ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅខ្ពង់រាប Mu Cang Chai ខេត្ត Yen Bai

(VOVWORLD) - ស្រុក Mu Cang Chai ខេត្ត Yen Bai មានចំនួនប្រជាជន ៩៥% ជាជនជាតិ Mong។ វប្បធម៌របស់ជនជាតិ Mong មានលក្ខណៈពិសេសជាច្រើន ហើយត្រូវបានថែរក្សានិងពង្រីកពីជំនាន់មួយទៅជំនាន់មួយទៀត។ ប្រការនេះមិនត្រឹមតែធ្វើឲ្យជីវភាពខាងស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែបប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការកសាងស្រុកកំណើតទៀតផង។

ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅខ្ពង់រាប Mu Cang Chai ខេត្ត Yen Bai - ảnh 1ក្លឹបគែន Mong នៅឃុំ Lao Chai ទាក់ទាញយុវជនជាច្រើនចូលរួម។ (រូបថត៖ VOV)

គែន Mong គឺជាឧបករណ៍ភ្លេងប្រពៃណីមួយ ដែលត្រូវបានប្រជាជននៅ Mu Cang Chai ថែរក្សាពីជំនាន់មួយទៅជំនាន់មួយ។ នៅតាមភូមិឃុំនានា យុវជនជាច្រើនបានបង្កើតក្លឹប គែន Mong។ ក្លឹប គែន Mong នៅឃុំ Lao Chai មានសមាជិកចំនួន១២នាក់មកពីភូមិនានាក្នុងឃុំ ហើយកំពុងទាក់ទាញយុវជនដទៃទៀតចូលរួមបន្ថែមទៀត។ នៅទីនេះ យុវជនបានផ្លាស់ប្តូរអំពីចំណេះដឹង ក៏ដូចជាហាត់ផ្លុំគែន រាំគែន។ ក្លឹបក៏តែងតែអញ្ជើញមនុស្សចាស់ជរា មកជួយបង្រៀនពីការផ្លុំគែនប្រពៃណីផងដែរ។ លោក Lo A Thong នៅភូមិ Xeo Di Ho A ឃុំ Lao Chai ស្រុក Mu Cang Chai បានឲ្យដឹងថា៖

“ខ្ញុំឃើញថា យុវជនជាច្រើនមិនរៀនផ្លុំគែនទេ ដូច្នេះខ្ញុំបានបង្កើតក្លឹបមួយដើម្បីជួបប្រាស្រ័យ រៀន និងថែរក្សារបាំគែន។ ប្រសិនបើខ្ញុំមិនបង្កើតក្លឹបដើម្បីថែរក្សាវាទេ វានឹងរលាយបាត់ទៅ។ យើងខ្ញុំសង្ឃឹមថាក្លឹបនេះនឹងរក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិ”។

ដើម្បីអភិរក្សវប្បធម៌របស់បណ្ដាជនជាតិនៅមូលដ្ឋាននោះ ស្រុក Mu Cang Chai បានកសាងគំរូ “ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ” នៅតាមសាលារៀន។ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ជនជាតិភាគតិច ឃុំ Mo De សាលាបានបើកថ្នាក់បង្រៀនសិស្សពីរបៀបផ្លុំគែន រាំគែន ផ្លុំខ្លុយ និងត្បាញចរបាប់ តាមកម្មវិធីអប់រំមូលដ្ឋាន។ បុរស Giang A Sua សិស្សថ្នាក់ទី ៩A១ បានឲ្យដឹងថា៖

“ចូលរួមសកម្មភាពក្រៅកម្មវិធីសិក្សាដើម្បីស្វែងយល់អំពីលក្ខណៈវប្បធម៌របស់ជនជាតិ ខ្ញុំគិតថានេះជាសកម្មភាពដ៏មានប្រយោជន៍ដើម្បីជួយខ្ញុំយល់ដឹងអំពីលក្ខណៈវប្បធម៌កាន់តែច្រើន។ អាស្រ័យហេតុនេះ រួមចំណែកអភិរក្ស និងពង្រីកតម្លៃវប្បធម៌របស់ជនជាតិខ្លួននាពេលអនាគត”។

ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅខ្ពង់រាប Mu Cang Chai ខេត្ត Yen Bai - ảnh 2លក្ខណៈវប្បធម៌ដ៏វិសេសវិសាលជាច្រើនត្រូវបានបង្រៀនដល់សិស្សានុសិស្សនៅតាមសាលានានានៅតំបន់ខ្ពង់រាប Mu Cang Chai។ (រូបថត៖ VOV)

លោកគ្រូ Pham Minh Dung នាយកសាលាបឋមសិក្សានិងអនុវិទ្យាល័យជនជាតិភាគតិចឃុំ Mo De បានឲ្យដឹងថា៖ មិនត្រឹមតែសិស្សានុសិស្សប៉ុណ្ណោះទេ ថែមទាំងលោកគ្រូ អ្នកគ្រូក៏ចូលចិត្តនៅពេលអនុវត្តន៍គំរូនេះផងដែរ។

“ជាមួយនឹងឥទ្ធិពលនៃបច្ចេកវិជ្ជា ៤.០ ក្នុងយុគសម័យបច្ចុប្បន្ន យុវជន និងសិស្សានុសិស្សជាច្រើនត្រូវបានទាក់ទាញដោយបច្ចេកវិទ្យាថ្មីៗ ហើយមិនសូវយកចិត្តទុកដាក់ដល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនទៀតឡើយ។ ដើម្បីរក្សាឲ្យយុវជនជំនាន់ក្រោយ ហើយជួយសិស្សានុសិស្សក្នុងសាលាមានបំណិនធ្វើសកម្មភាពវប្បធម៌សិល្បៈកាន់តែល្អជាង សាលាបានរៀបចំផែនការថែរក្សា និងពង្រីកវប្បធម៌ជនជាតិ”។

ក៏ដើម្បីឱ្យគំរូ “ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ” ក្នុងសាលាអាចពង្រីកបានប្រសិទ្ធភាព សាលាបឋមសិក្សានិងអនុវិទ្យាល័យជនជាតិភាគតិចឃុំ Che Cu Nha បានអញ្ជើញអាណាព្យាបាលសិស្ស មកចូលរួមបង្រៀនការគូរលំនាំជាមួយក្រមួនឃ្មុំនៅលើក្រណាត់ និងការត្បាញចរបាប់សម្រាប់សិស្ស តាមរយៈនោះ ជួយប្អូនៗកាន់តែស្រឡាញ់និងគោរពលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ អ្នកស្រី Ly Thi Ninh ប្រធានក្រុមសហប្រតិបត្តិការត្បាញនិងប៉ាក់ចរបាប់នៅភូមិ De Thang ឃុំ Che Cu Nha ស្រុក Mu Cang Chai បានចែករំលែកថា៖

“នាពេលកន្លងមក នាងខ្ញុំបានសហការជាមួយសាលារៀបចំសកម្មភាពក្រៅកម្មវិធីសិក្សា ដើម្បីបង្រៀនពីលំនាំ ក្បូរក្បាច់រចនារបស់ជនជាតិ Mong ឲ្យក្មួយៗបានស្គាល់ ហើយថែរក្សាអត្តសញ្ញាណរបស់ជនជាតិខ្លួន។ នាពេលខាងមុខ នាងខ្ញុំនឹងបន្តបង្រៀនចំណេះដឹងមូលដ្ឋានដល់ក្មួយៗ ដើម្បីឲ្យគេអាចធ្វើបានលំនាំ ក្បូរក្បាច់រចនារបស់ជនជាតិខ្លួន”។

ការកសាងគំរូដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនៅស្រុក Mu Cang Chai គឺជាការងារដ៏មានអត្ថន័យនិងជាក់ស្តែង។ អាស្រ័យហេតុនោះ ជួយយុវជនជំនាន់ក្រោយបង្កើនការយល់ដឹង និងមនសិកាក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្លួន រួមចំណែកកសាងស្រុកកំណើតឲ្យកាន់តែរីកចម្រើន មិនត្រឹមតែមានជីវភាពធូរធារប៉ុណ្ណោះទេ ថែមទាំងតម្លៃវប្បធម៌ ស្មារតីនានាក៏ត្រូវបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