ពិធីដាក់ឈ្មោះកូនរបស់ជនជាតិ Mong នៅខេត្ត Cao Bang
(VOVWORLD) - សម្រាប់ជនជាតិ Mong នៅខេត្ត Cao Bang ការដាក់ឈ្មោះឲ្យកូនមិនត្រឹមតែជាសញ្ញាសម្គាល់ ការចាប់ផ្តើមជីវិតរបស់មនុស្សម្នាក់ប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនទៀតផង។ ដូច្នេះ ពិធីដាក់ឈ្មោះកូនគឺមានសារៈសំខាន់ណាស់ ហើយត្រូវបានក្រុមគ្រួសាររៀបចំយ៉ាងយកចិត្តទុកដាក់ផងដែរ។
ទារកជនជាតិម៉ុង (រូបថត៖ កាសែត Dantocmiennui.vn) |
ជនជាតិ Mong មានជំនឿថា ពេលទារកកើតមក ព្រលឹងនៅតែរវិលវល់ ដូច្នេះត្រូវរៀបចំពិធីហៅព្រលឹង និងដាក់ឈ្មោះឲ្យកូន ដើម្បីជីដូនជីតា ទទួលស្គាល់តាមថែរក្សា ការពារកុំឱ្យកើតជំងឺ។ យោងតាមលោកស្រី Hoang Thi Phuong ស្រុក Bao Lam ខេត្ត Cao Bang ពិធីនេះត្រូវបានជនជាតិ Mong រៀបចំឡើងយ៉ាងឱឡារិក ដូចជាពិធីពេញខែរបស់ជនជាតិ Tay និង Nung អញ្ជឹង; ហើយក្នុងពិធីនេះនឹងអញ្ជើញបងប្អូនញាតិមិត្តជិតឆ្ងាយចូលរួមផងដែរ។
“ទារកបានកើតមក ៣ ថ្ងៃ គ្រួសារត្រូវរៀបចំពិធីដាក់ឈ្មោះឲ្យកូនភ្លាម។ ពេលនោះ ត្រូវអញ្ជើញគ្រូសែនមកធ្វើហើយក៏អញ្ជើញឪពុកម្តាយ បងប្អូនជីដូនមួយ និងអ្នកជិតខាងមកហូបបាយដាក់ឈ្មោះកូន និងដាក់ឈ្មោះថ្មីជូនឪពុកម្តាយ។ គ្រួសារដែលគ្មានលទ្ធភាពបានត្រឹមតែធ្វើបាយមួយស្ពុកប៉ុណ្ណោះ ហើយអញ្ជើញញាតិមិត្តជិតឆ្ងាយមកហូបជុំគ្នាបួងសួងសុំឲ្យទារកមានសុខភាពល្អ”។
ជាធម្មតាពិធីនេះធ្វើឡើងនៅពេលព្រឹកព្រលឹម នៅឯគ្រួសារដែលមានទារកទើបនឹងកើត។ លោក Hoang A Tu នៅឃុំ Thach Lam ស្រុក Bao Lam ខេត្ត Cao Bang បានឲ្យដឹងថា មុនពេលរៀបចំពិធី ម្ចាស់ផ្ទះនឹងស្ងោមាន់មួយក្បាលសម្រាប់ដាក់លើអាសនៈដូនតា បន្ទាប់មកគ្រូសែននឹងដំណើរការពិធីបួងសួងហៅព្រលឹង។ គ្រួសារតែងរៀបចំតុសម្រាប់ដាក់ស្ពុកសែននៅមាត់ទ្វារផ្ទះ។ ស្ពុកសែនរួមមានចានអង្ករមួយសម្រាប់ដត់ ធូប ហើយមានពងមួយដាក់លើចានអង្ក ជាប់នោះមានមាន់ឈ្មូលមួយក្បាលដែរ៖ “សិទ្ធិដាក់ឈ្មោះទារកដោយជីដូនជីតា និងឪពុកម្តាយជាអ្នកសម្រេចតាមរយៈការពិភាក្សាគ្នារហូតដល់ពេលយល់ព្រមនឹងផ្តល់ដំណឹង ជូនគ្រូ សែនឲ្យជ្រាប។ ឧទាហរណ៍ បើអ្នកដាក់ឈ្មោះទារកជា Mi ពេលដល់ម៉ោងហៅព្រលឹង គ្រូនឹងហៅថា «មកផ្ទះវិញ Mi ឯងមានឪពុក ម្តាយហើយ ឥឡូវនេះឯងកុំដើរលេងទៀតទេ ឯងមកផ្ទះវិញជាមួយជីដូនជីតានិងឪពុកម្តាយរបស់ឯងណា”។ គ្រានោះ គ្រូសែននឹងបោះជើងលេខ ជើងលេខនេះបានបញ្ជាក់ថា