(VOVWORLD) - ជនរួមជាតិជនជាតិ Kho Mu នៅខេត្ត Lai Chau មានរតនសម្បត្តិវប្បធម៌ដ៏ពិសេសមួយ ក្នុងនោះមានពិធីការខាងជំនឿ Ma Ma Me ឬត្រូវបានគេហៅថាជាពិធីបុណ្យអំណរស្រូវថ្មីផងដែរ។ ពិធីបុណ្យនេះត្រូវបានធ្វើឡើងដើម្បីឧទ្ទិសកុសលជូនដល់ជីដូនជីតា បុព្វការីជន និងពពួកទេវតាដែលបានប្រសិទ្ធពរជ័យរដូវអំណោយផល ប្រជាជនមានជីវភាពរស់នៅដ៏សម្បូរធូធារ មហាប្រសើរ សុភមង្គល។
ស្ត្រីជនជាតិ Kho Mu នៅលើវាលស្រែស្រូវទុំពណ៌មាស។ (រូបថត៖ VOV) |
ជនរួមជាតិជនជាតិ Kho Mu នៅភូមិ Nam Manh ឃុំ Nam Manh ស្រុក Nam Nhun ខេត្ត Lai Chau មានទស្សៈទានថា ស្ពកសែនក្នុងពិធីបុណ្យ Ma Ma Me មានគ្រឿងសំណែនកាន់តែច្រើន គឺបានបង្ហាញកាន់តែច្បាស់អំពីភាពសម្បូធូធារ និងភាពចម្រុងចម្រើនរបស់បណ្ដាក្រុមគ្រួសារក្នុងភូមិ។ ដោយហេតុនេះ ជារៀងរាល់ឆ្នាំ ប្រជាជនតែងតែរៀបចំគ្រឿងសំណែនជាច្រើន ដើម្បីដាក់ដង្វាយដូចជា៖ បាយដំណើបស អំបុកស្រូវថ្មី បាយដំណើបអំបុក បាយក្រៀម សាច់ជ្រូក សាច់មាន់ សាច់កំប្រុក កណ្ដុរព្រៃ និងត្រីអូរ ជាដើម។ នេះក៏ជាឱកាសមួយដើម្បីឱ្យប្រជាជនរៀបចំសកម្មភាពវប្បធម៌សិល្បៈ ការលេងល្បែងប្រជាប្រិយ និងការផ្លាស់ប្តូវប្បធម៌ ក្នុងបំណងបំផុសមោទនភាពចំពោះប្រពៃណីជនជាតិផងដែរ។
នៅថ្ងៃធ្វើពិធីសែន ឬត្រូវបានគេហៅថា “ពិធីហៅវិញ្ញាណស្រូវ” គ្រូសែនស្លៀកពាក់ក្នុងសំលៀកបំពាក់ប្រពៃណី (ពណ៌ស្វាយខ្មៅ ក្បាលពាក់កន្សែង) ដាក់គ្រឿងសំណែននៅលើស្ពកសែនដោយខ្លួនឯង។ សមាជិកដទៃទៀត ប្រមូលផ្ដុំគ្នានៅពីក្រោយដើម្បីស្តាប់គ្រូសែន អញ្ជើញពពួកទេវតាមកទទួលបច្ច័យបិណ្ឌបាតនិងចង្ហាន់ ហើយប្រសិទ្ធិពរជ័យដល់អ្នកភូមិទាំងមូលឲ្យមានវិបុលសុខ មិនជួបជំងឺឈឺថ្កាត់ ទទួលបានរដូវអំណោយផលជារៀងរាល់ឆ្នាំ មិនទុកឲ្យក្រុមគ្រួសារក្នុងភូមិត្រូវអត់ឃ្លាននោះឡើយ។
គ្រូសែន La Van So នៅភុមិ Nam Manh ឃុំ Nam Manh បានឲ្យដឹងថា៖ ពិធីបុណ្យ Ma Ma Me ត្រូវបានប្រារព្ធឡើងបន្ទាប់ពីរដូវប្រមូលផលនីមួយៗ ហើយច្រើនតែប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ។ នេះគឺជាពិធីដ៏សំខាន់សម្រាប់ជនជាតិ Kho Mu ដូច្នេះទោះបីជាស្ថានភាពសេដ្ឋកិច្ចមានការលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមគ្រួសារនានានៅតែខិតខំត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ពិធីនេះផងដែរ៖
“នេះជាអត្តសញ្ញាណជាតិរបស់ជនជាតិ Kho Mu ដូច្នេះយើងខ្ញុំត្រូវធ្វើជារៀងរាល់ឆ្នាំ។ ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវ ទើបកូនចៅមានសុខភាពល្អ រកស៊ីមានបាន និងមានភាពចម្រុងចម្រើន។ ពិធីនេះមានតាំងពីយូរលង់ណាស់មកហើយ ដូច្នេះយើងខ្ញុំមិនអាចបោះបង់ចោលបានទេ។ ឃើញជីដូនជីតា និងឪពុកម្ដាយធ្វើយ៉ាងដូចម្ដ៉េច ខ្លួនក៏យកតម្រាប់តាម មិនអាចបោះបង់ចោលបានទេ”។
ការលេងល្បែងរុញអង្រែក្នុងក្របខ័ណ្ឌនៃពិធីបុណ្យ Ma Ma Me។ រូបថត៖ VOV |
