វត្តខ្មែរអភិរក្សអក្សរនិងភាសារបស់ជនជាតិខ្មែរ

(VOVWORLD) - ចំពោះជនជាតិខ្មែរ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ប្រជុំជីវភាពខាងជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្រៀន អប់រំសីលធម៌ និងបុគ្គលិកលក្ខណៈរស់នៅទៀតផង។ ខេត្ត Soc Trang មានវត្តចំនួន៩២ ហើយវត្តទាំងអស់សុទ្ធតែបើកថ្នាក់បង្រៀនភាសាខ្មែរដែរ។ នេះជាការងារដ៏មានអត្ថន័យណាស់របស់វត្ត ដែលរួមចំណែកអភិរក្សអក្សរនិងភាសារបស់ជនជាតិខ្មែរ។

វត្តខ្មែរអភិរក្សអក្សរនិងភាសារបស់ជនជាតិខ្មែរ - ảnh 1ថ្នាក់រៀនសម្រាប់កុមារនៅវត្ត Ta Mon។ (រូបថត៖Ngoc Anh)

ការបង្រៀននៅក្នុងវត្តពុទ្ធសាសនាថេរវាទខ្មែរ តាំងពីយូរមកបានក្លាយជាប្រពៃណីក្នុងវិស្សមកាលរដូវក្ដៅហើយ។ ជារៀងរាល់ឆ្នាំ វត្តតែងតែត្រៀមរៀបចំសម្ភារៈបរិក្ខារយ៉ាងយកចិត្តទុកដាក់ ដើម្បីទទួលសិស្សានុសិស្សមករៀនដោយឥតគិតថ្លៃ។ វត្តណាដែលមិនមានកន្លែងបង្រៀន អាចខ្ចីផ្ទះវប្បធម៌ ផ្ទះសហគមន៍នៅភូមិស្រុក ឬថ្នាក់រៀននៅសាលាណាមួយដើម្បីបង្រៀន។ ចូលរួមបង្រៀននៅតាមវត្តអារាមភាគច្រើនជាព្រះសង្ឃ និងអ្នកស្ម័គ្រចិត្ត។ បួសរៀននៅប្រទេសថៃមកវិញ ហើយកំពុងបង្រៀននៅវត្ត Ta Mon (ឃុំ Vien Binh ស្រុក Tran De ខេត្ត Soc Trang) ព្រះសង្ឃ Kim Chi Thanh មានពុទ្ធដីការថា៖

“វត្តមានថ្នាក់រៀនពី៣ដល់៤ថ្នាក់អាស្រ័យតាមឆ្នាំសិក្សានីមួយៗ។ ឆ្នាំនេះ វត្តបើក ៣ ថ្នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៣។ កុមារបឋមសិក្សា នៅរដូវក្តៅជារៀងរាល់ឆ្នាំ តែងតែមកវត្តដើម្បីរៀនភាសាខ្មែរ។ ខ្ញុំបានបង្រៀនក៏បានយូរហើយ។ គ្រូបង្រៀនភាគច្រើនជាព្រះសង្ឃនៅក្នុងវត្ត ដែលបង្រៀនដោយឥតគិតថ្លៃ ដើម្បីជួយកុមារឱ្យចេះភាសាកំណើត។ ប្រសិនបើជាជនជាតិខ្មែរ គឺត្រូវតែចេះភាសានិងអក្សរខ្មែរ។

សិស្សានុសិស្សមករៀននៅក្នុងវត្ត មិនមានការរើសអើងពីភេទ អាយុ វណ្ណៈសង្គម សូម្បីតែមានសមណៈសិស្សទៀតផង ប៉ុន្តែភាគច្រើននៅតែជាកុមារ។ រាល់វិស្សមកាលរដូវក្តៅ កុមារយ៉ាងច្រើនកុះករតែងតែមកវត្តដើម្បីរៀនអាន និងសរសេរអក្សរខ្មែរ។ 

សិស្សានុសិស្សដែលជួបការលំបាកនឹងត្រូវបានវត្តជួយឧបត្ថម្ភជាសៀវភៅនិងសម្ភារៈសិក្សា។; វត្តខ្លះក៏សាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សានុសិស្សនិងគ្រូបង្រៀនដែលរស់នៅឆ្ងាយពីផ្ទះ។ ដោយសារថ្នាក់រៀនត្រឹមតែប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានខែរដូវក្តៅប៉ុណ្ណោះ ដូច្នេះវាមិនប៉ះពាល់ដល់ការសិក្សានៅសាលានោះទេ។ ប្អូន Duong Trieu An សិស្សថ្នាក់បឋមសិក្សានៅឃុំ Vien Binh ស្រុក Tran De ដែលកំពុងរៀននៅវត្ត Ta Mon បាននិយាយថា៖

