ពិធីបុណ្យច្រៀងចម្រៀង Soong Co នៅស្រុកព្រំដែន Binh Lieu

(VOVWORLD) - ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៥ និង ១៦ ខែទី៣ (តាមច័ន្ទគតិ) ប្រជាជនជនជាតិ San Chi នៅស្រុក Binh Lieu និងតំបន់ជិតខាងមួយចំនួនដូចជា Ba Che និង Tien Yen តែងតែបបួលគ្នាទៅកាន់ឃុំ Huc Dong (ស្រុក Binh Lieu) ដើម្បីចូលរួមពិធីបុណ្យច្រៀងចម្រៀង Soong Co ដ៏ធំបំផុតក្នុងមួយឆ្នាំ។ សម្រាប់អ្នកណាដែលស្រឡាញ់ទេសចរណ៍វប្បធម៌ ត្រូវចូលរួមពិធីបុណ្យនេះ ទើបមើលឃើញបាននូវសម្រស់វប្បធម៌ដ៏វិសេសវិសាលនិងទំនុកចម្រៀងពោរពេញទៅដោយ មនោសញ្ចេតនារបស់បណ្ដាសិប្បករ និងគូស្នេហ៍ក្នុងក្តីស្រឡាញ់។

ពិធីបុណ្យច្រៀងចម្រៀង Soong Co នៅស្រុកព្រំដែន Binh Lieu - ảnh 1ការច្រៀងផ្ដោះផ្ដងគ្នា Soong Co។ (រូបថត៖ quangninh.gov.vn)
Soong Co គឺជាសកម្មភាពវប្បធម៌ប្រជាប្រិយ សំដៅបង្ហាញមនោសញ្ចេតនារវាងក្រុមសហគមន៍ជនជាតិ San Chi ហើយច្រើនតែប្រព្រឹត្តទៅពេញមួយឆ្នាំ នៅគ្រប់ខណៈពេលដែលមានឱកាស ក្រោមការសម្ដែងជាច្រើនទម្រង់ ដូចជាការច្រៀងសួស្តីឆ្នាំថ្មី ច្រៀងអបអរសាទរពិធីមង្គលការ អបអរសាទរផ្ទះថ្មី ឬការច្រៀងផ្ដោះផ្ដងគ្នា។ សម្រាប់ការច្រៀងបែបនេះ គឺមានភាគីបុរសម្ខាង ភាគីស្រីម្ខាង ហើយក្រុមជាច្រើននៅសង្ខាងអាចច្រៀងផ្ដោះផ្ដងគ្នាក្នុងពេលដំណាលគ្នា។ នេះក៏ជាឱកាសសម្រាប់កំលោះនិងក្រមុំស្គាល់គ្នា ចងមិត្តភាព ហើយផ្ញើរមនោសញ្ចេតនាជូនគ្នាទៅវិញទៅមក។ ក្រៅពីនេះ គេក៏ចែករំលែកគ្នាពីបទ ពិសោធន៍ក្នុងការបង្កបង្កើនផលក៏ដូចជាក្នុងជីវិតផងដែរ… លោកស្រី Ninh Thi Ngan ជនជាតិ San Chay ម្នាក់ មកពីស្រុក Luc Ngan ខេត្ត Bac Giang បានចែករំលែកថា៖
“ជនជាតិ San Chi និង San Chay ជាជនជាតិតែមួយ ក៏មានបុណ្យ Soong Co ដូចគ្នាដែរ នៅទីនេះមានមនុស្សតិចណាស់ តែមានអត្ថន័យណាស់ ច្រៀងបទចម្រៀងដ៏មានអត្ថន័យ បង្ហាញមនោសញ្ចេតនាដ៏ជិតស្និទ្ធចំពោះគ្នាទៅវិញទៅមក ហើយប្រើទំនុកច្រៀងដើម្បីរំលឹកឡើងវិញនូវអារម្មណ៍កាលនៅយុវវ័យ”។
ការច្រៀង Soong Co គឺជាសកម្មភាពវប្បធម៌មួយដែលមានចរិតលក្ខណៈសហគមន៍ខ្ពស់ ដែលច្រើនតែបានធ្វើឡើងក្នុងឱកាសពិធីបុណ្យ គួបផ្សំនឹងល្បែងប្រជាប្រិយ ដូចជា រុញអង្រែ ទាញព្រ័ត្រ ជាដើម។ នៅពេលច្រៀង អ្នកចម្រៀងប្រើប្រាស់ភាសាមូលដ្ឋាន និងសំលៀកបំពាក់ប្រពៃណី ដើម្បីមិនត្រឹមតែបង្កើតនូវលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការផ្សព្វផ្សាយភាសា លើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យស្វែងយល់អំពីអ្វីៗដ៏ល្អប្រសើរនៅក្នុងជីវភាពវប្បធម៌ស្មារតីនៃជនជាតិខ្លួន ហើយសិក្សាធ្វើតាម។
