ពិធីបុណ្យ Tac Ka Coong របស់ជនជាតិ Co Tu
(VOVWORLD) - ជនជាតិ Co Tu នៅស្រុក A Luoi ខេត្ត Thua Thien Hue មានពិធីបុណ្យប្រពៃណីជាង ១០ ក្នុងនោះមានពិធីបុណ្យ Tac Ka Coong ផងដែរ។ ពិធីបុណ្យនេះគឺជាឱកាសមួយដើម្បីប្រជាជន Co Tu ដើម្បីថ្លែងអំណរគុណដល់អារក្សអ្នកតា ព្រះគីរី ព្រះគង្គារ តែងតែតាមថែរក្សាអ្នកភូមិឲ្យរស់នៅប្រកបដោយសុខសាន្តត្រាន។
សម្តែងឡើងវីញពិធីបុណ្យ Tac Ka Coong របស់ជនជាតិ Co Tu (រូបថត៖ VOV) |
ពិធីបុណ្យ Tac Ka Coong រួមមានពិធីសំខាន់ៗដូចជា៖ Choh co (កប់ដើម Neu) Tong ri (ចងក្របី) Chươt Ti ri (ចាក់គោ) និងពិធីបុណ្យ Tac Ka Coong ផងដែរ។ បច្ចុប្បន្ននេះ ពិធីចាក់ក្របីត្រូវបានលុបចោលហើយ។ នៅថ្ងៃឈប់សម្រាកពីព្រឹកព្រលឹមស្រាងៗ ព្រឹទ្ធាចារ្យភូមិ អ្នកមានកិត្យានុភាពក្នុងភូមិនិងមេគ្រួសារបានអនុវត្តន៍ពិធីកប់ដើម Neu។ ដើម Neu នេះត្រូវបានកប់នៅក្នុងដីរបស់ភូមិ ជានិមិត្តរូបនៃកម្លាំងមហាសាមគ្គីរបស់អ្នកភូមិទាំងមូល ដែលជាស្ពានតភ្ជាប់រវាងអ្នកភូមិនិងព្រះអាទិទេព្យ។ បន្ទាប់មកគឺពិធីចងក្របីថ្វាយអារក្សអ្នកតា ព្រះគីរី ព្រះគង្គារ។ បន្ទាប់មក យុវជន យុវនារីក្នុងសំលៀកបំពាក់ប្រពៃណីចម្រុះពណ៌បានរាំរបាំ Tung tung da da ដែលជារបាំប្រពៃណីរបស់ជនជាតិ Co Tu។ ព្រឹទ្ធាចារ្យភូមិ Ho Van Sap នៅឃុំ Lam Dot ស្រុក A Luoi បានឲ្យដឹងថា៖ “ពិធីបុណ្យ Tac Ka Coong ត្រូវបានស្តារឡើងវិញតាមទំនៀមទម្លាប់បុរាណរបស់ជីដូនជីតាយើង។ ពិធីបុណ្យនេះគេប្រារព្ធតែម្តង ក្នុងរៀងរាល់ ៣ ទៅ ៤ ឆ្នាំម្តង។ យ៉ាងណាមិញ ទំនៀមទម្លាប់របស់ជនជាតិ Co Tu ត្រូវតែរក្សាជារៀងរហូត”។
ការចាប់ផ្តើមពិធីបុណ្យ Tac Ka Coong គឺជាពិធីថ្វាយស្ពុកម្ហូបអាហារថ្វាយជូនពពួកទេវតា។ អ្នកដែលដាក់ស្ពុកដង្វាយធ្វាយជូនពពួកទេសវតាគឺយុវជន យុវនារីជនជាតិ Co Tu ដ៏ស្រស់ស្អាត មានព្រលឹងបរិសុទ្ធ ដោយអ្នកភូមិជ្រើសរើស។ ម្ហូបធ្វើពីគ្រឿងបូជាដ៏ល្អបំផុតរួមមាន សត្វក្របី សត្វគោ ពពែ ជ្រូក និងមាន់។ រួមជាមួយនឹងនំច្រើនប្រភេទដែលបានធ្វើពីអង្ករដំណើបក្រអូប។ ទាំងអស់នេះត្រូវបានថ្វាយជូនដល់ពពួកទេវតា។ ស្ពុកប្ហូបសម្រាប់ដាក់សែនក្នុងពិធីបុណ្យ Tac Ka Coong ត្រូវបានដាក់យ៉ាងឧិឡារីកនៅលើតុ ហើយប្រជាជនសម្តែងអរគុណអារក្សអ្នកតា ព្រះគីរី ព្រះគង្គារ ដែលបានប្រទានពរជ័យដល់កូនចៅ និងភូមិឃុំនៃប្រជាជន