ពិធីបុណ្យអរព្រះគុណចំពោះអារក្ស អ្នកតាព្រៃភ្នំរបស់ប្រជាជន ជនជាតិ Co Tu

(VOVWORLD) -  ពិធីបុណ្យអរព្រះគុណចំពោះអារក្ស អ្នកតាព្រៃភ្នំគឺជាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu នៅស្រុក Tay Giang ខេត្ត  Quang Nam ដែលតែងតែបានប្រារព្ធឡើងនាប៉ុន្មានថ្ងៃដើមនិទាឃរដូវជារៀងរាល់ឆ្នាំ។ ប្រជា ជន Co Tu គេមានទស្សនទានថា ក្រៅពីការបើកឆ្នាំថ្មីដើម្បីបួងសួងសេចក្តីសុខសំណាងមក  ពិធីបុណ្យអរព្រះគុណចំពោះអារក្ស អ្នកតាព្រៃភ្នំថែមទាំងជាការសន្យារបស់ប្រជាជនក្នុងភូមិក្នុងការលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងនិងការការពារព្រៃឈើ ព្រមទាំងតភ្ជាប់សហគមន៍ទៀតផង។

ពិធីបុណ្យអរព្រះគុណចំពោះអារក្ស អ្នកតាព្រៃភ្នំរបស់ប្រជាជន ជនជាតិ Co Tu - ảnh 1 មេភូមិសែនអរព្រះគុណអារក្ស អ្នកតាភ្នំព្រៃ (រូបថតៈ dantri)

នៅកណ្តាលព្រៃឈើដ៏ធំល្វឹងល្វើយ  យុវជន យុវនារីក្នុងភូមិ បានវិលវល់តាមចង្វាក់ភ្លេង សូរសម្លេងគង ឃ្មោះនិងឧបករណ៍ភ្លេងបុរាណ លាន់រន្ទឺហាក់ដូចជាការបួងសួងដែលជនជាតិ CoTu ឧទ្ទិសដល់ព្រះជាម្ចាស់និងបុព្វការីជន។ ជនជាតិ Co Tu គេជឿថា ព្រះជាម្ចាស់ ក៏ដូចជាពពួកទេវតា បានផ្តល់កម្លាំងដើម្បីអ្នកភូមិទាំងអស់គ្នាអាចឆ្លងកាត់រាល់ការលំបាកនិងផ្សាភ្ជាប់ជាមួយព្រៃភ្នំជានិច្ច។ ព្រៃឈើគឺដូចជាព្រះដ៏ពិសិដ្ឋរបស់ភូមិនិងសហគមន៍ជនជាតិ Co Tu អញ្ជឹង។ លោកព្រឹទ្ធាចារ្យ  Clau Blao នៅឃុំ Tr’hy បានអោយដឹងថា៖ តាំងពីយូរណាស់មកហើយ ជនរួមជាតិ Co Tu តែងតែស្រឡាញ់ព្រៃឈើ។ អ្នកភូមិគេជឿថា អ្នកម្តាយព្រៃឈើថែរក្សាជីវភាពរស់នៅរបស់អ្នកភូមិ ហេតុដូច្នេះ ប្រជាជនគ្រប់រូបត្រូវចេះថែរក្សាព្រៃឈើអោយបានល្អ។

លោក Clau Blao បានះអោយដឹងថែមទៀតថា៖ “តាំងពីបុរាណកាលមក អ្នកភូមិយើងទាំងអស់គ្នាតែងតែការពារព្រៃភ្នំជានិច្ច។ គោលបំណងគឺ ទីមួយ ការពារព្រៃដើម្បីយកឈើសាងសង់ផ្ទះ។ ទីពីរគឺសម្រាប់ធ្វើអុស។ ទីបីគឺ អោយមានម្លប់ ពោលគឺនៅក្បែរដើមឈើធំៗ ធ្វើអោយមនុស្សយើងស្រស់ស្រាយក្នុងអារម្មណ៍ តាមនោះ គ្មានអ្នកកាប់បំផ្លាញព្រៃនោះឡើយ”។

សូមជម្រាបថា តាំងពីបុរាណកាលមក ជនជាតិ Co Tu នៅតំបន់ភ្នំ Tay Giang នៃខេត្ត Quang Nam បានធ្វើពិធី “អរព្រះគុណដល់អារក្ស អ្នកតាព្រៃភ្នំ” ដើម្បីអរព្រះគុណដល់ភ្នំ ទន្លេ ដើមឈើ ដំណាំ និងអរព្រះគុណដល់ព្រះជាម្ចាស់។ អ្នកភូមិគេមានទស្សនទានថា  មានព្រៃឈើ គឺមានអារក្ស អ្នកតាព្រៃភ្នំ គឺមនុស្ស សត្វនិងរុក្ខជាតិរស់នៅ។ អ្នកណាដែលយកអ្វីពីព្រៃត្រូវសុំព្រះ ត្រូវមានការប្រជុំជាមួយអ្នកភូមិ និងធ្វើគ្រឿងសែនយ៉ាងប្រុងប្រយ័ត្ន។ ដើម្បីការពារព្រៃ អ្នកភូមិ A Ro ឃុំ Lang ស្រុក Tay Giang  បានសន្មត់ថា អ្នកណាដែលចង់យកឈើពីព្រៃមកសង់ផ្ទះ ត្រូវមានការយល់ព្រមពីអ្នកភូមិ។ អ្នកដែលរំលោភនឹងត្រូវបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ហើយត្រូវហាមចូលព្រៃតែម្តង។

