មោទនភាពចំពោះសិល្បៈរបាំ Xoe របស់ជនជាតិ Thai នៅ Son La
(VOVWORLD) - របាំ Xoe របស់ជនជាតិ Thai គឺជាទម្រង់សិល្បៈដ៏វិសេសវិសាលនៅក្នុងជីវភាពខាងវប្បធម៌ និងជំនឿរបស់ជនរួមជាតិជាជនជាតិ Thai នៅខេត្ត Son La - ភាគពាយ័ព្យ។ នៅពិធីលើកតម្កើង “សិល្បៈ Xoe Thai” ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌ អរូបីតំណាងរបស់មនុស្សជាតិ ដែលរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្ត Son La នាពេលថ្មីៗនេះ ជនរួមជាតិជាជនជាតិ Thai និងប្រជាជនបណ្ដាជនជាតិនៅខេត្ត Son La កាន់តែមានមោទនភាព និងក្ដីសប្បាយរីករាយថែមទៀត ដោយប្ដេជ្ញាចិត្តនឹងរួមគ្នាថែរក្សា និងពង្រីកសិល្បៈ Xoe Thai ក្នុងជីវភាពសហសម័យ។
ពិធីលើកតម្កើងសិល្បៈ Xoe របស់ជនជាតិ Thai ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២។ រូបថត៖ VOV |
នៅក្នុងពិធីលើកតម្កើង "សិល្បៈ Xoe Thai" ដែលធ្វើឡើងនៅថ្ងៃទី ១៧ ខែកញ្ញា កន្លងទៅ តាមរយៈទំនុកច្រៀង ចង្វាក់ភ្លេង និងរបាំ Xoe ដ៏ទន់ភ្លន់ល្វតល្វៃនោះ បណ្ដាសិប្បករប្រជាប្រិយជាជនជាតិ Thai រួមជាមួយតួរសម្ដែងទាំងអាជីពនិងមិនអាជីព បានធ្វើឲ្យតម្លៃវប្បធម៌ប្រពៃណីដ៏ វិសេសវិសាលរបស់បងប្អូនជនជាតិ Thai ខេត្ត Son La និយាយដោយឡែក និងភូមិភាគពាយ័ព្យនិយាយរួម បានរស់រានមានជីវិតឡើងវិញជាថ្មីម្ដងទៀត។ អ្នកស្រី Luong Pham Mai Phuong នៅស្រុក Phu Yen ខេត្ត Son La បានចែករំលែកថា៖
“ក្នុងនាមខ្ញុំជាជនជាតិ Thai ម្នាក់ ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដោយបានចូលរួមក្នុងពិធីបុណ្យ Xoe ហើយរបាំ Xoe ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។ ជាមនុស្សវ័យក្មេងម្នាក់ ខ្ញុំនឹងខិតខំប្រឹងប្រែងថែរក្សាសម្រស់ប្រពៃណីនេះ ហើយផ្សព្វផ្សាយដល់បងប្អូននិងភ្ញៀវទេសចរណ៍ទាំងជិតនិងឆ្ងាយ”។
Xoe Thai គឺជាក្បាច់របាំមួយប្រភេទដោយមានចលនារស់រវើកដែលជានិមិត្តរូបសម្រាប់សកម្មភាពរបស់មនុស្ស ត្រូវបានអនុវត្តន៍ក្នុងពិធីការ វប្បធម៌ ជីវភាពសង្គម និងសកម្មភាពសហគមន៍។ លោក Luong Chua នៅឃុំ Chieng Pan ស្រុក Yen Chau ខេត្ត Son La បានឲ្យដឹងថា ជនជាតិ Thai ជាច្រើនជំនាន់នៅ Son La នៅតែពេញនិយមចូលរួមរាំរបាំ Xoe និយាយដោយឡែក និងសកម្មភាពវប្បធម៌សហគមន៍និយាយរួម ពីព្រោះវាធ្វើឲ្យជីវភាពរស់នៅតាមភូមិឃុំកាន់តែគគ្រឹកគគ្រេង ជាពិសេសនៅដើមនិទាឃរដូវនៃឆ្នាំថ្មី និងពេលទំនេរច្រូតកាត់ក្រោយរដូវប្រមូលផល។