Co Tu ទទួលបាននូវសេចក្ដីសុខចម្រើន និងសូមបួងសួងឱ្យព្រះបន្តការពារ និងប្រទានដល់កូនចៅភូមិឱ្យមានសុខភាពល្អ ជួបតែសំណាងល្អ។ លោកស្រី Ho Thi Tu អនុប្រធានការិយាល័យគ្រប់គ្រងការអភិរក្សវប្បធម៌ និងសិល្បៈ មជ្ឈមណ្ឌលវប្បធម៌ ព័ត៌មាន និងកីឡាស្រុក A Luoi បានឲ្យដឹងថា៖ "កាលពីពីរឆ្នាំមុន យើងបានរៀបចំឡើងវិញ ពិធីបុណ្យរបស់ជនជាតិ Pa Co និង Ta Oi។ ឆ្នាំនេះ យើងបន្តបង្ហាញឡើងវិញពិធីបុណ្យរបស់ជនជាតិ Co Tu ដើម្បីបន្តអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ និងពិធីបុណ្យប្រពៃណីរបស់ជនជាតិ Co Tu”។
ការថ្វាយចង្ហាន់ដល់ទេវតា (រូបថត៖ VOV) |
នៅមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍លើកទី ១៥ របស់ជនជាតិនៅតំបន់ព្រៃភ្នំ ខេត្ត Thua Thien Hue ឆ្នាំ ២០២៤ ដែលទើបប្រារព្ធឡើងនៅស្រុក A Luoi ហើយជាលើកដំបូងស្រុក A Luoi បានប្រារព្ធឡើងវិញពិធីបុណ្យ Tac Ka Coong ផងដែរ។ លោកស្រី Le Thi Dieu ឃុំ Hong Ha ស្រុក A Luoi បានចូលរួមសម្តែងឡើងវិញពិធីបុណ្យ Tac Ka Coong បានសំណេះសំណាលថា៖ “នៅពេលខ្ញុំចូលរួមក្នុងពិធីបុណ្យ Tac Ka Coong របស់ជនជាតិ Co Tu ខ្ញុំពិតជាមានមោទនភាព និងកិត្តិយសខ្លាំងណាស់។ យើងខ្ញុំក៏ចង់រៀនដើម្បីមរតកទៅជំនាន់ក្រោយ”។
ពិធីបុណ្យ Tac Ka Coong របស់ជនជាតិ Co Tu បាននាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ជាច្រើនដល់ប្រជាជន និងភ្ញៀវទេសចរ។ លោកស្រី Chau Thi Hau ភ្ញៀវទេសចរណ៍មកពីទីក្រុង Da Nang មកទស្សនាស្រុក A Luoi ក្នុងឱកាសពិធីបុណ្យ Tac Ka Coong បានសម្តែងចំណាប់អារម្មណ៍ថា៖ “ខ្ញុំទើបតែស្គាល់ដល់ពិធីបុណ្យនេះ ហើយបានចូលរួមពិធីជាលើកដំបូង។ មកដល់ទីនេះ ខ្ញុំមើលឃើញថា ជីវភាពខាងវិញ្ញាណ និងវប្បធម៌របស់ជនជាតិភាគតិចនៅទីនេះសម្បូរបែប។ លើកទីមួយដែលខ្ញុំបានចូលរួមពិធីបុណ្យនេះ ខ្ញុំពិតជាសប្បាយណាស់”។
ពិធីបុណ្យ Tac Ka Coong គឺជាសម្រស់វប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu។ នោះគឺការរស់នៅដោយកតញ្ញូ គោរពប្រណិប័តន៍ជានិច្ច ហើយតែងតែផ្សារភ្ជាប់ជាមួយធម្មជាតិដែលជាកន្លងខ្លួនបានកើតមក ធំដឹងក្តី និងពេញវ័យ។ ស្រុក A Luoi ខេត្ត Thua Thien Hue គ្រោងនឹងនាំយកពិធីបុណ្យនេះ ដើម្បីបម្រើទេសចរណ៍សហគមន៍ រួមចំណែកផ្សព្វផ្សាយវប្បធម៌ និងរូបភាពក្នុងតំបន់៕