ប្រជាជនជនជាតិ Co Tu នៅខេត្ត Quang Nam ស្ដារឡើងវិញភូមិតម្បាញឫស្សី ប្រពៃណី
(VOVWORLD) - ជនជាតិ Co Tu ដែលរស់នៅតាមស្រុកព្រៃភ្នំនៃខេត្ត Quang Nam ពូកែខាង ឆ្លាក់ឈើ តុបតែងផ្ទះ Guol ត្បាញចរបាប់និងត្បាញឫស្សី។ ក្នុងចំណោមមុខរបរ ប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយ របរតម្បាញឫស្សីគឺបង្ហាញ ភាពឧស្សាហ៍ព្យាយាម បាតដៃប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់ ប្រជាជន Co Tu។ នៅ តាមភូមិឃុំខ្ពង់រាបនៅខេត្ត Quang Nam ក្រៅពីការងារធ្វើស្រែចម្ការ គ្រួសារជាច្រើន ពឹងអាស្រ័យលើរបរតម្បាញឫស្សីដើម្បីមានជីវភាពរស់នៅស្ថិរភាព។
លោក B'hLinh Bloó ជាមួយនឹងផលិតផលតម្បាញឫស្សីរបស់ខ្លួន។ (រូបថត៖ VOV) |
លោក B'hLinh Bloó នៅឃុំ Song Kon ស្រុកព្រៃភ្នំ Dong Giang ខេត្ត Quang Nam មានអាយុជាង ៧០ ឆ្នាំហើយ ប៉ុន្តែនៅតែប្រឹងប្រែងប្រកបរបរតម្បាញឫស្សី ជារៀងរាល់ថ្ងៃ។ លោក B'hLinh Bloó បានឲ្យដឹងថា របរនេះមិនត្រឹមតែបង្កើតប្រាក់ ចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងអភិរក្សវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu ទៀតផង។ នៅថ្ងៃចុងសប្តាហ៍ ក្នុងពេលទំនេរ លោកច្រើនតែបង្រៀនកូនចៅ កុមារក្នុងភូមិអំពីរបរតម្បាញឫស្សី ហើយផ្ដែផ្ដាំជំនាន់កូនចៅ និងអ្នកភូមិឲ្យចេះ ស្រឡាញ់ និងថែរក្សាមុខរបរប្រពៃណីដែលជីដូនជីតាជនជាតិ Co Tu បានបន្សល់ ទុកមក។ ដើម្បីធ្វើឡើងផលិតផលតម្បាញឫស្សីប្រពៃណីបែបនេះ សិប្បករត្រូវឆ្លងកាត់ ដំណាក់កាលជាច្រើន ដែលទាមទារឲ្យមានអំណត់ធ្មត់និងភាពល្អិតល្អន់។ បើតាម លោក B'hLinh Bloó ត្រឹមតែមានជនចាស់ជរាជក់ចិត្តនឹងមុខរបរនេះតែប៉ុណ្ណោះ ខណៈដែលមិនសូវមានយុវជនចាប់អារម្មណ៍នោះទេ៖
“ខ្ញុំប្រកបរបរនេះដើម្បីថែរក្សាប្រពៃណី Co Tu។ អ្នកណាដែលឧស្សាហ៍ ព្យាយាមធ្វើ អាចមានប្រាក់ចំណូលបន្ថែម។ មានមនុស្សមួយចំនួនដែលនៅតែរក្សារបរតម្បាញឫស្សី ហើយខ្លះតម្បាញចរបាប់ទៀតផង។ ក្នុងអំឡុងពេលមានជំងឺកូវីដ ១៩ គេនៅតែធ្វើ។ នេះជាមុខរបរប្រពៃណីតាំងពីច្រើនជំនាន់មកហើយ។ យើងខ្ញុំ នៅតែណែនាំឲ្យកុមារ។ ការត្បាញឫស្សីនេះគឺដើម្បីទុកប្រើប្រាស់ លក់ទៅឲ្យអតិថិជន ព្រមទាំងថែរក្សាមុខរបរ ហើយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ”។
របរតម្បាញឫស្សីរបស់ជនជាតិ Co Tu មានតាំងពីយូរយាណាស់មកហើយ ដែលផ្សារភ្ជាប់ជាមួយ នឹងដំណើរការធ្វើការនិងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន។ ទោះជាយ៉ាងណាក៏ដោយ របរនេះកំពុងជួបប្រទះនឹងហានិភ័យការរលាយសាបសូន្យ ។ ប្រការនេះធ្វើឲ្យសិប្បករដែលមានការជក់ចិត្តនឹងរបរ មានការព្រួយបារម្ភយ៉ាងខ្លាំង។ លោក A Rat Trung អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Song Kon ស្រុក Dong Giang ខេត្ត Quang Nam បានឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនមនុស្សដែល