ខ្លុយ Ta Lẹh ដ៏ពិសេសរបស់ជនជាតិ Gie Trieng នៅ Kon Tum
(VOVWORLD) - ឃ្លាំងឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Gie Trieng នៅខេត្ត Kon Tum គឺសម្បូរបែប និងចម្រុះដែលមានឧបករណ៍ភ្លេងចំនួន ២២ ប្រភេទខុសៗគ្នា។ ក្នុងនោះមានរហូតដល់ទៅ ២/៣ ជាឧបករណ៍ភ្លេងធ្វើពីឫស្សី។ ខ្លុយ Ta Leh គឺជាឧបករណ៍ភ្លេងដ៏ពិសេសមួយរបស់ជនជាតិ Gie Trieng ដែលត្រូវបានធ្វើឡើងក្នុងដំណើរការធ្វើស្រែចំការ ហើយផ្សាភ្ជាប់ជានិច្ចទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ព្រឹទ្ធាចារ្យជនជាតិ Gie Trieng លេងខ្លុយ Ta Leh។ (រូបថត៖ VOV) |
ខ្លុយ Ta Leh ធ្វើពីបំពង់ឬស្សីប្រវែងប្រហែល ៧០ សង់ទីម៉ែត្រ ចុងទាំងពីរមានប្រហោង។ នៅចំកណ្តាលដងខ្លុយ មានរន្ធតែមួយគត់សម្រាប់ផ្លុំ។ សិប្បករឆ្នើម លោក Brol Ve នៅភូមិ Dak Rang ឃុំ Dak Duc ស្រុក Ngoc Hoi បាននិយាយថា៖
“ពេលផ្លុំខ្លុយប្រភេទនេះ យើងត្រូវតែប្រើបាតដៃស្តាំ ខ្ទបលើបាតបំពង់ខ្លុយ។ ប្រសិនបើត្រឹមតែផ្លុំប៉ុណ្ណោះ មិនអាចបញ្ចេញសំឡេងខ្ពស់ ឬទាបបានទេ។ ខ្លុយនេះ មានតែបុរសផ្លុំបាន ស្ត្រីមិនអាចផ្លុំបានទេ ព្រោះវាវែងពេក”។
លក្ខណៈពិសេសក្នុងតន្ត្រីរបស់ជនជាតិ Gie Trieng គឺសំឡេងស្រាលៗ និងស្រទន់ដូចការសំណេះសំណាល បង្ហាញពីអារម្មណ៍របស់អ្នកលេងអញ្ចឹង។ ក្នុងនោះ សំឡេងដ៏ស្រទន់របស់ខ្លុយ Ta Leh នៅតាមវាលស្រែ តែងតែបង្ហាញយ៉ាងច្បាស់នូវទំនុកភ្លេងដ៏ពោរពេញទៅដោយមនោ
សញ្ចេតនា បង្ហាញពីក្តីសុបិននៃជីវភាពដ៏សុខសាន្ត សម្បូរធូធារនិងសុភមង្គលរបស់ជនជាតិ Gie Trieng។ សំឡេងខ្លុយ Ta Leh មិនទាមទារភាពស្មុគ្រស្មាញ ឬភាពល្អឥតខ្ចោះក្នុងរបៀបសម្ដែងនោះទេ ផ្ទុយទៅវិញ ទាមទារភាពបើកចំហ សេរីភាព និងភាពបំពេររបស់មនុស្សដែលសង្ខាតធ្វើពលកម្ម ផលិតកម្ម។ ខ្លុយតែងតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពធ្វើស្រែចំការរបស់ប្រជាជន ដូច្នេះបានជាវាមានលក្ខណៈពិសេស បើប្រៀបធៀបទៅនឹងឧបករណ៍ភ្លេងដទៃទៀតរបស់ជនជាតិ Gie Trieng។ នោះគឺ តាមទំនៀមទម្លាប់ ខ្លុយនេះប្រើតែក្នុងរយៈពេលជាក់ស្ដែងមួយប៉ុណ្ណោះ គឺមុនពេលប្រមូលផលដំណាំ។
