ពិធីបុណ្យវាយស្គររបស់ជនជាតិ Ma Coong - រាត្រីនៃប្រតិព័ទ្ធស្នេហានៅកណ្ដាលព្រៃ Truong Son

(VOVWORLD) - ពិធីបុណ្យវាយស្គរគឺជាពិធីបុណ្យមួយរបស់ជនជាតិ Ma Coong នៅឃុំ Thuong Trach ស្រុក Bo Trach ខេត្ត Quang Binh ដោយមានបំណងបួងសួងសុំឲ្យអាកាសធាតុអំណោយផល វាលស្រែ
រីកលូតលាស់បានល្អ ភូមិឃុំសម្បូរធូធារ គ្រួសារមានសេចក្ដីសុខ សត្វពាហនៈជៀសផុតពីជំងឺរាលដាល។ ក្នុងរាត្រីនៃបុណ្យវាយស្គរនោះ កំលោះនិងក្រមុំដែលមិនទាន់រៀបការ បានណាត់ជួបគ្នាហើយក្លាយទៅជាប្ដីប្រពន្ធ។

ពិធីបុណ្យវាយស្គររបស់ជនជាតិ Ma Coong - រាត្រីនៃប្រតិព័ទ្ធស្នេហានៅកណ្ដាលព្រៃ Truong Son - ảnh 1កំលោះនិងក្រមុំដែលមិនទាន់រៀបការជាអ្នកដែលវាយស្គរដំបូងគេក្នុងពិធីបុណ្យវាយស្គរ។ (រូបថត៖ VOV)

នៅយប់ថ្ងៃទី១៦ រោច ខែមិគសិ ជារៀងរាល់ឆ្នាំ ពិធីបុណ្យវាយស្គររបស់ជនជាតិ Ma Coong ត្រូវបានប្រារព្ធធ្វើឡើងនៅភូមិ Ca Roong ឃុំ Thuong Trach ស្រុក Bo Trach ខេត្ត Quang Binh។ នៅពេលបើកពិធី ព្រឹទ្ធាចារ្យភូមិ Dinh Xon អានពាក្យបួងសួងសុំឲ្យពពួកទេវតា ប្រសិទ្ធិពរជ័យដល់អ្នកភូមិឲ្យរស់នៅដោយសុខសាន្ត រកស៊ីមានបាននិងមានរដូវអំណោយផល។ ក្រោយពីសែនរួច ព្រឹទ្ធាចារ្យភូមិបានប្រកាសពីការបើកពិធីបុណ្យវាយស្គរ។

នៅពេលដែលសូរសម្លេងស្គរបើកពិធីបុណ្យលាន់លឺរំពង មនុស្សទាំងអស់គ្នាចាប់ផ្ដើមប្រមូលផ្តុំគ្នានៅជុំវិញពាងស្រា។ យុវជនដែលមានសុខភាពមាំមួនប្រកួតប្រជែងគ្នាដណ្ដើមយកអន្លូងស្គរ ហើយវាយស្គរយ៉ាងខ្លាំងនិងរហ័ស រហូតដល់ស្គរបែក។ អ្នកដែលមិនចូលរួមវាយស្គរ គឺកាន់ដៃគ្នារាំជុំវិញភ្នក់ភ្លើង។ នៅក្រោមពន្លឺព្រះច័ន្ទពេញបូរមីយ៍ មនុស្សពីក្រុមមួយទៅក្រុមមួយ ឆ្លាស់គ្នាវាយស្គរ រាំ ផឹកស្រានៅជុំវិញភ្នក់ភ្លើង ហើយស្រែកថា “សប្បាយណាស់ព្រះអើយ”។

សូរសំឡេងស្គរគឺជាតំណាងនៃវិញ្ញាណ ដូចជាសំឡេងរបស់ជនជាតិ Ma Coong នៅកណ្តាលព្រៃខៀវស្រងាត់ មិនចេះចុះចាញ់ចំពោះខ្យល់ព្យុះ ភ្លៀង និងសត្វព្រៃនោះឡើយ។ ព្រឹទ្ធាចារ្យភូមិ Dinh Xon បានឲ្យដឹងថា៖

“ពិធីបុណ្យនេះបួងសួងសុំលាភសំណាងដល់ក្រុមគ្រួសារ មនុស្សទាំងអស់គ្នា ហូបចុកលេងកំសាន្តតាមទំនៀមទម្លាប់ ។ ជំនាន់មុនបានបង្កើតពិធីបុណ្យនេះ ដូច្នេះយើងត្រូវថែរក្សា មិនត្រូវលុប ចោលទំនៀមទំលាប់របស់ខ្លួន។ សព្វថ្ងៃនេះកាន់តែរីកចម្រើន ត្រូវចំណាយពេលវេលាជាច្រើនឲ្យជំនាន់វ័យក្មេងលេងកំសាន្ត”

ពិធីបុណ្យវាយស្គររបស់ជនជាតិ Ma Coong - រាត្រីនៃប្រតិព័ទ្ធស្នេហានៅកណ្ដាលព្រៃ Truong Son - ảnh 2តំណាងអាជ្ញាធរមូលដ្ឋានចូលរួមអំណរពិធីបុណ្យវាយស្គររបស់ជនជាតិ Ma Coong។
(រូបថត៖ VOV)

