នំ យ៉ៃ (day) - ជំនូនក្នុងពិធីមង្គលការរបស់ជនជាតិ Tay
(VOVWORLD) - ពិធីរៀបអាពាពិពាហ៍នៅតាមតំបន់នីមួយៗ ជនជាតិនីមួយៗនៅវៀត ណាមមានលក្ខណៈពិសេសដោយឡែក និងអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន។ សម្រាប់ជនជាតិ Tay ក្រៅពីផ្លែស្លា-ស្លឹកម្លូ ទឹកតែ ស្រា បាយដំណើប មាន់ ជាដើម គឺនំ day តែងតែជាជំនូនដែលត្រូវតែមាននៅគ្រប់ពិធីមង្គលការ។
នំ day ត្រូវបានគ្រួសារកូនកំលោះត្រៀមរៀបចំដើម្បីនាំយកទៅផ្ទះកូនក្រមុំ។ (រូបថត៖ VOV) |
តាំងពីបុរាណកាលមក នៅក្នុងផ្នត់គំនិតរបស់ប្រជាជន Tay ក្នុងការរៀបអាពាហ៍ពិពាហ៍ គឺមានភាពជឿនលឿនហើយ នៅពេលដែលកំលោះនិងក្រមុំជនជាតិ Tay ភាគច្រើន អាចស្វែងយល់គ្នាដោយសេរី មុនពេលសុំការអនុញ្ញាតពីឪពុកម្តាយទាំងសង្ខាងដើម្បី "មករស់នៅក្រោមដំបូលផ្ទះតែមួយ"។
នៅថ្ងៃភ្ជាប់ពាក្យ គ្រួសារកូនកំលោះត្រូវរៀបចំជំនូនទៅផ្ទះកូនក្រមុំ។ ភាគីទាំងពីរនឹងពិភាក្សា ហើយឯកភាពគ្នាលើការរៀបចំពិធីមង្គលការសម្រាប់គូស្នេហ៍ រួមទាំងការព្រមព្រៀងគ្នាលើជំនូនដែលគ្រួសារកូនកំលោះត្រូវនាំយកទៅជូនផ្ទះកូនក្រមុំទៀតផង។ លោកស្រី Nong Tuyet Loan នៅស្រុក Thach An ខេត្ត Cao Bang បានឲ្យដឹងថា៖ កាលពីមុន ជំនូនត្រឹមតែជាជ្រូក មាន់ បាយ ដំណើបនិងសាច់ប្រាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមានទាំង បារី ស្រាបៀរ និងភេសជ្ជៈបន្ថែមទៀត។ ប៉ុន្តែនៅពេលណាក៏ដោយ ក៏មិនអាចខ្វះនំ day បានឡើយ។
“ចំនួននំ day ដែលត្រូវបានប្រើប្រាស់ជាជំនូនពេលរៀបការ គឺអាស្រ័យលើចំនួនញាតិសន្តានតិចឬច្រើន ដោយគ្រួសារកូនក្រមុំនិងកូនកំលោះព្រមព្រៀងគ្នាដោយខ្លួនឯង។ តាមទំនៀមទម្លាប់នៅស្រុកខ្ញុំ ជាធម្មតា គ្រួសារកូនក្រមុំនឹងសុំគ្រួសារកូនកំលោះឲ្យយកសាច់ប្រាក់ នំ day តូចចំនួន ១២០ នំ ស្ពកសែនអាសនៈដូនតា រួមមានមាន់ស្ងោរ ២ ក្បាល ស្រា ២ ដប ដោយបិទក្រដាសក្រហមនៅកដប។ ប្រសិនបើនៅក្នុងគ្រួសារមានប្អូនរបស់កូនក្រមុំដែលមិនទាន់រៀបការនោះ គ្រួសារកូនកំលោះត្រូវតែមានអាំងប៉ាវជូនប្អូនៗ។ ដោយឡែក នំ day គឺមានការកំណត់ហើយ ដែលជាជំនូនពីគ្រួសារកូនកំលោះ ជូនដល់បងប្អូន និងញាតិមិត្តខាងផ្ទះកូនក្រមុំ គ្រួសារមួយទទួលបាននំមួយគូ ហើយពេលគូស្វាមីភរិយាថ្មីសម្រាលកូន អ្នកដែលទទួលបាននំ គេនឹងនាំយកជើងជ្រូក១ ឬមាន់ឈ្មោល១ក្បាល និងអង្ករដំណើប១២ដុំមកលេង”។