“ពេលស្រូវចាប់ផ្តើមលូតលាស់ គឺយើងផ្លុំខ្លុយ។ ធ្វើស្រែចម្ការចាប់ពីខែកក្កដារហូតដល់ប្រមូលផលស្រូវរួច គឺលែងផ្លុំទៀតហើយ។ ពេលទៅធ្វើស្រែចម្ការ ពេលសម្រាកថ្ងៃត្រង់ ឬពេលយប់ ពេលល្ងាច យើងផ្លុំខ្លុយ ដើម្បីបន្ធូរភាពនឿយហត់ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ”។
តាមទំនៀមទំលាប់របស់ជនជាតិ Gie Trieng ខ្លុយ Ta Leh ផ្លុំបានតែនៅវាលស្រែប៉ុណ្ណោះ។ ក្រៅពីដើម្បីសម្ដែងអារម្មណ៍ សំឡេងខ្លុយ Ta Leh ក៏ជាសញ្ញាប្រាប់ថា មានអ្នកណាម្នាក់នៅក្នុងខ្ទម ដើម្បីមើលថែចម្ការ បណ្ដេញសត្វស្លាប និងសត្វព្រៃមិនឲ្យបំផ្លិចបំផ្លាញដំណាំ។ លើសពីនេះ ជនជាតិ Gie Trieng ក៏ហាមឃាត់ការផ្លុំខ្លុយ Ta Leh នៅផ្ទះ ឬក្នុងឱកាសពិធីបុណ្យទាន និងបុណ្យតេតផងដែរ។ ខ្លុយអាចទុកបានតែក្នុងខ្ទមប៉ុណ្ណោះ មិនអាចយកមកផ្ទះបានទេ។ ពន្យល់អំពីរឿងនេះ លោកបណ្ឌិត Bui Ngoc Quang នាយករងសារមន្ទីរជនជាតិវិជ្ជាវៀតណាមបានឲ្យដឹងថា៖
“ពួកគេមិនទុកប្រភេទឧបករណ៍ភ្លេងនេះនៅក្នុងផ្ទះទេ តែទុកវាយ៉ាងសម្ងាត់ក្នុងព្រៃវិញ។ ពួកគេចាត់ទុកនេះជាវត្ថុដ៏ពិសិដ្ឋ ហើយត្រូវតែរក្សាទុកនៅកន្លែងសម្ងាត់បំផុត។ បងប្អូនជនរួមជាតិ Tay Nguyen ផ្សាភ្ជាប់ទៅនឹងព្រៃឈើ។ សម្រាប់ពួកគេ ព្រៃឈើគឺជាកន្លែងដ៏ពិសិដ្ឋ ស្និទ្ធស្នាល និងសម្ងាត់បំផុតរបស់ពួកគេ។ ពួកគេរក្សាទុកឧបករណ៍ភ្លេងនៅទីនោះ ព្រោះពួកគេជឿថា នោះជាកន្លែងសុវត្ថិភាពបំផុត”។
ទោះជាយ៉ាងណាក៏ដោយ ឆ្លងកាត់ពេលវេលា ខ្លុយ Ta Leh បានក្លាយទៅជាឧបករណ៍ភ្លេងប្រកបដោយប្រជាប្រិយភាព ដែលជនជាតិ Gie Trieng ដាក់ព្យួរនៅក្នុងផ្ទះ ហើយប្រើប្រាស់សម្រាប់សម្តែងក្នុងសកម្មភាពប្រចាំថ្ងៃ ឬក្នុងថ្ងៃបុណ្យ និងថ្ងៃសប្បាយៗរបស់គ្រួសារ និងសហគមន៍។
ជាច្រើនជំនាន់មកហើយ សម្រាប់ជនជាតិ Gie Trieng តន្ត្រីប្រពៃណីជានិច្ចកាលជាដួងព្រលឹង ហើយត្រូវបានប្រជាជនអភិរក្សដដែល។ ខ្លុយ Ta Leh និយាយដោយឡែកនិងឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ Gie Trieng និយាយរួម មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Gie Trieng ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឲ្យខឿនតន្ត្រីប្រពៃណីរបស់បណ្ដាជនជាតិភាគតិចនៅប្រទេសវៀតណាមកាន់តែសម្បូរបែបទៀតផង៕