លក្ខណៈស្រស់ស្អាតក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao ក្រហមនៅ Tuyen Quang

(VOVWORLD) - ជនរួមជាតិជាជនជាតិ Dao នៅខេត្ត Tuyen Quang មានចំនួនប្រជាជនជិត ១០ ម៉ឺននាក់។ ក៏ដូចជាជនជាតិបងប្អូនជាច្រើន ដែលរួមរស់ជាមួយគ្នានៅមូលដ្ឋាន និង ក្រុមជនជាតិ Dao ផ្សេងៗទៀតដែរ ជនជាតិ Dao ក្រហមមានជីវភាពវប្បធម៌ ស្មារតីដ៏ សម្បូរបែប ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈពិធីបុណ្យទានប្រពៃណី និងទំនៀម ទម្លាប់តាំងពីយូរយារណាស់មកហើយ។ ទំនៀមទំលាប់មួយក្នុងចំណោមទំនៀម ទំលាប់ដ៏យូរលង់ ដែលនៅតែត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ ហើយជា លក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលរបស់ជនជាតិ Dao ក្រហមនៅខេត្ត Tuyen Quang នោះគឺទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍។

លក្ខណៈស្រស់ស្អាតក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao ក្រហមនៅ Tuyen Quang - ảnh 1គ្រួសាររបស់កូនកំលោះត្រៀមរៀបចំទទួលកូនក្រមុំ។ (រូបថត៖ suckhoedoisong)

សម្រាប់ជនជាតិ Dao ក្រហមនៅស្រុក Ham Yen ខេត្ត Tuyen Quang កាលពី អតីតកាល ក៏ដូចជាបច្ចុប្បន្ន មិនថារៀបចំទុកដាក់ដោយឪពុកម្តាយ ឬគូស្នេហ៍វ័យក្មេងស្វែង យល់គ្នាដោយខ្លួនឯង ស្រឡាញ់គ្នាហើយសម្រេចចិត្តរៀបការនោះទេ គេត្រូវតែសុំ លោកអាចារ្យមើលអាយុ។ លោក Trieu Van Thanh នៅឃុំ Tan Thanh ស្រុក Ham Yen ចាត់ទុកថា៖

