ពិធី Kin pang ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនជាតិ Khang
(VOVWORLD) - ពិធី Kin pang របស់បងប្អូនជនជាតិ Khang ដែលរស់នៅស្រុក Quynh Nhai ខេត្ត Son La គឺជាពិធីអរព្រះគុណ ដែលបង្ហាញពីភាពកតញ្ញូតាធម៌របស់កូនចិញ្ចឹមចំពោះឪពុកម្តាយចិញ្ចឹម (ពោលគឺគ្រូសែន)។ ហើយ Kin pang ត្រូវបានរក្សាពីជំនាន់មួយទៅជំនាន់មួយ ប្រៀបប្រដូចជាទំនៀមទំលាប់និងលក្ខណៈវប្បធម៌មួយរបស់ជនជាតិ Khang។
ពិធី Kin pang របស់ជនជាតិ Khang ស្រុក Quynh Nhai។ (រូបថត៖ VOV) |
កាលពីមុន តាមទំនៀមទម្លាប់របស់ជនជាតិ Khang ពេលដែលនរណាម្នាក់មានជំងឺឈឺថ្កាត់ ទៅពិនិត្យព្យាបាលនៅកន្លែងជាច្រើន ប៉ុន្តែមិនជាសះស្បើយនោះ គឺសមាជិកគ្រួសារនឹងអញ្ជើញគ្រូសែនមកធ្វើពិធីសែនដើម្បីលើកទឹកចិត្តដល់អ្នកជំងឺ ឲ្យឆាប់ជាសះស្បើយ។ ក្រោយពិធីសែន ប្រសិនបើអ្នកជំងឺមានសុខភាពល្អឡើងវិញ គឺគេនឹងសុំធ្វើជាកូនចិញ្ចឹមរបស់គ្រូសែននោះ។ ជួយបានមនុស្សកាន់តែច្រើន គ្រូសែននឹងមានកូនចិញ្ចឹមកាន់តែច្រើនដែរ។ ដូច្នេះហើយ ក្នុងឱកាសចូលឆ្នាំថ្មីម្ដងៗ កូនចៅក្នុងគ្រួសារ និងកូនចិញ្ចឹមទាំងអស់នឹងមកជួបជុំគ្នានៅផ្ទះគ្រូសែន (ឪពុកម្ដាយចិញ្ចឹម) ដើម្បីរៀបចំពិធី Kin pang ក្នុងបំណងសម្ដែងនូវការដឹងគុណចំពោះឪពុកម្តាយចិញ្ចឹម។ លោក Lo Van Bun ជាជនចាស់ជរាម្នាក់ ដែលយល់ដឹងអំពីទំនៀមទម្លាប់របស់ជនជាតិ Khang នៅឃុំ Chieng On ស្រុក Quynh Nhai ខេត្ត Son La បានឲ្យដឹងថា៖
“មុនពេលធ្វើពិធី កូនចៅក្នុងផ្ទះនិងកូនចិញ្ចឹមនឹងយកអង្ករ ជ្រូក មាន់ មកផ្ទះឪពុកម្ដាយចិញ្ចឹម ដើម្បីថ្លែងអំណរគុណដល់ឪពុកម្ដាយចិញ្ចឹមដែលបានធ្វើការសែនព្រេន ព្យាបាលឲ្យខ្លួនបានជាសះស្បើយមានសុខភាពល្អ។ ចំពោះកូនចិញ្ចឹមដែលកាលពីមុនមានជំងឺធ្ងន់ធ្ងរនោះ ជាធម្មតា គេនឹងកាប់ជ្រូកធំរបស់គ្រួសារ ហើយនាំយកទៅបរិច្ចាគ មានតិចគឺបរិច្ឆាគតិចទៅតាមសុទ្ធារបស់ខ្លួន កូនចិញ្ចឹមគិតថា ពីមុនឪពុកចិញ្ចឹមបានជាព្យាបាលឲ្យខ្លួនបានជាសះស្បើយពីជំងឺហើយ ដូច្នេះឥឡូវនេះខ្លួនត្រូវថ្លែងអំណរគុណដល់ឪពុកម្តាយចិញ្ចឹម។
ការត្រៀមរៀបចំឲ្យពិធី Kin pang។ (រូបថត៖ VOV) |