ការច្រៀង Soong Co មានបទបញ្ញត្តិរៀងៗខ្លួន ដូចជា មិនច្រៀងជាមួយមនុស្សក្នុងត្រកូលឬគ្រួសារតែមួយ។ ដោយមានទម្រង់ការច្រៀងផ្តោះផ្តងគ្នា Soong Co ត្រូវបានសម្តែងដោយក្រុមបុរសនិងក្រុមនារី។ បន្ទាប់ពីច្រៀងរួមគ្នា គូច្រៀងណាដែលចាប់ចិត្តគ្នា អាចបែកចេញពីក្រុមហើយច្រៀងដាច់ដោយឡែក រហូតដល់ទល់ភ្លឺ។ នៅថ្ងៃបុណ្យ កំលោះ ក្រមុំ មកពីភូមិឃុំជុំវិញ ច្រើនតែច្រៀងតាំងពីយប់រហូតដល់ភ្លឺ គេឈរច្រៀងរួមគ្នានៅតាមចង្កេះភ្នំ និងវាលស្រែ។ ក្នុងថ្ងៃបុណ្យនេះ ក្រៅពីវិញ្ញាសាវាយកូនបាល់ លេងអុក ដើរជើងទោម បិទភ្នែកចាប់ទានោះ  កីឡាដែលអ្នកភូមិនិងភ្ញៀវទេសចរចាប់អារម្មណ៍ទស្សនានោះគឺ បាល់ទាត់នារី។ ការប្រកួតបាល់ទាត់ គឺមានភាពសាហាវ ប៉ុន្តែមិនខ្វះភាពប្រិមប្រិយទេ នៅពេលដែលស្ត្រីនៃក្រុមទាំងពីរសុទ្ធតែស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ប្រជាជន San Chi ដែលជាសម្រស់ដ៏ពិសេសមួយនៃស្រុក Binh Lieu។
ពិធីបុណ្យច្រៀងចម្រៀង Soong Co នៅស្រុកព្រំដែន Binh Lieu - ảnh 2គូច្រៀងជនជាតិ San Chi។ 
លោក Hoang Huy Trong ប្រធានការិយាល័យវប្បធម៌និងព័ត៌មានស្រុក Binh Lieu បានឲ្យដឹងថា ពិធីបុណ្យ Soong Co ក៏ជាសកម្មភាពជំរុញទេសចរណ៍ដំបូងបង្អស់នៃស្រុក Binh Lieu ក្នុងឆ្នាំ ២០២២ ដែរ បន្ទាប់ពីទេសចរណ៍ត្រូវបានបើកដំណើរការយ៉ាងពេញលេញឡើងវិញ។ មិនត្រឹមតែសំដៅអភិរក្ស និងពង្រីកតម្លៃអរូបី ហើយធ្វើជាកន្លែងអបអរសាទរពិធីបុណ្យសម្រាប់បណ្ដាជនជាតិនៅស្រុកនោះ ពិធីបុណ្យក៏ជាឱកាសដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយតម្លៃវប្បធម៌ ហើយតម្រង់ទិសអភិវឌ្ឍទេសចរណ៍សម្រាប់មូលដ្ឋានទៀតផង។
“សកម្មភាពទេសចរណ៍របស់ស្រុកនឹងផ្តោតសំខាន់លើអត្តសញ្ញាណ វប្បធម៌ អត្តសញ្ញាណមនុស្ស Binh Lieu តាមនោះទាក់ទាញភ្ញៀវទេសចរ ហើយបង្កើតគោលដៅទេសចរណ៍គួរឲ្យចាប់អារម្មណ៍នៅខេត្ត Quang Ninh”។
នាពេលកន្លងមក មន្ទីរវប្បធម៌ និងព័ត៌មានខេត្ត Quang Ninh បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវវប្បធម៌ ដើម្បីស្រាវជ្រាវ និងសម្រាំងបទភ្លេង Soong Co បុរាណ។ ក្រៅពីនេះ មន្ទីរក៏បានបង្កើតក្លឹបច្រៀង Soong Co ដោយស្វែងរកសិប្បករជើងចាស់ដែលមានបទពិសោធន៍ដើម្បីបង្រៀនជូនជំនាន់ ក្រោយ សំដៅអភិរក្ស និងពង្រីកលក្ខណៈវប្បធម៌ដ៏ពិសេសនៃការច្រៀង Soong Co កុំឲ្យវាត្រូវរលាយសាបសូន្យទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