របាំលោតម៉ុងសាយក្បាលតោមុខឆ្មាដ៏វិសេសវិសាលអំណរនិទាឃរដូវ

(VOVWORLD) - ជាទម្រង់សិល្បៈប្រជាប្រិយមួយដ៏ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ កាលពីឆ្នាំ២០១៧ របាំលោតម៉ុងសាយក្បាលតោមុខឆ្មា របស់បងប្អូនជនជាតិ Tay, Nung នៅខេត្ត Lang Son ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីយ៍ជាតិ។ រហូតមកដល់បច្ចុប្បន្ន ទម្រង់សិល្បៈនេះនៅតែជាមុខម្ហូបខាងស្មារតីដែលមិនអាចខ្វះបានចំពោះជនជាតិ Tay, Nung នៅពេលរដូវផ្ការីកមកដល់ម្ដងៗ។

របាំលោតម៉ុងសាយក្បាលតោមុខឆ្មាដ៏វិសេសវិសាលអំណរនិទាឃរដូវ - ảnh 1របាំលោតម៉ុងសាយក្បាលតោមុខឆ្មាជាមុខម្ហូបខាងស្មារតីដែលមិនអាចខ្វះបានចំពោះជនជាតិ Tay, Nung នៅពេលរដូវផ្ការីកមកដល់ម្ដងៗ។ (រូបថត៖ VOV)

ក្នុងប៉ុន្មានថ្ងៃដើមរដូវផ្ការីក នៅតាមគ្រប់ភូមិឃុំរបស់ជនជាតិ Tay, Nung នៅស្រុក Cao Loc ខេត្ត Lang Son សុទ្ធតែមានបរិយាកាសដ៏សប្បាយអ៊ូអរដោយស្នូរសម្លេងស្គរ គងឃ្មោះនៃរបាំលោតម៉ុងសាយក្បាលតោមុខឆ្មា។

តាមទស្សនៈទានរបស់បងប្អូនជនជាតិ Tay, Nung សត្វតោមុខឆ្មា ជាសត្វដ៏ស័ក្តិសិទ្ធិមួយប្រភេទដែលមានទាំងចរិតខ្លាំងក្លាដូចសត្វតោផងហើយស្លូតបូត អាចផ្សាំងដូចសត្វឆ្មាដែរ។ ក្បាលតោមានរាងមូល ត្រូវបានស្មូនពីដីឥដ្ឋហើយដុតដោយភ្លើង។ បន្ទាប់នោះ វាត្រូវបានលាបពណ៌យចម្រុះជាមួយនឹងទឹកមុខដ៏កាចសាហាវ។

លោក Nong Van Hien ជាអ្នករាំម៉ុងសាយក្បាលតោមុខឆ្មា “ជើងចាស់” ម្នាក់នៅខេត្ត Lang Son បានរៀបរាប់ថា កាលពីឆ្នាំ១៩៨៦ លោកបានបង្កើតក្រុមរាំម៉ុងសាយក្បាលតោមុខឆ្មាភូមិ Hop Tan។ ចាប់ពីចំនួនសមាជិកតែ១៨នាក់ប៉ុណ្ណោះ រហូតមកដល់ពេលនេះបានកើនឡើងដល់៦០នាក់។ នៅខែ១២តាមច័ន្ទគតិជារៀងរាល់ឆ្នាំ លោកតែងតែរៀបចំការហាត់សម ពិនិត្យចលនាសម្រាប់ក្រុមរាំប្រចាំភូមិ ដើម្បីត្រៀមសម្ដែងក្នុងបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យរដូវផ្ការីកផ្សេងៗទៀត។ លោក Hien បានឲ្យដឹងថែមទៀតថា៖

“របាំនេះទាមទារឲ្យអ្នករាំត្រូវមានសុខភាពល្អ ហើយធ្វើចលនាដៃទន់ភ្លន់ទើបរាំបាន។ អ្នកណាអាចរាំបានយូរ គឺហាត់ពត់ខ្លួនប្រាណបានល្អណាស់។ មនុស្ស ខ្សោយមិនអាចរាំបានទេ ព្រោះកាន់ក្បាលម៉ុងសាយនោះនឹងពិបាកគ្រប់គ្រងណាស់។ ចលនាដៃជើងត្រូវតែស៊ីសង្វាក់គ្នា។ នៅពេលខ្ញុំទៅបង្រៀន មិត្តក្មេងៗចូលចិត្តរបាំនេះណាស់ ហើយបងប្អូនប្រជាជនគាំទ្រយ៉ាងខ្លាំងដែរ”។

របាំលោតម៉ុងសាយក្បាលតោមុខឆ្មាដ៏វិសេសវិសាលអំណរនិទាឃរដូវ - ảnh 2ការសម្ដែងរបាំម៉ុងសាយក្បាលតោមុខឆ្មាតែងតែទាក់ទាញប្រជាជនទស្សនាយ៉ាងច្រើនកុះករ។

