ពិធីការដ៏សំខាន់នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Dao Khau
(VOVWORLD) - ពិធីរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Dao Khau នៅស្រុក Sin Ho ខេត្ត Lai Chau មានពិធីកិច្ចផ្សេងគ្នាជាច្រើន ដែលក្នុងនោះ មិនអាចខ្វះបានពិធីការថ្វាយបង្គំនោះឡើយ។ ពិធីនេះមានអត្ថន័យដ៏សំខាន់ ដូច្នេះហើយ ត្រូវបានប្រជាជនគោរពយ៉ាងខ្លាំង ហើយជាពិធីដែលមិនអាចខ្វះបានក្នុងពិធីរៀបអាពាហ៍ ពិពាហ៍របស់ប្រជាជន។
កូនក្រមុំ (ខាងឆ្វេង) និងស្រីកំដរនៅក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao Khau។ |
ពិធីថ្វាយបង្គំ របស់ជនជាតិ Dao Khau ច្រើនតែត្រូវបានធ្វើឡើងចាប់ពី៧ដល់ម៉ោង១២រាត្រីនៅក្នុងថ្ងៃរៀបមង្គលការ។ ដើម្បីត្រៀមរៀបចំឲ្យពិធីនេះ គ្រួសារកូនកំលោះ នឹងរៀបចំតុការ៉េមួយ ដាក់នៅល្វែងកណ្ដាលផ្ទះក្បែរអាសនៈ។ នៅសង្ខាងតុ ដាក់កៅអីវែងមួយ។ នៅលើតុការ៉េ ដាក់អង្ករមួយចានគោម ដោតផ្កា២ទងនៅពីលើ; សាច់ខ្លាញ់ស្ងោរមួយចាន ថាសធំពីរ; ចង្កឹះ៨ដល់១០គូ កែវផឹកស្រា៨ដល់១០កែវ; ពោត ១០០ គ្រាប់។ នៅខាងក្រៅតុការ៉េ គេទ្រាប់ចម្បើងមួយស្រទាប់នៅលើគ្រឹះដីហើយក្រាលកន្ទេលធំមួយលើ និងដាក់ភួយកប្បាសបត់តូចចំនួនពីរនៅកន្លែងកូនក្រមុំ និងកូនកំលោះសម្រាប់ធ្វើពិធី។ លោកស្រី Tan My Xoang មេអណ្ដើកម្នាក់នៅឃុំTa Phin ស្រុក Sin Ho បានឲ្យដឹងថា៖
“ក្រៅពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលកូនក្រមុំបានស្លៀកពាក់នោះ នាងក៏មានក្រណាត់ក្រហមពីរផ្ទាំងបន្ថែមទៀតដោយប្រវែងប្រហែល ៤ ម៉ែត្រ ពាក់តាមឈាងពីស្មាដល់ក្លៀករួច ចងជាផ្កាមួយនៅចំហៀង ហើយក្រណាត់ដែលនៅសល់ធ្លាក់ដល់ដី។ ផ្ទាំងក្រណាត់ក្រហមខ្លីមួយទៀត រុំពីលើក្បាលពោះទៅខាងក្រោយ ចងរឹត ទម្លាក់ចុះដល់កែងជើង។ កូនកំលោះពាក់អាវពណ៌ខៀវបន្ថែមទៀត វែងដល់ជិតប្រអប់ជើង។ កូនកំលោះក៏ពាក់ខ្សែក្រណាត់ក្រហមដូចកូនក្រមុំដែរ ហើយនៅលើក្បាល ពាក់កន្សែងក្រហមមួយទៀតដែលសៀតផ្កាមួយទងនៅពីមុខថ្ងាស”។
ក្នុងពិធីថ្វាយបង្គំ របស់ជនជាតិ Dao Khau តួនាទីរបស់លោកជំនួយកិច្ចការ គឺមានសារៈសំខាន់ណាស់ ព្រោះលោកជំនួយកិច្ចការមានការយល់ដឹងអំពីទំនៀមទម្លាប់នេះ។ លោកជំនួយកិច្ចការត្រូវអង្គុយជាប្រចាំនៅតុការ៉េ ហើយមានភារកិច្ចដឹកនាំពិធីថ្វាយបង្គំ តាំងពីដើមដល់ចប់ ដូចជា៖ ដាស់តឿនមនុស្សឲ្យអង្គុយនៅតុការ៉េ ដើម្បីទទួលការថ្វាយបង្គំ ផ្តល់សញ្ញាឲ្យក្រុមតន្ត្រីលេងភ្លេង រាប់ការថ្វាយបង្គំរបស់កូនក្រមុំកូនកំលោះ ឬផ្ដល់សញ្ញាឲ្យក្រុមតន្ត្រីឈប់ប្រគុំតន្ត្រី ជាដើម។ លោក Tan A San នៅឃុំ Phang Xo Lin ស្រុក Sin Ho ជារឿយៗត្រូវបានបងប្អូនសុំធ្វើជាលេខាធិការក្នុងពិធីមង្គលការបានចែករំលែកថា៖
