ទំនៀមទម្លាប់ធ្វើសក្ការៈបូជាជីដូនជីតារបស់ជនរួមជាតិ Dao នៅភាគពាយព្យ

(VOVWORLD) - ដូចទៅនឹងក្រុមជនជាតិដទៃទៀតដែរ ការធ្វើសក្ការៈបូជាជីដូនជីតាត្រូវបានក្រុមជនជាតិ Dao ផ្ដោតការយកចិត្តទុកដាក់ពិសេស។ ទំនៀមទម្លាប់រៀបដាក់ អាសនៈ ជីដូន ជីតាត្រូវបាន ជនរួមជាតិអនុវត្តន៍ជាមួយនឹងពិធីជាច្រើន។
ទំនៀមទម្លាប់ធ្វើសក្ការៈបូជាជីដូនជីតារបស់ជនរួមជាតិ Dao នៅភាគពាយព្យ - ảnh 1 អាសនៈជីដូនជីតារបស់ជនជាតិ Dao Khâu

ប្រជាជន Dao ទោះជា Dao Khâu  Dao Đỏ ឬ Dao Tiền ក៏ដោយ នៅពេលឡើង ផ្ទះថ្មី គឺត្រូវធ្វើពិធីរៀបដាក់អាសនៈដូនតាដែរ។ ពិធីរៀបដាក់អាសនៈដូនតាត្រូវបាន ចាប់ផ្ដើម អនុវត្តន៍ពីពេលវេលាឆ្លងអាធ្រាត។

អាសនៈដូនតារបស់ជនជាតិ Dao Khau ត្រូវបានរៀបដាក់នៅជ្រុងមួយ ក្នុងល្វែង ផ្ទះកណ្ដាល នៅខាងក្រៅបន្ទប់គេង។ ទីតាំងរៀបដាក់អាសនៈដូនតា គឺជាទីកន្លែងពិសិដ្ឋ។ គោលការណ៍រៀបដាក់អាសនៈរបស់ជនជាតិ Dao Khau គឺ សសរទាំង ៤ ត្រូវដាក់នៅផ្ទាល់ដី។ គោលការណ៍នេះទាក់ទងនឹងរឿងព្រេងនិទាន អំពីការបង្កើតភពផែនដី ពោលគឺ មានសសរទាំងបួនដើម្បីទូលមេឃ។ នៅពេលធ្វើពិធីដាក់អាសនៈ ម្ចាស់ផ្ទះត្រូវរៀបចំ កំប៉ុងធូប ប្រាក់ស និងគ្រឿងដង្វាយផ្សេងៗទៀត ទើបអញ្ជើញគ្រូសែនមកធ្វើពិធីសែនព្រេន។ ក្រោយមក នាថ្ងៃទី ១ កើត និងថ្ងៃទី ១៥ កើតជារៀងរាល់ខែ ម្ចាស់ផ្ទះត្រូវប្តូរទឹកនៅក្នុងពែងដែលដាក់នៅក្បែរកំប៉ុងធូប ហើយដុតធូបខ្លឹមចន្ទន៍។ លោកស្រី Cheo My Lai ជនជាតិ Dao Khau មួយរូប នៅទីរួមស្រុក Sìn Hồ បានឲ្យដឹងថា៖

“នៅពេលឡើងផ្ទះថ្មី ជនជាតិ Dao Khau យើងខ្ញុំត្រូវអញ្ជើញគ្រូសែនមកធ្វើពិធីរៀបដាក់អាសនៈ។ អញ្ជើញព្រលឹងជីដូនជីតា បុព្វការីជនទាំងឡាយចូលមកបំប៉ុងធូប ឲ្យកូនចៅសែន ហើយ ជីដូនជីតានឹងព្រទានពរដល់កូនចៅឲ្យរស់នៅប្រកបដោយសុខដុមរមនា រកស៊ីមានបាន ។ នៅពេលអនុវត្តន៍ពិធីដាក់អាសនៈនេះ គឺត្រូវទៅរកដើម Ngải ដែលដុះនៅតំបន់ខ្ពស់តាមទិសបូព៌ា ហើយយកមកដុតឲ្យខ្ទិចទៅជាផេះ ដើម្បីដាក់ជាមួយប្រាក់សក្នុងបំប៉ុងធូប“។

រីឯអាសនៈរបស់ជនជាតិ Dao Đỏ នៅស្រុក Hoàng Su Phì ខេត្ត Hà Giang ត្រូវបានធ្វើពីឈើដើមត្រង់ប្រណិត ដែលបានកាប់យកមកពីព្រៃជ្រៅ។ នៅពេលធ្វើអាសនៈគឺត្រូវដាក់ គល់ឈើចុះក្រោម ហើយចុងឈើនៅខាងលើ។ គល់ឈើត្រូវដាក់នៅផ្ទាល់ដី។ អាសនៈមានពីរជាន់ ហើយមានដំបូលដែរ។ ផ្ទៃខាងក្នុងនៃអាសនៈត្រូវដាក់ភ្ជាប់ទៅនឹងជញ្ជាំង។ លោក Lý Tròi Nhàn ជនជាតិ Dao Đỏ មួយរូប នៅភូមិ Phìn Hồ ឃុំ Thông Nguyên ស្រុក Hoàng Su Phì ខេត្ត Ha Giang បានឲ្យដឹងថា៖