មានថ្វីដៃស្ទាត់ជំនាញនៅសល់តិចណាស់ ភាគច្រើនមានអាយុចាស់ជរាហើយ។ មូលដ្ឋានបានជំរុញការងារចលនា អំពាវនាវឲ្យព្រឹទ្ធាចារ្យភូមិ និងសិប្បករ ថែរក្សា របរតម្បាញឫស្សីតាមរយៈការបង្រៀនដល់កូនចៅ។ “នៅចំពោះមុខនិន្នាការសង្គមដែលកាន់តែរីកចម្រើន របរប្រពៃណីដូចជា តម្បាញឫស្សីនិងតម្បាញចរបាប់របស់ជនជាតិ Co Tu ត្រូវប្រឈមនឹងហានិភ័យនៃ ការរលាយសាបសូន្យទៅ។ នៅចំពោះមុខស្ថានភាពនោះ មូលដ្ឋានបានយកចិត្តទុកដាក់ លើកទឹកចិត្តដល់សិប្បករ និងប្រជាជនឲ្យថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ ជនជាតិខ្លួន។ ការងារអភិរក្សនាគ្រាដំបូងជួបប្រទះនឹងការលំបាកជាច្រើន; ចំនួនសិប្បករដែលចេះត្បាញមានសល់តិច ឬគ្មានបំណងចូលរួមនោះទេ។ ម្យ៉ាងវិញទៀត មិនទាន់មានបទពិសោធន៍ក្នុងការរៀបចំផលិតកម្មនៅឡើយ ដូច្នេះតម្លៃផលិតផល ខ្ពស់ ការស្វែងរកធាតុចេញសម្រាប់ផលិតផលក៏ពិបាកយ៉ាងខ្លាំងដែរ”។
ផលិតផលតម្បាញឫស្សីដ៏សម្បូរបែប។ |
លោក Do Huu Tung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dong Giang ខេត្ត Quang Nam បានឲ្យដឹងថា ស្រុកបានលើកទឹកចិត្តការបង្កើតគំរូផលិតកម្មជា ក្រុមសហករណ៍ និងក្រុមគ្រួសារ ដើម្បីលើកកំពស់ផលិតភាព គុណភាព ហើយធ្វើ ពិពិធកម្មផលិតផលបន្តិចម្តងៗ។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយ ពន្លឿន ពាណិជ្ជកម្ម ស្វែងរកទីផ្សារស្ថិរភាពសម្រាប់ផលិតផល រួមចំណែកបង្កើតរបររកស៊ី ប្រាក់ចំណូលស្ថិរភាព ការពារបរិស្ថាន និងថែរក្សាអត្តសញ្ញាណវប្បធម៌ផងដែរ។
“យើងខ្ញុំក៏បានរៀបចំការជួបប្រាស្រ័យជាច្រើនជាមួយស្រុកដទៃទៀតនៅក្នុងនិងក្រៅខេត្ត ដើម្បីផ្សព្វផ្សាយផលិតផលពីភូមិរបរ។ នាពេលខាងមុខ អាជ្ញាធរនឹងបន្ត ពិនិត្យភូមិរបរ ដែលត្រូវការថែរក្សានិងអភិរក្ស ដែលក្នុងនោះ មានរបរតម្បាញឫស្សី និងតម្បាញចរបាប់តាមទិសដៅឧស្សាហកម្ម បង្កើតការឯកភាពគ្នាខ្ពស់ក្នុងសង្គម។ ទន្ទឹមនឹងនោះ លើកកម្ពស់ការងារឃោសនា ចលនាប្រជាជនអំពីតម្លៃវប្បធម៌ មាន ដំណោះស្រាយក្នុងការអភិរក្ស និងមរតកបន្តដល់យុវជនជំនាន់ក្រោយ។ ទន្ទឹមនឹងនេះក៏បានតភ្ជាប់ជាមួយនឹងអាជីវកម្មទេសចរណ៍ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមដល់ប្រជាជនផងដែរ”។
ក្នុងរយៈពេលកន្លងមក ខេត្ត Quang Nam មានគោលនយោបាយឧបត្ថម្ភថវិកា ជាច្រើនដើម្បីស្តាររបរតម្បាញឫស្សីនៅឃុំ Song Kon ស្រុក Dong Giang; ឃុំ Tr’Hy ស្រុក Tay Giang; ឃុំ Zduoih ស្រុក Nam Giang ជាដើម។ កុមារជនជាតិ Co Tu នៅក្នុងភូមិរបរទាំងនោះ ត្រូវបានបណ្តុះបណ្តាល និងណែនាំពីគំរូតម្បាញផ្ដៅនិង ឫស្សីពីខេត្តជិតខាង។ ផលិតផលដែលធ្វើឡើង បានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមរបស់ភ្ញៀវទេសចរជាច្រើន។ របរតម្បាញឫស្សីបានបង្កើតការងារធ្វើនិងប្រាក់ចំណូលដល់គ្រួសារជនជាតិ Co Tu ជាច្រើននៅតំបន់ខ្ពង់រាប Quang Nam៕