ស្វែងយល់អំពីទំនៀមទំលាប់កំចាត់សត្វល្អិតចង្រៃរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai

(VOVWORLD) - ដោយមានបំណងចង់កំចាត់សត្វល្អិតចង្រៃដែលបំផ្លិចបំផ្លាញដំណាំដាំដុះចាប់ តាំងពីពេលដែលវានៅជាពងទឹក ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិ Dao ក្រហម នៅខេត្ត Yen Bai មានថ្ងៃមួយដែលបានហៅថា ថ្ងៃ king ceng chẹ ពោលគឺថ្ងៃ កំចាត់សត្វល្អិតចង្រៃ។ 
ស្វែងយល់អំពីទំនៀមទំលាប់កំចាត់សត្វល្អិតចង្រៃរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai - ảnh 1បណ្ដាប្រភេទគ្រាប់ពូជត្រូវបានត្រៀមរៀបចំសម្រាប់ថ្ងៃ king ceng che។
ថ្ងៃ king ceng che (ឬបានហៅថា ថ្ងៃកំចាត់សត្វល្អិតចង្រៃ) របស់ជនជាតិ Dao ក្រហមនៅខេត្ត Yen Bai ច្រើនតែប្រព្រឹត្តទៅនៅក្នុងថ្ងៃណាមួយនៃខែទី២ ឬខែ ទី៣តាមច័ន្ទគតិ។ គ្មាននរណាម្នាក់នៅទីនេះចាំថាទំនៀមទំលាប់ថ្ងៃ king ceng che មានតាំងពីពេលណាឡើយ ប៉ុន្តែត្រឹមតែដឹងថា យោងទៅតាមដូនតាជំនាន់មុនៗថា ប្រជាជននៅទីនេះប្រកបរបររកស៊ីភាគច្រើនផ្អែកលើការផលិតកសិកម្ម ដែល អាស្រ័យលើធម្មជាតិយ៉ាងខ្លាំង។ ហេតុដូច្នេះ មានឆ្នាំខ្លះដែលសត្វល្អិតចង្រៃ ផ្ទុះ រាលដាលយ៉ាងខ្លាំង ធ្វើឲ្យអន្តរាយយ៉ាងធ្ងន់ធ្ងរដល់ដំណាំដាំដុះ។ ដោយសារតែបែបនេះហើយ ទើបអ្នកស្រុកបានរៀបចំថ្ងៃ king ceng che ហើយ ត្រូវបានថែរក្សារហូតមកដល់សព្វថ្ងៃនេះ ក្នុងបំណងចង់ឲ្យដំណាំដាំដុះរីកលូត លាស់យ៉ាងល្អ នាំមកនូវរដូវអំណោយផល មិនរងការបំផ្លិចបំផ្លាញដោយសត្វ ល្អិតចង្រៃឡើយ។ លោកស្រី Trieu Thi Tiep នៅភូមិ 2 Tuc ឃុំ Phuc Loi ស្រុក Luc Yen ខេត្ត Yen Bai ឲ្យដឹងថា ដល់ថ្ងៃ king ceng che ពួកគេត្រូវត្រៀមរៀបចំ គ្រាប់ពូជគ្រប់ប្រភេទដូចជា ពោត ស្រូវ ល្ពៅ ល្ង សណ្ដែកដី សណ្ដែកខៀវ ជាដើម ហើយគ្រាប់ពូជទាំងនេះត្រូវបានដាក់ចូលក្នុងខ្ទះលីងដើម្បីកំចាត់សត្វ ល្អិតចង្រៃ។ លោកស្រីឲ្យដឹងថែមទៀតថា៖
“ជនជាតិ Dao ក្រហមយើងមានទំនៀមទំលាប់ថ្ងៃ king ceng che តាំងពី យូរយារណាស់មកហើយ។ នៅថ្ងៃ king ceng che មនុស្សគ្រប់គ្នាក្រោកពី ដំណេកតាំងពីព្រលឹម ដើម្បីត្រៀមរៀបចំគ្រាប់ពូជគ្រប់ប្រភេទដែលយើងប្រើ សម្រាប់ការសាបព្រោះជារៀងរាល់ឆ្នាំ ហើយដាក់ចូលក្នុងខ្ទះដើម្បីលីងឲ្យឆ្អិន ដោយមានអត្ថន័យគឺជាការកំចាត់សត្វល្អិតចង្រៃគ្រប់ប្រភេទដែលនៅតែស្ថិតនៅក្នុងទម្រង់ជាពងទឹក