ជនជាតិ Mong ខៀវថែរក្សាវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី

(VOVWORLD) - នៅខេត្ត Lao Cai ជនជាតិ Mong មានអំបូរជាច្រើន ក្នុងនោះក្រុម Mong ខៀវមានលក្ខណៈពិសេសជាជាងក្រុមជនជាតិដទៃ។ ជនជាតិ Mong ខៀវនាបច្ចុប្បន្នមានត្រឹមតែជាង ១០០០នាក់ប៉ុណ្ណោះ ភាគច្រើនរស់នៅក្នុងឃុំ Nam Xe ស្រុក Van Ban ខេត្ត Lao Cai។ ថ្វីត្បិតតែមានចំនួនប្រជាជនតិចតួចក៏ដោយ ក៏អត្តសញ្ញាណវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិនេះនៅតែត្រូវ ថែរក្សាបានដដែល ដោយមានលក្ខណៈប្លែកៗ មិនលាយឡំជាមួយជនជាតិដទៃទៀត ឡើយ។

ជនជាតិ Mong ខៀវថែរក្សាវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី - ảnh 1ភូមិជនជាតិ Mong ខៀវ តែមួយគត់នៅ Lao Cai។ (រូបថត៖ VOV)

បើនិយាយពីវប្បធម៌របស់ជនជាតិ Mong ខៀវ ប្រការដំបូងដែលមនុស្សម្នាតែងតែគិតដល់ នោះគឺសំលៀកបំពាក់។ សំលៀកបំពាក់បុរសមានពណ៌ខៀវខ្មៅជាពណ៌ចម្បង។ ដូច្នេះហើយ ទើបគេនិយមហៅពួកគេថាជនជាតិ Mong ខៀវ។ ដោយឡែក សំលៀកបំពាក់ស្ត្រី តែងតែមានពណ៌ចម្រុះ លំនាំសម្បូរបែប និងលេចធ្លោ។ នៅឃុំ Nam Xe ជនជាតិ Mong ខៀវ នៅតែរក្សាបានរបរដាំអំបោះ ត្បាញក្រណាត់ ដែលបង្កើតឡើងសំលៀកបំពាក់ប្រកបដោយអត្តសញ្ញាណរៀងៗខ្លួន។ អ្នកស្រី Vang Thi Mai អ្នកភូមិ Nam Xe បានចែករំលែកថា៖

“ពេលខ្ញុំមានអាយុ ១៧ឆ្នាំ ខ្ញុំចាប់ផ្តើមរៀនត្បាញក្រណាត់ ធ្វើបានប្រហែល ២ ឈុតក្នុងមួយឆ្នាំ បុរស ១ ឈុត និងស្ត្រី ១ ឈុត។ ធ្វើស្រែមួយថ្ងៃពេញ តែពេលយប់ទើបមានពេលទំនេរ។ ជនជាតិ Mong ខៀវ អ្នកណាក៏ត្រូវតែមានសំលៀកបំពាក់សម្រាប់ពាក់ក្នុងថ្ងៃបុណ្យ និងថ្ងៃចូលឆ្នាំថ្មី មិនថាបុរសឬស្ត្រីទេទាំងអស់គ្នាត្រូវស្លៀកសំលៀកបំពាក់របស់ជនជាតិខ្លួន”។

ជនជាតិ Mong ខៀវថែរក្សាវប្បធម៌និងទំនៀមទម្លាប់ប្រពៃណី - ảnh 2អ្នកស្រី Vang Thi Mai បានរៀនត្បាញតាំងពីអាយុ ១៧ឆ្នាំ។ (រូបថត៖ VOV)

មិនត្រឹមតែដេរសំលៀកបំពាក់សម្រាប់សមាជិកគ្រួសារប៉ុណ្ណោះទេ ស្ត្រីចំណាស់នៅភូមិ Tu Thuong (ឃុំ Nam Xe) ក៏មិនភ្លេចបង្រៀនកូនចៅអំពីសិប្បកម្មតម្បាញនោះឡើយ។ អ្នកស្រី Vang Thi Nam នៅឃុំ Nam Xe បានឲ្យដឹងថា៖