“អាសនៈដូនតារបស់ជនជាតិ Dao Đỏ ត្រូវបានដាក់នៅជ្រុងមួយ នៃល្វេងផ្ទះកណ្ដាល។ ក្នុងពិធីបុណ្យតេតគឺត្រូវព្យួរ ឬដាក់ដុំសាច់ជ្រូកឆ្ងាញ់ ៗ នៅលើអាសនៈដូនតា។ ទន្ទឹមនឹងនេះ ត្រូវអូជធូបទានរហូតដល់ពេលបញ្ចប់ពិធីបុណ្យតេត។ នៅលើអាសនៈក៏បានព្យួក្រណាត់ពណ៌ក្រហម ដើម្បីបួងសួងដល់ជីដូនជីតា ប្រទានពរដល់ក្រុមគ្រួសារក្នុងឆ្នាំថ្មី។ ក្នុងពិធិបុណ្យតេត ប្រជាជននៅទីនេះមិនធ្វើនំអន្សមរាងជ្រុងឡើយ ពោលគឺធ្វើនំអន្សមរាងមូលវិញ។ នៅពេលធ្វើនំរួចរាល់ហើយ ត្រូវជ្រើសរើសនំសន្សមណាដែលមូល និងស្អាតបំផុត ហើយដាក់នៅលើអាសនៈ ដើម្បីទុកជានិមិត្តរូបនៃរដូវទាំងបួន”។

ចំណែកឯ ក្រុមជនជាតិ Dao Tiền នៅស្រុក Vân Hồ ខេត្ត Sơn La វិញ អាសនៈដូនតាត្រូវធ្វើពីរជាន់។ ជាន់ខាងលើជាកន្លែងគោរពបូជាជីដូនជីតា នៃត្រកូលរបស់ខ្លួន។ ជាន់ក្រោមវិញ គឺជាកន្លែងសម្រាប់ដាក់ធូបទាន ធូបខ្លឹមចន្ទន៍ និងឧបករណ៍សម្រាប់ពិធីសែនព្រែន។ ដោយឡែកសម្រាប់ត្រកូល Ly និងត្រកូល Triệu វិញ គឺម្ចាស់ផ្ទះក៏ត្រូវរៀបចំក្រដាស Do ហើយអញ្ជើញគ្រូសែន ចាស់ទុំ ឬអ្នកមានកិត្យានុភាពក្នុងភូមិ ដើម្បីតុបតែងកន្លែងធ្វើសក្ការៈបូជា។ គេនឹងកាត់ក្រដាសជារូបព្រះអាទិត្យ សត្វត្រី សត្វសេះ និងសត្វឆ្កែ ដើម្បីបិទលើអាសនៈរបស់គ្រួសារ។ ជនជាតិ Dao Tiền បានចាត់ទុកថា ការបិទរូបសត្វដូច្នេះ គឺដើម្បីទទួលបានផលល្អក្នុងការចិញ្ចឹមសត្វ ហើយព្រះអាទិត្យតែងតែបំភ្លឺដល់គ្រួសាររបស់ពួកគេ។ លោក Ban Van Liem ជនជាតិ Dao Tien មួយរូប មកពីភូមិ Ban Suoi Lin ឃុំ Van Ho ស្រុក Van Ho ខេត្ត Son La បានអោយដឹងថា៖

“អាសនៈរបស់ ជនជាតិ Dao Tien មានពីរជាន់។ ជាន់ខាងលើមានកំប៉ុងធូប ចានដាក់ទឹក និងពែងចំនួន ៤ សម្រាប់ចាក់ស្រា។ ជាន់ក្រោមវិញ សម្រាប់ដាក់ឧបករណ៍ក្នុងពិធីសែនព្រេន។ ក្នុងឱកាសបុណ្យតេត ក្រៅពីគ្រឿងដង្វាយដូចជា

ជ្រូក មាន់ និងត្រី នោះ ប្រជាជនក៏បានព្យួរកាក់ នៅលើអាសនៈ ដើម្បីសុំរកស៊ីមានបានក្នុងឆ្នាំថ្មី“។

ជនរួមជាតិ Dao នៅតាមបណ្ដាខេត្ត ភាគពាយ័ព្យវៀតណាម មានទស្សនៈទានថាទីកន្លែងធ្វើសក្ការៈបូជាជីដូនជីតាគឺជាទីកន្លែងដ៏ពិសិដ្ឋ ហើយមានតែម្ចាស់ផ្ទះ ទើបអាចធ្វើពិធីសែនដូនតា។ ទោះបីជារបៀបធ្វើខុសពីគ្នាក៏ដោយ ប៉ុន្តែ ទំនៀមទំលាប់ធ្វើសក្ការៈបូជាដូនតារបស់ជនរួមជាតិ Dao បានបង្ហាញនូវការ គោរពដឹងគុណដល់ឪពុកម្តាយ ជីដូនជីតា និងបួងសួងសុំសេចក្ដីសុខ ចម្រុងចម្រើន។ នេះគឺជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាត ដែលត្រូវបានជនរួមជាតិអភិរក្សនិងពង្រីកជាជាបន្ត៕


ប្រតិកម្មទៅវិញ

ផ្សេងៗ