ការថែទាំសិស្សជនជាតិភាគតិចនៅស្រុក Cao Phong ខេត្ត Hoa Binh

(VOVWORLD) - សាលាអន្តេវាសិកមធ្យមសិក្សានិងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong ត្រូវបានបង្កើតឡើងកាលពី ២២ ឆ្នាំមុន គឺនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០២។ ថ្វីត្បិតតែជាសាលាសម្រាប់សិស្សជនជាតិភាគតិចនៅតំបន់លំបាកពិសេសក៏ដោយ ក៏ប៉ុន្តែបន្ទាប់ពីជាង ២០ ឆ្នាំមក សាលាបានក្លាយជាចំណុចភ្លឺមួយនៃវិស័យអប់រំ និងបណ្តុះបណ្តាលនៅខេត្ត Hoa Binh។

ការថែទាំសិស្សជនជាតិភាគតិចនៅស្រុក Cao Phong ខេត្ត Hoa Binh - ảnh 1សាលាអន្តេវាសិកមធ្យមសិក្សានិងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong។ (រូបថត៖ Ngoc Anh/ VOV5)

ក្នុងឆ្នាំសិក្សាទីដំបូង (២០០៣ - ២០០៤) សាលាអន្តេវាសិកជនជាតិភាគតិចស្រុក Cao Phong មានថ្នាក់មធ្យមសិក្សាចំនួន ២ ដែលមានសិស្សចំនួន ៦០នាក់។ ក្នុងឆ្នាំសិក្សា ២០១៨ - ២០១៩ សាលាបានប្តូរឈ្មោះជាសាលាមធ្យមសិក្សា និងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong។ មកដល់ពេលនេះ សាលាបានអភិវឌ្ឍទាំងបរិមាណ និងគុណភាព។ ប្រព័ន្ធសាលារៀនមានទំហំធំទូលាយ រួមមាន៖ បន្ទប់រៀន បន្ទប់ប្រជុំ ផ្ទះពហុបំណង តំបន់រដ្ឋបាល អាហារដ្ឋាន និងអគារជំនួយមួយចំនួនទៀត។ ក្នុងឆ្នាំសិក្សា ២០២២ - ២០២៣ សាលាមានថ្នាក់ចំនួន ១១ (ថ្នាក់មធ្យមសិក្សា ៨ និងថ្នាក់វិទ្យាល័យចំនួន ៣) ដែលមានសិស្សចំនួន ២៩០ នាក់។ លោកគ្រូ Tran Quang Tuan នាយកសាលាមធ្យមសិក្សា និងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong បាននិយាយថា៖

“សិស្សានុសិស្សក្នុងសាលាភាគច្រើនជាជនជាតិ Muong ភាគច្រើនមកពីតំបន់ឆ្ងាយដាច់ស្រយាល។ អាស្រ័យដោយមានគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋ ប្អូនៗទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយអាទិភាព ជួយឱ្យពួកគេមានលក្ខខណ្ឌសិក្សាអំណោយផល។ សិស្សានុសិស្សជាច្រើនបានឈ្នះពានរង្វាន់សិស្សឆ្នើមថ្នាក់ខេត្ត និងបានប្រឡងជាប់សាកលវិទ្យាល័យ”។

ការថែទាំសិស្សជនជាតិភាគតិចនៅស្រុក Cao Phong ខេត្ត Hoa Binh - ảnh 2លោកគ្រូ Tran Quang Tuan នាយកសាលាមធ្យមសិក្សា និងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong។

បច្ចុប្បន្ននេះ សាលាមានជនជាតិភាគតិចជាង ៩៥% ដែលភាគច្រើនជាជនជាតិ Muong មួយចំនួនតូចគឺជនជាតិ Dao និង Kinh។ នៅពេលចូលសាលារៀន សិស្សត្រូវបានផ្តល់ឧបករណ៍សិក្សា និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។ ប្អូន Trinh Huong Giang ជនជាតិ Muong ជាសិស្សម្នាក់នៅសាលាមធ្យមសិក្សា និងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong បានឲ្យដឹងថា៖

