សិប្បករឆ្នើម Cam Vui - អ្នកមានការជក់ចិត្តនឹងវប្បធម៌ជនជាតិ
(VOVWORLD) - នៅស្រុក Muong La ខេត្ត Son La សិប្បករឆ្នើម Cam Vui ជនជាតិ Thai ត្រូវបានអ្នករាល់គ្នាស្គាល់ថា ជាមនុស្សម្នាក់ដែលមានការជក់ចិត្តនឹងវប្បធម៌របស់ជនជាតិខ្លួន។ មិនត្រឹមតែរួមចំណែកក្នុងការបង្ហាត់បង្រៀន និងថែរក្សាវប្បធម៌ជនជាតិខ្លួនប៉ុណ្ណោះទេ លោកថែមទាំងកសាង និងពង្រឹងចលនាវប្បធម៌សិល្បៈនៅមូលដ្ឋានទៀតផង។
សិប្បករឆ្នើម Cam Vui និងបណ្ណាល័យវប្បធម៌ជនជាតិ Thai នៅក្នុងផ្ទះ។
(រូបថត៖ Tong Duc Anh/VOV) |
សម្រាប់មនុស្សជាច្រើនដែលស្រឡាញ់បទចម្រៀងប្រជាប្រិយរបស់ជនជាតិ Thai នៅ Son La អ្នកណាក៏ស្គាល់សិប្បករឆ្នើម Cam Vui នៅ ស្រុក Muong La ខេត្ត Son La ដោយមានសំនៀងច្រៀងដ៏ពិរោះរណ្ដំ គួរឲ្យចាប់អារម្មណ៍របស់លោក។ លោក Tong Van Hia មកពីភូមិ Mong ឃុំ Hua La ក្រុង Son La ខេត្ត Son La បានឲ្យដឹងថា៖
“មានមនុស្សជាច្រើនដែលចេះ និពន្ធ ចេះច្រៀង មនុស្សម្នាក់ៗមានសំនៀងច្រៀង និងរបៀបច្រៀងផ្សេងគ្នា។ ប៉ុន្តែចំពោះបទចម្រៀង ក៏ដូចជារបៀបសម្ដែងរបស់សិល្បករ Cam Vui គឺពិរោះណាស់។ លោកច្រៀងយ៉ាងរលូន ទន់ភ្លន់ ធ្វើឱ្យអ្នកស្តាប់ងាយស្តាប់ ងាយច្រៀងតាម ហើយងាយចងចាំខ្លឹមសារនៃបទចម្រៀងផងដែរ។ លោកក៏ជាអ្នកដែលហ៊ានលើកសរសើរ និងរិះគន់ដោយត្រង់ៗ តាមរយៈទំនុកច្រៀង។ ដូច្នេះហើយ ខ្ញុំផ្ទាល់ពេញនិយមចំពោះបទចម្រៀងដែលនិពន្ធដោយលោក Cam Vui ណាស់ ហើយចង់ស្ដាប់លោកច្រៀងផ្ទាល់ខ្លួន”។
ប្រសូត្រនៅក្នុងគ្រួសារដែលមានម្តាយចេះច្រៀងភាសា Thai ហើយឪពុកជាគ្រូបង្រៀនអក្សរថៃបុរាណនៅឃុំ Muong Trai ស្រុក Muong La ខេត្ត Son La តាំងពីតូច លោក Cam Vui បានរៀនសូត្រពីម្តាយនូវរបៀបច្រៀង ផ្លុំខ្លុយ ត្រែ ហើយ
សេចក្តីស្រឡាញ់របស់លោកចំពោះវប្បធម៌ជនជាតិបានរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌ សិល្បៈនៅតាមភូមិ ឃុំ នាំយកទំនុកច្រៀង សំឡេងខែនរបស់ខ្លួន ទៅសម្តែង លើកទឹកចិត្តស្មារតីធ្វើពលកម្ម កសាងភូមិឃុំ របស់បងប្អូនជនរួមជាតិ ហើយត្រូវបានបងប្អូនស្រឡាញ់រាប់អាន។ បើតាមលោក Cam Vui ការរៀនច្រៀងជាភាសា Thai ឬរៀនផ្លុំត្រែ លេងចាប៉ី មិនពិបាកទេ ប៉ុន្តែត្រូវមានការជក់ចិត្ត និងភាពឧស្សាហ៍ព្យាយាមថែមទៀត។ ជាឧទាហរណ៍ ការច្រៀងបទចម្រៀងប្រជាប្រិយ Thai ត្រូវតែដឹងពីរបៀបដកដង្ហើមតាមចង្វាក់ភ្លេង។
