ពិធីបុណ្យ Po Thi - លក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Jarai
(VOVWORLD) - ក្នុងកំឡុងពេលចាប់ពីខែមករា ដល់មេសា តាមប្រតិទិនសកល ជារៀងរាល់ឆ្នាំ នៅភូមិស្រុកនានារបស់ជនជាតិ Jarai នៅតំបន់ខ្ពង់រាប Tay Nguyen តែងតែ ប្រព្រឹត្តទៅពិធីបុណ្យ Po Thi ដែលជាពិធីបុណ្យបញ្ចូនព្រលឹងរបស់អ្នកស្លាប់ទៅកាន់សុគតិភព (ឋានសួគ៌) តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Jarai។ នេះលត្រូវបានគេចាត់ទុកថាជាពិធីបុណ្យដ៏ធំបំផុតមួយរបស់ប្រជា ជន Jarai ដែលប្រមូលផ្តុំស្ទើរតែទាំងស្រុងនូវតំលៃវប្បធម៍ដ៏ចម្រុះក្នុងបរិយាកាសវប្បធម៍តំបន់ខ្ពង់រាប Tay Nguyen។
ពិធីបុណ្យតែងតែបានអ្នកភូមិត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ន (រូបថតៈ Cong Bac/ VOV1) |
ក្រោយរយៈពេល ៥ ឆ្នាំ ចាប់តាំងពីថ្ងៃធ្វើបុណ្យសពស្វាមីមក អ្នកស្រី Ro Cham Nam នៅភូមិ Kep ១ ឃុំ Ia Mo Nong ស្រុក Chu Pah ខេត្ត Gia Lai បានរៀបចំពិធីបុណ្យ Po Thi។ ពិធីបុណ្យនេះបានប្រារព្ធឡើងក្នុងរយៈពេល ២ ថ្ងៃ ប៉ុន្តែការងារត្រៀមរៀបចំត្រូវចំណាយរយៈពេលជាច្រើនខែ។ នៅក្រោមម្លប់ដើមឈើ Vong Dong មានអាយុកាលជាង១រយឆ្នាំនោះ ខណៈពេលដែលព្រះអាទិត្យមិនទាន់បញ្ចេញពន្លឺប្រជាពលរដ្ឋក្នុងភូមិបានប្រមូលផ្តុំគ្នា ត្រៀមរៀបចំដើម្បីចូលរួមពិធីបូជាតាមប្រពៃណីពីបុរមបុរាណ។ ស្របពេលជាមួយគ្នានោះ សម្លេងគងឃ្មោះក៏ត្រូវបានលាន់រន្ទឺ។ ប្រជាជនដែលមានវ័យចំណាស់ មានបទពិសោធន៍នឹងកាន់គងឃ្មោះធំ រីឯមនុស្សវ័យក្មេងមិនសូវមានបទពិសោធន៏ត្រូវកាន់គងឃ្មោះតូច ហើយនាំគ្នាវាយគងឃ្មោះដោយស៊ីចង្វាក់គ្នាណាស់។
អ្នកស្រី Ro Cham Nam បានឲ្យដឹងថា នេះជាប្រពៃណីទំនៀមទំលាប់វប្បធម៌ដ៏យូរ លង់ណាស់មកហើយរបស់ប្រជាជនក្នុងតំបន់ហើយអ្នកស្រីមានការសប្បាយរីករាយដែលបានធ្វើអ្វីៗដែលមានន័យសម្រាប់ប្ដីដែលលាចាកលោកហើយ។ អ្នកស្រីបានឲ្យដឹងថា៖ “ស្វាមីរបស់ខ្ញុំបានស្លាប់អស់រយៈពេល ៥ ឆ្នាំហើយ ឆ្នាំនេះខ្ញុំបានរួមជាមួយអ្នកភូមិដើម្បីរៀបចំពិធីបុណ្យ Po Thi ជូនចំពោះស្វាមី។ នេះជាទំនៀមទំលាប់របស់ជនជាតិ Jarai យើងខ្ញុំ។ ប៉ុន្តែខ្ញុំក៏មានការព្រួយបារម្ភ ដោយសារ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំមិនអាចយកបាយទៅផ្នូរបានទេ ប៉ុន្តែវាជាភាពសប្បាយរីករាយណាស់ដើម្បីឱ្យព្រ លឹងស្វាមីរបស់ខ្ញុំទៅរកពិភពទេវតាវិញ”។
Po Thi ជាពិធីបុណ្យធំមួយរបស់ជនជាតិ Jarai |
