ទីកន្លែងបណ្ដុះគ្រាប់ពូជក្រហមក្នុងតំបន់ជនជាតិភាគតិចនៅខេត្ត Lai Chau

(VOVWORLD) - ដើម្បីលើកទឹកចិត្តកូនចៅរបស់បងប្អូនជនជាតិភាគតិចឲ្យទៅសាលារៀនជាទៀងទាត់នោះ គំរូ “កូនធម៌របស់យុទ្ធជនការពារព្រំដែន” នៅខេត្ត Lai Chau ត្រូវបានអនុវត្តយ៉ាងសកម្មដោយបានរួមចំណែករក្សាអត្រាការចូលរៀននៅតាមសាលារៀនជាច្រើននៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាល។ អាំស្រ័យហេតុនេះ គុណភាពនៃការអប់រំនៅតាមតំបន់ព្រំដែនក៏មានភាពប្រសើរឡើងផងដែរ។
ទីកន្លែងបណ្ដុះគ្រាប់ពូជក្រហមក្នុងតំបន់ជនជាតិភាគតិចនៅខេត្ត Lai Chau - ảnh 1 គំរូ “កូនធម៌របស់យុទ្ធជនការពារព្រំដែន” នៅខេត្ត Lai Chau ̣(រូបថត៖ baotnvn.vn)

ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ ប្រជាជននៅតំបន់ព្រំដែន Thu Lum ស្រុក Muong Te ខេត្ត Lai Chau តែងតែបានឃើញ រូបភាពយុទ្ធជនការពារព្រំដែនរួមជាមួយសិស្សានុសិស្សជនជាតិភាគតិចចំនួន ៣ នាក់ ធ្វើដំណើរទៅ សាលារៀនតាមផ្លូវលំ។ នេះក៏ជាកន្លែងបង្កើតគំរូ “កូនធម៌របស់យុទ្ធជនការពារព្រំដែន” នៃបញ្ជាការដ្ឋានការពារព្រំដែនវៀតណាម សំដៅជួយទ្រទ្រង់សិស្សានុសិស្សនៅតំបន់ព្រៃភ្នំ តំបន់ព្រំដែន និងតំបន់ដែលមានស្ថានភាពរស់នៅលំបាក បានទៅសាលារៀន។

សិស្សានុសិស្សទាំង ៣ នាក់នេះរួមមាន ប្អូន Chang Mo Hu, Ma Duc Manh ជនជាតិ Ha Nhi និងប្អូន Vang Lo Hu ជនជាតិ La Hu គឺសុទ្ធតែជាកូនធម៌របស់យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Thu Lũm តាំងពីច្រើនឆ្នាំមកហើយ។ គ្រួសាររបស់ប្អូនៗ ទាំងនេះមានស្ថានភាពរស់នៅដ៏លំបាក ពោលគឺជាកូនកំព្រាឪពុកម្តាយ ដោយគ្មានទីពឹងបង្អែក ឬគ្រួសារមានបងប្អូនច្រើនគ្នា។ ដោយមានគំរូ “កូនធម៌របស់យុទ្ធជនការពារព្រំដែន” បានជាប្អូនៗមានឱកាសទៅសាលារៀន ដើម្បីសិក្សានិងប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ។ ប្អូន Chang Mo Hu និង Ma Duc Manh ជាសិស្សានុសិស្សថ្នាក់ទី 9B នៃសាលាអនុវិទ្យាល័យជនជាតិ  Thu Lũm បានចែករំលែកថា៖ “គ្រួសារប្អូនក្រីក្រហើយមានបងប្អូនច្រើនណាស់។ ប្អូនពិតជាសប្បាយរីយរាយណាស់ នៅពេលដែលពូៗកងទ័ពបានជួយទំនុកបំរុង ហើយជូនទៅសាលារៀន”។ ក្ដីសុបិនរបស់ប្អូននាពេលអនាគតគឺក្លាយជាកងទ័ពមួយរូប ដើម្បីជួយមនុស្សគ្រប់គ្នាផងដែរ”។ “នៅទីនេះប្អូនបានសិក្សារៀនសូត្រពីពូៗកងទ័ពគ្រប់បែបយ៉ាង ដូចជា រៀបចំអីវ៉ានឲ្យមានរបៀបរៀបរយ ហើយរស់នៅស្អាតបាត។ ប្អូននឹងព្យាយាមសិក្សារៀនសូត្រ ដើម្បីក្លាយទៅជាមនុស្សល្អដូចជាពូៗកងទ័ពអញ្ចឹង”។