កុំឲ្យវាមានឱកាសផ្ទុះរាលដាល បង្កការខូចខាតដល់ដំណាំឡើយ”។         គ្រាប់ពូជបន្ទាប់ពីត្រូវបានលីងឲ្យឆ្អិន អាចបរិភោគបាន ហើយបាចទៅ ចម្ការបន្លែឬវាលស្រូវ។ ដៃបាចផងហើយនិយាយផងថា៖ ថ្ងៃនេះជាថ្ងៃ king ceng che គ្រួសារបានត្រៀមគ្រាប់ពូជយ៉ាងគ្រប់គ្រាន់ ហើយក៏បានសម្រេចការ កំចាត់សត្វល្អិតចង្រៃរួចរាល់ហើយ។ ដូច្នេះ ខ្ញុំសូមបណ្ដេញសត្វល្អិតចង្រៃឲ្យចេញ ផុតពីចម្ការរបស់គ្រួសារ”។
ស្វែងយល់អំពីទំនៀមទំលាប់កំចាត់សត្វល្អិតចង្រៃរបស់ជនជាតិ Dao ក្រហម នៅខេត្ត Yen Bai - ảnh 2ជនជាតិ Dao ក្រហម កំចាត់សត្វល្អិតចង្រៃដោយការលីងគ្រាប់ពូជឲ្យឆ្អិន។ 
បន្ទាប់ពីធ្វើការងារនេះរួចរាល់ ទើបស្ត្រីអាចទទួលទានអាហារពេលព្រឹកជា មួយក្រុមគ្រួសារមុនពេលទៅធ្វើស្រែចម្ការ។ ថ្ងៃ king ceng che មិនដូចថ្ងៃតម នានារបស់ជនជាតិ Dao ក្រហម Yen Bai ឡើយ។ ក្នុងថ្ងៃតមមួយចំនួន ដូចជា៖ ថ្ងៃតមព្រះផ្តរលាន់ ថ្ងៃតមព្រះខ្យល់ ឬថ្ងៃតមសត្វខ្លានោះ ពួកគេមិនត្រូវឲ្យធ្វើ ស្រែចម្ការទេ ប៉ុន្តែត្រឹមតែឈប់សម្រាកនៅផ្ទះ ឬទៅសួរសុខទុក្ខបងប្អូន ជា ពិសេសមិនត្រូវបង្កសម្លេងរំខានឡើយ។ ផ្ទុយទៅវិញ ក្នុងថ្ងៃ king ceng che បន្ទាប់ពីសម្រេចពិធីការទាំងអស់ អ្នកស្រុកអាចបន្តទៅធ្វើការដូចថ្ងៃធម្មតា។ លោកស្រី Thieu Thi Sinh នៅភូមិ Lung Ha ឃុំ Phuc Loi ស្រុក Luc Yen ខេត្ត Yen Bai បានឲ្យដឹងថែមទៀតថា៖
“ថ្ងៃ king ceng che មិនមានការបម្រាមយ៉ាងតឹងរឹងដូចថ្ងៃតមផ្សេងៗ ឡើយ។ ក្នុងថ្ងៃ king ceng che គ្រួសារនៅតែទៅធ្វើការដូចធម្មតា ប៉ុន្តែមុនពេល ចេញទៅក្រៅផ្ទះ ត្រូវតែកំចាត់សត្វល្អិតចង្រៃ ពោលគឺត្រូវយកគ្រាប់ពូជដែលគ្រួសារ សាបព្រោះទៅលីងទាំងស្រុង។ ទំនៀមទំលាប់នេះនៅតែត្រូវបានប្រជាជន អនុវត្តន៍ជារៀងរាល់ឆ្នាំ”។
នាសព្វថ្ងៃ ពេលដែលវិទ្យាសាស្ត្របច្ចេកទេសអភិវឌ្ឍយ៉ាងខ្លាំងក្លា ជនរួម ជាតិ Dao ក្រហមនៅខេត្ត Yen Bai ក៏បានចេះអនុវត្តន៍វឌ្ឍនភាពខាងបច្ចេក ទេសក្នុងការបង្ការ កំចាត់សត្វល្អិតចង្រៃ ដើម្បីបង្កើនបរិមាណផលនិងគុណភាព ដំណាំ។ ទោះជាយ៉ាងនេះក្ដី ទំនៀមទំលាប់កំចាត់សត្វល្អិតចង្រៃនៅតែត្រូវ បានជនរួមជាតិ Dao នៅទីនេះថែរក្សា ដូចជាការក្រើនរំលឹកដល់កូនចៅអំពីវិធី ការពារដំណាំប្រឆាំងនឹងការបំផ្លិចបំផ្លាញពីសត្វល្អិតចង្រៃចាប់តាំងពី បុរាណកាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