ជនជាតិ Ha Nhi លេងយោលទោងក្នុងបុណ្យតេតរដូវវស្សា
(VOVWORLD) - បុណ្យតេតរដូវវស្សា ( Je Khu Cha) គឺជាពិធីបុណ្យដ៏ធំមួយ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៍របស់ជនជាតិ Ha Nhi នៅស្រុក Muong Te (ខេត្ត Lai Chau)។ ជាទូទៅ បុណ្យតេតនេះ ត្រូវបានអ្នកភូមិរៀបចំឡើងនៅពេលវេលាពាក់កណ្តាលរដូវវស្សា (ប្រហែលពាក់កណ្តាលខែទី ៦ តាមច័ន្ទគតិ) ខណៈពេលដែលអ្នកភូមិបានប្រមូលផលដំណាំរួចជាស្រេច។
អ្នកភូមិកំពុងនាំគ្នាធ្វើទោង (រូបថតៈ VOV) |
យ៉ាងណាមិញ បុណ្យតេតជាថ្ងៃឈប់សម្រាកផងនិងជាពេលវេលាដើម្បីរីករាយជាមួយល្បែងកម្សាន្តផង។ មិនត្រឹមតែប៉ុណ្ណោះ នេះក៏ជាឱកាសសម្រាប់អ្នកភូមិអរព្រះគុណដល់ពពួកទេវតានិងជីដូនជីតា ដែលប្រទានពរឲ្យរដូវអំណោយផល ព្រមទាំងឧទ្ទិសសុំឲ្យដំណាំនឹងការបង្កបង្កើនផលល្អនារដូវខាងមុខ។ ទន្ទឹមនឹងនេះដែរ ល្បែងកម្សាន្តមួយដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យតេតរដូវវស្សានោះគឺជាល្បែងយោលទោងផងដែរ។
ជនជាតិ Ha Nhi តែងតែរៀបចំបុណ្យតេតរដូវវស្សាក្នុងរយៈពេល ៤ ថ្ងៃ។ នៅថ្ងៃដំបូងនៃការថ្វាយបង្គំជីដូនជីតា បន្ទាប់ពីទទួលទានបាយរួច ក្រុមគ្រួសារនឹងព្យួរទោងនៅកណ្តាលផ្ទះ។ ទោងមួយនេះ គឺសម្រាប់តែកូនក្មេងក្នុងផ្ទះលេងប៉ុណ្ណោះ ហើយក្នុងភូមិ គ្រួសារណា ក៏ត្រូវធ្វើទោងមួយដោយខានពុំបានផងដែរ។ ប៉ុន្តែ ឥឡូវនេះ នៅខាងមុខភូមិរបស់ជនជាតិ Ha Nhi នៃភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាម មានទោងធំមួយ ដោយមានកម្ពស់ ៦ ដល់ ៧ម៉ែត្រ ដែលកំពុងបានធ្វើឡើង។ នេះជាទោងមួយសម្រាប់អ្នកភូមិជនជាតិ Ha Nhi លេងកម្សាន្តទាំងអស់គ្នា។
យុវជននិងយុវនារីក្នុងភូមិបានជួបជុំគ្នាដើម្បីជួយធ្វើទោង។ លើសពីនេះទៅទៀត យុវនារីរីករាយច្រៀងដើម្បីលើកទឹកចិត្តលោក Ma Ly Pha ដែលកំពុងចងខ្សែទោង។ ក្នុងអំឡុងពេលដែលមនុស្សម្នាកំពុងធ្វើទោងនោះ ប្រពន្ធរបស់លោក Pha បានទៅកាប់មែកធាងនៃដើមឈើមានបន្លា ហើយដាក់វានៅលើជើងទោង។ តាមទស្សនទានរបស់ជនជាតិ Ha Nhi គឺយកស្លឹកពណ៌បៃតងនៃដើមបន្លានោះដើម្បីបណ្តេញខ្មោចព្រាយបីសាច់ និងការពារមនុស្សគ្រប់គ្នាផងដែរ។ ពន្យល់ពីប្រការនេះ អ្នកស្រី Vu Phuong Thao នៅមជ្ឈមណ្ឌលសិល្បៈខេត្ត Lai Chau បានឲ្យដឹងថា៖ “មែកធាងនៃដើមបន្លានេះ គឺបានប្រើប្រាស់សម្រាប់បណ្តេញខ្មោច បីសាច់របស់ទោងនេះ មុនពេលអ្នកភូមិគេលេងយោលទោង។ តាមទស្សនទានរបស់អ្នកភូមិ នៅតែមានខ្មោចព្រាយបីសាចនៅទីនេះ ហេតុដូច្នេះ អ្នកភូមិនឹងបណ្តេញខ្មោចព្រាយបីសាចទៅឆ្ងាយ អោយអស់ ហើយបួងសួងសុំឲ្យដំណើរការលេងកម្សាន្តបានប្រព្រឹត្តទៅយ៉ាងរលូន ដោយគ្មាននរណាម្នាក់នឹងមានគ្រោះថ្នាក់នោះឡើយ”។