Po Thi គឺជាពិធីបុណ្យធំជាងគេរបស់អ្នកភូមិជនជាតិ Jarai។ នៅឯពិធីបុណ្យ អ្នកភូមិទាំងអស់បានរួមគ្នាទាំងកម្លាំងកាយចិត្ត ដើម្បីរៀបចំពិធីបុណ្យ ជាមួយសកម្មភាពវប្បធម៍ពិសេសយ៉ាងពិតប្រាកដ ដូចជាការសំដែងវប្បធម៌គងឃ្មោះ ការចម្លាក់និងការកសាងផ្នូរជាដើម។ ក្នុងពិធីបុណ្យនេះ អ្នកភូមិគេនាំគ្នាផឹកស្រាផង លេងគងឃ្មោះផង និងស្រាពាងវិញ អស់ភ្លាមក៏ត្រូវបានចាក់ពេញវិញភ្លាមផងដែរ។ គេសប្បាយរីករាយពីយប់ទល់ភ្លឺ ។ មានអ្នកស្រវឹង អ្នកធម្មតា អ្នកគេង អ្នកមិនគេង ទាំងអស់នេះ ហាក់ដូចជាគ្មានព្រំដែនក្នុងពិធីបុណ្យ Po Thi សោះឡើយ។ ព្រឹទ្ធាចារ្យភូមិ Ro Cham Do ភូមិ Pleikep Ping ឃុំ Ia M’nong ស្រុក Chu Pah ខេត្ត Gia Lai បានឱ្យដឹងថា ឆ្លងកាត់ជាច្រើនជំនាន់មក អ្នកភូមិនៅតែរក្សាពិធីបុណ្យ Po Thi ពីព្រោះថា អ្នកភូមិគេចាត់ទុកពីធីបុណ្យនេះ ជាព្រលឹងនៃវប្បធម៌ប្រពៃណីរបស់ជន ជាតិ Jarai៖ “Po Thi គឺជាពិធីបុណ្យដ៏ធំមួយរបស់ជនជាតិ Jarai ដែលមានគង ឃ្មោះ រូបសំណាកនិងមានទាំងរាំទៀត។ ពិធីបុណ្យនេះ មានសារៈសំខាន់ណាស់ ដែលជាវប្បធម៌ប្រពៃណីរបស់អ្នកភូមិ ដែលមិនអាចបោះបង់ចោលបានទេ។ ហេតុដូច្នេះ បងប្អូនត្រូវតែព្យាយាមរក្សាពិធីបុណ្យ Po Thi ពុំខានឡើយ”។
រួមជាមួយសកម្មភាពវប្បធម៌ដ៏ពិសេសនោះ ពិធីបុណ្យ Po Thi គឺជាឱកាសមួយដើម្បីបង្ហាញពីភាពសាមគ្គីក្នុងសហគមន៍ជនជាតិ Jarai។ បងប្អូនជនជាតិ ទោះបីជានៅជិតឬឆ្ងាយ និងភូមិក្បែរៗក៏ដោយ នៅពេលដែលពួកគេបានឮថា ដល់ពេលពិធីបុណ្យ គឺតែងតែនាំគ្នា ចូលរួមក្នុងពិធីបុណ្យផងដែរ។ នៅទីនេះ បរិយាកាសវប្បធម៌តំបន់ខ្ពង់រាប Tay Nguyen ត្រូវបានបង្ហាញយ៉ាងច្បាស់បំផុត។ យោងតាមបណ្ឌិត Nguyen Thi Kim Van អតីតនាយិការនៃសារមន្ទីរខេត្ត Gia Lai ថា បញ្ហាអភិរក្សវប្បធម៌ប្រពៃណីនៃពិធីបុណ្យ Po Thi គឺចាំបាច់ហើយតម្រូវឱ្យមានការយកចិត្តទុកដាក់និងយល់ដឹងច្បាស់អំពីលក្ខណៈពិតនៃពិធីបុណ្យនេះទើបបាន។
“ដើម្បីធ្វើឱ្យពិធីបុណ្យទាំងនេះ ត្រូវបានថែរក្សា ចាំបាច់ត្រូវមានការចូលរួមពីភ្នាក់ ងារពាក់ព័ន្ធ អង្គការមហាជននិងជាពិសេសស្ថាប័នវប្បធម៌ កីឡានិងទេសចរណ៍នានា។ ប៉ុន្តែ គួរបញ្ជាក់ថា មិនមែនតែផ្នែកវប្បធម៌ទើបតែធ្វើនោះឡើយ។ យើងត្រូវតែចូលរួមទាំងអស់គ្នា ក្នុងការចលនាឲ្យរក្សាភាពស្រស់ស្អាតនៅក្នុងទំនៀមទម្លាប់ប្រពៃណី ប៉ុន្តែក៏ត្រូវធានានូវការសន្សំប្រាក់ផងដែរ”។ នេះបើយោងតាមមតិរបស់បណ្ឌិត Nguyen Thi Kim Van។
មិនត្រឹមតែការលាគ្នារវាងអ្នកនៅរស់នៅនិងអ្នកស្លាប់នោះទេ Po Thi ត្រូវបានគេចាត់ទុកថាជាពិធីបុណ្យវប្បធម៌ដ៏ពិតប្រាកដរបស់ជនជាតិ Jarai នៅតំបន់ខ្ពង់រាប Tay Nguyen ដែលជាកន្លែងរក្សាលក្ខណៈវប្បធម៌ល្អប្រសើរបំផុត។ ការរក្សាបាន Po Thi គឺដើម្បីអភិរក្សទំនៀមទម្លាប់វប្បធម៌ប្រពៃណីរបស់ជនជាតិ Jarai៕