ពិធីបុណ្យបួងសួងសុំភ្លៀងដ៏ពិសេសរបស់ជនជាតិ Thai ស្បែកសនៅខេត្ត Son La

(VOVWORLD) - តំបន់ខ្ពង់រាប Moc Chau (ខេត្ត Son La) មិនត្រឹមតែត្រូវបានគេស្គាល់ដល់ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ជាមួយនឹងអាកាសធាតុបរិសុទ្ធ ត្រជាក់ស្រួល ទេសភាពធម្មជាតិស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែទីនេះថែមទាំងមានពិធីបុណ្យទានជាច្រើនដ៏ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅតំបន់ពាយព្យទៀតផង។ មកដល់ Moc Chau ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ ភ្ញៀវទេសចរនឹងមានឱកាសសម្របខ្លួនក្នុងពិធីបុណ្យបួងសួងសុំភ្លៀង ដែលជាសកម្មភាពវប្បធម៌ជំនឿដ៏ពិសេសរបស់ជនជាតិ Thai ស្បែកស នៅឃុំ Muong Sang។

សម្រាប់ជនជាតិ Thai នៅឃុំ Muong Sang ស្រុក Moc Chau ពិធីបុណ្យបួងសួងសុំភ្លៀងគឺជាព្រឹត្តិការណ៍សំខាន់បំផុតប្រចាំឆ្នាំ។ លោកស្រី Lo Thi Tap នៅភូមិ Na Bo ឃុំ Muong Sang បានឲ្យដឹងថា មនុស្សគ្រប់រូបនៅក្នុងភូមិឃុំ ទាំងចាស់ទាំងក្មេង គ្រប់គ្នាសុទ្ធតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារដើម្បីចូលរួមក្នុងពិធីបុណ្យនេះ។                                 

“ពិធីបុណ្យបួងសួងសុំភ្លៀង គឺជាឱកាសដើម្បីអ្នកភូមិ បួងសួងសុំភ្លៀងធ្លាក់ ដើម្បីមានរដូវដាំដំណាំ ដាំដើមឈើ ព្រៃ ដើម្បីឱ្យអ្នកភូមិប្រកបរបរកសិកម្មបានយ៉ាងរលូន មានជីវភាពរស់នៅសម្បូរធូធារ”។

ពិធីបុណ្យបួងសួងសុំភ្លៀងដ៏ពិសេសរបស់ជនជាតិ Thai ស្បែកសនៅខេត្ត Son La - ảnh 1ពិធីបួងសួងសុំភ្លៀងរបស់ជនជាតិ Thai ស្បែកសនៅឃុំ Muong Sang ស្រុក Moc Chau។

មួយខែមុនការប្រារព្ធធ្វើពិធីបុណ្យ អ្នកភូមិសម្អាតផ្ទះសម្បែង ផ្លូវថ្នល់ក្នុងភូមិ  ហើយរួមគ្នាត្រៀមរៀបចំគ្រឿងសំណែន ដែលជាផលិតផលដោយផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា បាយក្រឡាន ត្រីឆ្អើរ មាន់ស្ងោរ អង្ករដំណើប ពងមាន់ ទំពាំងឬស្សីល្វីង ជាដើម។ ក្នុងពិធីបុណ្យបួងសួងសុំភ្លៀង មិនអាចខ្វះបាន “ដើមឈើគ្រប់សព្វ” (ហៅម្យ៉ាងទៀតថា ដើមឈើសកលលោក) ដែលធ្វើអំពីដើមឈើឬដើមឫស្សីដ៏វែង ហើយត្រូវបានដំឡើងនៅទីកន្លែងប្រារព្ធពិធីបុណ្យ។ នៅលើ “ដើមឈើគ្រប់សព្វ” ត្រូវបានតុបតែងដោយសត្វមួយចំនួនដូចជា៖ បក្សី សត្វរ៉ៃ ដែលត្បាញដោយឫស្សី ដើម្បីនាំពាក្យបួងសួងរបស់អ្នកភូមិជូនព្រះអាទិទេព។ ជុំវិញដើមឈើគ្រប់សត្វនោះ អ្នកភូមិដាក់គ្រឿងសំណែនដូចជាបាយដំណើប មាន់ សាច់ជ្រូក ផ្លែឈើ ជាដើម ដែលជាទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកភូមិចំពោះព្រះអាទិទេព។ លោក Luong Van Sinh មេភូមិ Na Bo ១ ឃុំ Muong Sang ស្រុក Moc Chau បានឲ្យដឹងថា៖

