ជនជាតិ Ba Na និងឱកាសធ្វើជាអ្នកមានពីគំរូចិញ្ចឹមជ្រូកព្រៃកាត់
(VOVWORLD) - ការផ្លាស់ប្តូរពីគំរូធ្វើកសិកម្មចិញ្ចឹមផ្គត់ផ្គង់ដោយខ្លួនឯងទៅជាការចិញ្ចឹមសត្វតាមទិសដៅទំនិញ គឺជាការផ្លាស់ប្តូរដ៏អស្ចារ្យមួយនៅក្នុងផ្នត់គំនិតផលិតកម្មរបស់ជនជាតិ Ba Na ដែលរស់នៅតាមជួរភ្នំ Truong Son ខាងកើត នៃឃុំលំបាកពិសេស Dak Tpang ស្រុក Kong Chro ខេត្ត Gia Lai។ ដោយមានការជួយឧបត្ថម្ភពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានជា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រជាជនបានអនុវត្តតាមគំរូចិញ្ចឹម “ជ្រូកព្រៃកាត់” តាមគំរូកសិដ្ឋានពាក់កណ្តាលព្រៃ ដែលរំពឹងថានឹងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
គំរូចិញ្ចឹមជ្រូកព្រៃកាត់កំពុងបង្ហាញសក្តានុពលដ៏អស្ចារ្យ តាមរយៈលទ្ធផលជាក់ស្តែងដំបូង |
នៅឯភូមិ Kpieu ឃុំ Dak Tpang ស្រុក Kong Chro មានគ្រួសារជនជាតិ Ba Na ចំនួន ១០ គ្រួសារ កំពុងដំណើរការអនុវត្តន៍នូវគំរូកសិដ្ឋានចិញ្ចឹមសត្វជ្រូកព្រៃកាត់។ កសិដ្ឋាននេះមានទំហំប្រហែល ២.០០០ ម៉ែត្រការ៉េ ស្ថិតនៅចុងព្រៃនៃភូមិ ដែលព័ទ្ធជុំវិញដោយសំណាញ់ B40។ ហ្វូងជ្រូកចំនួន ២២ ក្បាលនេះ ជាការ ជួយឧបត្ថម្ភពីគម្រោងកាត់បន្ថយភាពក្រីក្រសម្រាប់តំបន់ Tay Nguyen។ ការចិញ្ចឹមកូនពូជជ្រូកត្រូវបានអនុវត្តន៍តាមបែបប្រមូលផ្តុំ។ ដរាបណា ហ្វូងជ្រូកធំធាត់ នឹងបែងចែកកូនជ្រូកនេះទៅគ្រួសារនីមួយៗ ចំនួនពីរឬបីក្បាលសម្រាប់ចិញ្ចឹម។ កាលបុណ្យចូលឆ្នាំថ្មីប្រពៃណីកន្លងមក ជ្រូកឡើងថ្លៃ អ្នកភូមិគេលក់ជ្រូកព្រៃកាត់នេះ ចំនួន ៣ ក្បាល បានជិត ២០ លានដុង ជួយអោយអ្នកភូមិម្នាក់ៗ អំណរបុណ្យចូលឆ្នាំថ្មី ដោយក្តីរីករាយបំផុត។
ក្រៅពីភូមិ Kpieu នៅមានភូមិចំនួន ៤ ទៀតក្នុងឃុំ Dak Tpang ដែលត្រូវទទួលបានការជួយឧបត្ថម្ភ ពី គម្រោងកាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen តាមរយៈគំរូចិញ្ចឹម “ជ្រូកព្រៃកូនកាត់”។ រហូតមក ដល់ពេលនេះ គ្រួសារចំនួន ៨២ ក្នុងឃុំ ដោយមានចំនួនជនជាតិ Ba Na ៩៥% នោះ បានអនុវត្តន៍នូវគំរូចិញ្ចឹមសត្វជ្រូកព្រៃកូនកាត់ផងដែរ។ ជាធម្មតា គ្រួសារនីមួយៗនឹងទទួលបានកូនពូជឧបត្ថម្ភចំនួនពីរទៅ៣ក្បាល ព្រមទាំងទទួលបានការណែនាំពីបុគ្គលិកពេទ្យសត្វទៀតផង។ ថ្វីត្បិតតែ ថ្មីថ្មោងមែន ប៉ុន្តែគំរូចិញ្ចឹមបែបនេះកំពុងបង្ហាញសក្តានុពលដ៏អស្ចារ្យ តាមរយៈលទ្ធផលជាក់ស្តែងដំបូង។
