នាំផលិតផលចរបាប់ Jrai ខេត្ត Gia Lai ឈានទៅឆ្ងាយ
(VOVWORLD) - របរតម្បាញចរបាប់គឺជាលក្ខណៈវប្បធម៌ពិសេសមួយរបស់ប្រជាជនជនជាតិJrai ខេត្ត Gia Lai។ ទន្ទឹមនឹងការថែរក្សារបរ តម្បាញ ដើម្បីអភិរក្សសិប្បកម្មប្រពៃណីរបស់ជនជាតិ បុគ្គល និងអាជីវកម្មជាច្រើនបានប្រើប្រាស់ក្រណាត់ ចរបាប់ប្រពៃណី Jrai ដើម្បីដេរសម្លៀកបំពាក់ប្រកបដោយភាពច្នៃប្រឌិត ហើយផ្សព្វផ្សាយ និងលក់ទំនិញនៅលើបណ្តាញសង្គម នាំយកផលិតផលរបស់ជនជាតិខ្លួនទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
រូបភាពផ្សព្វផ្សាយមសម្លៀកបំពាក់ចរបាប់របស់ជនជាតិ Jrai នៅលើ Facebook របស់អ្នកស្រី H'Tuyet។ |
ហាងលក់ក្រណាត់ចរបាប់នៅក្រុមលេខ ១០ ទីរួមស្រុក Phu Thien ស្រុក Phu Thien ខេត្ត Gia Lai ព្រមទាំងជារោងកាត់ដេររបស់អ្នកស្រី Rmah H'Tuyet គឺជា "ស្ទូឌីយោ" មួយដែលនាងថតវីដេអូឃ្លីបអំពីការងារនិងផលិតផលរបស់ខ្លួន បន្ទាប់មកបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។ ពេលខ្លះ អ្នកស្រី H'Tuyet ក៏បានច្រៀងឬដំណាលរឿងក្នុងពេលធ្វើការ ពេលខ្លះកៀរគរក្រមុំជនជាតិ Jrai ក្នុងភូមិមកស្លៀកសម្លៀកបំពាក់ចរបាប់ដើម្បីផ្សព្វផ្សាយ។ អាស្រ័យហេតុនោះ ទំព័រ
ហ្វេសប៊ុករបស់អ្នកស្រី H’Tuyet និងផលិតផលរបស់នាងត្រូវបានកត់សម្គាល់។ ជារៀងរាល់ខែ ពីឆានែលនេះ អ្នកស្រី H’Tuyet ទទួលបានការបញ្ជាទិញពី ៧០ ទៅ ១០០ មកពីទាំងក្នុងនិងក្រៅប្រទេស។ អ្នកស្រី H'Tuyet បានឲ្យដឹងថា៖
“ខ្ញុំបានថតរូប ថតវីដេអូ ផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក Zalo តាមនោះ មានអតិថិជនជាច្រើនបានស្គាល់ដល់ហើយមករកខ្ញុំ។ អ្នកខ្លះផ្ញើសារ អ្នកខ្លះបញ្ជាទិញ។ ខ្លួនខ្ញុំផ្ទាល់ក៏ទទួលព័ត៌មានតាមរយៈហ្វេសប៊ុក Zalo ដើម្បីរៀនពី
បងប្អូនស្រីនៅកន្លែងផ្សេងទៀតដូចជាខេត្ត Dak Lak, Lam Dong, Kon Tum...អាស្រ័យដោយមានបណ្តាញសង្គមដែលជួយឱ្យខ្ញុំសិក្សាបន្ថែម ដើម្បីលើកកំពស់ជំនាញវិជ្ជាជីវៈ។ ក៏អាស្រ័យដោយមានបណ្តាញសង្គមផងដែរ បានជាមនុស្សជាច្រើនបានស្គាល់ដល់ ហើយផ្ញើរសារ បញ្ជាទិញ មិនត្រឹមតែអតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងមកពីបរទេសទៀតផង”។
អ្នកស្រី H'Tuyet បានចែករំលែកថា កាលពីជាង១០ឆ្នាំមុន នៅពេលដែលសម្លៀកបំពាក់ចរបាប់ប្រពៃណី Jrai ត្រូវជំនួសដោយសម្លៀកបំពាក់ថ្មីៗ អ្នកស្រីបានផ្ដួចចេញគំនិតប្រើប្រាស់ក្រណាត់ចរបាប់ ដើម្បីកាត់ដេរទៅជាសម្លៀកបំពាក់ទំនើប ដើម្បីស្វែងរកធាតុចេញសម្រាប់ផលិតផលនេះ។ ក្នុងរយៈពេលដំបូង អ្នកស្រីគ្រាន់តែដេរសម្រាប់ខ្លួនឯងប៉ុណ្ណោះ ដើម្បីស្លៀកទៅធ្វើការ ប៉ុន្តែផលិតផលដ៏ខុសប្លែកនេះ ត្រូវបានមនុស្សជាច្រើនពេញនិយម។ ក្នុងឆ្នាំ ២០១៣ អ្នកស្រី H'Tuyet ទទួលបានការបញ្ជាទិញដំបូងចំនួន ៥០ ឈុតសម្រាប់សិស្សនៃអនុវិទ្យាល័យអន្តេវាសិកដ្ឋានជនជាតិភាគតិចស្រុក Phu Thien។ បន្ទាប់មកអ្នកគ្រូក្នុងសាលាបានបញ្ជាទិញអាវផាយចរបាប់។ ជាបណ្ដើរៗ ប្រជាជននៅទីរួមស្រុក Phu Thien បានបញ្ជាទិញសំពត់ អាវសម្រាប់ស្លៀកក្នុងពិធីមង្គលការឬ ពិធីជប់លៀងផ្សេងៗទៀត។ លោកស្រី Siu H’July អតិថិជនម្នាក់របស់អ្នកស្រី H’Tuyet ឲ្យដឹងថា៖
