ពិធីបុណ្យ “តមខ្យល់” របស់ជនជាតិ Dao Thanh Phan នៅខេត្ត Quang Ninh
TRUONG GIANG -  
(VOVWORLD) -នៅថ្ងៃទី៤ខែផល្គុនជារៀងរាល់ឆ្នាំ ជនជាតិ Dao Thanh Phan នៅស្រុក Binh Lieu ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) តែងតែនាំគ្នាចូលរួមពិធីបុណ្យ “តមខ្យល់”។ នេះជាពិធីបុណ្យប្រពៃណីនិងជាកន្លែងប្រព្រឹត្តឡើងនូវសកម្មភាពលេងកំសាន្តនិងណាត់ជួបគ្នារបស់គូស្រករ។ ឆ្នាំនេះ ពិធីបុណ្យ “តមខ្យល់” ត្រូវបានស្រុក Binh Lieu រៀបចំឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៨ និង១៩ឧសភានៅឃុំ Dong Van។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ២០១៨ - Ha Long – Quang Ninh ផងដែរ។
នារីជនជាតិ Dao កំពុងត្រៀមរៀបចំទៅចូលរួមពិធីបុណ្យ តមខ្យល់ (រូបថតៈ baoquangninh) |
ពិធីបុណ្យ “តមខ្យល់” ភាសា Dao ហៅថា “mì seèng phẩy heey dảo” ឬហៅទៀតថា “ផ្សារ ស្នេ” Dong Van។ មុននេះ ពិធីបុណ្យនេះត្រឹមតែមានការចូលរួមរបស់ជនជាតិ Dao ប៉ុណ្ណោះ។ ប៉ុន្តែ សំដៅអភិរក្សនិងពង្រីកនូវលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិ Dao នោះបានជា ចាប់ពីឆ្នាំ២០០៩មក ឃុំ Dong Van បានរៀបចំផែនការនិងរៀបចំទិវាតមខ្យល់របស់ជនជាតិ Dao ដោយឈ្មោះថា “ទិវាបុណ្យវប្បធម៌បណ្តាជនជាតិឃុំ Dong Van”។
លក្ខណៈពិសេសនៃ “ទិវាបុណ្យតមខ្យល់” គឺក្នុងថ្ងៃនេះ ជនជាតិ Dao Thanh Phan គេពុំធ្វើពលកម្ម ពោលគឺគេមិនទៅស្រែចំការឡើយ។ ព្រោះគេមានទស្សនៈទានថា ក្នុងថ្ងៃនៃពិធីបុណ្យនេះ ទោះបីជាធ្វើការងារអ្វីៗក៏មិននាំមកនូវសំណាងល្អដែរ។ ហើយក្នុងថ្ងៃបុណ្យនេះ ជនរួមជាតិ Dao នៅគ្រប់ទីកន្លែងនៃស្រុក Binh Lieu គេនឹងចាកចេញពីផ្ទះតាំងពីព្រឹកព្រលឹមនិងវិល ត្រឡប់មកផ្ទះវិញដរាបណាព្រះអាទិត្យលិច។ គេតែងតែប្រមូលគ្នានៅកន្លែងមានទេសភាព សែនមនោរម្យ ដូចជាមាត់ព្រៃ តាមជ្រោះនិងផ្សារជាដើម។ លោកស្រី Nguyen Thi Tuyet Hanh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Binh Lieu បានឲ្យដឹងថា៖ “សម្រាប់ជនជាតិ Dao គឺនៅរក្សាបាននូវតម្លៃវប្បធម៌ដ៏វិសេសវិសាលជាច្រើន ហើយពិធីបុណ្យតមខ្យល់នេះបានរៀបចំត្រឹមតែនៅឯស្រុក Binh Lieu តែប៉ុណ្ណោះ។ យើងខ្ញុំមានបំណងថា នាពេលខាងមុខនឹងបន្តពង្រីកពិធីបុណ្យនេះឲ្យក្លាយទៅជាផលិតផលវប្បធម៌ពិសេសរបស់ស្រុក Binh Lieu ទាក់ ទាញភ្ញៀវទេសចរ។ ក្រៅពីតម្លៃវប្បធម៌ប្រពៃណីមក តាមរយៈពិធីបុណ្យនេះក៏បានបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងសហគមន៍បណ្តាជនជាតិនៅ Binh Lieu ទៀតផង”។
ឈុតសម្តែងឡើងវិញការទទួលនាងប្រមុំរបស់ជនជាតិ Dao Thanh Phan |
ក្នុងពិធីបុណ្យ តមខ្យល់ ឆ្នាំនេះ ក៏បានប្រព្រឹត្តឡើងនូវសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាដូចជា ប្រឡងទាញព្រ័ត្រ បោះអង្គុញ ប៉ាក់សម្លៀកបំពាក់ដោយដៃរបស់នារីជនជាតិ Dao ជាដើម។ ក្នុងឱកាសនេះ ស្រុក Binh Lieu ក៏បានរៀបចំស្តង់ទំនិញមួយ សំដៅឧទ្ទេសនាមនូវផលិតផលប្រពៃណីនៅផ្សារ Dong Van រួមទាំងមានសកម្មភាពផ្សព្វផ្សាយពន្លឿននិងទទួលភ្ញៀវទេសចរមកទស្សនាតាមបណ្តោយទីតាំងទេសចរណ៍លើទូទាំងតំបន់។ មកទស្សនាបុណ្យ តមខ្យល់ អ្នកស្រី Duong Tai Mui ជនម្នាក់នៅស្រុក Binh Lieu បានចែករំលែកថា៖“ឥឡូវនេះខ្ញុំក៏ដើរតាមទំនៀមទម្លាប់ចាស់ គឺចូលផ្សារដើរលេងសប្បាយតែប៉ុណ្ណោះ។ ជួបមិត្តភក្តិ សំណេះ សំណាលជាមួយគ្នា។ បរិយាកាសអូអរណាស់។ មនុស្សគ្រប់រូបអ្នកណាក៏ចង់ដើរលេងដែរ មិនធ្វើអ្វីដែរ អ្នកណាក៏ដូចអ្នកណាដែរ”។
ការលេងកម្សាន្តនៅក្នុងពិធីបុណ្យ |
នាប៉ុន្មានឆ្នាំថ្មីៗនេះ បុណ្យតមខ្យល់មិនត្រឹមតែជាពិធីបុណ្យដោយឡែករបស់ជនជាតិ Dao Thanh Phan នៅស្រុក Binh Lieu ឡើយ។ ជនជាតិ Dao Thanh Y ជនជាតិ Tay ជនជាតិ San Chi ពីស្រុកច្រើនក្នុងខេត្ត Quang Ninh ថែមទាំងជនជាតិ Dao ចងសម្ព័ន្ធនៅព្រំដែនខេត្ត Guangxi (ចិន) ក៏មកចូលរួមពិធីបុណ្យយ៉ាងសប្បាយ។ ពិធីបុណ្យតមខ្យល់ជាពិធីបុណ្យវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិ Dao នៅខេត្ត Quang Ninh៕
TRUONG GIANG