ចំណុចពិសេសនិងសំខាន់បំផុតក្នុងពិធី Kin pang របស់ជនជាតិ Khang នៅស្រុក Quynh Nhai គឺជាការរាំរបាំ Tang bu ដែលជារបាំដ៏ពិសេសដោយឡែករបស់ជនជាតិ Khang។ ដើម្បីត្រៀមរៀបចំឲ្យការសម្ដែងរបាំនេះ ត្រូវមានក្តារបន្ទះឈើល្អ កម្រាស់ ១០-១៥ សង់ទីម៉ែត្រ ទទឹង ២៥-៣០ សង់ទីម៉ែត្រ បណ្តោយ ៥-៦ ម៉ែត្រ ធ្វើជាបាត សម្រាប់ចាកដំបង tang bu ដែលជាបំពង់ឬស្សី ប្រវែងប្រហែល ១-២ម៉ែត្រ។ ដំបង tang bu នោះត្រូវបានចាត់ឲ្យកូនចៅទៅយកពីក្នុងព្រៃ យ៉ាងហោចណាស់ពី១០០ដល់២០០ដើម។ នៅក្នុងរបាំ tang Bu មិនអាចខ្វះបាន ស្រាពាងចំនួន៣ពាង ដើម neu មួយដើម ដែលត្រូវបានតុបតែងដោយរូប បក្សី សត្វ ដើមឈើ ត្រូវបានដាក់នៅកណ្តាលរង្វង់អ្នករាំ។ លោក Lo Van Bun បានឲ្យដឹងបន្ថែមទៀតថា៖
“ពេលកូនចៅត្រៀមរៀបចំឧបករណ៍សម្រាប់រាំ tang bu រួចរាល់ហើយ ត្រូវកាត់បំពង់ឬស្សីមួយគូដែលមានប្រវែងជាងមួយចំអាមដៃ ដើម្បីឲ្យប្រពន្ធរបស់គ្រូសែន ចាក់ចុះបន្ទះក្តារ tang bu ជាមុនសិន ចាប់ផ្ដើមរបាំ tang bu។ បន្ទាប់មក ទើបកូនចិញ្ចឹមដែលឈឺធ្ងន់ជាងគេក្នុងចំណោមកូនចិញ្ចឹមទាំងអស់ត្រូវបានអនុញ្ញាតឲ្យរាំតាម។ ហើយកូនចិញ្ចឹមច្បងនេះ នឹងយកកន្សែងចងជ្រូកស្ងោរទាំងមូលនៅមុខទ្រូង ហើយរាំជាមួយក្រុមដែលអាចមានមនុស្សរហូតដល់រាប់រយនាក់”។
បន្ទាប់ពីទទួលទានអាហាររួច មនុស្សគ្រប់គ្នា អាចបន្តរាំ tang bu ប្រកបដោយសេចក្ដីរីករាយ ពេញមួយយប់រហូតដល់ភ្លឺ ដោយគ្មាននរណាម្នាក់មានអារម្មណ៍នឿយហត់ឡើយ។ នាព្រឹកថ្ងៃបន្ទាប់ ទើបគ្រូសែនធ្វើពិធីបញ្ចប់ពិធី Kin pang។ តាមរយៈពិធីបុណ្យ Kin pang នេះ កំលោះក្រមុំជាច្រើន មានឱកាសជួបប្រាស្រ័យ ស្វែងយល់គ្នា ហើយភ្ជាប់និស្ស័យក្លាយជាប្តីប្រពន្ធ។
បង្កប់នូវអត្តសញ្ញាណវប្បធម៌ជនជាតិនិងអត្ថន័យមនុស្សសាស្ត្រ ដូច្នេះពិធីបុណ្យ Kin pang ត្រូវបានអាជ្ញាធរ ផ្នែកសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅស្រុក Quynh Nhai យកចិត្តទុកដាក់ដើម្បីស្ដារឡើងវិញនិងអភិរក្ស។ លោកស្រី Dieu Thi Nhat ប្រធានការិយាល័យវប្បធម៌ស្រុក Quynh Nhai បានឲ្យដឹងថា៖
“ជនជាតិ Khang នៅស្រុកស្ថិតនៅក្នុងក្រុមជនជាតិភាគតិច ហើយបទចម្រៀងប្រជាប្រិយ ក្បាច់របាំរបស់ជនជាតិ Khang កំពុងមានហានិភ័យរលាយសាបសូន្យ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ការិយាល័យក៏បានយកចិត្តទុកដាក់ខ្លាំងដល់ការអភិរក្ស ផ្សព្វផ្សាយ និងស្ដារឡើងវិញនូវពិធីបុណ្យ បទចម្រៀង របាំក្បាច់ប្រជាប្រិយ និងទំនៀមទម្លាប់សង្គម ហើយយើងក៏បានស្ដារឡើងវិញនូវពិធីបុណ្យ Kin pang (ពោលគឺពិធីបុណ្យស្រាបឺត) របស់ជនជាតិ Khang ហើយរហូតមកដល់បច្ចុប្បន្ន ពិធីបុណ្យនេះមានឥទ្ធិពលយ៉ាងខ្លាំង”។
ក្នុងឱកាសដើមឆ្នាំម្ដងៗ ជនជាតិ Khang ស្រុក Quynh Nhai តែងតែរក្សាទំនៀមទម្លាប់ធ្វើពិធីបុណ្យ Kin pang ហើយកូនចៅទាំងអស់អាចរីករាយជាមួយគ្នាក្នុងរបាំ tang bu ប្រពៃណី៕