អង្ករដែលជ្រើសរើសសម្រាប់បុក ធ្វើនំ day គឺអង្ករដំណើបដ៏ឈ្ងុយឆ្ងាញ់ បន្ទាប់ពីអង្ករឆ្អិនរួច គេនឹងដាក់ចូលទៅក្នុងត្បាល់ឈើដើម្បីបុកឲ្យល្អិត ហើយយកមកស្មូន។ លោកស្រី Nong Thi Khien មកពីឃុំ Chu Trinh ទីក្រុង Cao Bang ខេត្ត Cao Bang បានឲ្យដឹងថា៖ សម្រាប់នំតូចៗ ស្នូលនំគឺជាល្ងខ្មៅបុកឲ្យល្អិតៗ លាយជាមួយទឹកឃ្មុំ ឬម្សៅសណ្តែកខៀវ។ ដោយឡែក នំមួយគូធំបំផុតដែលគេហៅថា “នំម្ដាយ” មិនមានស្នូលឡើយ។ ប៉ុន្តែ គេនឹងយកទឹកផ្លែជន្លង់ដើម្បីលាបនៅម្ខាងឲ្យមានពណ៌ក្រហមស្វាយ ហើយម្ខាងទៀតសរសេរពាក្យថា សុភមង្គល ឬ រីករាយ។
“ទំនៀមទម្លាប់យកនំ day ធ្វើជាជំនូនពេលរៀបការរបស់ជនជាតិ Tay មានតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែឥឡូវនេះមិនធ្ងន់ធ្ងនរដូចពីមុនទេ។ អាស្រ័យតាមផ្ទះនីមួយៗ គ្រួសារខ្លះសុំយកនំ១០០ដើម្បីចែកចាយជូនបងប្អូនញាតិមិត្ត ចំណែកឯគ្រួសារខ្លះទៀត ត្រឹមតែសុំគ្រួសារកូនកំលោះយកនំសែនអាសនៈដូនតាប៉ុណ្ណោះ នំដែលគេយកដាក់លើអាសនៈដូនតា គឺមានទំហំធំជាង ដោយហៅថា នំម្តាយ ហើយសុំតែ ១ គូប៉ុណ្ណោះ ចំណែកឯនំសម្រាប់ចែកចាយ គឺមានទំហំដូចចានតូចមួយ ចែកនំ ១ គូដល់គ្រួសារនីមួយៗ។ គ្រួសារខ្លះសុំ គ្រួសារកូនកំលោះយកនំ day មកនៅថ្ងៃភ្ជាប់ពាក្យដើម្បីចែកចាយ ប៉ុន្តែក៏មានគ្រួសារជាច្រើនសុំយកមកក្នុងថ្ងៃរៀបមង្គលការដើម្បីចែកជូនអ្នកដែលបានអញ្ជើញចូលរួមពិធី”។
មួយថ្ងៃមុនពិធីមង្គលការ គ្រួសារកូនកំលោះនឹងនាំយកនំ day ទៅផ្ទះកូនក្រមុំ ហើយចំនួននំនេះភាគច្រើននឹងត្រូវបានចែកជូនភ្ញៀវដែលបានអញ្ជើញចូលរួមពិធីមង្គលការ ដោយមួយគូសម្រាប់មនុស្សម្នាក់ៗ។ លោកយាយ Nguyen Thi Luy នៅឃុំ Quang Minh ស្រុក Bac Quang ខេត្ត Ha Giang បានឲ្យដឹងថា៖
“ដោយឡែកជនជាតិ Tay នៅឃុំ Quang Minh ស្រុក Bac Quang ជំនូនត្រូវបាននាំយកទៅផ្ទះកូនក្រមុំមួយថ្ងៃមុនថ្ងៃរៀបមង្គលការ (ដែលគេហៅថាថ្ងៃ Dam Le)។ នៅថ្ងៃនោះ គ្រួសារខាងកូនក្រមុំរង់ចាំសាច់ញាត្តិមកដល់ ហើយយកនំមកទទួលទានជាមួយគ្នា ដោយត្រឹមតែបន្សល់ទុកនំអំបុក ២ នំ នំ day ២ នំ និងនំអន្សម ២ នំសម្រាប់សែនដូនតាក្នុងថ្ងៃទទួលកូនក្រមុំ។ ជំនូនទាំងអស់ រួមមានសាច់ជ្រូក សាច់មាន់ នំ ផ្លែឈើ ត្រូវបានគ្រួសារកូនកំលោះនាំយកទៅផ្ទះកូនក្រមុំ ចាប់ពីថ្ងៃ Dam Le នោះ”
ប៉ុន្មានឆ្នាំថ្មីៗនេះ ទន្ទឹមនឹងនិន្នាការវិលត្រឡប់មករកតម្លៃប្រពៃណីរបស់ជនជាតិវិញ ដូចជាសំលៀកបំពាក់ ម្ហូបអាហារ គ្រួសារជាច្រើនក៏បានវិលត្រឡប់ទៅរកទំនៀមទម្លាប់អាពាហ៍ពិពាហ៍កាលពីអតីតកាលវិញ ជាពិសេសទំនៀមទម្លាប់ចែកនំ day ជូនភ្ញៀវអញ្ជើញក្នុងពិធីមង្គលការ។ អាស្រ័យទៅលើស្ថានភាព និងពេលវេលារបស់គ្រួសារកូនកំលោះ ចំនួននំអាចគ្រាន់តែមានលក្ខណៈនិមិត្តរូបប៉ុណ្ណោះ ប៉ុន្តែត្រូវតែមាន “នំម្តាយ” មួយគូ ដើម្បីថ្វាយនៅលើអាសនៈដូនតា ដោយបួងសួងសុំឲ្យគូស្វាមីភរិយាថ្មីជួបតែសំណាងល្អ សុខភាពមាំមួន; រដូវអំណោយផល ជីវភាពសម្បូរធូរធារសម្រាប់ភូមិឃុំ៕