បងប្អូនជនជាតិខ្មែរទទួលអំណរពិធីបុណ្យអកអំបុក-ប្រណាំងទូកង

(VOVWORLD) - ពិធីបុណ្យអកអំបុក - ប្រណាំងទូកង ខេត្តសុកត្រាំង ឆ្នាំ២០២៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា។ នេះជាសកម្មភាពវប្បធម៌ និងកីឡាដែលបង្ហាញពីលក្ខណៈសហគមន៍ និងបង្កប់នូវអត្ថន័យពិសេសសម្រាប់បងប្អូនជនជាតិខ្មែរ។ នេះក៏ជាឱកាសដើម្បីសហគមន៍ជនជាតិខ្មែរថែរក្សាលក្ខណៈវប្បធម៌ប្រពៃណី ដ៏វិសេសវិសាលនេះ ហើយខិតខំប្រឹងប្រែងនាំយកស្នាដៃខ្ពស់មកជូនវត្តនិងភូមិស្រុកផងដែរ។

បងប្អូនជនជាតិខ្មែរទទួលអំណរពិធីបុណ្យអកអំបុក-ប្រណាំងទូកង - ảnh 1ក្រុមប្រណាំងទូកងហ្វឹកហាត់ត្រៀមរៀបចំសម្រាប់ពិធីបុណ្យ។ (រូបថត៖ VOV)

តាំងពីព្រឹកព្រលឹម លោក លី ជី នៅឃុំ Phu Tan ស្រុក Chau Thanh ខេត្ត Soc Trang បានមានវត្តមាននៅវាលស្រែរបស់ក្រុមគ្រួសារ ដើម្បីថែទាំវាលស្រូវ។ មូលហេតុដែលលោក ជី ទៅធ្វើការឆាប់ជាងធម្មតា គឺដោយសារតែពេលគាត់បញ្ចប់ការងារធ្វើស្រែចំការ គាត់នឹងទៅកាន់វត្តចំប៉ា ដើម្បីហាត់អុំទូកង ជាមួយបងប្អូនទាំងអស់គ្នា ត្រៀមរៀបចំចូលរួមពិធីបុណ្យអកអំបុក - ប្រណាំងទូកង។ លោក ជី គឺជាកីឡាករអុំទូកដ៏សំខាន់នៃក្រុមប្រណាំងទូកងវត្តចំប៉ា ឆ្នាំនេះ ថ្វីត្បិតតែទើបមានអាយុ ៣១ ឆ្នាំក៏ដោយ ប៉ុន្តែលោកមានរយៈពេល ៤ ឆ្នាំតំណាងឲ្យវត្តចូលរួមការប្រណាំងទូកង។ លោក លី ជី បានចែករំលែកថា៖

“ក្រោយពីបញ្ចប់កិច្ចការផ្ទះរួច ខ្ញុំមកទីនេះដើម្បីហ្វឹកហាត់ ទីមួយគឺដើម្បីមានសុខភាពល្អ ទីពីរ ជួយវត្តចូលរួមពិធីបុណ្យ។ ខ្ញុំសោមនស្សរីករាយយ៉ាងក្រៃលែងព្រោះក្រុមទូកងមកពីវត្តនានា មកជួបជុំគ្នាដើម្បីចូលរួមពិធីបុណ្យនិងការប្រកួត។ ខេត្តយើងយកចិត្តទុកដាក់រៀបចំបុណ្យជូនបងប្អូនជនជាតិខ្មែរ ដូច្នេះខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់”។

ជាងមួយខែមុនពិធីបុណ្យ វត្តចំប៉ា ឃុំ Phu Tan ស្រុក Chau Thanh តែងតែមានភាពសប្បាយអ៊ូអរ ដោយសូរសំឡេងនៃការផ្លុំកញ្ចែ ការហាត់អុំទូក និងការហ៊ោកញ្ជ្រៀវ។ នៅក្រោមស្រះក្នុងវត្ត កីឡាកររាប់សិបនាក់ហាត់ចលនា និងបច្ចេកទេសអុំទូកជាមួយគ្នា។ លោក ថាច់ ហៀវ គ្រូបង្វឹកក្រុមទូក ង នៅវត្តចំប៉ា បានចែករំលែកថា៖

“ចំពោះការហាត់អុំទូកមួយវគ្គ ប្រសិនបើមានកីឡាករថ្មី យើងហាត់ពី ៧ ទៅ ៨ នាទីក្នុងមួយវគ្គ ប្រសិនបើជាកីឡាករចាស់ទាំងស្រុង ហាត់លើសពី ១០ នាទីក្នុងមួយវគ្គ។ ពេលរសៀលបែបនេះ ហាត់ពី ៤-៥ វគ្គ ឃើញកីឡាករយើងកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ”។