“ឆ្លៀតពេលទំនេរពីការងារ ខ្ញុំបានរៀនសិប្បកម្មតម្បាញតាមម្ដាយនិងមីងៗ។ ឥឡូវនេះ ខ្ញុំចេះដេរប៉ាក់ ត្បាញក្រណាត់ ធ្វើជាសម្លៀកបំពាក់របស់ជាតិខ្លួន។ ស្អាតណាស់”។

ក្រៅពីការត្បាញក្រណាត់ ជនជាតិ Mong ខៀវក៏ថែរក្សាលក្ខណៈវប្បធម៌ និងទំនៀមទម្លាប់ពិសេសដោយឡែកជាច្រើនដូចជា ចម្រៀង របាំប្រជាប្រិយ ពិធីបុណ្យទាន និងពិធីការប្រពៃណីនានា។ សម្រាប់ជនជាតិ Mong ខៀវ ពិធីដ៏សំខាន់មួយដែលមិនអាចខ្វះបានគឺ ពិធីសែនដូនតា ដែលប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីខែទី ៧ តាមច័ន្ទគតិ។ ក្នុងឱកាសនេះ នៅតាមភូមិជនជាតិ Mong ខៀវ តែងតែគ្របដណ្ដប់ដោយបរិយាកាសគគ្រឹកគគ្រេងដោយការលេងល្បែងកំសាន្តប្រជាប្រិយដូចជា៖ លេងវូ លេងយោលទោង ដើរច្រត់ជើងទោម ជាដើម។ 

ក្រៅពីនោះ ឧបករណ៍ភ្លេងជនជាតិ Mong ខៀវក៏មានលក្ខណៈខុសប្លែកដែរ ជាពិសេសគឺខ្លុយ។ ជនជាតិ Mong ខៀវនៅឃុំ Nam Xe មានឧបករណ៍ភ្លេងប្រពៃណីពិសេសមួយ នោះគឺជាខ្លុយដែលប្រើក្នុងពិធីមង្គលការ។ បើហៅតាមភាសាជនជាតិ Mong ខៀវ ខ្លុយហៅថា No Ta Mơ។ No Ta Mơ គឺជាឧបករណ៍ភ្លេងប្រពៃណីរបស់បុរសដែលមេអណ្ដើកតែងតែប្រើប្រាស់ក្នុងពិធីភ្ជាប់ពាក្យនិងពិធីរៀបអាពាហ៍ពិពាហ៍។ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារអភិរក្ស បណ្ដាសិប្បករវប្បធម៌ សិល្បៈ និងសិប្បកម្មប្រពៃណីនៅក្នុងសហគមន៍ជនជាតិ Mong ខៀវ ក៏ត្រូវបានជ្រើសរើសដើម្បីបង្កើតជាក្លឹបនានា ហើយប្រជុំជីវភាពជាប្រចាំ ដើម្បីផ្សព្វផ្សាយនិងរីកសាយភាយតម្លៃនៅក្នុងសហគមន៍។ លោក Duong Tuan Nghia នាយករងមន្ទីរវប្បធម៌និងកីឡាខេត្ត Lao Cai បានឲ្យដឹងថា៖

“យើងខ្ញុំបានរៀបចំការពិនិត្យនិងអង្កេតជាច្រើនសម្រាប់បេតិកភណ្ឌវប្បធម៌ទាំងស្រុងរបស់ជនជាតិ Mong ខៀវនៅស្រុក Van Ban។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ជួយឧបត្ថម្ភគាំទ្រជនរួមជាតិ Mong ខៀវ ក្នុងការស្តារពិធីបុណ្យទានប្រពៃណីឡើងវិញផងដែរ”។

យុវជន Mong ខៀវ ជំនាន់ក្រោយៗ នៅឃុំ Nam Xe បន្តមរតកពីជំនាន់មុនៗ ដើម្បីថែរក្សាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្លួន។ ពីនោះ អាចអភិរក្សវប្បធម៌ជនជាតិផង ព្រមទាំងបើកទិសដៅថ្មីក្នុងការអភិវឌ្ឍទេសចរណ៍បទពិសោធន៍ រួមចំណែកកសាងភូមិឃុំឲ្យកាន់តែសម្បូរធូធារនិងសុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