ថែរក្សារបរគូរដោយក្រមួនឃ្មុំលើក្រណាត់របស់ជនជាតិ Mong នៅខេត្ត Lai Chau

(VOVWORLD) - ជនរួមជាតិជាជនជាតិ Mong នៅខេត្ត Lai Chau មានរបរសិប្បកម្មប្រពៃណីជាច្រើន ហើយរបរនីមួយៗគឺពោរពេញទៅដោយសម្រស់វប្បធម៍ប្រចាំតំបន់ ដែលបង្កប់នូវរឿងនិទានអំពីទស្សនៈវិស័យពិភពលោក និងមនុស្សលោករបស់ប្រជាជន។ នេះក៏ជាមូលហេតុដែលរបរសិប្បកម្មប្រពៃណី គូរលំនាំដោយក្រមួនឃ្មុំលើក្រណាត់ បាននិងកំពុងត្រូវបានប្រជាជនថែរក្សានិងមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។

ថែរក្សារបរគូរដោយក្រមួនឃ្មុំលើក្រណាត់របស់ជនជាតិ Mong នៅខេត្ត Lai Chau - ảnh 1ការគូរលំនាំដោយក្រមួនឃ្មុំលើក្រណាត់ទាមទារឲ្យបាតដៃដ៏ប៉ិនប្រសប់របស់ស្ត្រីជនជាតិ Mong។ (រូបថត៖ VOV)

ដើម្បីសម្រេចបានសម្លៀកបំពាក់មួយឈុតពីក្រណាត់លីនិន (Linen) ស្ត្រីជនជាតិ Mong ត្រូវតែឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញជាច្រើន ដែលត្រូវការភាពប៉ិនប្រសប់ ភាពអត់ធ្មត់ និងពេលវេលា។ ក្នុងនោះ ការគូរដោយក្រមួនឃ្មុំ គឺជាដំណាក់កាលដ៏សំខាន់បំផុត ដែលសម្រេចលើទាំងសោភ័ណភាពនិងតម្លៃ

វត្ថុនៃសម្លៀកបំពាក់នោះ។ ក្រមួនឃ្មុំត្រូវបានគេយកចេញទៅស្លឲ្យរលាយ ផ្ទៃក្រណាត់ត្រូវបានពន្លាឲ្យបានស្មើ ហើយប្រជាជនប្រើប្រាស់ប៊ិចឫស្សីដែលធ្វើដោយខ្លួនឯងដើម្បីគូរ។ ជាពិសេស ពេលគូរលំនាំ ស្ត្រីត្រូវអង្គុយនៅក្បែរចង្ក្រាន ជ្រលក់ប៊ិចចូលក្នុងចានក្រមួនឃ្មុំក្តៅដាក់លើរដើកធ្យូង។ ការងារនេះទាមទារឲ្យមានភាពល្អិតល្អន់ ពេលវេលា និងភាពច្នៃប្រឌិត ដូច្នេះហើយដើម្បីសម្រេចក្រណាត់មួយផ្ទាំងធ្វើជាសំពត់ ស្ត្រីត្រូវចំណាយពេលមួយសប្តាហ៍ មួយខែរហូតដល់ពីរបីខែ។ បន្ទាប់ពីគូរលំនាំរួចរាល់ ក្រណាត់ត្រូវបានយកទៅស្ងោរ ជ្រលក់ពណ៌ ហើយហាលក្រោមពន្លឺថ្ងៃទើបអាចប្រើបាន។ ទោះបីជាចំណាយពេលវែង និងកម្លាំងជាច្រើនយ៉ាងនេះក្ដី ប៉ុន្តែស្ត្រីជនជាតិ Mong ម្នាក់ៗ នៅ Pha Mu នៅតែថែរក្សារបរគូរដោយក្រមួនឃ្មុំនៅលើក្រណាត់។ អ្នកស្រី Hang Thi Giang នៅភូមិ Pa Khoang ឃុំ Pha Mu ស្រុក Than Uyen បានចែករំលែកថា៖ លំនាំស្អាតឬអាក្រក់អាស្រ័យលើភាពប៉ិនប្រសប់របស់អ្នកគូរ។

“តាំងពីកើតមក ខ្ញុំបានឃើញលោកយាយ និងម្តាយគូរដោយក្រមួនឃ្មុំលើក្រណាត់ហើយ។ ពេលធំដឹងក្ដី ខ្ញុំត្រូវបានលោកយាយ ម្ដាយនិងបងស្រីបង្រៀន ហើយរៀនសូត្រពីបងប្អូនញាតិមិត្តក្នុងភូមិទៀតផង។ ពេលចេះធ្វើហើយ ខ្ញុំតែងតែធ្វើដើម្បីថែរក្សាអត្តសញ្ញាណរបស់ជនជាតិខ្ញុំ។ ខ្ញុំនឹងបង្រៀនជូនកូនចៅខ្ញុំឲ្យចេះគូរដោយក្រមួនឃ្មុំលើក្រណាត់ ដើម្បីឲ្យពួកគេបន្តរក្សាអត្តសញ្ញាណនេះ”។

