ការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជនជាតិ Thai នៅជ្រលងភ្នំ Muong Tac

(VOVWORLD) - Muong Tac គឺជាឈ្មោះផ្សេងទៀតនៃមជ្ឈមណ្ឌលស្រុក Phu Yen នៃខេត្ត Son La ។ វប្បធម៌ Muong Tac ត្រូវបានកកើតពីការប្រសព្វគ្នារវាងជនជាតិThai និងជនជាតិ Muong។ លេចធ្លោបំផុតក្នុងវប្បធម៌ Muong Tac គឺចម្រៀងប្រជាប្រិយ របាំជនជាតិ Thai។ ប្រឈមមុខនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រជាជន Thai នៅ Muong Tac កំពុងខិតខំប្រឹងប្រែងថែរក្សានិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្លួន។

ការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ជនជាតិ Thai នៅជ្រលងភ្នំ Muong Tac - ảnh 1ក្លឹបរាំ xoe របស់ជនចាស់ជរាជនជាតិ Thai នៅជ្រលងភ្នំ Muong Tac។ (រូបថត៖ Hoang Thai)
នៅជ្រលងភ្នំ Phu Hoa (ឈ្មោះផ្សេងមួយទៀតនៃជ្រលងភ្នំ Muong Tac ស្រុក Phu Yen ខេត្ត Son La) ដែលជាកន្លែងប្រមូលផ្តុំភូមិឃុំជនជាតិ Thai នៅជុំវិញវាលស្រែ Muong Tac នោះ ជារៀងរាល់រាត្រីនៅតែមានសភាពអ៊ូអរដោយភ្លេងអមរបាំរបស់បណ្ដាក្លឹបវប្បធម៌សិល្បៈសម្រាប់ជនចាស់ជរា។ លោក Bac Cam Ton អ្នកទទួលបន្ទុកក្រុមសិល្បៈជនចាស់ជរានៃក្លឹបជនចាស់ជរាឃុំ Quang Huy បានឲ្យដឹងថា៖

“ក្រុមសិល្បៈឃុំ Quang Huy ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយមានបងប្អូនជាង ៦០ នាក់ចូលរួម។ ក្រុមសិល្បៈ Quang Huy បានជួយដល់ការអភិវឌ្ឍចលនាសិល្បៈនៅតាមមូលដ្ឋានដទៃទៀត។ ឥឡូវនេះ មូលដ្ឋានមួយចំនួនបានសិក្សាតាមក្រុមសិល្បៈ Quang Huy។ គោលបំណងគឺដើម្បីបម្រើជីវភាពរស់នៅប្រកបដោយសុភមង្គល សុខភាពល្អ ហើយថែរក្សាប្រពៃណីរបស់ ឃុំ Quang Huy សម្រាប់ជំនាន់ក្រោយៗ”។

មិនត្រឹមតែបង្ហាញពីក្តីស្រឡាញ់យ៉ាងក្លៀវក្លាចំពោះវប្បធម៌ជនជាតិប៉ុណ្ណោះទេ លោកតា
លោកយាយក៏បានបង្រៀនយុវជនជំនាន់ក្រោយនូវក្បាច់របាំ បទចម្រៀង របស់ជីដូនជីតាទៀតផង។ នោះមិនត្រឹមតែជាទំនុកចម្រៀងប៉ុណ្ណោះទេ ថែមទាំងជាការប្រៀនប្រដៅកូនចៅឲ្យចេះរស់នៅប្រកបដោយសុចរិតភាព ចេះឧស្សាហ៍ព្យាយាមធ្វើការដើម្បីកសាងជីវភាពប្រកបដោយសុភមង្គល និងសម្បូរហូហៀរ។ លោក Hoang Xuan Hoa ប្រធានសមាគមជនចាស់ជរាឃុំ Quang Huy បានឲ្យដឹងថា៖