“Xoe គឺជាវប្បធម៌ប្រពៃណីដ៏ស្រស់បំព្រងរបស់ជនជាតិ Thai ដែលមានប្រភពដើមតាំងពីបុរាណកាល ផ្តើមចេញពីចំណងសាមគ្គីភាពជាភាតរៈ ជានិច្ចកាលផ្សាភ្ជាប់ជាមួយគ្នា ហើយមានលក្ខណៈសហគមន៍ខ្ពស់ ពោលគឺក្នុងវង់របាំ Xoe នោះ យើងត្រូវកាន់ដៃគ្នានៅពេលរាំ។ ប្រភពដើមនៃរបាំ Xoe Thai ពីបុរាណកាលរហូតមកដល់បច្ចុប្បន្នមានរបាំ Xoe ចំនួន ៦ ប្រភេទ ដែលជាគន្លឹះ។ ចំពោះការដែលអង្គការយូណេស្កូទទួលស្គាល់ "សិល្បៈ Xoe" ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិនោះ យើងខ្ញុំមានមោទនភាពខ្លាំងណាស់”។
សិល្បករសិល្បការិនីសម្តែងរបាំ Xoe Thai។ រូបថត៖ VOV |
បច្ចុប្បន្ននេះ ខេត្ត Son La នៅតែរក្សានិងអភិរក្សរបាំ Xoe បុរាណជាច្រើន។ របាំ Xoe ទាំងនេះក៏ត្រូវបានស្រាវជ្រាវ ហើយផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន និងប្រជាជននៃបណ្ដាជនជាតិក្នុងខេត្ត បម្រើសកម្មភាពប្រចាំថ្ងៃនិងការជួបប្រាស្រ័យវប្បធម៌ក្នុងសម័យសមាហរណកម្ម។ ការដែល “សិល្បៈ Xoe Thai” ត្រូវបានអង្គការ យូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ មិនត្រឹមតែជាមោទនភាពរបស់សហគមន៍ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំងក៏ជាមោទនភាពរបស់ប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Son La ទៀតផង។ លោក Tran Xuan Viet អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Son La បានឲ្យដឹងថា៖
“នាពេលខាងមុខនេះ យើងខ្ញុំនឹងឃោសនាដល់ក្រុមនានា ដើម្បីពង្រីកគំរូហើយបន្តរក្សាសកម្មភាពរាំ Xoe Thai ជាពិសេសនៅក្នុងព្រឹត្តិការណ៍វប្បធម៌ សកម្មភាពប្រចាំថ្ងៃ ដើម្បីឲ្យប្រជាជនអាចបង្ហាញសម្រស់នៃសិល្បៈ Xoe Thai ដែលត្រូវបានអង្គការយូណេស្កូលើកតម្កើងចុះក្នុងបញ្ជីជា បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ”។
ការដែលអង្គការយូណេស្កូបានចុះបញ្ជីសិល្បៈ Xoe Thai របស់វៀតណាមក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ បានបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជាតិវៀតណាម ហើយជាមោទនភាពរបស់បណ្ដាជនជាតិនៅ Son La និយាយដោយឡែកនិងតំបន់ភាគពាយ័ព្យនិយាយរួម។ ទន្ទឹមនឹងនោះ ក៏បានដាក់ចេញទំនួលខុសត្រូវចំពោះមូលដ្ឋានដែលមានសហគមន៍ជនជាតិ Thai រស់នៅយ៉ាងច្រើនកុះករ ក្នុងការបន្តថែរក្សា និងពង្រីកតម្លៃសិល្បៈ Xoe Thai ក្នុងសង្គមទំនើបផងដែរ។ បច្ចុប្បន្ននេះ ផ្នែកវប្បធម៌ខេត្ត Son La បានដាក់បញ្ចូលសកម្មភាពអភិរក្សនិងផ្សព្វផ្សាយបេតិកភណ្ឌសិល្បៈ Xoe Thai ទៅក្នុងបទបញ្ញត្តិនៅតាមភូមិឃុំនិងអនុតំបន់; បើកថ្នាក់បង្រៀនបេតិកភណ្ឌសិល្បៈ Xoe Thai នៅវិទ្យាល័យក្នុងខេត្ត។ លើកតម្កើងសិប្បករក្នុងវិស័យប្រតិបត្តិសិល្បៈ Xoe Thai ដើម្បីទទួលស្គាល់គុណូបការៈ ហើយលើកទឹកចិត្តសិប្បករក្នុងការថែរក្សា និងពង្រីកតម្លៃនៃសិល្បៈ Xoe Thai៕