ពិធី Cong Co (កុងកូ)- លក្ខណៈវប្បធម៌នៃពិធីមង្គលការវៀតណាមបុរាណ

(VOVWORLD) - ពិធី Cong Co មានសារសំខាន់ណាស់ក្នុងពិធីមង្គលការរបស់ប្រជាជននៅតំបន់ណាមបូខាងលិច ដែលពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ និងការអប់រំយ៉ាងស៊ីជម្រៅដល់យុវជនជំនាន់ក្រោយអំពីប្រពៃណីកត្តាញូធម៌ ផឹកទឹកនឹកដល់ប្រភពដើម។ ពិធី Cong Co ពោរពេញទៅដោយអត្តសញ្ញាណជនជាតិវៀតណាម បាននិងកំពុងត្រូវបានថែរក្សានិងផ្សព្វផ្សាយដោយប្រជាជនវៀតណាមនៅតំបន់ណាមបូខាងលិច។

ពិធី Cong Co (កុងកូ)- លក្ខណៈវប្បធម៌នៃពិធីមង្គលការវៀតណាមបុរាណ - ảnh 1កូនកំលោះនិងកូនក្រមុំធ្វើពិធីនៅមុខអាសនៈដូនតា។ (រូបថត៖ Minh Tien)

ពិធី Cong Co ដែលត្រូវបានគេស្គាល់ថាជា ពិធីគោពបូជាដូនតា តាមទស្សនៈទានបុរាណ គឺជាពិធីការដ៏សំខាន់មួយក្នុងពិធីមង្គលការ នៅពេលដែលកូនក្រមុំ និងកូនកំលោះ ថ្វាយបង្គំនៅមុខអាសនៈដូនតានៃគ្រួសារទាំងពីរ។ ក្នុងពិធីភ្ជាប់ពាក្យ ពិធី Cong Co ត្រូវបានប្រារព្ធធ្វើនៅផ្ទះកូនក្រមុំ។ ចំណែកឯក្នុងពិធីមង្គលការវិញ ពិធីការនេះត្រូវបានធ្វើនៅផ្ទះទាំងសងខាង។ ពិធីនេះបានធ្វើឡើងដើម្បីឧទ្ទិសដល់វង្សត្រកូល ហើយជម្រាបជូនជីដូនជីតាអំពីការប្រារព្ធពិធីមង្គលការនិងទទួលសមាជិកថ្មីនៅក្នុងគ្រួសារ; ព្រមទាំង បង្ហាញពីការដឹងគុណរបស់កូនក្រមុំ និងកូនកំលោះចំពោះការគុណបំណាច់របស់ឪពុកម្តាយក្នុងការចិញ្ចឹមចីបាច់រហូតដល់ពេលធំដឹងក្ដី ចាកចេញពីផ្ទះដើម្បីបង្កើតគ្រួសារផ្ទាល់ខ្លួន។

ចំពោះជំនូនសម្រាប់ពិធី Cong Co គ្រួសារកូនក្រមុំនឹងយកចំណែកមួយនៃជំនូនក្នុងពិធីភ្ជាប់ពាក្យ រួមមានស្លាម្លូនិងថាសផ្លែឈើ៥មុខ ដែលគ្រួសារកូនកំលោះយកមក ដើម្បីថ្វាយឡើងអាសនៈដូនតា។ ក្នុងជីវភាពសម័យទំនើបបច្ចុប្បន្ន ពិធី Cong Co ត្រូវបានសម្រួលបន្តិចម្តងៗ ប៉ុន្តែគ្រួសារនានានៅតែជ្រើសរើសពិធីការសំខាន់ៗដើម្បីថែរក្សាតម្លៃវប្បធម៌ប្រពៃណី។ លោកបណ្ឌិត Tran Doan Lam សមាជិកក្លឹបសាលាភូមិវៀតណាម បានចែករំលែកថា៖

“ពិធីការត្រូវបានធ្វើឡើងយ៉ាងល្អិតល្អន់ បង្កើតឡើងវិញនូវពិធីបុរាណជាច្រើន លុបចោលបែបបទមួយចំនួនដែលមិនស្របនឹងរបៀបរស់នៅសម័យទំនើប។ នៅពេលចូលរួមក្នុងពិធី Cong Co ខ្ញុំឃើញថា គេបានជ្រើសរើសពិធីការ និងទំនៀមទម្លាប់ដ៏ល្អប្រសើរបំផុតដើម្បីស្ដារឡើងវិញនូវពិធីអាពាហ៍ពិពាហ៍តាមបែបប្រពៃណី។ ប្រការនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនហាក់ដូចជាកំពុងតែវិលត្រឡប់មកអតីតកាលវិញ ប៉ុន្តែមិនមានលក្ខណៈសក្តិភូមិពេក មិនឆ្ងាយពេក ប៉ុន្តែលាយឡំជាមួយនឹងលក្ខណៈទំនើបផងដែរ”។ 