“មិនមែនមនុស្សទាំងអស់គ្នាសុទ្ធតែដឹងពីរបៀបសម្ដែងបទចម្រៀងយ៉ាងរលូន ស៊ីជម្រៅ ទាក់ទាញមនុស្សនោះទេ។ ដូច្នេះហើយ អ្នកសម្ដែងក៏ត្រូវមានការជក់ចិត្តចិត្ត គួបផ្សំនឹងសំនៀងល្អ របៀបច្រៀងឡើងចុះតាមប្រភេទនីមួយៗ និងខ្លឹមសារនៃបទចម្រៀងដែលអ្នកចង់បង្ហាញ”។
លោក Nguyen Van Sang ប្រធានការិយាល័យវប្បធម៌ ព័ត៌មានស្រុក Muong La ខេត្ត Son La បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ស្រុក Muong La មានក្រុមសិល្បៈប្រមាណ ៣០០ ក្រុម ភាគច្រើនជាយុវជន មនុស្សវ័យកណ្ដាល មនុស្សវ័យចំណាស់។ តាមរយៈក្រុមសិល្បៈនោះ ស្នូលវប្បធម៌ដូចជាសិប្បករឆ្នើម Cam Vui បានរួមចំណែកថែរក្សា អភិរក្ស និងអភិវឌ្ឍន៍តម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជន ជួយជ្រោមជ្រែងយ៉ាងសកម្មដល់ចលនាកសាងជីវភាពវប្បធម៌ថ្មីនៅតាមតំបន់លំនៅដ្ឋាន លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។ លោក Nguyen Van Sang បានឲ្យដឹងថែមទៀតថា៖
“សិប្បករ Cam Vui ពិសេសណាស់។ លោកអាចនិពន្ធ ស្រាវជ្រាវ សម្រាំង និងសម្ដែងរូបភាពវប្បធម៌ពិសេសដោយឡែកភាគច្រើនរបស់ជនជាតិ Thai។ សិប្បករចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទូទៅរបស់ស្រុក ជាពិសេសក្នុងការឃោសនាលុបបំបាត់ទំនៀមទម្លាប់ហួសសម័យរបស់បងប្អូនជនរួមជាតិ។ តាមរយៈការច្រៀងជូនបងប្អូនស្ដាប់ គេមានភាពសប្បាយរីករាយយ៉ាងក្រែលែង ដូច្នេះងាយជះឥទ្ធិពលដល់ការយល់ដឹងរបស់គេ”។
ផ្ទះរបស់សិប្បករឆ្នើម Cam Vui នៅទីរួមស្រុក It Ong ស្រុក Muong La ប្រៀបដូចជាបណ្ណាល័យតូចតាចមួយអញ្ចឹង ព្រោះវាពោរពេញទៅដោយបទចម្រៀងដែលលោកបាននិពន្ធ រួមជាមួយនឹងសៀវភៅជាភាសា Thai បុរាណជាច្រើនដែលកត់ត្រាទំនៀមទម្លាប់ បទចម្រៀង បទកំណាព្យ បទបន់ស្រន់ និងពាក្យប្រៀនប្រដៅសម្រាប់មនុស្ស ដែលកំពុងមានហានិភ័យរលាបសាបសូន្យទៅ។ នោះគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលលោក Cam Vui បាននិងកំពុងខិតខំប្រឹងប្រែងរក្សាទុកជូនកូនចៅជំនាន់ក្រោយ។ លោកពិតជាសក្តិសមជាសិប្បកររបស់អ្នកភូមិទាំងអស់៕