ថែរក្សាចង្វាក់ Then របស់ជនជាតិ Tay Nung Thai

(VOVWORLD) - ការច្រៀង Then - វប្បធម៌ពិសេសរបស់ជនជាតិ Tay Nung Thai ត្រូវបាន អង្គការយូណេស្កូចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ហើយបើតាមប្រជាជននៅតំបន់ភ្នំភាគខាងជើងវៀតណាម បទចម្រៀង Then បុរាណអមដោយស្នូរសម្លេងចាប៉ី Tinh ដ៏ពិរោះៗ តែងតែមានភាពទាក់ទាញ ពិសេស។ ដូច្នេះ ការអភិរក្សនិងបង្ហាត់បង្រៀនបទចម្រៀង Then ជានិច្ចកាលជាក្តីកង្វល់របស់សិប្បករច្រៀង Then ម្នាក់ៗ។

ថែរក្សាចង្វាក់ Then របស់ជនជាតិ Tay Nung Thai - ảnh 1សិប្បករប្រជាជន Ha Thuan បង្រៀនការច្រៀង Then សម្រាប់កុមារ។ (រូបថត៖ laodong.vn)

សិប្បករប្រជាជន Ha Thuan នៅឃុំ Tan An ស្រុក Chiem Hoa ជាមនុស្សម្នាក់ដែលបានលះបង់អស់មួយជីវិតដើម្បីច្រៀងនិងបង្រៀនបទចម្រៀង Then របស់ជនជាតិ Tay នៅខេត្ត Tuyen Quang។ ថ្វីត្បិតតែ មានអាយុជាង ៨០ ឆ្នាំហើយក៏ដោយ ប៉ុន្តែលោកនៅតែចងចាំយ៉ាងល្អិតល្អន់នៅក្នុងរឿងរ៉ាវស្ដីអំពីសិល្បៈ Then បុរាណរបស់ជនជាតិ Tay នៅស្រុកកំណើត។ អស់មួយជីវិតរបស់លោក សិប្បករ Ha Thuan បានចំណាយពេលភាគច្រើនសម្រាប់ប្រមូល និងបង្ហាត់បង្រៀន បទចម្រៀង Then បុរាណ ហើយយុវជនគឺជាជំនាន់ដែលត្រូវបានលោកផ្ដល់អាទិភាពនិងការរំពឹងទុកជាច្រើន ដើម្បីថែរក្សា និងអភិវឌ្ឍន៍ចង្វាក់ Then បុរាណ។ សិប្បករ Ha Thuan ចែករំលែកថា៖

“មុននេះ មានពេលខ្លះដែលគេនិយាយថា ការច្រៀង Then ជាអបិយជំនឿ ប៉ុន្តែឥឡូវនេះ អង្គការយូណេស្កូបានទទួលស្គាល់ហើយ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដូច្នេះខ្ញុំខិតខំធ្វើយ៉ាងណាដើម្បីរក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិខ្លួន ហើយបើកថ្នាក់បង្រៀនជូនយុវជនជំនាន់ក្រោយ ដើម្បីឲ្យគេបានស្គាល់និងថែរក្សា”។

ចាប៉ី Tinh គឺជាឧបករណ៍ភ្លេងស្នូលដែលត្រូវបានប្រើប្រាស់ក្នុងការច្រៀង Then។ ស្នូរសម្លេងចាប៉ី Tinh និងបទចម្រៀង Then បានទាក់ទាញប្អូន Nguyen Ngoc Anh និងមិត្តភក្តិមកស្ដាប់ប្រកបដោយចំណង់ចំណូលចិត្ត ហើយប្ដេជ្ញាចិត្តរៀនសូត្រ៖

“នៅពេលលោកតាលេងចាប៉ីនិងច្រៀង ខ្ញុំចូលចិត្តខ្លាំងណាស់ ខ្ញុំរៀនច្រៀង Then និងចាប៉ី Tinh បានយូរមកហើយ។ ឥឡូវនេះខ្ញុំចេះច្រៀងនិងលេងចាប៉ីយ៉ាងស្ទាត់ជំនាញហើយ។ ខ្ញុំពិតជាចូលចិត្តរៀនច្រៀង Then ណាស់”។

“ខ្ញុំរៀនតាមមិត្ត Ngoc Anh ហើយចូលថ្នាក់រៀនរបស់លោកតា Ha Thuan។ ខ្ញុំចូលចិត្តវប្បធម៌របស់ជនជាតិខ្លួនណាស់ ដូច្នេះខ្ញុំនឹងខិតខំព្យាយាមរៀនសូត្រ”។

“ខ្ញុំចេះច្រៀងចម្រៀង Then និងលេងចាប៉ី Tinh បានយូរមកហើយ។ ខ្ញុំបានរៀនពីមិត្ត Ngoc Anh ហើយខ្ញុំទៅថ្នាក់រៀនរបស់លោកតា Ha Thuan ដើម្បីរៀនបន្ថែមទៀត។ ខ្ញុំជាជនជាតិ Tay ដូច្នេះខ្ញុំចង់រៀនបទចម្រៀជាច្រើនបន្ថែមទៀតពីលោកតា”។