ដោយមានអត្ថន័យល្អប្រសើរ គ្រួសារជាច្រើននៅតំបន់ណាមបូខាងលិចបានរៀបចំពិធីមង្គលការសម្រាប់កូនចៅតាមប្រពៃណីនិងទំនៀមទម្លាប់បុរាណ។ ក្នុងពិធីមង្គលការរបស់កូនក្រមុំ Lam Tuong Van និងកូនកំលោះ Ngo Minh Nhan ឃុំ Phu Tho Vien ស្រុក Tan An ខេត្ត Long An ពិធី Cong Co ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយមានការរួមដៃពីគ្រួសារទាំងពីរ។ លោក Lam Minh Tri ឪពុករបស់កូនក្រមុំបានចែករំលែកថា៖

“ខ្ញុំស្រឡាញ់វប្បធម៌ប្រពៃណីជាតិ។ ខ្ញុំមានកូនស្រីតែម្នាក់គត់ ដូច្នេះចង់រៀបចំពិធីមង្គលការដែលពោរពេញទៅដោយវប្បធម៌ប្រពៃណីជាតិ។ ខ្ញុំមិនរអែងអញ្ជើញប្រជាជនពីគ្រប់ទិសទីលើទូទាំងប្រទេសប្រទេសមកទីនេះ ហើយរួមគ្នាធ្វើពិធីដ៏ពោរពេញទៅដោយអត្តសញ្ញាណបែបនេះទេ”។

ពិធី Cong Co (កុងកូ)- លក្ខណៈវប្បធម៌នៃពិធីមង្គលការវៀតណាមបុរាណ - ảnh 2ពិធី Cong Co មានលក្ខណៈមនុស្សសាស្ត្រ ហើយអប់រំយ៉ាងស៊ីជម្រៅដល់យុវជនជំនាន់ក្រោយអំពីប្រពៃណីកតញ្ញូធម៌ ផឹកទឹកនឹកដល់ប្រភពដើម។ (រូបថត៖ Minh Tien)

បន្ទាប់ពីការឧទ្ទេសនាមអំពីក្រុមគ្រួសារកូនក្រមុំ រួមមានលោកតាលោកយាយ ឪពុកម្ដាយ ពូៗមីងៗ... កូនក្រមុំ Lam Tuong Van បានបង្ហាញខ្លួនចំពោះមុខមនុស្សគ្រប់គ្នា និងរួមជាមួយឪពុកម្តាយរបស់នាង អុជធូបដើម្បីរំលឹកដល់បុព្វការីជន។ បន្ទាប់មកទៀតគឺជាពិធីថ្វាយតែ ឪពុកម្តាយរបស់កូនក្រមុំអង្គុយលើកៅអី កូនក្រមុំ Lam Tuong Van នៅក្បែរចាក់ទឹកតែមួយពែងអញ្ជើញឪពុកម្តាយ ហាក់ដូចជាការចារឹកយ៉ាងជ្រាលជ្រៅនូវគុណបំណាច់ផ្ដល់កំណើតនិងចិញ្ចឹមបីបាច់។ បន្ទាប់មក កូនក្រមុំបានអញ្ជើញលោកតាលោកយាយ ពូៗមីងៗក្នុងគ្រួសារ ផឹកតែ ដូចរបៀបមួយដើម្បីបង្ហាញពីការដឹងគុណចំពោះការបង្ហាត់បង្រៀន និងសេចក្តីស្រឡាញ់របស់មនុស្សគ្រប់គ្នាចំពោះនាងអញ្ចឹង។ កូនក្រមុំ Lam Tuong Van បានចែករំលែកថា៖

“នៅពេលសម្រេចចិត្តរៀបការ យើងបានគិតយ៉ាងហ្មត់ចត់។ របៀបរៀបការយ៉ាងម៉េច តើត្រូវរៀបចំអ្វីខ្លះ ហើយរៀបចំបែបណាទើបល្អបំផុត។ យើងមិនចង់មានពិធីមង្គលការដ៏ធំនោះទេ ប៉ុន្តែគ្រាន់តែចង់មានការចងចាំអនុស្សាវរីយ៍ដ៏ស្រស់ស្អាតក្នុងខ្លួនមនុស្សម្នាក់ៗ ដើម្បីឱ្យពេលដែលយើងនឹករលឹកឡើងវិញ យើងនឹងមានការចងចាំដ៏ស្រស់ស្អាត។ ដោយមានការណែនាំពីឪពុកម្តាយ យើងបានសម្រេចចិត្តស្លៀកពាក់អាវផាយ ៥ ចំណែកសម្រាប់ពិធីមង្គលការនេះ”

ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិវៀតណាមនៅតំបន់ណាមបូខាងលិចមានចំណុចពិសេសដែលពិបាករកឃើញនៅតំបន់ផ្សេងៗទៀតទេ។ ដោយមានការរួមដៃគ្នារបស់សហគមន៍ និងអ្នកដែលស្រឡាញ់ប្រពៃណីវប្បធម៌របស់ប្រជាជាតិ ដូចគ្រួសាររបស់លោក Lam Minh Tri ពិធី Cong Co និងលក្ខណៈវប្បធម៌វៀតណាមដ៏ស្រស់ស្អាតផ្សេងទៀតនឹងបន្តត្រូវបានថែរក្សានិងផ្សព្វផ្សាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