ពិធីសែន “ពាង” ដ៏វិសេសវិសាលរបស់ជនជាតិ Ede Mdhur នៅ Mdrak
(VOVWORLD) - ចំពោះជនជាតិ Ede ពាងមិនត្រឹមតែជាទ្រព្យសម្បត្តិដើម្បីបង្ហាញពីជីវភាពសម្បូរធូធារប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយលក្ខណៈពិសិដ្ឋទៀតផង។ ពាងមានវត្តមាននៅក្នុងពិធីបុណ្យ ពិធីសែន នៅក្នុងជីវិតខាងព្រលឹងវិញ្ញាណរបស់ជនជាតិ Ede។ ហេតុដូច្នេះ នៅពេលដែលគ្រួសារទិញបានពាងមួយដ៏មានតម្លៃឬនៅពេលដែលវាត្រូវម្ចាស់យកទៅលក់ឬប្រគល់ពាងទៅគេ ម្ចាស់ពាងនឹងធ្វើពិធីបុណ្យមួយដើម្បីជូនដំណឹងដល់ព្រះនិងពូជពង្សឲ្យបានដឹងជ្រាបផង។ នេះគឺជាពិធីបុណ្យតាមប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Ede Mdhur និង Blo នៅខេត្ត Dak Lak ដែលត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ។
ទិដ្ឋភាពនៃពិធីសែនពាង |
នៅថ្ងៃមួយនៃដើមរដូវប្រាំង ខណៈដែលការធ្វើស្រែចំការបានធូរបន្តិច ផ្ទះល្វែងវែង របស់លោក Y Wut Mlo និងអ្នកស្រី H’Yuoh Nie (ama ami Sem) នៅភូមិ Tai ឃុំ Krong Jing ស្រុក M’dak ពោរពេញដោយភាពសប្បាយរីករាយ ដោយសារពិធីសែន ពាង។ នៅក្នុងបន្ទប់ទទួលភ្ញៀវ យុវជនបានជួយដល់សិប្បករនិងមនុស្សចាស់ទុំក្នុងភូមិ ដើម្បីរៀបចំសសរសម្រាប់ចងស្រានិងព្យួរកង។ រីឯនៅក្នុងផ្ទះបាយ បងប្អូននារីបានត្រៀមរៀបចំម្ហូបអាហារ ហើយបុរសវ័យកណ្តាលធ្វើសាច់ជ្រូកនិងត្រៀមគ្រឿងដង្វាយផងដែរ។
លោក Y Wut Mlo បានឲ្យដឹងថា គ្រួសាររបស់លោកទើបបានជួបសេចក្តីសុខសំណាង ចម្រុងចម្រើនពេញមួយឆ្នាំ។ ជីវភាពគ្រាន់បើបន្តិច លោកបានទៅទិញពាងថ្មីមួយ ហេតុដូច្នេះ ទើបបានរៀបចំពិធីសែនពាងនេះតែម្តង។
“គ្រួសាររបស់យើងខ្ញុំទើបទិញបានពាងថ្មីមួយ ដូច្នេះថ្ងៃនេះយើងខ្ញុំបានរៀបចំពិធី សែន ដើម្បីព្រលឹងរបស់ពាងអាចរស់នៅជាមួយគ្រួសារ។ មុននេះ ឪពុកម្តាយ ជីដូនជីតាក៏បានធ្វើពិធីនេះជាញឹកញាប់ ប៉ុន្តែក្រោយមក អ្នកភូមិគេក៏មិនសូវសែនដែរ។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏គ្រួសាររបស់ខ្ញុំចង់រៀបចំពិធីនេះដូចជារក្សាប្រពៃណី ដើម្បីកូនចៅយល់ច្បាស់ពីប្រពៃណីរបស់ជីដូនជីតា”។
គ្រូសែនកំពុងត្រៀមរៀបចំគ្រឿងតង្វាយ |
