ជនជាតិ Dao នៅ Na Hac ជាមួយនឹងទំនៀមទំលាប់ការពារព្រៃឈើ

(VOVWORLD) - ភូមិ Na Hac (ភូមិ Doan Ket ឃុំ Ha Lau ស្រុក Tien Yen ខេត្ត Quang Ninh) គឺជាភូមិជនជាតិ Dao តែមួយគត់នៃឃុំ Ha Lau ដែលស្ថិតជាប់នឹងព្រៃស្រោងនិងព្រៃការពារដោយមានផ្ទៃដីប្រហែល ៣០០ ហិកតា។ ជាច្រើនជំនាន់មកហើយ អ្នកភូមិ Na Hac ជានិច្ចកាលរួមគ្នាការពារ និងថែរក្សាព្រៃឈើនេះ។

ជនជាតិ Dao នៅ Na Hac ជាមួយនឹងទំនៀមទំលាប់ការពារព្រៃឈើ - ảnh 1គ្រួសារលោក Chiu Chan Ly (កណ្ដាល) រស់នៅជាយព្រៃ Na Hac អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ តាំងពីលោកមានអាយុ ១៥ ឆ្នាំ។ (រូបថត៖ VOV)

ដើម្បីទៅដល់ភូមិ Na Hac ទីកន្លែងដែលមានផ្ទះចំនួន ៣០ ខ្នងរបស់ជនរួមជាតិ Dao នៅជាយព្រៃស្រោង គឺជាបញ្ហាប្រឈមនិងការខិតខំប្រឹងប្រែងមួយ ជាពិសេសនៅថ្ងៃមានភ្លៀងធ្លាក់។ នៅក្នុងផ្ទះជាប់ផ្លូវចូលព្រៃ លោក Chiu Chan Ly អាយុ៥៦ឆ្នាំ បាននិយាយថា៖ លោកនិងក្រុមគ្រួសារមករស់នៅទីនេះជាង ៤០ឆ្នាំមក ហើយស្គាល់គ្រប់ច្រកល្ហកនៅក្នុងព្រៃនេះ៖

“នៅទីនេះមានដើមម៉ៃសាក់ ដើមអង្គាសីលដ៏មានតម្លៃ។ ឆ្នាំមុន ពួកគេមកទីនេះឲ្យប្រាក់ខ្ញុំ ប៉ុន្តែខ្ញុំមិនទទួលយកទេ។ ហើយពួកគេចូលព្រៃ ចង់យកដើមឈើ ប៉ុន្តែខ្ញុំបានទូរស័ព្ទទៅឃុំមកធ្វើការ ហើយពួកគេបានចេញទៅ”។

នៅលើវាលស្រែទឹកទំហំជាង១.៣០០ ម៉ែត្រការ៉េ ដែលកំពុងដាំដំណាំស្រូវថ្មី លោក Chiu Van Chan បានឲ្យដឹងថា៖ ព្រៃស្រោងនៅឆ្ងាយ មានដើមឈើចំណាស់ សត្វនិងបក្សីដ៏មានតម្លៃជាច្រើនប្រភេទ… ប៉ុន្តែគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលទីនោះកាប់ដើមឈើ ប្រមាញ់សត្វនោះទេ ត្រឹមតែបេះផ្សិត ផ្លែឈើ ឬស្លឹកឱសថប៉ុណ្ណោះ។

“ព្រៃការពារស្ថិតនៅជាប់ផ្ទះ។ នៅទីនេះ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យកាប់ឆ្ការព្រៃនោះទេ។ អ្នកណាកាប់ឆ្ការព្រៃ ត្រូវអ្នកភូមិទាំងមូលថ្កោលទោស។ មេភូមិតែងតែប្រាប់យើងថា នេះជាព្រៃការពារ មិនត្រូវកាប់បំផ្លាញទេ”។

ជនជាតិ Dao នៅ Na Hac ជាមួយនឹងទំនៀមទំលាប់ការពារព្រៃឈើ - ảnh 2ជ្រោះ Ca Nhay នៅក្នុងព្រៃស្រោង។ (រូបថត៖ VOV)

ចាប់តាំងពីឆ្នាំ ២០១៥ មក អាស្រ័យដោយមានការវិនិយោគរបស់រដ្ឋ ស្ពានបេតុងជាច្រើនត្រូវបានសាងសង់ឡើង ដែលជួយសម្រួលដល់ការធ្វើដំណើរទៅកាន់ភូមិ Doan Ket។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើចរាចរណ៍ងាយស្រួលបានបណ្ដាលឲ្យការការពារព្រៃឈើស្រោងជួបការលំបាកជាងមុន។ អ្នកភូមិបានឲ្យដឹងថា មានជនចម្លែកចូលភូមិជាច្រើនលើកច្រើនសារ សូកអ្នកភូមិដើម្បីចូលព្រៃ កាប់ឆ្ការព្រៃឈើ ប៉ុន្តែអ្នកភូមិបានបដិសេធយ៉ាងដាច់ខាត។