ជនជាតិ Ha Nhi គេមានទស្សនទានថា រុញទោងកាន់តែខ្ពស់នឹងកាន់តែជួបសំណាងល្អ (រូបថតៈ VOV) |
នៅពេលទោងត្រូវបានធ្វើរួចហើយនោះ មេភូមិជាអ្នកអនុវត្តន៍ពិធីបុណ្យសែនទោង។ ពោលគឺ លោក Ma Ly Pha មេភូមិ នឹងអនុវត្តន៍ពិធីសែនទោង តាមរយៈការចងដើមបន្លាលើទោង។ លោក Pha បានប្រើដៃរុញទោងទៅមុខផង នឹងបន់ស្រន់ផង ដល់ពេលដែលបន្លាធ្លាក់ មានន័យថា ខ្មោចបីសាច់ត្រូវបណ្តេញចេញហើយ អ្នកភូមិអាចលេងតាមចិត្តដោយគ្មានព្រួយខ្លាចអ្វីឡើយ។ ចូលរួមលេងយោលទោង អ្នកស្រី Go Nhu នៅឃុំ Ka Lang ស្រុក Muong Te ខេត្ត Lai Chau បានឱ្យដឹងថា នៅពេល យោលលេង ត្រូវមានគ្នាពីរនាក់ ពោលគឺ ម្នាក់អង្គុយហើយម្នាក់ទៀតឈរ។ ជាពិសេស នៅពេលលេង ត្រូវទទួលបានការអបអររបស់អ្នកចូលរួមនិងអ្នកទស្សនាផងដែរ។ អ្នកស្រី Go Nhu បានសំណេះសំណាលថា៖ “អ្នកឈរត្រូវប្រើកម្លាំងច្រើនដើម្បីរុញឡើងអោយខ្ពស់។ ប្រសិនបើគ្មានកម្លាំងគ្រប់គ្រាន់ទេនោះ គឺមិនអាចរុញឡើងខ្ពស់បានទេ។ ជនជាតិ Ha Nhi គេជឿថា ប្រសិនបើយោលទោងកាន់តែខ្ពស់ កាន់តែឆ្ងាយ ខ្លួននឹងជួបតែសំណាងល្អ រួមទាំងក្រុមគ្រួសារទៀតផង”។
នៅពេលដែលអ្នកលេងយោលទោងកំពុងលេងនោះ អ្នកទស្សនានឹងនាំគ្នាស្រែកហ៊រលើកទឹកចិត្តតាមចង្វាក់យោល។ សម្រាប់ជនជាតិ Ha Nhi វិញ លេងយោលទោង មិនត្រឹមតែជាល្បែងធម្មតានោះទេ។ តាមលោក Ma Ly Pha នៅឃុំ Ka Lang ស្រុក Muong Te ខេត្ត Lai Chau ថា ការលេងកម្បាន្តនេះក៏ជាទម្រង់នៃការសូមអភ័យទោសចំពោះពពួកទេវតានិងរុក្ខជាតិផងដែរ។ លោក Pha បានបន្ថែមថា៖ “យោងតាមចាស់ទុំថា តាមរយៈដំណើរការធ្វើពលកម្ម ធ្វើស្រែចំការ តែងតែប្រមាថនិងបំពានដល់ធម្មជាតិ ហេតុដូច្នេះហើយ អ្នកភូមិគេធ្វើទោងដើម្បីសូមពពួកទេវតា មេឃនិងដី អភ័យទោសចំពោះការប្រមាថក្នុងរយៈពេលមួយឆ្នាំនៃការផលិត។ ពោល គឺ មនុស្សត្រូវបានព្យួរតាមរយៈទោង ដើម្បីសុំទេវតាអភ័យទោស។ យ៉ាងណាមិញ ជនជាតិ Ha Nhi គេគោរពធម្មជាតិនិងព្រះណាស់។”
ចំពោះជនជាតិ Ha Nhi មានតែបុណ្យតេតរដូវវស្សាទេទើបអ្នកភូមិធ្វើទោង។ ក្រោយ ៣ ថ្ងៃនៃបុណ្យតេត អ្នកភូមិគេនឹងដកទោងចេញ ហើយមិនចូលរួមក្នុងល្បែងនេះទៀតឡើយ។ រហូតដល់បុណ្យតេតរដូវវស្សាឆ្នាំក្រោយទៀត ទើបអ្នកភូមិធ្វើទោងនិងលេងទោងជាបន្ត៕