ខេត្ត Soc Trang ថែទាំជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិខ្មែរ

(VOVWORLD) -  ក្នុងរយៈពេលកន្លងមក អាជ្ញាធរមូលដ្ឋានខេត្ត Soc Trang តែងតែផ្ដោតការយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាក ជាពិសេសបងប្អូនជនជាតិខ្មែរ ដោយមានគោលនយោបាយជាច្រើនដើម្បីជួយប្រជាជនឲ្យរួចផុតចេញពីភាពក្រីក្រ ហើយមានជីវភាពរស់នៅដោយស្ថិរភាពជាជំហានៗ។

ខេត្ត Soc Trang ថែទាំជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិខ្មែរ - ảnh 1លោក Lieu Kieu (អាវពណ៌ខៀវ) នៅផ្ទះ "មហាសាមគ្គី" ថ្មី។ (រូបថត៖ VOV)

ជាគ្រួសារក្រីក្រមួយដែលទទួលបានជំនួយជាផ្ទះ “មហាសាមគ្គី” មួយខ្នងពីមូលនិធិ “ដើម្បីជនក្រីក្រ” លោក Lieu Kieu នៅភូមិ Phuoc An ឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang មិនអាចលាក់បាំងភាពសប្បាយរីករាយរបស់ខ្លួនបានឡើយ។ លោក Kieu បាននិយាយថា ក្នុងខែមេសា ក្រុមគ្រួសារទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលប្រហែលជាបុណ្យចូលឆ្នាំថ្មីដ៏រីករាយបំផុត ក្រោយរយៈពេលពីយូរមកដែលគ្រួសារលោកត្រូវរស់នៅក្នុងផ្ទះទ្រុឌទ្រោម។ ក្នុងផ្ទះថ្មី លោក Kieu ចែករំលែកថា ជារៀងរាល់ថ្ងៃ លោកនៅផ្ទះចិញ្ចឹមសត្វ ថែទាំឲ្យកូនៗទៅរៀន ហើយធ្វើការស៊ីឈ្នួលដើម្បីរកចំណូលបន្ថែមសម្រាប់ចិញ្ចឹមជីវភាពគ្រួសារ ខណៈប្រពន្ធលោកទៅធ្វើការនៅក្នុងក្រុមហ៊ុនជលផល។ លោក Lieu Kieu សង្ឃឹមថា ការមានទីលំនៅដោយស្ថិរភាពនឹងជួយគ្រួសារលោកមានលក្ខខណបន្ថែមទៀតដើម្បីឈានឡើងក្នុងជីវភាព។

“ស្ថានភាពមុននេះលំបាកខ្លាំងណាស់ ខ្ញុំបានខ្ចីទុនពីធនាគារគោលនយោបាយសម្រាប់ចិញ្ចឹមសត្វ ដោយទម្រង់ទូទាត់ការប្រាក់ជាប្រចាំខែ និងប្រាក់បញ្ញើសន្សំ។ ឥឡូវនេះ រដ្ឋបានឧបត្ថម្ភផ្ទះ
“មហាសាមគ្គី” ខ្ញុំដឹងគុណខ្លាំងណាស់ ហើយសន្យាថានឹងខិតខំប្រឹងប្រែងប្រកបការងាររកស៊ី”។

ខេត្ត Soc Trang ថែទាំជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិខ្មែរ - ảnh 2គ្រួសារលោក Lam Ny នៅក្នុងផ្ទះថ្មី។ (រូបថត៖ VOV)

ដោយមានស្ថានភាពលំបាកដូចគ្នា ផ្ទះសម្បែងទ្រុឌទ្រោមដោយមិនមានថវិកាដើម្បីសាងសង់ផ្ទះថ្មីនោះទេ នាពេលថ្មីៗនេះ លោក Lam Ny នៅភូមិ Tra Quyt A ទីរួមស្រុក Chau Thanh ស្រុក Chau Thanh ត្រូវបានមូលដ្ឋានពិចារណាជួយឧបត្ថម្ភផ្ទះ “មហាសាមគ្គី”។ លោក Ny បានសំណេះសំណាលថា ដោយបានរស់នៅក្នុងផ្ទះដ៏រឹងមាំ គឺជាក្តីសុបិនរបស់គ្រួសារលោកតាំងពីយូរលង់មកហើយ ដូច្នេះឥឡូវនេះ លោកបាននឹងនរចិត្តធ្វើការដើម្បីលើកស្ទួយជីវភាពរស់នៅ។ លោក Lam Ny បានចែករំលែកថា៖

“មុននេះ ផ្ទះរងទឹកជំនន់លិចលង់ ជួបការលំបាកខ្លាំងណាស់ ប៉ុន្តែអាស្រ័យមានរដ្ឋ និងកម្មា ភិបាលមូលដ្ឋានដែលបានជួយឧបត្ថម្ភឲ្យខ្ញុំមានផ្ទះថ្មីមួយខ្នង។ ខ្ញុំដឹងគុណបក្ស រដ្ឋច្រើនណាស់ បុណ្យតេតឆ្នាំនេះសប្បាយរីករាយជាងឆ្នាំមុនៗ ខ្ញុំនឹងខិតខំធ្វើការដើម្បីរួចផុតពីភាពក្រីក្រ”។