“ពិធីថ្វាយបង្គំនេះ ខុសពីការថ្វាយបង្គំឪពុកម្ដាយ។ កាយវិកាក្នុងពិធីថ្វាយបង្គំគឺ៖ កូនកំលោះ ដៃស្តាំកាន់កន្សែង ដៃពីរលាតចេញពីគ្នា ហើយសំពះដៃនៅមុខទ្រូង លើកដៃប្រណម ឱនក្បាលចុះក្រោម ដើម្បីឲ្យក្បាលនិងដៃនៅស្មើគ្នា រួចឈរត្រង់ លើកក្បាល ទម្លាក់ដៃចុះពោះ ពន្លាដៃបន្តិចម្តងៗ។ នោះគឺជាកាយវិការឈរថ្វាយបង្គំ។ បន្ទាប់នោះ ចលនាក្រាបចុះថ្វាយបង្គំក៏ដូចគ្នាអញ្ចឹង។ កូនកំលោះឈរថ្វាយបង្គំបីដង ក្រាបចុះថ្វាយបង្គំបីដង ហើយកូនក្រមុំក៏លុតជង្គង់ចុះជាមួយកូនកំលោះដែរ។ នេះត្រូវបានរាប់ថា ជាការថ្វាយបង្គំមួយដង”។
ពិធីរៀបមង្គលការរបស់កូនកំលោះនិងកូនក្រមុំ។ |
ពិធីថ្វាយបង្គំចាប់ផ្ដើម តុទីមួយគឺសម្រាប់ថ្វាយបង្គំដូនតា។ នៅពេលនេះ លោកជំនួយការ កាន់ថាសមួយដាក់តែចំនួន៦កែវ បង្ហាញនៅចំពោះមុខកូនកំលោះ បន្ទាប់មកកូនកំលោះលូកដៃលើគែមថាស ដើម្បីបង្ហាញថា កូនកំលោះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើកាយវិកាថ្វាយបង្គំ។ កូនក្រមុំនិងកូនកំលោះត្រូវតែថ្វាយបង្គំចំនួន៧ដង។
តុទី២គឺសម្រាប់ថ្វាយបង្គំឪពុកម្តាយទាំងសង្ខាងនិងមេអណ្ដើក។ លោកជំនួយការ ធ្វើកាយវិកាអញ្ជើញកូនក្រមុំនិងកំលោះម្ដងទៀត ហើយផ្ដល់សញ្ញាឲ្យក្រុមតន្ត្រីប្រគុំ។ អ្នកដែលទទួលការថ្វាយបង្គំ នឹងយកអំណោយពីហោប៉ៅ ដាក់លើថាសឬលើតុ ថ្កៀបសាច់ជ្រូកបីជាន់មួយដុំដាក់ចូលចាន ចាត់ទុកដូចជាខ្លួនបានទទួលទានរួច ហើយត្រឡប់ទៅផ្ទះវិញ។
តុទីបីគឺសម្រាប់ថ្វាយបង្គំភ្ញៀវ។ អ្នកដែលទទួលការថ្វាយបង្គំគឺជាអ្នកខាង បងប្អូន មិត្តភក្តិ... ប៉ុន្តែប្រសិនបើពួកគេរៀបការហើយធ្លាប់បានថ្វាយបង្គំអ្នកដទៃហើយ ឥឡូវនេះពួកគេទើបមានសិទ្ធិអង្គុយក្បែរតុការ៉េដើម្បីទទួលយកការថ្វាយបង្គំពីអ្នកដទៃ។ តុទីបួន ទីប្រាំ... គឺដូចគ្នានឹងតុទីបីដែរ រហូតដល់អស់មនុស្សទទួលយកការថ្វាយបង្គំ។
នៅពេលបញ្ចប់ពិធីថ្វាយបង្គំ លោកជំនួយការនឹងចេញមុខធ្វើពិធីរៀបអាហ៍ពិពាហ៍ដល់គូស្រករវ័យក្មេង។ លោកនឹងប្រៀនប្រដៅ គូស្វាមីភរិយាឲ្យចងចាំគុណបំណាច់នៃការប្រសូត និងចិញ្ចឹមបីបាច់របស់ឪពុកម្ដាយ ត្រូវថែរក្សាគុណធម៌ ខិតខំប្រឹងប្រែងប្រកបរបររកស៊ី ព្រមទាំងជូនពរគូស្វាមីភរិយារួមរស់ជាមួយគ្នាប្រកបដោយសុភមង្គលជារៀងរហូត៕