ជនជាតិ Kho Mu នៅ Lai Chau មានចំនួនប្រជាជនជាង ៨០០០ នាក់ ដែលរស់នៅភាគច្រើននៅក្នុងស្រុក Sin Ho, Than Uyen, Tan Uyen, Muong Te និង Nam Nhun; ក្នុងនោះនៅស្រុក Nam Nhun ជនជាតិ Kho Mu រស់នៅក្នុងភូមិចំនួន ៣ គឺ Nam Manh, Tong Pit, Hat Me នៅឃុំ Muong Mo និង Nam Manh ដោយគ្រួសារជាង ២៨០ និងប្រជាជនជាង ១២០០ នាក់។ លោក Vu Tien Hoa អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Nhun បានឲ្យដឹងថា៖ ស្រុក Nam Nhun បានរៀបចំការស្តារឡើងវិញនូវពិធីបុណ្យ Ma Ma Me របស់ជនជាតិ Kho Mu ដើម្បីអភិរក្សនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Kho Mu និងជនជាតិភាគតិចខ្លះទៀតនៅខេត្ត Lai Chau។
“នាពេលកន្លងមក គណៈកម្មាធិការប្រជាជនស្រុកបានកសាង និងស្ដារឡើងវិញនូវពិធីបុណ្យដ៏ពិសេសមួយចំនួនរបស់ជនរួមជាតិបណ្ដាជនជាតិ ដូចជា៖ ពិធីបុណ្យបញ្ចប់រដូវប្រមូលផលរបស់ជនជាតិ Cong ពិធីបុណ្យគែនរបស់ជនជាតិ Mong ពិធីបុណ្យព្រះវិហារធ្វើសក្ការបូជាស្តេច Le Thai To។ .នាពេលខាងមុខ ស្រុកនឹងបន្តស្តារឡើងវិញនូវពិធីបុណ្យមួយចំនួនដូចជា៖ ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនជាតិ Kho Mu និងជនជាតិ Mang រៀបចំថ្នាក់បង្រៀនការបង្ហាញម៉ូដសំលៀកបំពាក់របស់ជនជាតិភាគតិចមួយចំនួន។ លើសពីនេះ ស្រុកក៏ដំណើរការអភិរក្ស និងធ្វើឌីជីថលភាវូបនីយកម្មនូវភាសានិយាយរបស់ជនជាតិភាគតិចមួយចំនួនដូចជា ជនជាតិ Mang និងជនជាតិ Cong”។
ឆ្នាំនេះ ពិធីបុណ្យ Ma Ma Me ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ២៤-២៦ ខែកញ្ញា ដោយទាក់ទាញជនរួមជាតិបណ្ដាជនជាតិនៅមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរមកចូលរួមយ៉ាងច្រើនកុះករ។ ជាពិសេសបន្ទាប់ពីរៀបចំពិធី “ហៅវិញ្ញាណស្រូវ” រួចរាល់ ប្រជាជននិងភ្ញៀវទេសចរបានសម្របខ្លួនក្នុងពិធីបុណ្យ ដោយបានចូលរួមលេងល្បែងប្រជាប្រិយប្រពៃណីដូចជា៖ រុញអង្រែ ទាញព្រ័ត្រ បិទភ្នែកវាយគង... អ្នកស្រី Di Thi Ca ជនជាតិ Mong ម្នាក់មកពីស្រុក Phong Tho បានឲ្យដឹងថា៖
“ក្រុមជនជាតិនីមួយៗមានទំនៀមទម្លាប់ខុសៗគ្នា។ ទំនៀមទម្លាប់របស់ជនជាតិ Mong មិនដូចជនជាតិ Kho Mu ទេ។ ខ្ញុំឃើញទំនៀមទម្លាបរបស់ជនជាតិ Kho Mu នៅទីនេះថ្មីថ្មោងណាស់។ ខ្ញុំមានក្ដីសោមនុស្សរីករាយដោយទទួលបានការយល់ដឹងថ្មីៗជាច្រើននៅពិធីបុណ្យរបស់ជនរួមជាតិ Kho Mu នៅទីនេះ”។
ក្រៅពីការឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់បណ្ដាជនជាតិដល់ភ្ញៀវទេសចរទាំងជិត និងឆ្ងាយ ការស្ដារឡើងវិញនូវពិធីបុណ្យ Ma Ma Me របស់ជនជាតិ Kho Mu បានលើកកំពស់មនសិការបស់ប្រជាជន Lai Chau ក្នុងការថែរក្សា និងអភិរក្សតម្លៃវប្បធម៌របស់ជនរួមជាតិនៅទីនេះ។ ពីនោះ លើកទឹកចិត្តឱ្យប្រជាជនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌ ដោយផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ពន្លឿនជាជំហានៗដល់ការងារលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព៕