“ខ្ញុំរៀននៅវត្តបានមួយឆ្នាំហើយ។ ខ្ញុំបានចេះសរសេរ អានសៀវភៅ ចេះអក្សរខ្មែរ ចេះប្រកបពាក្យហើយ។ លោកគ្រូជានិច្ចកាលយកចិត្តទុកដាក់ ថែទាំ ហើយបង្រៀនយើងខ្ញុំ។ យើងខ្ញុំអរគុណលោកគ្រូ អ្នកគ្រូ ហើយមានបំណងចង់ឲ្យវត្តនឹងបើកថ្នាក់បន្ថែមទៀត ដើម្បីអោយមិត្តៗជាច្រើនដូចពួកយើងបានរៀនអក្សរខ្មែរ។ ខ្ញុំនឹងខិតខំព្យាយាមសិក្សាឲ្យបានពូកែ ដើម្បីកុំឲ្យលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ និងព្រះសង្ឃខកបំណង។ បើសិក្សាបានពូកែ ក្រោយមកនឹងមានការងារល្អ មានអនាគតល្អប្រសើរ ក្លាយជាពលរដ្ឋដ៏មានប្រយោជន៍សម្រាប់សង្គម និងអាចជួយគ្រួសារ”។

ថ្វីត្បិតតែប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែដោយមានក្តីស្រឡាញ់ និងគោលបំណងចង់ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ព្រះសង្ឃបានឆ្លៀតពេលសម្រាកវិស្សមកាលរដូវក្តៅ ដើម្បីបង្រៀនអក្សរជូនកុមារ។ ព្រះតេជគុណ Lam Binh Thanh ព្រះចៅអធិការរង វត្តសំរុង (ទីក្រុង Soc Trang) មានពុទ្ធដីការថា៖

“ជារៀងរាល់ឆ្នាំ វត្តតែងតែបើកថ្នាក់បង្រៀនសិស្សានុសិស្សខ្មែរឱ្យចេះអក្សររបស់ជនជាតិខ្លួន។ ថ្នាក់រៀនបើកពីម៉ោង ៨ ព្រឹកដល់ម៉ោង ១០ ព្រឹកជារៀងរាល់ថ្ងៃនៅរដូវក្តៅ ហើយសម្រាកនៅថ្ងៃអាទិត្យ។ ក្នុងមួយឆ្នាំមាន២ថ្នាក់ ប៉ុន្តែឆ្នាំនេះបើកតែ១ថ្នាក់ប៉ុណ្ណោះ នាពេលខាងមុខនេះ វត្តនឹងបើក១ថ្នាក់ទៀត។ សិស្សានុសិស្សដែលទើបមកទីនេះ គឺរៀនពីដើមទី ចំណែកឯប្អូនណាដែលរៀនបាន ១ ដល់ ២ ឆ្នាំហើយ នឹងរៀនថ្នាក់ខ្ពស់ជាង។ នៅទីនេះមានព្រះសង្ឃដែលធ្លាប់បានសិក្សានៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មកបង្រៀនជូនកុមារខ្មែរ”។

វត្តខ្មែរអភិរក្សអក្សរនិងភាសារបស់ជនជាតិខ្មែរ - ảnh 2ព្រះសង្ឃ និងសិស្សានុសិស្សនៅវត្តព្រៃជប់ ជជែកគ្នាលេងពេលសម្រាក។

ចូលរៀននៅក្នុងវត្ត កុមារបានរៀនពីរបៀបសរសេរ របៀបអាន និងវេយ្យាករណ៍ភាសាខ្មែរ។ លើសពីនេះ កុមារត្រូវបានព្រះសង្ឃបង្រៀនពីទំនៀមទម្លាប់ សីលធម៌ ក៏ដូចជាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរទៀតផង។ ដោយហេតុនេះ ជួយប្អូនៗធំដឹងក្ដីនៅពេលក្រោយ។ ប្អូន Thach Thanh Sang សិស្សថ្នាក់បឋមសិក្សានៅឃុំ Lai Hoa ក្រុង Vinh Chau ខេត្ត Soc Trang បានឲ្យដឹងថា៖

“កាលពីឆ្នាំមុន ខ្ញុំបានចូលរៀននៅវត្តព្រៃជប់។ ខ្ញុំបានលើកកម្ពស់ចំណេះដឹងអំពីវប្បធម៌និងការសរសេរភាសាខ្មែរ។ ឆ្នាំនេះខ្ញុំរៀនបន្តទៀត។ ខ្ញុំឃើញថាថ្នាក់មានប្រយោជន៍ជាច្រើនសម្រាប់យើង។ ខ្ញុំសង្ឃឹមថា វត្តនឹងបើកថ្នាក់រៀនបន្ថែមទៀត ដើម្បីឲ្យមានសិស្សច្រើនចូលរៀន”។ 

ដោយបានរក្សាជារៀងរាល់ឆ្នាំ ថ្នាក់រៀនភាសាខ្មែរនៅវត្តនានាក្នុងខេត្ត Soc Trang បានរួមចំណែកលើកកំពស់សមត្ថភាពនិយាយ សរសេរ និងវេយ្យាករណ៍របស់កុមារខ្មែរនៅទីនេះ។ អាស្រ័យហេតុនេះ បានរួមចំណែកក្នុងបុព្វហេតុអភិវឌ្ឍន៍នៃផ្នែកអប់រំ លើកកំពស់ចំណេះដឹងរបស់ប្រជាជន អភិរក្ស ថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ ភាសា និងអក្សររបស់ជនរួមជាតិខ្មែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