“សម្លៀកបំពាក់ជនជាតិត្រូវបានគេត្បាញតាមបែបប្រពៃណីតាំងពីយូរណាស់មកហើយ។ ឥឡូវនេះ ចៅ Tuyet បានប្រើម៉ាស៊ីន របៀបដេរសម្លៀកបំពាក់តាមរូបរាងកាយ ដូច្នេះស្លៀកបានយ៉ាងស្រួលនិងផាសុខភាពណាស់។ កាលពីមុន ដេរតាមបែបប្រពៃណី វាចង្អៀត មិនស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួននោះទេ។ ឥឡូវនេះ ពេលទៅលេងពិធីបុណ្យ ប្រជាជនសុទ្ធតែស្លៀកសម្លៀកបំពាក់ចរបាប់។ ជីដូនជីតា ឪពុកម្តាយមិនអនុញ្ញាតឱ្យយើងភ្លេចលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនេះទេ។ យើងគួររក្សាប្រពៃណីទាំងនោះ ទុកឲ្យកូនចៅយើងរៀននៅពេលក្រោយ”។
ជាមួយនឹងតម្លៃផលិតផលចាប់ពី ៤ សែនដុង (ប្រហែល ១៥ ដុល្លារ) ដល់ជាង ១ លានដុង (៥០ ដុល្លារ) ក្នុងមួយផលិតផល ជារៀងរាល់ឆ្នាំ អ្នកស្រី H'Tuyet រកចំណូលបានរាប់រយលានដុង បង្កើតការងារសម្រាប់ជាងកាត់ដេរចំនួន ៤ នាក់នៅមូលដ្ឋាន។ ប្រការដែលធ្វើឱ្យអ្នកស្រី H’Tuyet សប្បាយចិត្តបំផុតនោះ គឺតម្រូវការក្រណាត់ចរបាប់ពីរោងកាត់ដេរតូចរបស់នាងក៏បានជួយសិប្បការិនីជាច្រើនក្នុងឃុំជិត រក្សាបាននូវរបរតម្បាញក្នុងពេលទំនេរពីការងារស្រែចម្ការ។ នាខែវិច្ឆិកា ឆ្នាំ ២០២២ ស្រុក Phu Thien បានជ្រើសរើសសម្លៀកបំពាក់ចរបាប់របស់អ្នកស្រី H'Tuyet ដើម្បីតាំងបង្ហាញក្នុងកម្មវិធីមួយឃុំ ផលិតផលមួយ (OCOP) ដែលប្រារព្ធឡើងនៅរដ្ឋធានីហាណូយ។ លោក Dinh Van Chinh ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Phu Thien ស្រុក Phu Thien បានឲ្យដឹងថា៖
“នាពេលកន្លងទៅ ហាងចរបាប់ របស់អ្នកស្រី Rmah H'Tuyet នៅក្នុងក្រុម លំនៅដ្ឋានលេខ ១០ បានអភិវឌ្ឍន៍និងដំណើរការប្រកបដោយប្រសិទ្ធភាព រួមចំណែកជាមួយមូលដ្ឋាន ក្នុងការផ្សព្វផ្សាយម៉ាកផលិតផលរបស់អ្នកស្រុក។ ខ្ញុំជឿជាក់ថា ផលិតផលរបស់អ្នកស្រី Rmah H'Tuyet ដែលដាក់តាំងបង្ហាញនៅរដ្ឋធានីហាណូយ នឹងឧទ្ទេសនាមអត្តសញ្ញាណ Tay Nguyen ទៅកាន់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ ស្រុក Phu Thien ចាត់ទុកនេះជាផលិតផលដើម្បីឲ្យយើងបង្កើតការងារធ្វើសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតកម្លាំងចលករសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍមុខរបរតម្បាញចរាប់ប្រពៃណីរបស់ប្រជាជនជនជាតិភាគតិចនៅទីនេះ”។
ជាមួយនឹងការប្រើប្រាស់បណ្ដាញសង្គម ការច្នៃប្រឌិតឥតឈប់ឈរក្នុងការផ្សព្វផ្សាយ អ្នកស្រី Rmah H'Tuyet បានរួមជាមួយប្រជាជនមូលដ្ឋាន ថែរក្សា មុខរបរតម្បាញ និងសម្លៀកបំពាក់ប្រពៃណី Jrai តាមរបៀបច្នៃប្រឌិត ស្របតាមនិន្នាការអភិវឌ្ឍន៍នៃជីវភាពសង្គម។ ពីនោះ រួមចំណែកផ្សព្វផ្សាយសម្រស់វប្បធម៌ប្រពៃណីរបស់ជនជាតិ Jrai ឲ្យកាន់តែឈានដល់ឆ្ងាយផងដែរ៕