លោក Dinh Thi Chuoi ជាអ្នកត្រួសត្រាយផ្លូវមួយក្នុងចំណោមអ្នកត្រួសត្រាយអនុវត្តគំរូចិញ្ចឹម “ជ្រូកព្រៃកាត់” បានចែករំលែកថា៖ “ស្ថានភាពទាំងភូមិសាស្ត្រនិងអាកាសធាតុគឺអំណោយផលសម្រាប់ការចិញ្ចឹមជ្រូក ព្រៃកូនកាត់។ ម្យ៉ាងវិញទៀត សត្វជ្រូកក៏ងាយចិញ្ចឹមណាស់ដែរ ហើយតម្លៃលក់ក៏ល្អផង ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន ជួយប្រជាជនទទួលបានប្រាក់ចំណូលល្អនិងកាត់បន្ថយភាពក្រីក្រ”។
ការចិញ្ចឹមសត្វជ្រូកព្រៃកាត់នៅឃុំ Dak Tpang មានលក្ខណៈងាយស្រួលជាច្រើន នៅពេលដែលអ្នកភូមិគេឆ្លៀតយកកាកសំណល់កសិកម្មដែលមានស្រាប់ដូចជា ត្រឡាច ពោត ... និងប្រភពចំណីធម្មជាតិដែលមានច្រើនដូចជាបន្លែព្រៃឬស្មៅជាដើម។ លើសពីនេះទៅទៀត ឃុំ Dak Tpang មានផ្ទៃដីដាំដុះយ៉ាងធំល្វើយ តាមនោះ អ្នកភូមិអាចប្រើផ្ទៃដីដាំដុះនេះ សម្រាប់អនុវត្តន៍តាមគំរូធ្វើកសិកម្ម ដែលជួយសន្សំសំចៃថ្លៃដើមនិងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លោក Tran Ngoc Cuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dak Tpang ស្រុក Kong Chro បានអោយដឹងថា៖ “គំរូនេះបានផ្លាស់ប្តូរផ្នត់គំនិតនិងរបៀបធ្វើអ្នកមានរបស់ប្រជាកសិករ ដែលនាំមកនូវប្រសិទ្ធភាពជូនដល់ប្រជាកសិករ។ ឃុំ Dak Tpang កំពុងរៀបចំបង្កើត ផលិត ផលជ្រូកព្រៃកូនកាត់។ គំរូនេះនឹងត្រូវផ្សព្វផ្សាយអោយទូលំទូលាយ ហើយឃុំជឿថានឹងដាក់ផលិតផលនេះទៅក្នុងកម្មវិធីឃុំមួយផលិតផមួយ OCOP របស់ឃុំដែរ”។
ទោះបីជា មិនសូវមានលក្ខណៈអភិក្រមជាមួយនឹងរបៀបធ្វើសេដ្ឋកិច្ចទំនិញក៏ដោយ ប៉ុន្តែដោយមានការ ជួយឧបត្ថម្ភយ៉ាងសកម្ម ពីគម្រោងកាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen និងជាពិសេសការអនុវត្តគំរូចិញ្ចឹមថ្មី បានជាប្រជាជន ជនជាតិ Ba Na នៅឃុំ Dak Tpang ស្រុក Kong Chro ខេត្ត Gia Lai កំពុងនៅចំពោះមុខនឹងឱកាសដ៏ប្រសើរ ដើម្បីក្រោកឡើង ធ្វើជាអ្នកមាននៅក្នុងស្រុកកំណើតរបស់ខ្លួន៕