“យើងខ្ញុំទទួលបានផលយ៉ាងពេញលេញពីគោលនយោបាយរបស់រដ្ឋ។ ជាឧទាហរណ៍ គ្រឹះស្ថានសិក្សាមានលក្ខណៈពេញលេញ និងធំទូលាយ ការរៀនសូត្រគឺមិនគិតថ្លៃ សៀវភៅ និងឧបករណ៍សិក្សាត្រូវបានផ្តល់ជូនដោយសាលាដោយឥតគិតថ្លៃផងដែរ។ នៅពេលអនាគត ខ្ញុំមានសុបិនចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ ដូច្នេះខ្ញុំអាចឧទ្ទេសនាមអំពីស្រុកកំណើតរបស់ខ្លួន និងរួមចំណែកផ្សព្វផ្សាយស្រុកកំណើតរបស់ខ្លួន គឺខេត្ត Hoa Binh ទៅកាន់មិត្តភក្តិមកពីគ្រប់ទិសទី”។

ការថែទាំសិស្សជនជាតិភាគតិចនៅស្រុក Cao Phong ខេត្ត Hoa Binh - ảnh 3ម៉ោងរៀនដោយកុំព្យូទ័រនៅសាលា។

ក្រៅពីធានាលក្ខខណ្ឌសិក្សាសម្រាប់សិស្ស សាលាក៏យកចិត្តទុកដាក់ខ្លាំងចំពោះសកម្មភាពក្រៅម៉ោងសិក្សាផងដែរ។ លោកគ្រូ Tran Quang Tuan នាយកសាលាបានឲ្យដឹងបន្ថែមទៀតថា៖

“សាលាបានបើកក្លឹបសម្រាប់សិស្សានុសិស្សមានឱកាសជួបប្រាស្រ័យទាក់ទងគ្នា ដូចជាក្លឹបថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ Muong។ តាមរយៈក្លឹបនេះ សិស្សានុសិស្សអាចពង្រឹងការប្រើប្រាស់ភាសា Muong និងឧបករណ៍ភ្លេងប្រពៃណី។ សិស្សជនជាតិភាគតិចរស់នៅឆ្ងាយពីផ្ទះ ដូច្នេះសាលាបានបង្កើនការរៀបចំសកម្មភាពអំពីបំណិនជីវិត សកម្មភាពក្រៅម៉ោងសិក្សា និងសកម្មភាពសង្គម ដើម្បីជួយពួកគេអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។

ក្នុងឆ្នាំសិក្សា ២០១៣ - ២០១៤ សាលាត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Hoa Binh ប្រគល់ជូនប័ណ្ណសរសើរក្នុងនាមជាអង្គភាពជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមសាលាបណ្ដុះបណ្ដាលជនជាតិភាគតិចនៅខេត្ត Hoa Binh។ ក្នុងឆ្នាំសិក្សា ២០២២ - ២០២៣ ត្រូវបានសមាគមលើកទឹកចិត្តការសិក្សាស្រុក Cao Phong ប្រគល់ជូនប័ណ្ណសរសើរសម្រាប់សមិទ្ធិផលឆ្នើមក្នុងចលនាលើកទឹកចិត្តការសិក្សានិងកសាងសង្គមសិក្សា។

ដោយមានការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សាលាមធ្យមសិក្សានិងវិទ្យាល័យសម្រាប់ជនជាតិភាគតិចស្រុក Cao Phong ត្រូវបានខេត្ត Hoa Binh ទទួលស្គាល់ជាសាលាស្តង់ដារជាតិ។ ពីសាលានេះផងដែរ សិស្សានុសិស្សជាច្រើនបានប្រឡងជាប់សាកលវិទ្យាល័យ ហើយក្រោយមកមានអាជីពជោគជ័យ ដើម្បីរួមវិភាគទានសម្រាប់សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