ថែរក្សារបរគូរដោយក្រមួនឃ្មុំលើក្រណាត់របស់ជនជាតិ Mong នៅខេត្ត Lai Chau - ảnh 2មុខរបរគូរលំនាំដោយក្រមួនឃ្មុំលើក្រណាត់ត្រូវបានស្ត្រីជនជាតិ Mong នៅ Lai Chau បន្តមរតកពីជំនាន់មួយទៅជំនាន់មួយទៀត។ (រូបថត៖ VOV)

ដើម្បីអភិរក្សរបេរប្រពៃណីដ៏វិសេសវិសាលនេះ សម្ព័ន្ធយុវជនឃុំ Pha Mu បានឃោសនា ចលនាសំណាក់យុវជនក្នុងឃុំ ឲ្យអភិរក្ស ថែរក្សា និងពង្រីកតម្លៃប្រពៃណីរបស់ជនជាតិខ្លួន។ លោក Giang A Tua នៅភូមិ Huoi Bac ឃុំ Pha Mu ស្រុក Than Uyen បាននិយាយថា៖

“មុខរបរគូរលំនាំដោយក្រមួនឃ្មុំជារបរសិប្បកម្មប្រពៃណីដែលបង្កប់នូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈដ៏វិសេសវិសាល។ យុវវ័យយើង នឹងប្តេជ្ញាថែរក្សានិងពង្រីកទេពកោសល្យ ភាពប្រណិតនិងភាពប៉ិនប្រសប់របស់ស្ត្រីជនជាតិ Mong។ ជាពិសេស ជួយស្ត្រីជំនាន់វ័យក្មេងឲ្យបន្តមរតកនិងយល់ពីវប្បធម៌ជនជាតិ Mong”។

ទន្ទឹមនឹងនោះ អាជ្ញាធរឃុំបានចលនាគ្រួសារជនជាតិ Mong ឲ្យបង្រៀនរបរជូនយុវជនជំនាន់ក្រោយ ព្រមទាំងលើកទឹកចិត្តបណ្ដាគ្រួសារឲ្យផ្សាភ្ជាប់ការថែរក្សារបរជាមួយនឹងការតុបតែងផ្ទះសម្បែង កសាងវប្បធម៌សហគមន៍ ទាក់ទាញភ្ញៀវទេសចរមកទស្សនា និងទទួលយកបទពិសោធន៍។ លោក Hoang Phi Hung ប្រធានគណៈកម្មាធិការប្រជាជនឃុំ Pha Mu ស្រុក Than Uyen បានឲ្យដឹងថា៖

“បច្ចុប្បន្ននេះ នៅឃុំ Pha Mu មានស្ត្រីប្រមាណ ៥០ នាក់ អាយុពី ១៥ ទៅ ៤៥ឆ្នាំ ដែលកំពុងថែរក្សា អភិរក្ស និងផ្សព្វផ្សាយសិល្បៈគូរលំនាំដោយក្រមួនឃ្មុំលើក្រណាត់។ របរនេះនាបច្ចុប្បន្ន កំពុងត្រូវបានបង្រៀនតាមមាត់ ដែលស្ត្រីចំណាស់បង្រៀនដោយផ្ទាល់។ ដើម្បីអភិរក្សនិងពង្រីកភាពស្រស់ស្អាតប្រពៃណីនេះ ជារៀងរាល់ឆ្នាំឃុំតែងរៀបចំការប្រកួតបង្ហាញសម្លៀកបំពាក់ជនជាតិ ការប្រកួតត្បាញ និងការប្រកួតគូរដោយក្រមួនឃ្មុំ។ ដូច្នេះហើយ មុខរបរប្រជាប្រិយប្រកបដោយលក្ខណៈសិល្បៈខ្ពស់នេះនៅតែត្រូវបានអភិរក្ស និងផ្សព្វផ្សាយ”។

របរគូរដោយក្រមួនឃ្មុំលើក្រណាត់នៅតែកំពុងត្រូវបានស្ត្រីជនជាតិ Mong ថែរក្សានិងបង្រៀនជូនជំនាន់ក្រោយៗ។ សព្វថ្ងៃនេះ ផ្ទាំងក្រណាត់ដោយមានលំនាំក្រមួនឃ្មុំ មិនត្រឹមតែជាអំណោយសម្រាប់ក្រុមគ្រួសារ និងញាតិមិត្តប៉ុណ្ណោះទេ ថែមទាំងជាមួយនឹងតម្លៃសោភ័ណភាព និងលក្ខណៈវប្បធម៌របស់ជនជាតិ Mong ភ្ញៀវទេសចទាំងជាតិ និងអន្តរជាតិបានមករកទិញផលិតផលនេះ។ នេះក៏ជាឱកាសសម្រាប់ប្រជាជនដើម្បីអភិវឌ្ឍន៍មុខរបរគូរដោយក្រមួនឃ្មុំលើក្រណាត់ ហើយអភិវឌ្ឍន៍សេដ្ឋកិច្ចដោយរបរសិប្បកម្មប្រពៃណីផ្ទាល់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