(VOVWORLD) - Thu Lao គឺជាក្រុមមួយនៃជនជាតិភាគតិច Tay ហើយត្រូវបានហៅដោយឈ្មោះផ្សេងទៀតថាជនជាតិ Tay ខ្មៅ។ ប្រជាជនជនជាតិ Thu Lao មានចំនួនប្រហែល ១.៤០០ នាក់ ដែលភាគច្រើនរស់នៅក្នុងស្រុកចំនួនពីរគឺស្រុក Muong Khuong និងស្រុក Si Ma Cai នៃខេត្ត Lao Cai។ ជនជាតិ Thu Lao នៅតែរក្សាបានទំនៀមទម្លាប់ ជំនឿវប្បធម៌ និងមុខរបរប្រពៃណី ក្នុងនោះមានមុខរបរដាំដំណាំកប្បាស និងតម្បាញក្រណាត់។
លោកស្រី Thao Thi Sao ប្រធានសម្ព័ន្ធនារីឃុំ Thao Chu Phin កំពុងវាស់វែងទំហំក្រណាត់ត្បាញដោយសិប្បករ Tai Thi May (រូបថត៖ Giang Seo Pua) |
ជាច្រើនជំនាន់មកហើយ ការដាំដំណាំកប្បាស និងត្បាញក្រណាត់ តែងតែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយស្ត្រីជនជាតិ Thu Lao នៅភូមិ San Cha ឃុំ Thao Chu Phin។ សម្លៀកបំពាក់ត្រូវបានត្បាញពីសរសៃកប្បាស រួមជាមួយនឹងវិធីកាត់ដេរ និងរូបមន្តជ្រលក់ពណ៌ដើម្បីបង្កើតឡើងពណ៌ដោយឡែករបស់ជនជាតិខ្លួន។ លោក Thao A Din អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Thao Chu Phin បានចែករំលែកថា ជនជាតិ Thu Lao មានទម្លាប់ស្លៀកសំលៀកបំពាក់ប្រពៃណី ដែលផលិតចេញពីកប្បាសទាំងស្រុងដោយប្រជាជនដាំដុះខ្លួនឯង។
“សម្រាប់ដំណើរការដាំកប្បាសបានឆ្លងកាត់ជំហានជាច្រើន។ ដំបូងអ្នកត្រូវជ្រើសរើសគ្រាប់ពូជបន្ទាប់មកយកទៅដាំ។ ជាធម្មតា គេដាំកប្បាសនៅខែកុម្ភៈ និងមីនា។ ត្រូវដាំវានៅកន្លែងដែលមានសំណើម ធ្វើការឈូសឆាយដី រួចហើយទើបដាំបាន។ ពេលដាំ ដំណើរការថែទាំគឺល្អិតល្អន់ណាស់ ហើយមិនត្រូវបាញ់ថ្នាំគីមី ត្រូវដកស្មៅដោយដៃ។ ធ្វើបានដូច្នេះទើបទទួលបានទិន្នផលកប្បាសល្អបំផុត”។
ដំណើរការលូតលាស់ និងការអភិវឌ្ឍរបស់កប្បាស ចាប់ពីការសាបព្រួសគ្រាប់ពូជ រហូតដល់ចាប់ផ្តើមផ្លែ និងការប្រមូលផលកប្បាស ត្រូវចំណាយពេលប្រហែល ៤ ទៅ ៥ ខែ ហើយដំណើការនេះក៏អាស្រ័យលើអាកាសធាតុផងដែរ។ ប្រសិនបើមានទឹក និងសារធាតុចិញ្ចឹមគ្រប់គ្រាន់នៅក្នុងដី នោះហើយ កប្បាសនឹងត្រូវប្រមូលផលតាមកាលកំណត់។ លោក Sung A Din បានឲ្យដឹងថែមទៀតថា៖ “ការប្រមូលផលកប្បាសគឺចាប់ផ្តើមនៅខែកក្កដានិងសីហា។ ក្នុងខែតុលាជាពេលទំនេរអ្នកស្រុកនាំគ្នាញែកកប្បាស។ បន្ទាប់ ពីញែកកប្បាសហើយ ចាប់ទាញសរសៃអំបោះ បន្ទាប់មកយកសរសៃអំបោះទៅជ្រលក់ពណ៌ ហើយទើបយកទៅតប្បាញទៅជាក្រណាត់”។
យោងតាមបទពិសោធន៍របស់ជនជាតិ Thu Lao នៅពេលដែលកប្បាសត្រូវបានញែកចេញ មួយណាល្អបំផុតគឺត្រូវបានជ្រើសរើសសម្រាប់ត្បាញក្រណាត់។ កប្បាសដែលមានគុណភាពអន់ជាង គឺប្រើសម្រាប់ត្បាញភួយ កន្សែង ពូក ខ្នើយជាដើម។ សម្រាប់កប្បាសប្រើត្បាញធ្វើសម្លៀកបំពាក់ ក្នុងដំណើរការទាញសរសៃអំបបោះ តម្រូវឱ្យស្ត្រីមានបាតដៃប៉ិនប្រសព ក្នុងការរវៃសរសៃអំបោះឲ្យបានល្អបំផុតនៅពេលដាក់ចូលកីត្បាញ។