“មើលអាយុកូនក្រមុំនិងកូនកំលោះដើម្បីដឹងថាតើគេអាចរៀបការជាមួយគ្នាបានទេ? បើរៀបការបានទើបរៀបចំ បើមិនមើល រៀបការមិនបានទេ។ មានមនុស្សអាយុ២០ឆ្នាំ ២១ឆ្នាំ ប៉ុន្តែមិនអាចរៀបការបាន ដូច្នេះហើយខ្ញុំមិនហ៊ានរៀបចំពិធីរៀបអាពាហ៍ ពិពាហ៍ឲ្យអ្នកទាំងពីរបានទេ”។
តាមទំនៀមទម្លាប់កាលពីមុន របស់ជនជាតិ Dao ក្រហមនៅស្រុក Ham Yen ជាលើកដំបូងទៅភ្ជាប់ពាក្យ គ្រួសារកូនកំលោះមិនត្រូវយកអ្វីមកឡើយ។ អ្នកភ្ជាប់ ពាក្យ (ពោលគឺមេអណ្ដើក) ជ្រើសរើសដោយឪពុកម្តាយរបស់កូនកំលោះនោះ ត្រូវ តែជាមនុស្សដែលមានការយល់ដឹងអំពីទំនៀមទម្លាប់ ពូកែខាងវោហា  ហើយត្រូវតែ ជាមនុស្សល្អ (មានន័យថា ជាមនុស្សដែលមានគុណធម៌ សុចរិតភាព មិនមានអំពើ អាក្រក់ដែលប៉ះពាល់ដល់បងប្អូនអ្នកភូមិឡើយ)។ បន្ទាប់ពីភ្ជាប់ពាក្យរួច បើគ្រួសារខាង កូនក្រមុំយល់ព្រម ទើបគេមកប្រាប់គ្រួសារខាងកូនកំលោះវិញ ដើម្បីត្រៀមរៀបចំជំនូន សម្រាប់ពិធីស្ដីដណ្ដឹង។ ជំហ៊ានទី៣ គឺយកជំនូនរួមមាន សាច់ជ្រូក មាន់ អង្ករ និងស្រា មកគ្រួសារកូនក្រមុំ ដើម្បីត្រៀមរៀបចំពិធីមង្គលការ។ លោក Trieu Van Chien នៅឃុំ Tan Thanh បានឲ្យដឹងថា៖
“ការជ្រើសរើសពេលវេលារៀបអាពាហ៍ពិពាហ៍ ត្រូវតែរកគ្រូអាចារ្យមើលសិន បន្ទាប់ពីជ្រើសរើសបានថ្ងៃរួច  យើងទៅជូនដំណឹងដល់គ្រួសារកូនក្រមុំ ហើយ យល់ព្រមរៀបចំពិធីមង្គលការ។ មើលអាយុកូនកំលោះ កូនក្រមុំ និងឪពុកម្ដាយ មើល ថាថ្ងៃណា ខែណា អាចរៀបចំពិធីមង្គលការបាន។ ជាធម្មតា បើកសៀវភៅដើម្បីមើលថ្ងៃខែឆ្នាំ មើលថាតើអាយុនេះចុះសម្រុងគ្នាដែរឬអត់”។   
លក្ខណៈស្រស់ស្អាតក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Dao ក្រហមនៅ Tuyen Quang - ảnh 2នៅពេលកូនក្រមុំទៅផ្ទះប្ដី នាងត្រូវបាំងមុខដោយកន្សែងពណ៌ក្រហមមួយ។ (រូបថត៖ VOV)
ចំណុចពិសេសបំផុតក្នុងពិធីមង្គលការរបស់ជនជាតិ Dao ក្រហមនៅស្រុក Ham Yen ខេត្ត Tuyen Quang គឺពិធីទទួលកូនក្រមុំ។ ពិធីទទួលកូនក្រមុំចាប់ផ្តើមពីផ្ទះកូន កំលោះ ក្រុមទទួលកូនក្រមុំ រួមមានមេអណ្ដើក កូនកំលោះ អ្នកកំដរជាបុរស អ្នកបម្រើរែក ជំនូន គ្រឿងបណ្ណាការ និងក្រុមតន្ត្រីដែលមានត្រែ និងស្គរ គងឃ្មោះ ទៅផ្ទះកូនក្រមុំ។ នៅតាមផ្លូវឆ្លងកាត់ភូមិឃុំនានា អ្នកផ្លុំត្រែ នឹងផ្លុំបទភ្លេងស្វាគមន៍អ្នករាល់គ្នាក្នុងភូមិ។ លោក Dang Cha Chiu គ្រូត្រែនៅឃុំ Phu Luu ស្រុក Ham Yen បានឲ្យដឹងថា៖
“នៅថ្ងៃរៀបការ គ្រួសារកូនកំលោះ ទៅទទួលកូនក្រមុំ។ តាយាយបានទូន្មាន ហើយ ក្នុងពិធីមង្គលការ ត្រូវផ្លុំត្រែទើបសប្បាយ ដើម្បីជូនពរគូស្វាមីភរិយាមានសុភ មង្គលជានិរន្តរ៍ ក្រោយមកកូនចៅធំដឹងក្ដីបានល្អប្រសើរ គ្រួសាររកស៊ីមានបាន”។
មកដល់ទ្វារផ្ទះកូនក្រមុំ មេអណ្ដើកខាងគ្រួសារកូនកំលោះ មានពាក្យសុំអនុញ្ញាត ឲ្យចូលផ្ទះធ្វើពិធី។ បន្ទាប់ទទួលបានការអនុញ្ញាតពីគ្រួសារកូនក្រមុំ គ្រួសារកូនកំលោះនឹងចូលផ្ទះ ធ្វើពិធីទទួលកូនក្រមុំទៅផ្ទះប្តី។ តាមទំនៀមទម្លាប់ នៅតាមផ្លូវទទួលកូន ក្រមុំមកផ្ទះប្ដី កូនក្រមុំទទួលកន្សែងមួយពណ៌ក្រហម ខ្មៅ អ្នកកំដរស្រីប្រើកន្សែងនោះ បាំងមុខកូនក្រមុំ។ សម្រាប់ជនជាតិ Dao កូនក្រមុំមិនត្រូវឃើញពន្លឺះព្រះអាទិត្យបានទេ ព្រោះគេខ្លាចថា នឹងបាត់បង់ព្រលឹង ហើយនឹងមិនមានសំណាងល្អក្នុងជីវិត ក្រោយមក។ កូនកំលោះក៏មិនត្រូវបានអនុញ្ញាតឲ្យមើលមុខកូនក្រមុំដែរ រហូតដល់ អនុវត្តន៍ពិធីគោរពបូជាដូនតារួចរាល់។ មុនពេលទៅផ្ទះកូនកំលោះ កូនក្រមុំត្រូវឆ្លង កាត់ពិធីរំដោះឧបទ្រុពចង្រៃរៀបចំដោយគ្រួសារកូនកំលោះ។ លោក Pham Ngoc Hiep កម្មាភិបាលនៃមជ្ឈមណ្ឌលវប្បធម៌ខេត្ត Tuyen Quang បានឲ្យដឹងថា៖
“ចំណុចពិសេសក្នុងពិធីមង្គលការរបស់ជនជាតិ Dao ក្រហមនោះគឺសំលៀក បំពាក់ប្រពៃណីរបស់កូនក្រមុំដែលមានវត្ថុធាតុចរបាប់ជាច្រើន លំនាំនិងក្បូរក្បាច់រចនា ជាច្រើនដែលធ្វើឡើងដោយបងប្អូនជនជាតិ Dao ផ្ទាល់។ សំលៀកបំពាក់នោះពិសេស ណាស់ ដោយប្រមូលផ្ដុំគុណតម្លៃ ក៏ដូចជាលក្ខណៈវប្បធម៌ពិសេសបំផុតរបស់បងប្អូន ជនជាតិ Dao ចូលទៅក្នុងឈុតសម្លៀកបំពាក់របស់កូនក្រមុំនោះ”។
មកដល់ផ្ទះកូនកំលោះ ក្រុមដង្ហែរកូនក្រមុំត្រូវរង់ចាំពេលវេលាល្អ រង់ចាំលោក អាចារ្យធ្វើពិធីជម្រាបជូនដូនតារួចរាល់ ទើបចូលផ្ទះបាន។ ៣០ថ្ងៃក្រោយពីពិធីមង្គល ការ គូប្ដីប្រពន្ធក្មេងនឹងយកមាន់និងស្រាទៅផ្ទះកូនក្រមុំដើម្បីអរគុណ។ តាមទំនៀម ទម្លាប់ ក្នុងរយៈពេល៣០ថ្ងៃនោះ កូនក្រមុំត្រឹមតែធ្វើការក្នុងផ្ទះប៉ុណ្ណោះ មិនត្រូវបានអនុ ញ្ញាតឲ្យទៅលេងផ្ទះសាច់ញាត់ ឬនៅក្នុងភូមិ ហើយមិនត្រូវឲ្យត្រឡប់ទៅផ្ទះម្តាយ វិញឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