ទិវាបុណ្យវប្បធម៌និងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅភាគពាយ័ព្យ

(VOVWORLD) - ទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសលើកទី៣ ដែលទើបតែប្រព្រឹត្តទៅនៅខេត្ត Lai Chau បានទាក់ទាញការចូលរួមរបស់ប្រតិភូ សិប្បករប្រជាប្រិយ តួរសម្ដែង និងកីឡាករមិនមែនអាជីពរាប់ពាន់នាក់ដែលជាជនជាតិ Mong នៃខេត្តចំនួន១១។ ព្រឹត្តិការណ៍បានចូលរួមចំណែកក្នុងការថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏ថ្លៃថ្លារបស់ប្រជាជនបណ្ដាជនជាតិនិយាយរួម និងជនជាតិ Mong និយាយដោយឡែក ដោយបានបន្សល់ទុកមកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តទស្សនិកជននិងភ្ញៀវទេសចរម្នាក់ៗផងដែរ។
ទិវាបុណ្យវប្បធម៌និងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅភាគពាយ័ព្យ - ảnh 1ឈុតសម្ដែងគែន Mong នៅក្នុងទិវាបុណ្យវប្បធម៌ជនជាតិ Mong។ (រូបថត៖ VOV)

ផ្នែកមហោស្រពសិល្បៈមហាជន គឺជាចំណុចដ៏លេចធ្លោមួយនៃទិវាបុណ្យវប្បធម៌ជនជាតិ Mong ដោយមានការចូលរួមរបស់ក្រុមចំនួន១០ ដែលបានសម្ដែងឈុតសិល្បៈដ៏វិសេសវិសាលជាច្រើនហើយត្រូវបានបង្ហាញតាមរយៈស្នូរសម្លេងដ៏ពិរោះរណ្ដំនៃសម្លេងគែន ខ្លុយ ត្រែស្លឹក ត្រែបបូរមាត់ រួមជាមួយបទចម្រៀងប្រជាប្រិយជាភាសា Mong ទៀតផង។ ខេត្តនីមួយៗបានសម្ដែងចំណែកមួយនៅក្នុងពិធីបុណ្យ ពិធីការវប្បធម៌របស់ជនជាតិ Mong។ ឧទាហរណ៍ដូចជាពិធីបុណ្យ “សែនរដូវថ្មី” របស់ជនជាតិ Mong នៅស្រុក Muong Lat ខេត្ត Thanh Hoa អញ្ចឹង។ លោក Ly Ly Po សិប្បករមកពីស្រុក Muong Lat បានឲ្យដឹងថា៖

“ជារៀងរាល់ឆ្នាំ នៅពេលនិទាឃរដូវមកដល់ លាឆ្នាំចាស់ ទទួលអំណរឆ្នាំថ្មី គឺជនជាតិ Mong តែងតែរៀបចំពិធីសែនរដូវថ្មី ដើម្បីបួងសួងសុំឲ្យក្នុងឆ្នាំថ្មីប្រមូលផលបានច្រើនជាងឆ្នាំមុន។ ក្រៅពីនោះ បួងសួងសុំឲ្យសមាជិកទាំងអស់ក្នុងក្រុមគ្រួសារ ប្រកបរបរបានជោគជ័យ ចម្រុងចម្រើន ហើយបំណងប្រាថ្នាទាំងអស់ក្លាយជាការពិត”។

គណៈប្រតិភូពីបណ្ដាខេត្ត ក៏បានដាក់តាំងបង្ហាញគំនូរ រូបភាព វត្ថុ ឧបករណ៍តន្ត្រី របរសិប្បកម្មនិងចរបាប់ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវវប្បធម៌របស់ជនជាតិ Mong ស្ថិតក្នុងការបង្រួបបង្រួមនៃខឿនវប្បធម៌វៀតណាម។ លំហតាំងបង្ហាញ ផ្សព្វផ្សាយ
ផលិត ផលវប្បធម៌និងទេសចរណ៍របស់ប្រជាជនជនជាតិ Mong បានបង្ហាញពីការគោរពវប្បធម៌របស់កុលសម្ព័ន្ធមួយសម្បូរទៅដោយប្រពៃណី។ សិប្បករ Thao Van Cuong មកពីខេត្ត Dak Lak បានសម្ដែងថា៖