របាំម៉ុងសាយក្បាលតោមុខឆ្មាជាទម្រង់សិល្បៈប្រជាប្រិយប្រពៃណីមួយ ដែលបង្កប់នូវសមាសភាគជាច្រើនដូចជា៖ តន្ត្រី របាំ និងក្បាច់គុន។ របាំនេះទទួលបានការពេញនិយម ព្រោះវាមានក្បាច់រាំដ៏រីករាយ ខ្លាំងក្លា ងាយស្រួលរៀន សមស្របនឹងស្មារតីអង់អាចរបស់ជនជាតិ Tay, Nung។ ក្រុមរាំម៉ុងសាយក្បាលតោមុខឆ្មាច្រើនតែមានសមាជិកចន្លោះពី៨ដល់១៦នាក់ ក្នុងនោះមានអ្នកវាយស្គរ ឃ្មោះ និងអ្នកលេងក្បាច់គុន។ អ្នករាំកាន់ក្បាលម៉ុងសាយ ចំណែកឯសមាជិកផ្សេងៗពាក់របាំងមុខសត្វស្វា ហើយកាន់អាវុធដូចជា កំបិតខ្លី ដាវ ជាដើម។ ជាធម្មតា របាំម៉ុងសាយក្បាលតោមុខឆ្មាត្រូវបានសម្ដែងនៅក្នុងបុណ្យតេតប្រពៃណី បុណ្យអំណរនិទាឃរដូវ បុណ្យសំពះព្រះខែ ឬពិធីបុណ្យ Long Tong។ ជាពិសេស ក្នុងឱកាសបុណ្យតេតប្រពៃណី ក្រុមរាំម៉ុងសាយក្បាលតោមុខឆ្មានឹងទៅកាន់ផ្ទះនីមួយៗក្នុងភូមិដើម្បីជូនពរឲ្យគ្រួសារនោះមានសុខភាពល្អបរិបូរណ៍ រកស៊ីមានបានក្នុងឆ្នាំថ្មីហើយជួបតែសំណាងល្អ។ លោក Hoang Van Pao ប្រធានសមាគមន៍បេតិកភណ្ឌវប្បធម៌និងជាអ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយខេត្ត Lang Son បានឲ្យដឹងថា៖

“ក្រុមរបាំម៉ុងសាយក្បាលតោមុខឆ្មាដែលមកជូនពម្ចាស់ផ្ទះក្នុងថ្ងៃបុណ្យតេត នឹងរាំពីទ្វាររហូតដល់អាសនៈ។ ក្រុមរាំទៅកាន់ទីណាគឺនាំភាពសប្បាយអ៊ូអរដល់ទីនោះ បណ្ដេញការលំបាកលំបិនក្នុងឆ្នាំចាស់ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីប្រកបដោយភាពចម្រុងចម្រើន។ នេះបានក្លាយជាលក្ខណៈវិសេសវិសាល មិនត្រឹមតែបង្ហាញពីសេចក្ដីប្រាថ្នាចង់បានសុខភាពល្អរបស់ជនជាតិ Tay, Nung ប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញខាងវិញ្ញាណទៀតផង។ មុនពេលយកក្បាលម៉ុងសាយចុះ ត្រូវតែធ្វើពិធីសែនព្រេនទេវតាសិន។ ជាធម្មតា មេក្រុមរាំ (ពោលគឺអ្នកគ្រប់គ្រងក្បាលម៉ុងសាយ) ត្រូវកាប់មាន់ ធ្វើពិធីសែនសុំឲ្យទេវតាអនុញ្ញាតទើបយកក្បាលម៉ុងសាយ ទៅសម្ដែងនៅពិធីបុណ្យបាន”។

របាំម៉ុងសាយក្បាលតោមុខឆ្មាបង្ហាញយ៉ាងរស់រវើកនិងគួរឲ្យទាក់ទាញពីលោកទស្សនៈ សតិអារម្មណ៍ មនោសញ្ចេតនានិងសេចក្ដីប្រាថ្នារបស់ជនជាតិ Tay, Nung។ មិនត្រឹមតែនៅតាមភូមិឃុំតំបន់ខ្ពង់រាបប៉ុណ្ណោះទេ រហូតមកដល់បច្ចុប្បន្ន របាំម៉ុងសាយក្បាលតោមុខឆ្មាថែមទាំងត្រូវបានយកទៅសម្ដែង ឧទ្ទេសនាម ផ្សព្វផ្សាយនៅក្នុងសកម្មភាព ព្រឹត្តិការណ៍វប្បធម៌នៅក្នុងនិងក្រៅខេត្តទៀតផង។ ការងារអភិរក្សនិងពង្រីកតម្លៃប្រពៃណីដ៏វិសេសវិសាលនេះកំពុងត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ។ លោកស្រី Hoang Thi Phuong Hue ប្រធានការិយាល័យវប្បធម៌ស្រុក Cao Loc ខេត្ត Lang Son បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន លើភូមិសាស្ត្រស្រុកមានក្រុមរាំម៉ុងសាយក្បាលតោមុខឆ្មាចំនួន២០ក្រុម។ ជាពិសេសនៅឃុំ Hai Yen បានបង្កើតក្រុមរាំម៉ុងសាយក្បាលតោមុខឆ្មាតូចៗ រួមមានកុមារជំទង់វ័យពី ១៦ដល់១៥ឆ្នាំ។ ទន្ទឹមនឹងនោះ របាំម៉ុងសាយក្បាលតោមុខឆ្មាត្រូវបានបង្រៀននៅតាមសាលាមធ្យមសិក្សាទៀតផង។ បណ្ដាសិប្បករតែងតែបង្ហាត់បង្រៀនជូនសិស្សានុសិស្សតាមកាលបរិច្ឆេទសកម្មភាពក្រៅកម្មវិធីសិក្សារបស់សាលា”។

រដូវផ្ការីកមកដល់ ស្នូរសម្លេងនៃស្គរ ឃ្មោះនិងរបាំម៉ុងសាយក្បាលតោមុខឆ្មានាំមកនូវបរិយាកាសសប្បាយអ៊ូអរដល់ភូមិឃុំដ៏ដាច់ស្រយាលនៅតាមព្រំដែន។ របាំម៉ុងសាយក្បាលតោមុខឆ្មាត្រូវបានចាត់ទុកជាព្រលឹងរបស់ជនជាតិ Tay, Nung ដែលបង្កើតឡើងលក្ខណៈពិសេសដោយឡែកនៃដែនដី Lang Son រួមចំណែកទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីមកទស្សនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