លោក Lam Van Ut អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក Chau Thanh បានឲ្យដឹងថា ការអនុវត្តកម្មវិធីសន្តិសុខសង្គម ការងារថែទាំជីវភាពរស់នៅសម្រាប់បងប្អូនជនជាតិខ្មែរ ជាពិសេសគឺការកសាងផ្ទះជូនគ្រួសារក្រីក្រ បានជួយជីវភាពរស់នៅរបស់បងប្អូនមានការកែលម្អយ៉ាងច្បាស់លាស់។ ស្រុកទាំងមូលមានគ្រួសារខ្មែរជាង ១៤.៣០០ គ្រួសារ ដែលស្មើជាង ៥១% នៃចំនួនប្រជាជនស្រុក។ ក្នុងនោះ បច្ចុប្បន្នមានគ្រួសារក្រីក្រចំនួន ១.៣២៧គ្រួសារ និងគ្រួសារលើបន្ទាត់ក្រីក្រចំនួន ៥១៨ គ្រួសារ។

“នាពេលខាងមុខ រណសិរ្សគ្រប់លំដាប់ថ្នាក់នឹងសម្របសម្រួលជាមួយអង្គការសមាជិក ដើម្បីបន្តបង្កើនការងារ “ឃោសនា ចលនាបងប្អូនជនជាតិខ្មែរដើម្បីប្រតិបត្តិនិងអនុវត្តន៍ឲ្យបានល្អនូវគោលជំហរ គោលនយោបាយរបស់បក្ស និងរដ្ឋ ដោយផ្សាភ្ជាប់ជាមួយការអនុវត្តកម្មវិធីគោលដៅជាតិអំពីការកសាងជនបទថ្មី ព្រមទាំងពិនិត្យឡើងវិញនូវតម្រូវការបន្ទាន់របស់គ្រួសារក្រីក្រអំពីបញ្ហាលំនៅដ្ឋាន ដើម្បីឲ្យរណសិរ្សអាចស្នើ និងជួយឧបត្ថម្ភផ្ទះ “មហាសាមគ្គី” សម្រាប់បងប្អូនជនជាតិខ្មែរក្រីក្រ ដើម្បីមានលក្ខខណ្ឌឈានឡើងរួចផុតពីភាពក្រីក្រដោយចីរភាព”។

នាពេលកន្លងមក ជនជាតិខ្មែរជាគ្រួសារក្រីក្រ គ្រួសារដែលជួបការលំបាកក៏ត្រូវបានផ្ដល់លក្ខខណ្ឌទទួលបានកម្ចីអនុគ្រោះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងរួចផុតពីភាពក្រីក្រ។ ធនាគារ គោលនយោបាយសង្គមស្រុក Chau Thanh បានផ្តល់កម្ចីអនុគ្រោះដល់គ្រួសារជនជាតិខ្មែរក្រីក្រ និងលើបន្ទាត់ក្រីក្រចំនួនជាង៧៩០០គ្រួសារ ដោយមានទំហំទឹកប្រាក់សរុបជាង ៤៦ ពាន់លាន ដុង។ លោក Nguyen Hai Au នាយកការិយាល័យប្រតិបត្តិការនៃធនាគារគោលនយោបាយសង្គម ស្រុក Chau Thanh បាននិយាយថា៖

“ដោយមានដើមទុនពីធនាគារគោលនយោបាយសង្គម បងប្អូនជាជនជាតិភាគតិច អាចទទួលបានប្រភពទុនយ៉ាងទាន់ពេលវេលាដើម្បីចិញ្ចឹមសត្វ ធ្វើផលិតកម្ម បង្កើតការងារធ្វើដើម្បីរួចផុតចេញពីភាពក្រីក្រប្រកបដោយចីរភាព។ នាពេលខាងមុខ ធនាគារគោលនយោបាយសង្គម ស្រុក Chau Thanh នឹងបន្តផ្តល់អាទិភាពដល់ការប្រមូលផ្តុំប្រភពទុនសម្រាប់គ្រួសារជនជាតិភាគតិចដែលមានលក្ខខណ្ឌគ្រប់គ្រាន់ មានតម្រូវការខ្ចីទុន ហើយបើកការចំណាយទុនសម្រាប់បងប្អូន ឆ្លើយតបនឹងតម្រូវការរបស់បងប្អូនដើម្បីចិញ្ចឹមសត្វ ធ្វើផលិតកម្ម”។

នាពេលកន្លងមកនេះ បងប្អូនជនជាតិខ្មែរនៅស្រុក Chau Thanh និយាយដោយឡែក និងខេត្ត Soc Trang និយាយរួម បានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ក្នុងបរិយាកាសសប្បាយរីករាយ ដោយមានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ។ ជាមួយនឹងគោលនយោបាយជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងផ្ទះ “មហាសាមគ្គី” បងប្អូនជនជាតិខ្មែរនៅខេត្ត Soc Trang ជាពិសេសគ្រួសារក្រីក្រ និងគ្រួសារដែលមានស្ថានភាពការលំបាក បាននិងកំពុងឈានឡើង រួចផុតចេញពីភាពក្រីក្រជាបណ្តើរៗ ហើយមានជីវភាពរស់នៅដោយស្ថិរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