សិប្បករ Ha Ngoc Cao មកពីស្រុក Chiem Hoa ខេត្ត Tuyen Quang បានឲ្យដឹងថា៖ បទចម្រៀង Then បង្កប់លក្ខណៈមនុស្សសាស្ត្រខ្ពស់ណាស់ ដោយឆ្លុះបញ្ចាំងពីសមត្ថភាពច្នៃប្រឌិតដ៏អស្ចារ្យអំពីជីវភាពខាងវប្បធម៌ស្មារតី របស់ជីដូនជីតាតាំងពីបុរាណកាល ហើយបង្ហាញពីសេចក្តីស្រឡាញ់រវាងមនុស្សជាមួយមនុស្ស មនុស្សជាមួយធម្មជាតិ ក៏ដូចជាសេចក្ដីស្នេហាចំពោះស្រុកកំណើតនិងមាតុភូមិ ជាដើម។ អាស្រ័យហេតុនេះ ការបង្ហាត់បង្រៀន Then ក៏ជាការអប់រំកូនចៅអំពីប្រភពដើមផងដែរ៖

“ចម្រៀង Then បុរាណមានអត្ថន័យអប់រំមនុស្សឲ្យប្រកបរបររកស៊ី មានកត្តាញូធម៌ សីលធម៌ចំពោះឪពុកម្តាយ ដូនតា អប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ ជៀសវាងអំពើខុសឆ្គង របៀបរស់នៅយ៉ាងដូចម្ដ៉េចដើម្បីឲ្យបានល្អទាំងខាងផ្លូវលោកផ្លូវធម៌។ យើងខ្ញុំក៏បានបើកថ្នាក់បង្រៀនសម្រាប់ទាំងកុមារអាយុពី ៨ ឆ្នាំ ដល់មនុស្សពេញវ័យអាយុ ៦០ ឆ្នាំចូលរៀនថ្នាក់តែមួយ។ យើងខ្ញុំក៏សង្ឃឹមថា ថ្នាក់ដឹកនាំនឹងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីនាពេលអនាគតអាចពង្រីកថ្នាក់បង្រៀនច្រើនថែមទៀត”។

ថែរក្សាចង្វាក់ Then របស់ជនជាតិ Tay Nung Thai - ảnh 2សិប្បករ Chu Van Thach។ (រូបថត៖ baodantoc.vn)

ដើម្បីផ្សព្វផ្សាយចង្វាក់ Then របស់ជនជាតិខ្លួន បណ្ដាសិប្បករច្រៀង Then មិនត្រឹមតែបង្រៀនដោយផ្ទាល់ដល់ជំនាន់វ័យក្មេង និងអ្នកដែលស្រឡាញ់ Then ប៉ុណ្ណោះទេ ប៉ុន្តែគេថែមទាំងរៀបចំថ្នាក់បង្រៀនតាមអនឡាញសម្រាប់មនុស្សនៅឆ្ងាយ ដោយនាំបទចម្រៀង Then ឡើងបណ្តាញសង្គម Youtube Facebook ទៀតផង។ លើសពីនេះទៅទៀត សិប្បករជាច្រើនក៏បានផ្សព្វផ្សាយចង្វាក់ Then ទៅកាន់ប្រទេសជាច្រើនលើពិភពលោក។ សិប្បករ Chu Van Thach នៅស្រុក Chiem Hoa ខេត្ត Tuyen Quang និងសិប្បករ Nguyen Xuan Huu នៅខេត្ត Ha Giang បានឲ្យដឹងថា៖

“មកទល់នឹងពេលនេះ ខ្ញុំបានបង្រៀនថ្នាក់ Then ជាច្រើនហើយ ទាំងការបង្រៀនផ្ទាល់មុខ និងការបង្រៀនតាមអនឡាញ ក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ។ ក្នុងចំណោមសិស្សដែលខ្ញុំបង្រៀន មានសិស្សខ្លះដែលកំពុងទៅបង្រៀនអ្នកដទៃហើយ”។

“បច្ចុប្បន្ននេះ ខ្ញុំនៅតែកំពុងបង្រៀនតាមអនឡាញសម្រាប់មិត្តនៅឆ្ងាយ ជាពិសេសមានមិត្តខ្លះនៅ Sai Gon។ ក្នុងរយៈពេលដែលខ្ញុំបង្រៀន ហើយបង្ហោះមេរៀនលើ youtube ខ្ញុំបានជួបជនបរទេស ជាសិស្សនៅរដ្ឋ California សហរដ្ឋអាមេរិក ដែលចូលចិត្តរៀនច្រៀង Then ចាប៉ី Tinh ហើយខ្ញុំក៏បង្រៀនមិត្តមួយចំនួននៅអាល្លឺម៉ង់ផងដែរ។ តាមនោះ ខ្ញុំយល់ឃើញថា ការច្រៀង Then របស់ជនជាតិខ្លួន ពិតជាអស្ចារ្យណាស់ ព្រោះថាដើម្បីរីកសាយភាយទៅកាន់បរទេសគឺពិបាកណាស់ ប៉ុន្តែខ្ញុំអាចធ្វើបាន ហើយខ្ញុំមានមោទនភាពខ្លាំងណាស់”។

នៅខេត្តក្រុងភាគខាងជើងជាច្រើន ការអភិរក្សសិល្បៈច្រៀង Then ក្នុងសហគមន៍ត្រូវបានគេយកចិត្តទុកដាក់អនុវត្តន៍ ជាមួយនឹងការបើកថ្នាក់បង្រៀន និងការលើកទឹកចិត្តបង្កើតក្លឹបច្រៀង Then។ Then ទទួលបានការពេញនិយមរបស់យុវជនតាមរយៈសកម្មភាពជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