“ដើម្បីត្រៀមរៀបចំឲ្យពិធីបុណ្យនេះ ភូមិយើងបានជួបប្រជុំ ចាត់ចែងការងារយ៉ាងជាក់លាក់ដល់សមូហភាពនីមួយៗនៅក្នុងភូមិ រួមទាំងបងប្អូននារី សមាគមជនចាស់ជរា… មនុស្សទាំងអស់រួមគ្នាតុបតែងដើមឈើគ្រប់សត្វ បងប្អូនអន្ទះសារនិងចូលរួមយ៉ាងសកម្មណាស់”។

នៅថ្ងៃប្រារព្ធធ្វើពិធីបុណ្យ បន្ទាប់ពីធ្វើពិធីការបួងសួងសុំព្រះធរណី ដើម្បីប្រារព្ធធ្វើពិធីបុណ្យនៅទីកន្លែងមួយដែលបានជ្រើសរើសក្នុងភូមិរួចស្រេចគ្រូសែននិងតំណាងបុរសនិងស្ត្រីក្នុងភូមិស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី ដើរតាមភូមិ ពីផ្ទះមួយទៅផ្ទះមួយ ដើម្បីហៅប្រជាជនចូលរួមពិធីបុណ្យ។ ពិធីបួងសួងសុំភ្លៀងនេះ ត្រូវបានគ្រូសែនទទួលបន្ទុក ហើយអ្នកភូមិទាំងអស់ប្រមូលផ្ដុំគ្នាដើម្បីបួងសួង។ 

គ្រូសែនសូត្របាឡីបទបន់ស្រន់ ជម្រាបជូនព្រះអាទិទេពពីទុក្ខលំបាករបស់អ្នកភូមិពេលគ្មានភ្លៀងធ្លាក់; សុំព្រះប្រទានទឹកភ្លៀងស្រេចស្រពស្រែចម្ការ ដើមឈើបានរីកលូតលាស់។ ពេល អានបទបន់ស្រន់រួចមក គ្រូសែននឹងប្រកាសប្រទានទឹកជូនអ្នកភូមិ ដើម្បីឱ្យប្រជាជនមានអាកាសធាតុ រដូវអំណាយផលពេញមួយឆ្នាំ។ លោកស្រី Dinh Thi Huong ប្រធានការិយាល័យវប្បធម៌ និងកីឡាស្រុក Moc Chau ខេត្ត Son La បានឲ្យដឹងថា៖

“ពិធីបុណ្យបួងសួងសុំភ្លៀង ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីបួងសួងសុំអាកាសធាតុ រដូវអំណោយ ផល។ ស្រុកកំណត់ថា ការរៀបចំពិធីបុណ្យមិនត្រឹមតែជាសកម្មភាពវប្បធម៌ព្រលឹងវិញ្ញាណរបស់ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ខ្ពង់រាប Moc Chau ទៀតផង។ បច្ចុប្បន្ននេះ ស្រុកកំពុងត្រៀមរៀបចំសំណុំឯកសារដើម្បីស្នើឲ្យទទួលស្គាល់ពិធីបុណ្យបួងសួងសុំភ្លៀងជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ”។

ការថែរក្សាពិធីបុណ្យបួងសួងសុំភ្លៀងនឹងរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ ជំនឿប្រពៃណីដ៏ស្រស់ស្អាតរបស់ជនជាតិ Thai ស្បែកសនៅ Moc Chau និយាយដោយឡែក និងរបស់ប្រជាជនបណ្ដាជនជាតិនៅតំបន់ភាគពាយ័ព្យនិយាយរួម។ ទន្ទឹមនឹងនោះ រួមចំណែកការពារបរិស្ថាន និងបង្កើតផលិតផលទេសចរណ៍ដ៏សម្បូរបែប ពិសេសដោយឡែក ទាក់ទាញភ្ញៀវទេសចរមក Moc Chau កាន់តែច្រើនឡើងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