ពីយូយារណាស់មកហើយ ជនជាតិ Ede គេមានទស្សនាទានថា សត្វលោកទាំងអស់សុទ្ធតែមានព្រលឹង ហើយយោងតាមប្រពៃណីរបស់បុព្វបុរស ពាងត្រូវបានគេចាត់ទុកថាជាវត្ថុពិសិដ្ឋ ពីព្រោះពាងដែលដាក់ស្រាគឺជាវត្ថុមិនអាចខ្វះបាននៅក្នុងពិធីណាមួយឡើយ។ ផ្ទុយទៅវិញស្រាពាងក៏ត្រូវបង្ហាញពីវប្បធម៌ទទួលភ្ញៀវ។ ម្យ៉ាងវិញទៀត ពាងអាចត្រូវបានប្រើជាអំណោយនៅក្នុងឱកាសពិសេសនិងវត្ថុបុរាណដែលមានតម្លៃដើម្បីរួមចំណែកនៅពេលដែលគ្រួសារនៅក្នុងភូមិរៀបចំពិធីបុណ្យ។ ពាងជិតស្និទ្ធផងនិងជាវត្ថុដ៏ពិសិដ្ឋផង ដូច្នេះជនជាតិ Ede គេចាត់ទុកពាងដូចជាសមាជិកក្នុងគ្រួសារអញ្ជឹង។ ហេតុដូច្នេះ ពិធីបុណ្យសែនពាងដូចជាពិធីបុណ្យមួយដើម្បីទទួលស្គាល់ ពាងជាសមាជិក្នុងគ្រួសារ ដោយនៅក្នុងភាពសុខដុមនិងពរជ័យនាំមកនូវអ្វីដែលល្អសម្រាប់ក្រុមគ្រួសារ។ គ្រឿងដង្វាយសម្រាប់សែនពាង រួមមាន ជ្រូកគ្រៀវ ១ក្បាល ស្រាពាងធំ ៣ កងដៃធ្វើពីសំរឹទ្ធ ៦ ខ្សែករធ្វើពីគ្រាប់អង្កាំ ៣ ផងដែរ។ ត្រូវតែមានដើមឈើរាងពងក្រពើព្រោះវាត្រូវបានចាត់ទុកជាវត្ថុមួយ។ ការតភ្ជាប់គ្នារវាងមនុស្សនិងព្រះអាទិទេពមកចូលរួមក្នុងពិធីនេះ។ ជាពិសេស មិនអាចខ្វះបានដើមស្តៅព្រៃឡើយ ព្រោះអ្នកភូមិគេជឿថា ដើមស្តៅព្រៃជាខ្សែតភ្ជាប់រវាងមនុស្សនិងទេវតា។
ខណៈពេលដែលបានត្រៀមរួចរាល់ហើយ ក្នុងសំលេងរបស់គង គ្រូសែន Y Rung Ksor (ae H'Djuang) នៅក្នុងភូមិ Hoang នៃឃុំ Krong Jing ស្រុក Mdrak ក្នុងនាមជាម្ចាស់ផ្ទះ បានចាប់ផ្តើមពិធីសែន។ ពិធីសែននេះត្រូវបានអនុវត្តតាមលំដាប់លំដោយ ដំបូងឡើយគឺសែនជីដូនជីតា បន្ទាប់មកជាការថ្វាយដង្វាយដល់ទេវតា សែនពាង ហើយចុងបញ្ចប់គឺសែនសម្រាប់ម្ចាស់ផ្ទះ។
ទោះបីជា ពិធីសែនពាងជាពិធីសែនប្រពៃណីក៏ដោយ ប៉ុន្តែបច្ចុប្បន្ននេះ ពិធីសែននេះមិនសូវបានគេពេញនិយមប្រើឡើយ។ ហេតុដូច្នេះ ការដែលគ្រួសារលោក Y Wut មានលក្ខណៈសម្រាប់រៀបចំពិធីនេះជាប្រការល្អប្រសើរណាស់។ តាមលោក Y Bon Mlo នៅភូមិ Tai ឃុំ Krong Jing ស្រុក M Drak ថា នេះជាលើកដំបូងលោកបានឃើញផ្ទាល់ពិធីសែនពាង៖
“ជាយុវវ័យម្នាក់ នៅពេលខ្ញុំបានឃើញអ្នកភូមិគេធ្វើពិធីបុណ្យនេះ ខ្ញុំក៏មានការប្តេជ្ញាក្នុងចិត្តថា ត្រូវរក្សាប្រពៃណីវប្បធម៌ទាំងនេះ។ ខ្ញុំបានព្យាយាមសង្កេតដោយប្រុងប្រ យ័ត្ននិងកត់ត្រាពីរបៀបសែន ពីការរៀបចំគ្រឿងដង្វាយ ទៅដល់របៀបសែនដើម្បីរក្សាទុកសម្រាប់ប្រើនិងប្រគល់ឲ្យជំនាន់ក្រោយ”។
នៅពេលដែលពិធីបុណ្យបានបញ្ចប់ ក៏ជាពេលដែលសម្លេងគងបានលាន់លឺ ជំនួស ឱ្យសេចក្តីថ្លែងអំណរគុណរបស់ម្ចាស់ផ្ទះដែលអរគុណដល់សាច់ញាតិ ត្រកូលនិងអ្នកភូមិជិតឆ្ងាយដែលមកចូលរួមរីករាយផងដែរ។ នៅក្នុងបរិយាកាសដ៏អ៊ូអរសប្បាយរីករាយនោះ មនុស្សម្នាបានប្រមូលផ្តុំគ្នាជុំវិញពាងស្រាដើម្បីផឹកស្រា ហើយបរិភោគអាហារជូនពរម្ចាស់ផ្ទះដែលបានទិញពាងពិសិដ្ឋផងដែរ៕