ត្រែ Pí Lè - ឧបករណ៍តន្ត្រីប្រពៃណីរបស់ជនជាតិ Giay
(VOVWORLD) - ជនជាតិ Giay នៅស្រុក Bat Xat ខេត្ត Lao Cai ជាជនជាតិដែលមានអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប ក្នុងនោះឧបករណ៍តន្រ្តីបុរាណដែលលេចធ្លោជាងគេគឺត្រែផ្លុំ Pí Lè។ ដូច្នេះហើយ ត្រែផ្លុំ Pí Lè ត្រូវបានអ្នកភូមិមរតកបន្សល់ទុកតាំងពីមនុស្សជំនាន់មុន ទៅមនុស្សជំនាន់ក្រោយ។ តាមនោះ សំឡេងត្រែ Pí Lè ត្រូវបានអភិរក្សអស់រយៈពេលជាច្រើនជំនាន់មកហើយ រួមចំណែកដល់ការលើកកម្ពស់ជីវភាពខាងវប្បធម៌និងស្មារតីរបស់អ្នកភូមិទាំងអស់គ្នា។
អ្នកដែលចង់រៀនផ្លុំត្រែ Pí Lè គឺក្រោយពីថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំថ្មី នឹងមកដល់ផ្ទះរបស់ជាងផ្លុំត្រែ ហើយសុំគាត់បង្រៀនអោយ។ |
ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅនូវពិធីបុណ្យទានធំៗ របស់ជនជាតិ Giay នៅឃុំ Ban Qua ស្រុក Bat Xat ខេត្ត Lao Cai គឺមិនអាចខ្វះសំឡេងរបស់ត្រែ Pí Lè នោះឡើយ។ នៅទីនេះ ជនជាតិ Giay គេជឿថា ចង្វាក់ភ្លេងចេញពីត្រែ គឺជាមធ្យោបាយនៃការប្រាស្រ័យទាក់ទងជាមួយពិភពខាងវិញ្ញាណឬអារម្មណ៍នៃដួងចិត្តចំពោះ មេឃដី ចំពោះព្រៃភ្នំ ក៏ដូចជា ជាវាចារបស់កូនៗជូនដល់ឪពុកម្តាយ និងជាពាក្យសាសងរបស់បុរសនិងនារីផងដែរ។
លោក Hoang A Hu មកពីភូមិ Ban Vien បានអោយដឹងថា៖ ជាធម្មតា ភូមិជនជាតិ Giay នីមួយៗ នឹងមានក្រុមផ្លុំត្រែមួយ ដើម្បីបម្រើដល់សកម្មភាពវប្បធម៌និងស្មារតីជូនប្រជាជន។ ក្រុមនេះនឹងមានមនុស្ស ៤ នាក់ ទទួលបន្ទុកឧបករណ៍ភ្លេងផ្សេងៗគ្នា។ មិនមែនថា អ្នកណាក៏អាចចូលរួមក្នុងក្រុមផ្លុំត្រែនេះបានឡើយ ពោលគឺ ចូលរួមក្នុងក្រុមនេះ ត្រូវឆ្លងកាត់ការជ្រើសរើសយ៉ាងតឹងរឹង និងត្រូវតែជាអ្នកមានសុខភាពល្អ ហើយទទួលបានការស្រឡាញ់រាប់អានពីសំណាក់ប្រជាជនក្នុងភូមិ ជាពិសេស ត្រូវមានចំណង់ចំណូលចិត្តជាមួយនឹងត្រែ Pí Lè ទើបបាន។
ត្រែ Pí Lè គឺជាឧបករណ៍ភ្លេង សម្រាប់ផ្លុំ ហើយបានចែកជា ៣ ផ្នែក គឺក្បាលផ្លុំ ដង និងបំពង់បំពោងសម្លេង។ ក្បាលផ្លុំគឺជាបំពង់ស្ពាន់តូចមួយរុំដោយឈើស្រល់និងដងត្រែ។ អ្នកលេងត្រែ ដោយផ្លុំខ្យល់តាមច្រមុះ រុញខ្យល់ចូលមាត់ តាមក្បាលផ្លុំដែលប៉ះដល់រន្ធតូចៗ លើដងខ្លួនរបស់ត្រែ។ នៅពេលសម្តែង ក្នុងពិធីផ្សេងគ្នា អ្នកលេងត្រែនឹងអនុវត្តន៍បច្ចេកទេសញ័រតិចៗ រួមផ្សំនឹងម្រាមដៃចុចលើដងខ្លួននៃត្រែដើម្បីបង្កើតបានជាសំឡេងសមរម្យ។ ត្រែមើលទៅសាមញ្ញ ប៉ុន្តែជាឧបករណ៍ពិបាកក្នុងការទាក់ទាញអារម្មណ៍របស់អ្នកទស្សនា ហេតុដូច្នេះ ទាមទារអោយអ្នកលេងត្រូវជក់ចិត្តផង និងចេះអត់ធ្មត់ផង។ លោក A Hu បានអោយដឹងថែមទៀតថា៖ “ខ្ញុំជាជនជាតិ Giay ហេតុដូច្នេះ ខ្ញុំពិតជាចូលចិត្តរៀនផ្លុំត្រែនិងចង់ចេះប្រើឧបករណ៍ត្រែប្រពៃណីនេះ។ យ៉ាងណាមិញ រៀនលេងត្រែគឺដើម្បីរក្សាអត្តសញ្ញាណវប្បធម៌របស់ប្រជាជនជន ជាតិ Giay យើងដែរ”។
ត្រែអាចផ្លុំចេញចង្វាក់ផ្សេងៗគ្នា។ ចង្វាក់នីមួយៗ បានបង្ហាញពីអារម្មណ៍ អត្ថន័យខុសៗគ្នា ដូចជានៅក្នុងពិធីមង្គលការ បទភ្លេងមានភាពរីករាយនិងអ៊ូអរ; ចំណែកឯបុណ្យសពវិញ គឺទុក្ខសោក ឬតន្ត្រីនៅក្នុងពិធីបុណ្យគឺមានភាពរស់រវើកនិងរីករាយជាដើម។ អ្វីៗ ដែលពិសេសគឺមិនថាពេលណាក៏អាចយកត្រែទៅលេងបាននោះទេ គឺត្រូវចំឱកាស ចំថ្ងៃត្រឹមត្រូវ ធ្វើអោយឧបករណ៍ភ្លេងនេះកាន់តែមានតម្លៃជ្រាលជ្រៅ។ អ្នកដែលចង់រៀនផ្លុំត្រែ Pí Lè គឺក្រោយពីថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំថ្មី នឹងមកដល់ផ្ទះរបស់ជាងផ្លុំត្រែ ហើយសុំគាត់បង្រៀនអោយ។
ភូមិនីមួយៗ នឹងមានក្រុមផ្លុំត្រែ Pí Lè មួយ |
លោក Nguyen Van Tam អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Ban Qua បានអោយដឹងថា៖ សម្រាប់ជនជាតិ Giay និយាយរួមនិងប្រជាជន Giay នៅឃុំ Ban Qua និយាយដោយឡែក គឺមានឃ្លាំងវប្បធម៌ប្រជាប្រិយដ៏សម្បូរបែប ក្នុងនោះមានទាំងចង្វាក់របស់ត្រែ Pí Lè ទៀតផង។ ឃ្លាំងវប្បធម៌នេះ មានទីតាំងសំខាន់ក្នុងជីវភាពខាងវិញ្ញាណរបស់អ្នកភូមិ។ នោះគឺជាលក្ខណៈវប្បធម៌ខាងព្រលឹងវិញ្ញាណដ៏យូរអង្វែងដែលបានជីដូនជីតាមរតកជូនកូនចៅផងដែរ។ លោក Nguyen Van Tam បានសំណេះសំណាលថា៖ “ឃុំ Ban Qua ក៏បានលើកទឹកចិត្តដល់ក្រុមផ្លុំត្រែ Pi Lè អោយបង្រៀនកូនចៅ អោយចេះលេងត្រែ Pí Lè។ ប្រការនេះគឺដើម្បីថែរក្សានិងពង្រីកក្រុមផ្លុំត្រែ Pí Lè កាន់តែធំធាត់ជាងទៀត”។
សព្វថ្ងៃនេះ ថ្វីត្បិតតែជីវភាពមានការផ្លាស់ប្តូរច្រើន និងមានឧបករណ៍ភ្លេងទំនើប ៗជាច្រើនក៏ដោយ ប៉ុន្តែឆ្លងកាត់ជាច្រើនជំនាន់មកហើយ ជនជាតិ Giay នៅស្រុកBat Xat ខេត្ត Lao Cai តែងតែចាត់ទុកត្រែ Pí Lè ជាឧបករណ៍ភ្លេងប្រពៃណីដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅឡើយ។ ហេតុដូច្នេះ អ្នកភូមិក៏បានលើកទឹកចិត្តគ្នា ត្រូវមានមនសិការក្នុងការថែរក្សាមរតកពីជំនាន់មួយទៅជំនាន់មួយផងដែរ៕