ក្រៅពីកីឡាករ នៅក្នុងបរិវេណវត្ត ក៏មានវត្តមានពុទ្ធបរិសទយ៉ាងច្រើនកុះករ តាំងពីមនុស្សចាស់ រហូតដល់កុមារផងដែរ ដើម្បីលើកទឹកចិត្តដល់កីឡាករ។ លោក Lam Binh Minh ប្រធានគណៈកម្មការគ្រប់គ្រងវត្ត មេក្រុមទូកង នៃវត្តចំប៉ា បានឲ្យដឹងថា ការប្រណាំងទូកងគឺជាក្ដីសប្បាយរីករាយ ប៉ុន្តែប្រការដ៏សំខាន់បំផុតនោះគឺ ភូម សុក និងបងប្អូនពុទ្ធបរិសទចូលរួមរីករាយនឹងពិធីបុណ្យនេះ។ លោក Lam Binh Minh ឲ្យដឹងថែមទៀតថា៖

“យុវជនទាំងអស់បានស្រុះចិត្តគំនិត ស្ម័គ្រចិត្តមកជួយវត្ត។ វត្តមានទូកងអស់រយៈពេលច្រើនឆ្នាំមកហើយ ហើយចូលរួមជាប្រចាំក្នុងពិធីបុណ្យ។ នេះជាឱកាសដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ”។ 

បងប្អូនជនជាតិខ្មែរទទួលអំណរពិធីបុណ្យអកអំបុក-ប្រណាំងទូកង - ảnh 2ការគូរក្បូរក្បាច់រចនាឲ្យទូកង ត្រៀមចូលរួមពិធីបុណ្យ។ (រូបថត៖ VOV)

ពិធីបុណ្យអកអំបុក - ការប្រណាំងទូកខេត្តសុកត្រាំង ឆ្នាំ២០២៣ បង្ហាញពីភាពវិសេសវិសាលនិងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។ ពិធីបុណ្យនេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយ និងពន្លឿនវិស័យទេសចរណ៍ក្នុងខេត្តផងដែរ។ តាមនោះ ទាក់ទាញ និងកៀរគរធនធានវិនិយោគ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍; លើកកម្ពស់ការយល់ដឹងសហគមន៍អំពីការអភិវឌ្ឍទេសចរណ៍។ លោក Tran Minh Ly នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Soc Trang បានឲ្យដឹងថា៖

“ពិធីបុណ្យអកអំបុក-ប្រណាំងទូកង គឺជាពិធីបុណ្យប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ដែលត្រូវបានថែរក្សាជាច្រើនឆ្នាំមកហើយ។ យើងខ្ញុំបម្រើឲ្យបានល្អ ហើយសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរបាន ដើម្បីខេត្តសុកត្រាំងអាចអភិវឌ្ឍន៍វិស័យទេសចរណ៍ស្របតាមសក្ដានុពលដែលមានស្រាប់ ជាពិសេសនៅពេលដែលខេត្តត្រូវបានរដ្ឋាភិបាលអនុម័តលើកំពង់ផែទឹកជ្រៅ ដែលបើកសក្តានុពលដ៏ធំធេងជាច្រើនដើម្បីឲ្យខេត្តមានឱកាសសឈានឡើង”។

Soc Trang ជាមូលដ្ឋានដែលមានប្រពៃណីរៀបចំការប្រណាំងទូក ហើយមានចំនួនក្រុមទូកងច្រើនជាងគេនៅតំបន់ដីសណ្តទន្លេ Cuu Long។ ក្រៅពីការរៀបចំការប្រកួតថ្នាក់ខេត្តប្រចាំឆ្នាំ ការប្រកួតក៏ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍អនុញ្ញាតឲ្យរៀបចំនៅថ្នាក់តំបន់ (រៀងរាល់២ឆ្នាំម្តង)។ ជាប្រភេទកីឡាជនជាតិ ដោយមានតម្លៃវប្បធម៌ពិសេស ដូច្នេះហើយទទួលបានការយកចិត្តទុកដាក់ និងវិនិយោគពីបក្សនិងរដ្ឋ... ពីព្រោះពិធីបុណ្យនេះ មិនត្រឹមតែជាសកម្មភាពកីឡា ដែលបង្ហាញពីលក្ខណៈសហគមន៍ប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យខាងវប្បធម៌និងវិញ្ញាណដ៏ពិសេសចំពោះបងប្អូនជនរួមជាតិខ្មែរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