ដោយបានឈរជើង និងបំពេញភារកិច្ចនៅតំបន់ព្រំដែនស្រុក Muong Te នោះ ចាប់ពីឆ្នាំ ២០០៨ មក ប៉ុស្តិ៍ការពារព្រំដែន Thu Lum បានទទួល ចិញ្ចឹមបីបាច់ និងជួយទំនុកបំរុងដល់និស្សានុសិស្សចំនួន ៦ នាក់នៅនឹងអង្គភាព។ ការងារប្រកបដោយអត្ថន័យបែបនេះមិនត្រឹមតែចូលរួមចំណែកចែករំលែកអំរែកខាងសេដ្ឋកិច្ចជាមួយក្រុមគ្រួសារជនជាតិភាគតិចដែលមានស្ថានភាពរស់នៅលំបាក និងចិញ្ចឹមក្ដីសុបិនរបស់កុមារនៅតំបន់នេះប៉ុណ្ណោះទេ ថែមទាំងជួយសាលារៀនរក្សាបានអត្រាសិស្សានុសិស្សទៅសាលារៀន និងកែលម្អគុណភាពអប់រំជារៀងរាល់ឆ្នាំទៀតផង។ លោកគ្រូ Nguyen Van Duy នាយករងសាលាអនុវិទ្យាល័យ Thu Lum បានឲ្យដឹងថា៖ “គំរូកូនធម៌របស់យុទ្ធជនការពារព្រំដែនមានអត្ថន័យជាក់ស្ដែង ដែលបានជួយទ្រទ្រង់ បង្កើតកម្លាំងចលករ និងបន្ថែមកម្លាំងឲ្យសិស្សានុសិស្សទៅសាលារៀន។ អាស្រ័យហេតុនេះ ជួយសាលាលើកកម្ពស់ចំនួនសិស្សានុសិស្សទៅសាលារៀន ក៏ដូចជាគុណភាពសិស្សារៀនសូត្រផងដែរ”។

ទីកន្លែងបណ្ដុះគ្រាប់ពូជក្រហមក្នុងតំបន់ជនជាតិភាគតិចនៅខេត្ត Lai Chau - ảnh 2 គំរូ “កូនធម៌របស់យុទ្ធជនការពារព្រំដែន”
នៅខេត្ត Lai Chau ̣(រូបថត៖ baotnvn.vn)

ក្រៅពីការមើលថែទាំប្អូនក្នុងការស្នាក់នៅ ការហូបចុក និងរស់នៅក្នុងអង្គភាព ដូចជាឪពុកម្តាយពិតប្រាកដនោះ កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនThu Lum ក៏តែងតែផ្លាស់ប្តូរព័ត៌មានជាមួយសាលាជាទៀងទាត់អំពីលទ្ធផលសិក្សារបស់សិស្សានុសិស្ស ដើម្បីជូនដំណឹងទៅគ្រួសាររបស់ប្អូនៗ។ លោកវរៈសេនីយ៍ឯក Cao Van Quy នាយទាហាននយោបាយប៉ុស្តិ៍ការពារព្រំដែន Thu Lũm បានឲ្យដឹងថា៖ “ចាប់ពីឆ្នាំ ២០០៨ មក គណៈកម្មាធិការគ្រប់ជាន់ថ្នាក់ និងគណៈបញ្ជាការប៉ុស្តិ៍ បានទទួលចិញ្ចឹមសិស្សានុសិស្សចំនួន ២ នាក់ ជនជាតិ  Ha Nhi ដើម្បីជួយទំនុកបំរុងប្អូនៗក្នុងការសិក្សា ក៏ដូចជាបង្រៀនជំនាញក្នុងជីរភាពរស់នៅ និងផលិតកម្ម។ ក្រោយពេលរស់នៅតាមប៉ុស្តិ៍ការពារព្រំដែនមក ប្អូនៗ មានការយល់ដឹងខ្ពស់ក្នុងការសិក្សារៀនសូត្រ ហើយអាចថែរក្សាខ្លួនឯងទៀតផង”។

ពីលទ្ធផលដំបូងនោះ គំរូ “កូនធម៌របស់យុទ្ធជនការពារព្រំដែន” ត្រូវបានពង្រីក នៅតាមប៉ុស្តិ៍ការពារព្រំនៅខេត្ត Lai Chau ហើយបច្ចុប្បន្ននេះត្រូវបានអនុវត្តន៍តាមខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេស។ ដោយឡែកនាបច្ចុប្បន្ននេះ នៅស្រុក Muong Te ខេត្ត  Lai Chau មានសិស្សានុសិស្សប្រមាណ ២០ នាក់ កំពុងរស់នៅតាមប៉ុស្តិ៍ការពារព្រំដែន។ ប្អូនៗបានក្លាយទៅជាគ្រាប់ពូជក្រហម ដើម្បីនាំយកចំណេះដឹងរបស់ខ្លួន កសាងភូមិស្រុកឲ្យកាន់តែអភិវឌ្ឍន៍នាពេល
អនាគត។

យោងតាមតួរលេខស្ថិតិ នៅទូទាំងខេត្ត Lai Chau ថា នាបច្ចុប្បន្ននេះ បណ្ដាអង្គភាព និងកម្លាំងប៉ុស្តិ៍ការពារព្រំដែនខេត្ត កំពុងទទួលចិញ្ចឹមសិស្សានុសិស្សប្រមាណ ៦០ នាក់ ដែលជាកូនចៅរបស់បងប្អូនជនជាតិភាគិតិច។ នេះពិតជាការងារប្រកបដោយអត្ថន័យយ៉ាងពិតប្រាកដ ដើម្បីជួយទំនុកបម្រុងកូនចៅបណ្ដាជនជាតិក្នុងការសិក្សារៀនសូត្រ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