មិនត្រឹមតែការពារព្រៃឈើប៉ុណ្ណោះទេ គ្រួសារនានាក្នុងភូមិក៏ប្ដេជ្ញាចិត្តការពារធនធានធម្មជាតិពីប្រភពទឹកជ្រោះដែលហូរតាមភូមិ។ កាលពីមុន នៅពេលភូមិមានភ្ញៀវមកលេង ទើបអ្នកភូមិទៅចាប់ត្រីនៅជ្រោះ Ca Nhay ក្នុងព្រៃស្រោង មកធ្វើម្ហូបអញ្ជើញភ្ញៀវ។ ក្រោយមក ដោយសារចំនួនត្រីធម្មជាតិនៅជ្រោះ Ca Nhay មាននិន្នាការថយចុះ ការនេសាទត្រីក៏បញ្ឈប់ដែរ ដើម្បីការពារជីវចម្រុះព្រៃឈើ។ លោក La Van Vi អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ha Lau បានឲ្យដឹងថា៖

“ប្រជាជនជាអ្នកគ្រប់គ្រងព្រៃឈើផង ជាអ្នកទទួលផលពីព្រៃផង។ នេះជាបណ្ដាញព័ត៌មាន ដើម្បីជួយយើងការពារព្រៃឈើ ជាពិសេសនាពេលថ្មីៗនេះ មានការប្ដឹងបរិហារថា ជនចម្លែកខ្លះបានចូលព្រៃដើម្បីកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់”។

លោក Hoang Van Khanh ប្រធានអង្គភាពអនុរក្សព្រៃស្រុក Tien Yen បានបញ្ជាក់ថា៖ ទោះបីជាមានប៉ុស្តិ៍ការពារព្រៃឈើ រួមមានអនុរក្ស នគរបាល និងកម្មាភិបាលឃុំក៏ដោយ ប៉ុន្តែអ្នកភូមិ Na Hac ទើបជា “អ្នកការពារព្រៃឈើ” ពិតប្រាកដ៖

“យើងខ្ញុំមានកម្មាភិបាល និងនិយោជិកចំនួន ១១ នាក់ ប៉ុន្តែត្រូវការពារព្រៃឈើរាប់រយហិកតា ដូច្នេះការចាប់យកព័ត៌មានជួនកាលនៅតែមានកំហិត។ ដោយឡែកនៅ Ha Lau យើងខ្ញុំបានចាត់ចែងកម្មាភិបាលប្រចាំមូលដ្ឋានចំនួន ២នាក់ដើម្បីគ្រប់គ្រង និងការពារសត្វព្រៃ និងព្រៃឈើ។ ដូច្នេះ ការចេញចូលរបស់ មុខសញ្ញាកាប់បំផ្លាញព្រៃឈើនោះ គឺប្រជាជនរកឃើញដំបូងគេ ហើយក៏ជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់យើងខ្ញុំផងដែរ”។

មិនដឹងថាចាប់ពីពេលណានោះទេ ជនរួមជាតិជនជាតិ Dao បានមកតាំងទីលំនៅជាប់ព្រៃឈើ Na Hac ហើយបានស្រុះចិត្តគំនិតគ្នាការពារព្រៃស្ដុក។ ថ្វីត្បិតតែជីវភាពរស់នៅជួបការលំបាកនិងការខ្វះខាតជាច្រើនក៏ដោយ ប៉ុន្តែប្រជាជន Na Hac ពីជំនាន់មួយទៅជំនាន់មួយទៀត មិនធ្លាប់គិតពីការកាប់ឈើក្នុងព្រៃនោះទេ ដូច្នេះហើយ Ha Lau មិនត្រឹមតែល្បីល្បាញដោយសារភាពស្រស់ស្អាតនៃការប្រជុំផ្សារប្រចំាតំបន់ខ្ពង់រាប ភាពសម្បូរបែបនិងវិសេសវិសាលនៃវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏ទាក់ទាញដោយពណ៌បៃតងនៃដើមឈើយក្សដែលមានអាយុរាប់រយឆ្នាំ និងសេចក្ដីស្រឡាញ់ចំពោះព្រៃឈើរបស់អ្នកភូមិ Na Hac ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