ពិធីបុណ្យបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Lo Lo ខេត្ត Cao Bang

(VOVWORLD) - ពិធីបុណ្យបួងសួងសុំទឹកភ្លៀង គឺជាពិធីដ៏សំខាន់ និងពិសិដ្ឋមួយរបស់បងប្អូនជនជាតិ Lo Lo (ខេត្ត Cao Bang)។ ពិធីបុណ្យនេះផ្សារភ្ជាប់ជាមួយនឹងទំនៀមទម្លាប់ ការធ្វើពលកម្ម ផលិតកម្ម ដែលត្រូវបានប្រជាជនរក្សាទុកពីជំនាន់មួយទៅជំនាន់មួយ។

ពិធីបុណ្យបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Lo Lo ខេត្ត Cao Bang - ảnh 1អ្នកភូមិនាំគ្រឿងតង្វាយទៅកាន់កន្លែងធ្វើពិធីបួងសួងសុំទឹកភ្លៀង។
(រូបថត៖ caobang.gov.vn)

បងប្អូនជនជាតិ Lo Lo មានជំនឿថា រាល់សកម្មភាពក្នុងជីវភាពប្រចាំថ្ងៃ សុទ្ធតែត្រូវបានគ្រប់គ្រងដោយកម្លាំងអរូបីមួយ នោះគឺព្រះអាទិទេព។ ព្រះមួយក្នុងចំណោមព្រះទាំងនោះគឺជាព្រះភ្លៀង ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ ជនជាតិ Lo Lo នៅតែរក្សាពិធីមួយចំនួន ក្នុងនោះមានពិធីបួងសួងសុំទឹកភ្លៀង។ ជនជាតិ Lo Lo បួងសួងដោយស្មោះស្ម័គ្រថា ក្នុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ស្រោចស្រពរុក្ខជាតិឲ្យរីកលូតលាស់បានល្អ អ្នកភូមិមានរដូវអំណោយផល មានសុខភាពល្អ មានទ្រុងចិញ្ចឹមសត្វពេញបរិបូរណ៍ និងមានជីវភាពធូរធារ។ លោក Chi Van Son នៅស្រុក Bao Lac ខេត្ត Cao Bang បាននិយាយថា៖

“ការសែនសុំភ្លៀងមានន័យថា បួងសួងសុំរដូវអំណោលផល។ ក្នុងឆ្នាំ ពិធីបួងសួងសុំទឹកភ្លៀងប្រព្រឹត្តទៅក្នុងខែទី៣ តាមច័ន្ទគតិ ដោយបួងសួងសុំអាកាសធាតុអំណោយផល”។

ពិធីបួងសួងសុំទឹកភ្លៀងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែអ្នកភូមិត្រូវត្រៀមរៀបចំតាំងពីខែមុន ជាមួយនឹងការងារជាច្រើន។ មុនពេលប្រារព្ធពិធី អ្នកភូមិជួបជុំគ្នាពិភាក្សាដើម្បីឯកភាពជ្រើសរើសថ្ងៃល្អ រកគ្រូសែន ត្រៀមរៀបចំសំលៀកបំពាក់ គ្រឿងតង្វាយនិងគ្រឿងសំណែន... មនុស្សម្នាក់ៗ និងគ្រួសារនីមួយៗ សុទ្ធតែបរិច្ចាគប្រាក់ទិញគ្រឿងតង្វាយ និងជួយការងារគ្រូសែនក្នុងដំណើរការធ្វើពិធី។ កន្លែងដែលគេធ្វើពិធីនេះ ច្រើនតែជាតំបន់ព្រៃមួយដែលអ្នកភូមិបានជ្រើសរើស តាំងពីអតីតកាលសម្រាប់ធ្វើពិធីសែន។ បងប្អូនជនជាតិ Lo Lo មានទស្សនៈទានថា ព្រៃឈើជាទីជម្រករបស់ព្រះអាទិទេព និងជាកន្លែងរក្សាប្រភពទឹកសម្រាប់ប្រជាជន និងភូមិ។

ពិធីបុណ្យបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Lo Lo ខេត្ត Cao Bang - ảnh 2គ្រូសែនធ្វើពិធីបួងសួងសុំទឹកភ្លៀង។ (រូបថត៖ caobang.gov.vn)

