្វាស់នៃភាពប៉ិនប្រសប់របស់នារី Ede - ảnh 2ក្បូរក្បាច់រចនា Kteh នៅលើសម្លៀកបំពាក់ចរបាប់របស់ជនជាតិ Ede។

យោងតាមសិប្បការិនី H’Yar Kbour នៅភូមិ Kla ឃុំ Drai Sap ស្រុក Krong Ana បានឲ្យដឹងថា ប្រជាជន Ede មានបច្ចេកទេសត្បាញ Kteh ដែលត្រូវបានចាត់ទុកថា ជាកំពូលនៃសិល្បៈតុបតែងចរបាប់។ នេះជាបច្ចេកទេសដែលប្រើពណ៌ក្រហមនិងស បង្កើតឡើងក្បូរក្បាច់រចនាទល់មុខគ្នា ហើយគួបផ្សំនឹងខ្សែអង្កាំដែលបិទលើសម្លៀកបំពាក់។

“បច្ចេកទេស kteh គឺជនជាតិ Ede កាលពីមុន តែងតែប្រើសម្រាប់សំលៀកបំពាក់ដែលពាក់ក្នុងពិធីបុណ្យ ពិធីសែន និងសំលៀកបំពាក់របស់មនុស្សថ្លៃថ្នូរតែប៉ុណ្ណោះ។ Kteh គឺជាបច្ចេកទេសលំបាក មិនមែនគ្រប់គ្នាអាចធ្វើបានទេ ហើយសព្វថ្ងៃនេះ មិនមានមនុស្សច្រើនដែលអាចរៀនបាន”។

ពីក្បូរក្បាច់រចនាដ៏ពិសេសដោយឡែក នារី Ede ម្នាក់ៗមានភាពច្នៃប្រឌិត បង្កើតលក្ខណៈថ្មីៗ ប្រើបន្ថែមអំបោះ និងពណ៌ ដើម្បីធ្វើឲ្យផ្ទាំងក្រណាត់ចរបាប់កាន់តែពិសេស។ យោងតាមលោកស្រី H'Yam Bkrong នៅភូមិ Tong Ju ឃុំ Ea Kao ទីក្រុង Buon Ma Thuot ផ្ទាំងក្រណាត់ចរបាប់និមួយៗ បង្កប់នូវដួងចិត្តរបស់នារី Ede ពីព្រោះថាដើម្បីធ្វើឡើងផលិតផលចរបាប់ប្រពៃណីយ៉ាងដូច្នេះ ទាមទារឲ្យមានភាពល្អិតល្អន់ ប៉ិនប្រសប់ ហើយចំណាយពេលនិងកម្លាំងច្រើន។ ដូច្នេះហើយ ការត្បាញចរបាប់អាចត្រូវបានគេចាត់ទុកថាជារង្វាស់នៃភាពប៉ិនប្រសប់របស់នារី Ede។

“ត្បាញក្រណាត់ចរបាប់មួយផ្ទាំងត្រូវចំណាយពេលជិតមួយឆ្នាំ មានដំណាក់កាលជាច្រើន៖ វាយកប្បាស ទាញអំបោះ ជ្រលក់ពណ៌ ចងវាលើកីតម្បាញហើយបន្ទាប់មកចាប់ផ្តើមអង្គុយត្បាញ។ ត្បាញបានផ្ទាំងក្រណាត់ហើយបន្ទាប់មកដេរប៉ាក់ជាសំលៀកបំពាក់ ដូច្នេះត្រូវចំណាយពេលយូរណាស់”។

ដោយសារតែចំណាយពេល កម្លាំងយ៉ាងច្រើន ហើយបង្កប់នូវដួងចិត្តរបស់អ្នកធ្វើ ដូច្នេះកាលពីមុន ក្រណាត់ចរបាប់ Ede តែងតែត្រូវបានប្រើប្រាស់តែនៅក្នុងគ្រួសារ សហគមន៍ ឬជាអំណោយប៉ុណ្ណោះ។ សព្វថ្ងៃនេះ ជាមួយនឹងការអភិវឌ្ឍនៃសង្គម វត្ថុធាតុដើមសម្រាប់ត្បាញភាគច្រើនជាខ្សែអំបោះឧស្សាហកម្ម។ ការគួបផ្សំរវាងក្បូរក្បាច់រចនា ពណ៌ចរបាប់ Ede ជាមួយនឹងសម្ភារៈថ្មីបានបង្កើតឡើងភាពទាក់ទាញសម្រាប់អតិថិជន។ អាស្រ័យហេតុនេះ សិប្បការិនីប្រជាប្រិយ និងនារី Ede ដោយភាពប៉ិនប្រសប់របស់ខ្លួនបានបង្កើតផលិតផលចរបាប់ជាច្រើនប្រភេទដ៏សមស្របនឹងជីវភាពថ្មី។ របរត្បាញចរបាប់កំពុងរស់ឡើងវិញនៅតាមភូមិជាច្រើននៅខេត្ត Dak Lak ដែលជួយអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Ede៕

ប្រតិកម្មទៅវិញ

ផ្សេងៗ