“ខ្ញុំពិតជាមានកិត្តិយសណាស់ ដោយបានមកកម្សាន្តនិងជួបប្រាស្រ័យជាមួយបងប្អូននៅក្នុងទិវាបុណ្យវប្បធម៌ជនជាតិ Mong នេះ។ នៅពេលឃើញគេតាំងបង្ហាញឧបករណ៍កិនពោត ត្បាល់បុកស្រូវយ៉ាងដូច្នេះ គឺខ្ញុំសប្បាយរីករាយណាស់។ កាលពីមុន ជនជាតិ Mong ប្រើប្រាស់ត្បាល់សម្រាប់កិនពោត បុកស្រូវ ប៉ុន្តែបច្ចុប្បន្ននេះលែងមានទៀតឡើយ ដូច្នេះនៅពេលឃើញវាត្រូវបានដាក់តាំងបង្ហាញនៅទិវាបុណ្យវប្បធម៌ថ្ងៃនេះ គឺខ្ញុំសប្បាយរីករាយមែនទែន”។

ប្រសិនបើជនជាតិ Mong ច្រើនតែបានភ្ញៀវទេសចរស្គាល់ដល់ដោយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលដូចជា របាំ សូរសម្លេងគែនគួរឲ្យទាក់ចិត្តនោះ គឺនៅទិវាបុណ្យវប្បធម៌នេះ រូបភាពជនជាតិ Mong ថែមទាំងត្រូវបានបង្ហាញតាមរយៈសម្លៀកបំពាក់ដ៏ល្អ ឆើតឆាយគួរឲ្យទាក់ភ្នែកទៀតផង។ សិប្បករ Lau Minh Po មកពីខេត្ត Thanh Hoa បានចែករំលែកថា៖

“យើងខ្ញុំនាំយករបស់របរមួយចំនួនដូចជាកាំបិត និងសម្លៀកបំពាក់របស់ជនជាតិ Mong។ កាលពីមុន នារីជនជាតិ Mong ភាគច្រើនស្លៀកសំពត់ពណ៌ស ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវទៅធ្វើស្រែចម្ការ បើស្លៀកសំពត់គឺធ្វើដំណើរពិបាកណាស់ ដូច្នេះ នារីក៏ស្លៀកពាក់ខោដែរ។ លុះត្រាតែពេលមានពិធីបុណ្យឬពិធីមង្គលការ ទើបនារីស្លៀកសំពត់”។

ទិវាបុណ្យវប្បធម៌និងការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong នៅភាគពាយ័ព្យ - ảnh 2ទិវាបុណ្យវប្បធម៌គឺជាឱកាសសម្រាប់ប្រជាជនជនជាតិ Mong នៅគ្រប់ទិសទីក្នុងប្រទេស ជួបប្រាស្រ័យគ្នាដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong ទៅកាន់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ (រូបថត៖VOV)

បណ្ដាស្តង់ទំនិញនៅទិវាបុណ្យបានឧទ្ទេសនាម ផ្សព្វផ្សាយផលិតផលវប្បធម៌និងទេសចរណ៍នៅតាមតំបន់នីមួយៗ។ អ្នកស្រី Hang Thi Qua មកពីភូមិវប្បធម៌ Mong Sin Suoi Ho ស្រុក Phong Tho ខេត្ត Lai Chau បានចែករំលែកថា៖

“ស្តង់ទំនិញរបស់យើងខ្ញុំមានមុខទំនិញជាច្រើន ដែលត្រូវបានដេរ ប៉ាក់ដោយនារីនៅភូមិ Sin Suoi Ho។ មានមុខទំនិញ របស់របរជាច្រើនដែលបានបងប្អូនយកមកពីក្នុងព្រៃ ឬដាំដុះដោយខ្លួនឯង។ ជាពិសេស យើងខ្ញុំបានតាំងបង្ហាញចរបាប់ជាច្រើននៃសម្លៀកបំពាក់របស់ជនជាតិ Mong។ យើងខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមកស្តង់ទំនិញនៃភូមិ Sin Suoi Ho ហើយប្រសិនបើមានឱកាស សូមអញ្ជើញមកទស្សនាភូមិទេសចរណ៍សហគមន៍ Sin Suoi Ho ដែលជាកន្លែងទេសចរណ៍សហគមន៍មួយគួរឲ្យទាក់ទាញនៃខេត្ត Lai Chau”។

ទិវាបុណ្យវប្បធម៌ជនជាតិ Mong ទូទាំងប្រទេសឆ្នាំ២០២១ មានប្រធានបទ “អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ Mong - សមភាព សាមគ្គីភាព សមាហរណកម្មនិងអភិវឌ្ឍន៍”។ នេះគឺជាឱកាសសម្រាប់ប្រជាជនជនជាតិ Mong នៅគ្រប់ទិសទីក្នុងប្រទេស ជួបប្រាស្រ័យគ្នាដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong ទៅកាន់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