លោក Peter ជនជាតិដាណឺម៉ាក អ្នកជំនាញស្រាវជ្រាវផ្នែកបេតិកភណ្ឌវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលរស់នៅក្នុងប្រទេសវៀតណាម នៅពេលចូលរួមពិធីបុណ្យវាយស្គរ Ma Coong ជាលើកដំបូង បានចែករំលែកថា៖ ពិធីបុណ្យវាយស្គរប្រៀបប្រដូចភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ បង្កើតឡើងលក្ខណៈពិសេសដោយឡែករបស់ជនរួមជាតិជនជាតិ Ma Coong។

“លើកនេះខ្ញុំធ្វើដំណើរទេសចរណ៍ហើយបានចូលរួមពិធីវាយស្គរនៅទីនេះពិតជាអស្ចារ្យណាស់។ នេះជាទំនៀមទម្លាប់ដែលបង្ហាញពីភាពចុះសម្រុងគ្នារវាងធម្មជាតិនិងមនុស្សនៅទីនេះ។ ចាំបាច់ត្រូវរក្សាប្រពៃណីវប្បធម៌នេះ ព្រោះថាភាពសម្បូរបែបនៃអត្តសញ្ញាណវប្បធម៌ ក្នុងនោះមានអត្តសញ្ញាណរបស់បណ្ដាជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ Quang Binh គឺមានសារសំខាន់ខ្លាំងណាស់”។

ជាមួយនឹងតម្លៃដែលមានលក្ខណៈប្រចាំភូមិស្រុក ហើយពោរពេញទៅដោយអត្តសញ្ញាណជាតិ នៅឆ្នាំ ២០១៩ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានទទួលស្គាល់ពិធីបុណ្យវាយស្គររបស់ជនជាតិ Ma Coong ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ លោក Nguyen Huu Hong អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Bo Trach ខេត្ត Quang Binh បានឲ្យដឹងថា៖

“យើងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រីកអត្តសញ្ញាណវប្បធម៌នៃពិធីបុណ្យវាយស្គររបស់ជនរួមជាតិជនជាតិ Ma Coong។ នៅឆ្នាំនេះ គណៈកម្មាធិការប្រជាជនស្រុកមានផែនការប្រារព្ធពិធីបុណ្យវាយស្គរនេះ ស្ដារពិធីបុណ្យវាយស្គរឡើងវិញឲ្យបានត្រឹមត្រូវតាមអត្តសញ្ញាណរបស់ជនជាតិ Ma Coong”។

រាត្រីនៃពិធីបុណ្យវាយស្គរក៏ជាឱកាសសម្រាប់កំលោះនិងក្រមុំបានជួបប្រាស្រ័យទាក់ទង ស្គាល់គ្នា ហើយមានចិត្តប្រតិព័ទ្ធស្នេហា។ នៅពេលនោះ កំលោះក្រមុំ ដែលស្រឡាញ់ជាប់ចិត្តគ្នាតាំងពីរយូរហើយ ត្រូវបានអនុញ្ញាតិឱ្យនាំគ្នាទៅជ្រោះ ឬចូលព្រៃ… ដើម្បីសារសងគ្នា ចូលរួម “រាត្រីបុណ្យនៃក្ដីស្រឡាញ់” ដើម្បីថែរក្សា និងបន្តពូជពង្ស ថែរក្សាកុលសម្ព័ន្ធជនជាតិ Ma Coong។ លោក Dinh Du នៅភូមិ Ca Roong ២ ឃុំ Thuong Trach ស្រុក Bo Trach បានឲ្យដឹងថា៖

“តាមទំនៀមទម្លាប់ វាយស្គររហូតដល់ស្គរបាក់ ទើបបិទពិធីបុណ្យ។ ពិធីបុណ្យនេះក៏ជាឱកាស សម្រាប់កំលោះនិងក្រមុំដែលមិនទាន់រៀបការបានជួបសារសង ស្គាល់គ្នា ហើយណាត់ជួបគ្នា។ ចាប់ពីពេលនេះតទៅ ពេលស្រឡាញ់គ្នាហើយ គេនឹងស្វែងយល់ពីគ្នាហើយក្លាយជាប្ដីប្រពន្ធ”។

ពេលមាន់រងាវ ព្រះអាទិត្យរះ ក៏ជាពេលវេលាដែលពិធីបុណ្យវាយស្គរ និងរាត្រីបុណ្យនៃក្ដីស្រឡាញ់ បិទបញ្ចប់ ប្រជាជនជនជាតិ Ca Roong នៅឃុំ Thuong Trach ស្រុក Bo Trach ខេត្ត Quang Binh វិលត្រឡប់មកជីវភាពប្រចាំថ្ងៃវិញ ហើយណាត់ជួបគ្នានៅពិធីបុណ្យឆ្នាំក្រោយ។ កំលោះដែលបានសន្យាថានឹងជ្រើសរើសថ្ងៃល្អ ដើម្បីអញ្ជើញឪពុកម្តាយ និងព្រឹទ្ធាចារ្យភូមិមកផ្ទះក្រមុំដើម្បីប្រគល់ជំនូនសុំរៀបការ។ គូស្នេហ៍ជាច្រើនបានក្លាយជាប្តីប្រពន្ធបន្ទាប់ពីពិធីបុណ្យវាយស្គរ ក្នុងនោះមានទាំងសេចក្ដីស្រឡាញ់ឆ្លងដែនវៀតណាមនិងឡាវទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