ពិធីបុណ្យ To Mon របស់ជនជាតិ Ba Na ដែលពោរពេញទៅដោយចំណងសាមគ្គីភាព​

(VOVWORLD) - បងប្អូនជនជាតិ  Ba Na នៅខេត្ត Tay Nguyen មានពិធីបុណ្យទានជាច្រើន ដូចជាពិធីបួងសួងសូមសេចក្ដីសុខ ពិធីអំណរស្រូវថ្មី ពិធីអរព្រះគុណ និងពិធីបុណ្យចងសម្ព័ន្ធមេត្រីភាព (ដែលជនជាតិ Ba Na គេហៅថា To Mon)។ ក្នុងនោះ ពិធីបុណ្យ To Mon គឺជាពិធីបុណ្យមួយ ដែលពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ដោយពង្រីកស្មារតីសាមគ្គីភាព និងការរួមគ្នាចែករំលែកក្ដីសប្បាយរីករាយ ក៏ដូចជាការលំបាកក្នុងជីវភាពរស់នៅផងដែរ។
ពិធីបុណ្យ To Mon របស់ជនជាតិ Ba Na ដែលពោរពេញទៅដោយចំណងសាមគ្គីភាព​ - ảnh 1 ពិធីបុណ្យ To Mon របស់ជនជាតិ Ba Na (រូបថត៖ dangcongsan.vn)

ពិធីបុណ្យ To Mon របស់ជនជាតិ Ba Na បានបង្កប់អត្ថន័យថា ធ្វើឱ្យមនុស្ស កាន់តែមានភាពជិតស្និទ្ធ និងស្រឡាញ់គ្នាទៅវិញទៅមក។ នៅពេលដែលមនោសច្ចេតនា រវាងមនុស្សនិងមនុស្ស មានភាពស្មោះត្រង់នោះ បងប្អូនជនជាតិ  Ba Na នៅខេត្ត Gia Lai នឹងរៀបចំពិធីបុណ្យ To Mon ផងដែរ។ ពិធីបុណ្យនេះបានប្រព្រឹត្តិទៅ ដោយមានការចូលរួមពីបងប្អូន សាច់សារលោហិត អ្នកជិតខាង និង ព្រឹទ្ធាចារ្យភូមិ។ លោក Dinh Ply ពលរដ្ឋមួយរូបមកពីស្រុក Co Bang ខេត្ត Gia Lai បានចែករំលែកថា៖ "ពិធីបុណ្យ To Mon របស់ជនជាតិ Ba Na មាន ២ ប្រភេទ។ ពោលគឺ ពិធីចងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធិ និងពិធីចងសម្ព័ន្ធមេត្រីភាពតាមទំនៀមទម្លាប់។ ជាក់ស្ដែង អំពីទំនៀមទម្លាប់ គឺនៅ ពេលដែលមនុស្សជួបប្រទះនឹងការលំបាកក្នុងជីវភាពរស់នៅនោះ ព្រឹទ្ធាចារ្យភូមិ ឬគ្រូសែននឹងជួយចែក រំលែកខាងផ្លូវចិត្ត។ ព្រឹទ្ធាចារ្យភូមិនឹងជួយរំលែកក្តីទុក្ខកង្វល់ ហើយរៀបចំពិធីចងសម្ព័ន្ធមេត្រីភាពសម្រាប់អ្នកភូមិ ដើម្បីរាប់អានគ្នាដូចជាឪពុក ម្តាយ ឬបងប្អូននឹងគ្នា។ ក្រៅពីនេះ បើមនុស្សពីរនាក់ស្គាល់រាប់អានគ្នាដូចជាបងប្អូនបង្កើត ហើយអាចចងសម្ព័ន្ធមេត្រីភាពជិតស្និទ្ធិនឹងគ្នា"

យោងតាមលោក Dinh Ply ថា ជនជាតិ Ba Na តែងតែចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ជាពិសេសគឺនៅពេលអ្នកភូមិបានធ្វើចំណាក់ស្រុកទៅកន្លែងស្នាក់នៅថ្មី ដែលមានជនជាតិជាច្រើននោះ ពួកគេក៏បានរៀបចំពិធីនេះ ដោយទ្រង់ទ្រាយធំ រវាងភូមិមួយជាមួយភូមិមួយទៀត និងរវាងជនជាតិមួយជាមួយជនជាតិមួយទៀត។ ព្រោះថា ពួកគេមានក្ដីសង្ឃឹមថា តាមរយៈប្រការនេះ ការផ្សារភ្ជាប់គ្នារវាងបុគ្គល និងសហគមន៍នឹងកាន់តែរឹងមាំថែមទៀត។ អាស្រ័យហេតុនេះ រួមគ្នាជំនះលើរាល់ការលំបាកក្នុងជីវភាពរស់នៅ ដោយរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រប់កាលៈទេសៈ។ លោក Dinh Ply បានសំណេះសំណាលថា៖ "ពិធីចងសម្ព័ន្ធមេត្រីភាពបានជួយឲ្យអ្នកភូមិមានទំនាក់ទំនងជិតស្និទ្ធិនឹងគ្នាថែមទៀត។ ក្រោយពិធីនេះ អ្នកភូមិបានរស់នៅជាមួយគ្នាដូចជានៅក្នុងគ្រួសារតែមួយ ហើយអាចជួយយកអាសារគ្នា និងចែករំលែកម្ហូបអាហារជាមួយគ្នា។ ពិធីបុណ្យ To Mon នេះ គឺជាសក្ខីភាពនៃមនោសច្ចេតនានិងការរាប់អានគ្នារបស់អ្នកភូមិ"