ព្រលឹងទារកបានយល់ព្រមនឹងឈ្មោះនេះ។ នៅ ពេលនេះ ព្រលឹងរបស់ទារកបានវិលត្រលប់មកវិញហើយ ប្រសិនបើជើងលេខទាំងសងខាងបែរមុខចុះក្រោម ឬមួយចំហៀងបើកចំហ ហើយម្ខាងទៀតបែរមុខទៅខាង គ្រួសារត្រូវដាក់ឈ្មោះផ្សេងឲ្យទាយក។ ពេលដាក់ឈ្មោះកូនរួច នឹងយកចានធូបមកដាក់ក្នុងបន្ទប់ លើក្បាលគ្រែកូនដេក ចំណែកពងនិងមាន់ឈ្មោល យកទៅស្ងោរហើយដាក់សែនម្តងទៀត”។
គ្រូសែនអ្នកតាក្នុងផ្ទះ (រូបថត៖ baoquocte.vn) |
បន្ទាប់ពីពិធីសែនបានរួចរាល់ កុមារត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាសមាជិកនៃគ្រួសារ ហើយត្រូវបានបុព្វការីជន និងឆ្មបប្រទានពរឲ្យមានសុខភាពល្អ និងធំដឹងយ៉ាងឆាប់រហ័ស។ នៅពេលនេះ បងប្អូនញាត្តិមិត្តទាំងអស់នឹងមកជូនអំណោយដល់កុមារដូចជា៖ មាន់មួយគូ អង្ករឆ្ងាញ់មួយបាវ លុយកាក់មួយចំនួន... ដើម្បីអបអរសាទរដល់កូនដែលមានឈ្មោះ និងធំធាត់មានសុខភាពល្អ។ ក្រោយមក អ្នករាល់គ្នាបានជួបជុំផឹកស៊ីយ៉ាងសប្បាយរីករាយ។ លោក Hoang A Tu បានបន្ថែមថា ពិធីដាក់ឈ្មោះសម្រាប់កូនចម្បង និងកូនទី២ ក៏មានភាពខុសគ្នាខ្លះដែរ៖ “ពេលធ្វើពិធីដាក់ឈ្មោះកូនចម្បង ជនជាតិ Mong ច្រើនតែដាក់ឈ្មោះឪពុកម្តាយរបស់កូននោះឡើងវិញ។ ជនជាតិ Mong ហៅថា ដាក់ឈ្មោះមនុស្សពេញវ័យ។ ឧទាហរណ៍ ប្រសិនបើឈ្មោះឪពុកគឺ Pa ការដាក់ឈ្មោះឡើងវិញនឹងបន្ថែមអក្សរកណ្តាល គឺ Hong Pa ឬ Dung Pa។ សព្វថ្ងៃ គ្រួសារណាដែលមានលទ្ធភាព នឹងកាប់ជ្រូកមួយក្បាល ទម្ងន់ប្រហែល ៤០-៥០ គីឡូក្រាម អញ្ជើញញាតិមិត្តជិតខាងមកហូបបាយ រួចប្រកាសថា បានដាក់ឈ្មោះឡើងវិញដូចនេះដូចនោះ ដើម្បីឲ្យគ្រប់គ្នាបានដឹង ហើយចាប់ពីពេលនោះមក គ្រប់គ្នានឹងហៅឪពុកម្តាយទារក ដោយឈ្មោះថ្មី។ ចំណែកពិធីដាក់ឈ្មោះកូនទី ២ គឺគ្រាន់តែជាពិធីសាមញ្ញដាក់ឈ្មោះកូនប៉ុណ្ណោះ ហើយមិនអញ្ជើញភ្ញៀវច្រើនទេ”។
នាបច្ចុប្បន្ន ជីវភាពរស់នៅរបស់ជនជាតិ Mong នៅខេត្ត Cao Bang មានការផ្លាស់ប្តូរជាច្រើន។ ពេលសម្រាលកូន ស្ត្រីជនជាតិ Mong បានទៅមន្ទីរពេទ្យ ហើយលែងសម្រាលកូននៅផ្ទះដូចកាលពីអតីតកាលនោះឡើយ។ ការសម្រាលកូននៅមន្ទីរពេទ្យជាធម្មតាត្រូវចំណាយពេល ៥-៧ ថ្ងៃទើបបានចេញពីមន្ទីរពេទ្យ ដូច្នេះពិធីដាក់ឈ្មោះលែងត្រូវការនៅពេលទារកមានអាយុ ៣ ថ្ងៃទៀត។ យ៉ាងណាមិញ ជនជាតិ Mong នៅខេត្ត Cao Bang នៅតែរក្សាទំនៀមទម្លាប់នៃការដាក់ឈ្មោះកូន ហើយចាត់ទុក នេះជាលក្ខណៈវប្បធម៌ប្រពៃណី បង្ហាញពីសាមគ្គីភាពរបស់ប្រជាជននៃជនជាតិខ្លួន៕