ដំណើរការនៃការញែកកប្បាសហើយវេញទៅជាខ្សែអំបោះ ក៏ឆ្លងកាត់ដំណាក់កាលជាច្រើន។ អ្នកស្រី Tai Thi May នៅឃុំ Thao Chu Phin បានឲ្យដឹងថា នៅពេលនោះ យកល្អគួរតែជ្រើសរើសថ្ងៃដែលមានពន្លឺថ្ងៃ។
“ពេលយើងវេញអំបោះ យើងក៏ត្រូវចម្អិនវាដែរ ត្រូវហាលវាឱ្យស្ងួត ហាន់វាឱ្យល្អិត រួចរវៃឲ្យទៅជាដុំ។ ពេលមូលសរសៃអំបោះទៅជាដុំមួយហើយទើប យកទៅត្បាញ។ ពេលតម្បាញចប់ ត្រូវទៅទិញថ្នាំជ្រលក់ឱ្យវាចេញពណ៌ខ្មៅ។ ជំហាននីមួយៗ សុទ្ធតែហាលក្រោមពន្លឺព្រះអាទិត្យទាំងស្រុង”។
ចំពោះការត្បាញដោយដៃ កីតម្បាញរបស់ជនជាតិ Thu Lao ក៏មានលក្ខណៈពិសេសរៀងៗខ្លួនផងដែរ។ នៅពេលដំឡើងបានកីតម្បាញមួយ បុរសម្នាក់ត្រូវទៅព្រៃជ្រើសរើសឈើល្អ ដែលមិនងាយដង្កូវស៊ី ឬរលួយ មិនប្រេះ ស្រាល និងមានភាពធន់ខ្ពស់។ លោក Sung A Din បានឲ្យដឹងថា៖ “កីតម្បាញមួយឈុតគឺមិនខុសពីកីតម្បាញកាលពីមុនរបស់ជនជាតិ Mong នោះទេ។ ប៉ុន្តែ ក្នុងការត្បាញវាមានភាពស្មុគស្មាញបន្តិច ពោលគឺធ្វើយ៉ាងម៉េចដើម្បីសសៃអំបោះ មានបំណែកពីរទៅវិញទៅមក។ នៅពេលដែលត្បាញ់ទៅជាក្រណាត់រួច យើងអាចចាប់ផ្តើមលំអរដោយក្បូរក្បាច”។
អាស្រ័យលើការប្រកបមុខរបរដាំដំណាំកប្បាស និងត្បាញក្រណាត់ ដោយប្រើឧបករណ៍សាមញ្ញ ប្រជាជន Thu Lao នៅ San Cha ផលិតបានក្រណាត់ និងដេរសំលៀកបំពាក់ប្រពៃណី។ លោក Sung Seo Hoa លេខាគណៈកម្មាធិការបក្សឃុំ Thao Chu Phin បានឲ្យដឹងថា៖ “ជនជាតិ Thu Lao ពីអតីតកាលនៅតែរក្សាសិប្បកម្មតម្បាញរបស់ខ្លួន។ សម្លៀកបំពាក់ដែលពួកគេពាក់នៅតែផលិតពីក្រណាត់ត្បាញដោយខ្លួនឯង។ មិនត្រឹមតែមនុស្សចាស់ធ្វើទេ សូម្បីតែយុវជនក៏អាចធ្វើបាន ដូច្នេះនឹងអភិរក្សមុខរបរនេះនៅពេលអនាគតជាពុំខាន។ យើងក៏មានគម្រោងថែរក្សានិងអភិរក្សអត្តសញ្ញាណរបស់ជនជាតិ Thu Laoផងដែរ”។
ទន្ទឹមនឹងការមរតសិប្បកម្មដល់មនុស្សជំនាន់ក្រោយ អាជ្ញាធរមូលដ្ឋានក៏មានគោលបំណងអភិវឌ្ឍន៍ការតម្បាញចរបាប់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រី Thao Thi Sao ប្រធានសម្ព័ន្ធនារីឃុំ Thao Chu Phin បានចែករំលែកថា៖ “សម្ព័ន្ធសមាគមនារីក៏បានស្នើឲ្យសមាគមនារីថ្នាក់ខ្ពស់ គាំទ្រកម្មវិធីដូចជា កម្ចីសម្រាប់ស្ត្រីធ្វើអាជីវកម្មដោយការដាំដំណាំកប្បាស និងតម្បាញក្រណាត់ បង្កើតក្រុមសហករណ៍ផលិត ឬសហករណ៍ត្បាញកប្បាស។ ពីទីនោះ យើងនឹងមានសមាគមលក់ដុំដោយមានការអភិវឌ្ឍមិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងទៅកាន់ពិភពលោកទៀតផង”។
នាថ្ងៃទី ២៤ មេសា មុខរបរតម្បាញប្រពៃណីរបស់ជនជាតិ Thu Lao ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ប្រការនេះបានរួមចំណែកក្នុងការងារអភិរក្ស ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thu Lao និយាយដោយឡែកនិងជនជាតិភាគតិចនៅ Si Ma Cai និយាយរួម៕