ពិធីបុណ្យ To Mon របស់ជនជាតិ Ba Na ដែលពោរពេញទៅដោយចំណងសាមគ្គីភាព​ - ảnh 2  ពិធីចង់សម្ព័ន្ធមេត្រីភាព របស់
ជនជាតិ Ba Na (រូបថត៖ dangcongsan.vn)

ជាធម្មតា ជនជាតិ Ba Na បានធ្វើពិធីនេះនៅពេលព្រឹក ដែលជាពេលវេលាអាកាសធាតុត្រជាក់ស្រួល មេឃស្រឡះ ហើយមានខ្យល់អាកាសបរិសុទ្ធទៀតផង។ ពីចម្ងាយ ស្នូរសម្លេងខែន ស្គរ និងគងឃ្មោះបានបន្លឺឡើង ដើម្បីស្វាគមន៍បងប្អូនមកកាន់ភូមិស្រុក ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា។ រៀបរាប់អំពីពិធីចងសម្ព័ន្ធមេត្រីភាពនេះ លោក Dinh Thien ស្រុក Co Bang ខេត្ត Gia Lai បានឲ្យដឹងថា៖ "គ្រឿងដង្វាយក្នុងពិធីនេះរួមមានមាន់ និងជ្រូក។ ជាក់ស្ដែង ក្នុងពិធីចងសម្ព័ន្ធមេត្រីភាពរវាងឪពុក - កូនធម៌ គឺខាង ឪពុកបានចូលជាជ្រូកមួយក្បាល ហើយខាងកូនធម៌បានចូលរួមមានមាន់មួយក្បាលនិងស្រា។ ពិធីចងសម្ព័ន្ធមេត្រីភាពរវាងបងប្អូនជាមួយគ្នាក៏អញ្ជឹងដែរ។ លើលពីនេះទៅទៀត ពិធីចងសម្ព័ន្ធមេត្រីភាពរវាងបងប្អូនជាមួយគ្នាគឺធ្វើនៅខាងកូនប្រុស ហើយពិធីចងសម្ព័ន្ធមេត្រីភាពរវាងឪពុក - កូនធម៌ គឺធ្វើនៅខាងឪពុកតែម្តង"

នៅក្នុងពិធីចងសម្ព័ន្ធមេត្រីភាពនេះ  អ្នកចូលរួមចងសម្ព័ន្ធមេត្រីភាព និងព្រឹទ្ធាចារ្យភូមិនឹងចូលក្នុងផ្ទះម្ចាស់ពិធី។ ក្នុងបរិយាកាសដ៏ឧឡារិក ដោយអង្គុយនៅចំកណ្ដាលស្ពករៀបដាក់គ្រឿងដង្វាយនោះ ព្រឹទ្ធាចារ្យភូមិបានបួងសួងអញ្ជើញទេវតាមកធ្វើជាកសក្សិណសាក្សីក្នុងពិធីនេះ។ នៅពេលដែលទេវតាបានយល់ព្រមចំពោះការបួងសួងរួចមក ក៏ជាពេលវេលាដែលអ្នកចងសម្ព័ន្ធមេត្រីភាពបានរួមគ្នា ពិសារស្រា បន្ទាប់មកគឺព្រឹទ្ធាចារ្យ ឪពុកម្តាយទាំងសងខាង សាច់សារលោហិត មិត្តភក្តិ និងអ្នកចូលរួមផងដែរ។ លោក Dinh On ប្រជាជនមួយរូបមកពីស្រុក Co Bang  បានពន្យល់ថា៖ "ក្នុងពិធីនេះ អ្នកចូលរួមទាំងអស់បាននាំគ្នាពិសារស្រា ដើម្បីធ្វើជាអ្នកសាក្សី។ ក្រោយពេលចង់សម្ព័ន្ធមេត្រីភាពហើយ អ្នកភូមិនឹងមានទំនាក់ទំនងជិតស្និទ្ធិដូចជាបងប្អូននឹងគ្នារហូតដល់ពេលលាចាកលោកទៅ"

ក្នុងពិធីបុណ្យ To Mon នេះ អ្នកភូមិបានប្រគល់វត្ថុអនុស្សាវរីយ៍ឲ្យគ្នាទៅវិញទៅមក។ វត្ថុអនុស្សាវរីយ៍ច្រើនតែជាខ្សែដៃ ឬសំលៀកបំពាក់។ ព្រឹទ្ធាចារ្យគឺជាអ្នកដែលប្រគល់វត្ថុអនុស្សាវរីយ៍ដល់អ្នកភូមិ។ ទន្ទឹមនឹងនេះ ព្រឹទ្ធាចារ្យភូមិក៏បានផ្ដាំផ្ញើអំពីអំពើល្អគួរតែធ្វើ ហើយចៀសវាងអំពើមិនគប្បី ដែលមិនគួរធ្វើក្នុងទំនាក់ទំនងជាមួយគ្នា ជាដាច់ខាត បើមិនដូច្នេះ ទេវតានឹងដាក់បណ្តាសារជាក់ជាពុំខាន។

អស់រយៈពេលជាច្រើនជំនាន់មកហើយ ជនជាតិ Ba Na បានចងសម្ព័ន្ធមេត្រីភាពជាបងប្អូន ឪពុកនិងកូន ម្ដាយនិងកូនជាមួយគ្នា។ ពិធីចងសម្ព័ន្ធមេត្រីភាពគឺពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ ដោយពង្រីកស្មារតីសាមគ្គីភាព ជួយយកអាសារគ្នាក្នុងគ្រាលំបាក ក៏ដូចជាចែករំលែកសេចក្តីសប្បាយរីករាយក្នុងក្រុមគ្រួសារ និងសហគមន៍ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