យោងតាមលោក Bhriu Liec   លេខាគណៈកម្មាធិការបក្សស្រុក Tay Giang ខេត្ត Quang Nam បានអោយដឹងថា រក្សាបានព្រៃឈើដ៏ធំល្វឹងល្វើយនេះគឺដោយសារដំណើរការរក្សាព្រៃឈើរបស់ជនជាតិ Co Tu ជាច្រើនជំនាន់៖ “ការទទួលខុសត្រូវរបស់ជនជាតិ CoTu ក្នុងការថែរក្សាព្រៃឈើ មិនមែនជារបស់នរណាម្នាក់ឡើយ នោះគឺរបស់សហគមន៍ទាំងមូល។ ដើម្បីរក្សាពៃឈើអោយបានល្អគួរចាប់ផ្តើមពីវប្បធម៌។ វប្បធម៌សំខាន់បំផុតចំនួនពីរ គឺវប្បធម៌ភូមិនិងវប្បធម៌ការពារព្រៃឈើ។ ហេតុដូច្នេះប្រសិនបើយើងរក្សាការពារបានវប្បធម៌ព្រៃមានន័យថា ព្រៃមិនបាត់បង់ទេ ប្រសិនបើយើងបាត់បង់វប្បធម៌ភូមិនោះ ពោលគឺយើងនឹងបាត់បង់វប្បធម៌ព្រៃឈើជាពុំខាន”។

ពិធីបុណ្យអរព្រះគុណចំពោះអារក្ស អ្នកតាព្រៃភ្នំរបស់ប្រជាជន ជនជាតិ Co Tu - ảnh 2 ជនជាតិ Co Tu រាំសប្បាយក្នុងពិធីសែន អរព្រះគុណចំពោះអារក្ស អ្នកតាភ្នំព្រៃ (រូបថត: dantri)

មិនត្រឹមតែការពារព្រៃឈើប៉ុណ្ណោះទេ ប្រជាជន Co Tu នៅទីនេះ ក៏បានពង្រីកនូវតម្លៃព្រៃឈើដើម្បីក្លាយជាអ្នកមានផងដែរ។ គំរូនៃការដាំដំណាំ រុក្ខជាតិឱសថ ត្រូវបានប្រជាជនជនជាតិ Co Tu ពង្រីកអោយកាន់តែច្រើន ក្រោមម្លប់ព្រៃឈើ។ ជាពិសេស គ្រួសារជាច្រើននៅស្រុកព្រៃភ្នំ Tay Giang បានក្លាយជាសេដ្ឋីដោយដាំរុក្ខជាតិឱសថផងដែរ។ លោក Le Tri Thanh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam មានអោយដឹងថា៖  “ខេត្តបន្តស្នើអោយស្រុក Tay Giang មានមធ្យោបាយច្នៃប្រឌិតបន្ថែមទៀតដើម្បីការពារនិងអភិវឌ្ឍព្រៃឈើដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជន ដែលរួមចំណែកធ្វើអោយអត្រាក្រីក្រនៅស្រុក Tay Giang បានថយចុះក្នុងកំរិតទាបបំផុត។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏បានពង្រីកនូវតម្លៃវប្បធម៌ដទៃទៀត ជាពិសេសគឺតម្លៃពីធម្មជាតិដែលមានស្រាប់របស់ Tay Giang  ដើម្បី Tay Giang ក្លាយទៅជាគោលដៅទេសចរណ៍ ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាផងដែរ”។

រស់នៅកណ្តាលភ្នំព្រៃឈើ Truong Son អស់រយៈពេលជាច្រើនជំនាន់មកហើយ ជនជាតិ Co Tu បានរស់នៅនិងប្រកបរបរធ្វើស្រែចំការ ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា អ្នកភូមិគេនៅតែរក្សាព្រៃចាស់និងព្រៃទឹកខាងលើ។ សម្រាប់ពួកគេ ព្រៃភ្នំគឺជាធនធានមិនអាចកាត់ថ្លៃបាន ដែលជួយប្រជាជន Co Tu ឱ្យរស់រានមានជីវិតនិងអភិវឌ្ឍ។ ហេតុដូច្នេះពិធីអរព្រះគុណចំពោះអារក្ស អ្នកតាព្រៃភ្នំដែលបានធ្វើឡើងនៅដើមឆ្នាំថ្មីគឺជាឱកាសមួយដើម្បីបង្ហាញការដឹងគុណដល់ “អ្នកម្តាយ” នៃព្រៃដែលបានព្រទានពរដល់អ្នកភូមិទាំងអស់ភាពសុខសានត្រាណពេញឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