“បើនិយាយពីវប្បធម៌និងសិល្បៈ លោកតាលោកយាយសុទ្ធតែមានក្ដីសោមនស្សរីករាយដោយបានចូលរួមក្រុមសិល្បៈ។ បើនិយាយពីរបាំវិញ យើងខ្ញុំស្ទើរតែរាំរបាំបុរាណ ក៏ដូចជាប្រើសំលៀកបំពាក់ជនជាតិផងដែរ មិនមានការលាយឡំខាងសំលៀកបំពាក់នោះទេ។ ប្រការនេះគឺដើម្បីឲ្យលោកតាលោកយាយរស់នៅប្រកបដោយសុខភាពល្អ រក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិខ្លួន ហើយអប់រំកូនចៅឲ្យមិនត្រូវបោះបង់ចោលទំនៀមទំលាប់ផងដែរ”។

សកម្មភាពដ៏គគ្រឹកគគ្រេងរបស់ក្លឹបជនចាស់ជរាក៏ជាកម្លាំងចលករដើម្បីជំរុញយុវជនក្នុងភូមិ ចូលរួមយ៉ាងសកម្មក្នុងចលនារួមរបស់ឃុំ។ លោក Nguyen Linh Hoang ជនជាតិ Thai លេខាសម្ព័ន្ធយុវជនឃុំ Quang Huy បានឲ្យដឹងថា៖

“ម្ដងៗដែលលោកតាលោកយាយរៀបចំកម្មវិធីសិល្បៈ ខ្ញុំតែងតែចូលរួមហើយខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់។ ឧទាហរណ៍ ការច្រៀង រាំបែប Thai ឬលេងល្បែងប្រជាប្រិយ។ ល្អណាស់។ ដើម្បីឲ្យកូនចៅបានស្គាល់ដល់វប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ក្រៅពីសកម្មភាពវប្បធម៌ សិល្បៈ តួនាទីរបស់លោកតាលោកយាយចំពោះយុវជនក៏ខ្ពស់ដែរ ព្រោះមិនថាក្នុងគ្រួសារ ឬក្នុងសង្គម លោកតាលោកយាយតែងតែជាគំរូដើម្បីឃោសនាពីការអនុវត្តគោលនយោបាយបក្ស និងច្បាប់របស់រដ្ឋ។ បង្ហាត់បង្រៀនកូនចៅអំពីប្រពៃណីវប្បធម៌របស់ជនជាតិខ្លួន”។

ដើម្បីលើកទឹកចិត្តចលនាជនចាស់ជរា គណៈកម្មាធិការប្រជាជនឃុំ Quang Huy បានចលនាប្រជាជនចូលរួមវិភាគទានទឹកប្រាក់ដើម្បីថែរក្សាសកម្មភាពក្លឹប។ ក្រៅពីនោះ ឃុំក៏ជួយសម្រួលក្លឹបឲ្យបានប្រើប្រាស់ផ្ទះវប្បធម៌ឃុំជាកន្លែងហ្វឹកហាត់ និងសម្រាកផងដែរ។ លោក Cam Van An ប្រធានគណៈកម្មាធិការប្រជាជនឃុំ Quang Huy បានឲ្យដឹងថា៖

“សម្រាប់ជនចាស់ជរាក្នុងឃុំ ដើម្បីធានានិងថែរក្សាមិនឲ្យបាត់បង់អត្តសញ្ញាណវប្បធម៌សិល្បៈរបស់ឃុំ Quang Huy គឺជនចាស់ជរានៅឃុំ Quang Huy បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាប្រចាំ។ លោកតាលោកយាយរស់នៅប្រកបដោយសប្បាយរីករាយ សុខភាពល្អ ហើយតែងតែអប់រំកូនចៅដើម្បីតភ្ជាប់វប្បធម៌អតីតកាលនិងបច្ចុប្បន្ន។ ខាងអង្គការបក្សនិងអាជ្ញាធរឃុំ តែងតែលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់លោកតាលោកយាយរៀបចំសកម្មភាព”។

លោកតាលោកយាយនៅឃុំ Quang Huy កំពុងជាអ្នកបំផុសគំនិត ដែលជួយបំផុសសេចក្ដីស្នេហាភូមិនិងវប្បធម៌ប្រជាប្រិយសម្រាប់កូនចៅ។ លោកតាលោកយាយនឹងជាប្រភពបំផុសគំនិតមិនចេះចប់ ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយឲ្យមានមោទនភាពចំពោះសម្រស់វប្បធម៌របស់ជនជាតិខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