ពិធីសែនព្រៃនៅដើមរដូវផ្ការីក - ទំនៀមទំលាប់ដ៏ល្អប្រសើររបស់ជនជាតិ Dao ក្រហម
(VOVWORLD) - នៅថ្ងៃពេញបូរណ៍មី ខែមិគសិតាមប្រតិទិនច័ន្ទគតិ ជារៀងរាល់ឆ្នាំ ជនជាតិ Dao ក្រហមនៅស្រុក Bao Thang ខេត្ត Lao Cai តែងតែប្រមូលផ្ដុំគ្នារៀបចំពិធីសែនព្រៃ។ នេះគឺជាទំនៀមទំលាប់ដ៏ល្អប្រសើរមួយដែលត្រូវបានរក្សាទុកតាំងពីច្រើនជំនាន់មកហើយ។ ទីកន្លែងសម្រាប់ធ្វើពិធីសែនព្រៃ គឺទីអាស្រមធ្វើសក្ការៈបូជាព្រះអាទិទេពព្រៃរបស់ជនជាតិ Dao ក្រហមនៅភូមិ Dong Cam ឃុំ Gia Phu ស្រុក Bao Thang ខេត្ត Lao Cai នៅក្បែរដើមឈើធំមួយ លើទួលដីខ្ពស់បំផុតដែលអាចមើលឃើញទីឆ្ងាយ។
សម្របខ្លួនចូលក្នុងបរិយាកាស “រដូវផ្ការីកជាបុណ្យតេតដាំដើមឈើ” ជនជាតិ Dao ក្រហមនៅស្រុកជនបទថ្មី Bao Thang ខេត្ត Lao Cai បាននិងកំពុងថែរក្សា ពង្រីកទំនៀមទំលាប់សែនព្រៃរបស់ជនជាតិខ្លួន ដោយផ្សាភ្ជាប់នឹងចលនាការពារ អភិវឌ្ឍព្រៃប្រកបដោយអត្ថន័យ។
គ្រូសែនចំណាស់ Trieu Huu Phau កំពុងធ្វើពិធីសែនព្រៃ។ (រូបថត៖ VOV) |
ជារៀងរាល់ឆ្នាំ នាដើមរដូវផ្ការីក នៅក្រោមម្លប់ដើមឈើចំណាស់ស្ថិតនៅលើទួលដីខ្ពស់បំផុតនៅភូមិ Dong Cam ឃុំ Gia Phu ស្រុក Bao Thang ខេត្ត Lao Cai ប្រជាជនជនជាតិ Dao ក្រហម តែងតែបានគ្រូសែនចំណាស់ Trieu Huu Phau ដៃកាន់សៀវភៅចាស់ដែលបានសរសេរជាភាសា Dao បុរាណ សម្រាប់ធ្វើការបន់ស្រន់ នៅជុំវិញដោយគ្រឿងសំណែនគ្រប់គ្រាន់ដូចជា ស្រា សាច់ និងក្រដាសសែនសម្រាប់ថ្វាយព្រះអាទិទេព។ តាមទស្សនៈទានថា ពិធីសែនត្រូវបានរៀបចំឡើងដើម្បីបួងសួងសុំឲ្យព្រះអាទិទេពប្រទានពរជ័យជូនអ្នកភូមិទាំងអស់មានរដូវអំណោយផល គ្រួសារមានសុខភាពល្អបរិបូរ ជួបតែសេចក្ដីសុខ ហើយសត្វចិញ្ចឹមជៀសផុតពីជម្ងឺផងដែរ។ គ្រូសែន Phau បានចែករំលែកថា៖
“ទំនៀមទំលាប់នេះមានតាំងពីបុរាណកាលមកហើយ នៅពេលដែលជីដូនជីតាពួកយើងមកគាស់រានដីនៅទីនេះ ហើយបន្សល់ទុកដល់ជំនាន់ក្រោយៗទៀត។ រូបខ្ញុំផ្ទាល់ក៏ចាប់ផ្ដើមទទួលភារកិច្ចនេះចាប់ពីឆ្នាំ១៩៨០រហូតមកដល់សព្វថ្ងៃ។ យើងខ្ញុំធ្វើសក្ការៈបូជាព្រះអាទិទេពព្រៃ ម្ចាស់ទឹកម្ចាស់ដី បួងសួងសុំឲ្យឆ្នាំថ្មីមានអាកាសធាតុអំណោយផល អ្នកភូមិគ្រប់គ្នាមានសុខភាពល្អ រកស៊ីមានបាន ការចិញ្ចឹមសត្វ ការដាំដុះដំណាំកាន់តែប្រសើរឡើងៗ”។
ពិធីសែនព្រះអាទិទេពព្រៃមិនសូវស្មុគស្មាញនោះទេ។ គ្រួសារនីមួយៗក្នុងភូមិបរិច្ឆាកមាន់មួយក្បាល ស្រាមួយដប ហើយបរិច្ឆាកប្រាក់សម្រាប់កាប់ជ្រូកមួយក្បាល ដាំបាយដំណើបនិងទិញក្រដាសសែន។ គ្រូសែនបន់ស្រន់ដោយភាសា Dao បុរាណ ដែលសូម្បីតែអ្នកដែលចេះភាសា Dao ក៏មិនប្រាកដថា អាចយល់បានដែរ។ ក្នុងអំឡុងពេលធ្វើពិធីសែន យុវជនឆ្លៀតពេលដើម្បីដាំដើមឈើបន្ថែមទៀតនៅជុំវិញព្រៃហាមឃាត់។ តាមលោក Trieu Van San បានឲ្យដឹងថា ដើមឈើចំណាស់ត្រូវបានគោរពបូជា ជា “ដើមឈើស័ក្តិសិទ្ធិ”។ ជនជាតិ Dao ទៅកាន់ទីណាក៏ត្រូវតែផ្សាភ្ជាប់ជាមួយនឹងដើមឈើ និងព្រៃដែរ ដូច្នេះត្រូវតែស្វែងរក “ដើមឈើស័ក្តិសិទ្ធិ” ដើម្បីការពារភូមិទាំងមូល។ ចំពោះតំបន់ព្រៃដែលមាន “ដើមឈើស័ក្តិសិទ្ធិ” ដុះឡើង មនុស្សទាំងអស់គ្នាត្រូវមានមនសិកាការពារ ជៀសវាងដើរចូលឬប្រលែងបសុសត្វឲ្យមកទីនេះ។ លោក San បានឲ្យដឹងថា៖
“វាមានអត្ថន័យថា នៅទីណាក៏ត្រូវរកដើមឈើមួយធ្វើជាម្ចាស់ព្រៃ ហើយយើងខ្ញុំត្រូវថែរក្សា ធ្វើសក្ការៈបូជា។ ខ្ញុំមានមោទនភាពខ្លាំងណាស់ចំពោះទំនៀមទំលាប់នេះរបស់ជនជាតិខ្លួន ហើយនឹងបន្តពង្រីកប្រពៃណីដែលជីដូនជីតាបានបន្សល់ទុកមក មិនអាចបោះបង់ចោលបានឡើយ”។
ពិធីសែនព្រៃរបស់ជនជាតិ Dao ក្រហមនាសព្វថ្ងៃនេះ ត្រូវបានគួបផ្សំនឹងបុណ្យតេតដាំដើមឈើទៀតផង។ |
បន្ទាប់ពីផ្នែកពិធីការ អ្នកភូមិនឹងទទួលទានគ្រឿងសំណែននៅហ្នឹងព្រៃ រាល់អាហារទាំងអស់ដែលគេត្រៀមរៀបចំគឺត្រូវញ៉ាំឲ្យអស់ មិនអាចយកមកវិញទេ ស្រាដែលផឹកមិនអស់ ក៏ត្រូវកប់នៅហ្នឹងព្រៃដែរ។ ជាពិសេស តាមតំណមរបស់ជនជាតិ Dao មានតែបុរសប៉ុណ្ណោះទើបត្រូវបានអនុញ្ញាតឲ្យមានវត្តមាននៅពិធីសែនព្រៃ។ ដោយសារតែនេះជាព្រៃហាមឃាត់ ព្រៃស័ក្តិសិទ្ធិ ដូច្នេះអ្នកភូមិទាំងអស់សុទ្ធតែមានមនសិកាការពារ ត្រឹមតែដាំព្រៃថ្មីប៉ុណ្ណោះ មិនអនុញ្ញាតឲ្យនរណាម្នាក់កាប់បំផ្លាញ់ព្រៃឡើយ។
យោងតាមលោក Nguyen Di Ta លេខាសាខាបក្សភូមិ Dong Cam បានឲ្យដឹងថា ភូមិទាំងមូលមានប្រជាជនចំនួន១៧០គ្រួសារ ហើយភាគច្រើនគឺជនជាតិ Kinh ប៉ុន្តែបងប្អូនជនជាតិ Dao នៅទីនេះនៅតែមិនទុកឲ្យទំនៀមទំលាប់របស់ជនជាតិខ្លួនត្រូវរលាយសាបសូន្យទៅឡើយ ដែលពិតជាប្រការគួរឲ្យសរសើរ។ នាដើមរដូវផ្ការីកជារៀងរាល់ឆ្នាំ នៅពេលដែលជនជាតិ Dao រៀបចំពិធីសែនព្រៃ គឺបងប្អូនជនជាតិ Kinh ក្នុងភូមិក៏ចូលរួមចែករំលែកសេចក្ដីរីករាយផងដែរ។
“ជនជាតិ Dao មានតែជាង២០គ្រួសារប៉ុណ្ណោះ ប៉ុន្តែក្រោមការដឹកនាំរបស់សាខាបក្ស អាជ្ញាធរភូមិ អង្គការនយោបាយទាំងអស់បានសម្របសម្រួលជាមួយប្រជាជន ដើម្បីពង្រីកប្រពៃណីដ៏ថ្លៃថ្លា អត្តសញ្ញាណដ៏ល្អប្រសើររបស់ជនជាតិ Dao ព្រមទាំងសហការជាមួយជនជាតិ Kinh អនុវត្តន៍ចលនាដាំព្រៃឈើ កសាងជនបទថ្មី”។
តាមសន្ទុះអភិវឌ្ឍរបស់សង្គម ជនជាតិ Dao នៅភូមិ Dong Cam ក៏បានប្ដេជ្ញាចិត្តផ្លាស់ប្ដូរការត្រិះរិះ បម្លែងតំបន់ព្រៃឈើដែលមានការអភិវឌ្ឍខ្សោយទៅជាដើមឈើមានតម្លៃខ្ពស់។ រាល់ទួលឈើអែម ចម្ការដំឡូងមីដ៏ស្រស់បំព្រងនៅជុំវិញភូមិ Dong Cam បាននាំមកនូវកម្លាំងរស់បន្ថែមទៀតសម្រាប់តំបន់ជនបទស្រុក Bao Thang ស្រុក Lao Cai នៅរដូវផ្ការីកថ្មី៕