ពិធីបួងសួងសុំទឹកភ្លៀងត្រូវបានបែងចែកជាពីរផ្នែក ដែលអាចហៅថាផ្នែកពិធី និងផ្នែកបុណ្យ។ ផ្នែកពិធី ត្រូវបានធ្វើឡើងដោយមានការចូលរួមរបស់អ្នកភូមិ ហើយពិធីសែននេះត្រូវបានធ្វើ ២ លើក។ គ្រឿងតង្វាយជាសត្វរស់ ដូចជា ឆ្កែ មាន់ និងជ្រូក ត្រូវបាននាំទៅកន្លែងធ្វើពិធី ចងជុំវិញតុសែន ហើយគ្រូសែនសុំការអនុញ្ញាតដើម្បីថ្វាយឡើង។ បន្ទាប់មក គ្រឿងតង្វាយនឹងត្រូវបានបុរសនៅក្នុងភូមិ យកទៅកាប់ រួចមកថ្វាយម្ដងទៀត។ គ្រូសែនជាមេពិធី ដែលទទួលបន្ទុកការបូជាទាំងអស់។ គ្រូសែន Nong Van Thang នៅស្រុក Bao Lam ខេត្ត Cao Bang បានឲ្យដឹងថា៖

“គ្រឿងតង្វាយរួមមាន ក្របី១ក្បាល ឆ្កែ១ក្បាល និងមាន់៣ក្បាល។ ឆ្កែគឺដើម្បីបណ្ដេញខ្មោច។ ថ្វាយមាន់២ក្បាល កូនមាន់មួយទៀតត្រូវបានកប់។ កូនមាន់នេះក៏ដើម្បីបណ្ដេញខ្មោចព្រាយបិសាចដែរ។ ជារៀងរាល់ឆ្នាំ ជនជាតិ Lo Lo តែងតែធ្វើពិធីបួងសួងសុំទឹកភ្លៀង ចង់បានអាកាសធាតុអំណោយផល រុក្ខជាតិដំណាំ ដើមឈើលូតលាស់បានល្អ។ ធ្វើពិធីបួងសួងសុំទឹកភ្លៀង ដើម្បីឱ្យអ្នកភូមិមានសេចក្តីសុខពេញមួយឆ្នាំ មិនមានជំងឺឈឺថ្កាត់ និងរដូវអំណោយផល។ ពិធីនេះធ្វើឡើងនៅថ្ងៃនាគ។ រៀបចំសម្រាប់ភូមិទាំងមូល គ្រួសារនីមួយៗបរិច្ចាគទឹកប្រាក់។ បើភូមិណាមានមូលនិធិគឺកាន់តែល្អ បើគ្មាននឹងចូលរួមបរិច្ចាគ”។

ពេលពិធីសែនចប់ហើយ នឹងចូលដល់ផ្នែកបុណ្យ ដែលអ្នកភូមិប្រមូលផ្តុំគ្នាទទួលទានអាហារ ជជែកគ្នា និងច្រៀងរាំជុំវិញតុសែន។ លោកស្រី Nong Thi Lien នៅស្រុក Bao Lam ខេត្ត Cao Bang បានចែករំលែកថា៖

“អ្នកភូមិទាំងមូលប្រមូលផ្ដុំគ្នានៅផ្ទះវប្បធម៌ ហើយក៏អញ្ជើញភ្ញៀវមកដើម្បីជប់លៀងជាមួយគ្នាដែរ។ យើងធ្វើពិធីសែនបែបនេះ ដើម្បីបួងសួងសុំទឹកភ្លៀង។ ប្រជាជនមានទឹកភ្លៀងសម្រាប់ដាំបណ្ដុះសំណាប និងធ្វើស្រែ”។

ក្នុងពិធីបួងសួងសុំទឹកភ្លៀង ពិធីដ៏សំខាន់មួយត្រូវបានគេធ្វើគឺការកប់កូនមាន់។ នេះជាពិធីដែលកំណត់ថា តើពិធីនេះជោគជ័យឬអត់ ព្រោះជនជាតិ Lo Lo មានជំនឿថា បន្ទាប់ពីកប់មាន់រួច ៣ថ្ងៃក្រោយគ្រូសែនវិលមក បើឃើញរណ្ដៅកប់មិនត្រូវបាក់ឬរលំ គឺមានន័យថា ពិធីសែនត្រូវបានព្រះទទួលស្គាល់។ ភូមិនឹងត្រូវបានព្រះប្រទានពរ ការពារ និងមានដំណាំល្អសម្រាប់ឆ្នាំនោះ។ បើមិនដូច្នោះទេ នឹងត្រូវធ្វើពិធីនេះម្តងទៀត។

ពិធីបុណ្យបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ Lo Lo ជាមួយនឹងពិធីដ៏ពិសេស និងប្លែកពីគេ ត្រូវបានរក្សាទុកពីជំនាន់មួយទៅជំនាន់មួយទៀត។ សម្រាប់ជនជាតិ Lo Lo ម្នាក់ៗ ពិធីបួងសួងសុំទឹកភ្លៀង ជាថ្ងៃដែលត្រូវបានគេទន្ទឹងរង់ចាំ ដើម្បីជួបជុំ ចែករំលែក ប្រាស្រ័យទាក់ទងគ្នា និងតភ្ជាប់សហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