អ្នកថែរក្សារបរតម្បាញប្រពៃណីរបស់ជនជាតិ Mong នៅខេត្ត Yen Bai

(VOVWORLD) - ឃុំ Lao Chai ស្រុក Mu Cang Chai ខេត្ត Yen Bai មានប្រជាជនជាជនជាតិ Mong ឡើងទៅ៩០%។ ការប្រកបរបររកស៊ីរបស់ពួកគេផ្សាភ្ជាប់នឹងការផលិតកសិកម្ម រុក្ខប្រមាញ់ ដូច្នេះរាល់ផលិតផលដែលគេផលិតឡើងក៏ត្រឹមតែសម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ក្នុងចំណោមមុខរបរប្រពៃណីជាច្រើនរបស់ជនជាតិ Mong នៅឃុំ Lao Chai នោះ គឺរបរត្បាញឫស្សីជាមុខរបរសិប្បកម្មតាំងពីយូរលង់ណាស់មកហើយ។ ទោះបីជាប្រឈមនឹងការលំបាកជាច្រើននៅពេលដែលរបរត្បាញឫស្សីត្រូវសាបសូន្យបន្តិចម្ដងៗក៏ដោយ ប៉ុន្តែជំនាន់វ័យក្មេងរបស់ជនជាតិ Mong នៅទីនេះនៅតែប្រកាន់ខ្ជាប់នូវបំណងប្រាថ្នាថែរក្សារបរប្រពៃណីដែលជីដូនជីតាបន្សល់ទុកមក។

អ្នកថែរក្សារបរតម្បាញប្រពៃណីរបស់ជនជាតិ Mong នៅខេត្ត Yen Bai - ảnh 1កំលោះ Giang A Hanh ប្រមូលអារម្មណ៍ទៅលើការងារ។ (រូបថត៖ VOV)
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ របរត្បាញប្រពៃណីរបស់បងប្អូនជនជាតិ Mong ត្រូវសាបសូន្យទៅជាបណ្ដើរៗ នៅពេលឧបករណ៍ប្រើប្រាស់ជាច្រើនដែលធ្វើពីឫស្សី ផ្ដៅជាប្រពៃណីនិងស្និទ្ធស្នាលជាមួយបរិស្ថាន ត្រូវបានជំនួសដោយឧបករណ៍ប្ល៉ាស្ទិកនិងផលិតផលផ្សេងៗទៀត ដោយផ្អែកលើលក្ខណៈសេដ្ឋកិច្ចរបស់គ្រួសារនីមួយៗ។ បន្ទាប់ពីរៀនវិជ្ជាជីវៈចប់ វិលត្រឡប់មកស្រុកកំណើតវិញចាប់ផ្ដើមអាជីព កំលោះ Giang A Hanh អាយុ ២៥ឆ្នាំ ជនជាតិ Mong ម្នាក់នៅឃុំ Lao Chai ខេត្ត Yen Bai បានខិតខំព្យាយាមស្វែងយល់ អភិវឌ្ឍរបរប្រពៃណីរបស់ជីដូនជីតា ជាមួយនឹងផលិតផលប្រកបដោយគុណភាពជាច្រើនធ្វើពីដើមឈើប្រចាំតំបន់នានា ហើយត្រូវបានមនុស្សជាច្រើនស្គាល់ដល់និងនិយមចូលចិត្ត។ កំលោះ A Hanh បានចែករំលែកថា៖ “ខ្ញុំមានបំណងថា ខ្លួនជាជំនាន់វ័យក្មេង ដូច្នេះត្រូវសិក្សារៀនសូត្រតាមជំនាន់មុនៗ ដើម្បីថែរក្សារបរប្រពៃណីរបស់ជនជាតិខ្លួន”។
ជនជាតិ Mong អាចផលិតផលិតផលតម្បាញដ៏សម្បូរបែប ចាប់ពីឧបករណ៍ផ្ទុក មធ្យោបាយដឹកជញ្ជូន រហូតដល់ឧបករណ៍មួយចំនួនដែលត្រូវបានប្រើប្រាស់ក្នុងពិធីការនានា។ ដោយផ្អែកលើផលិតផលនីមួយៗ គេនឹងប្រើប្រាស់វត្ថុធាតុដើមខុសគ្នា ភាគច្រើនគឺប្រើប្រាស់ឫស្សីនិងឫស្សីថ្ង ប៉ុន្តែល្អបំផុតគឺដើមឫស្សីពកដែលគេដាំនៅ Lao Chai។ ដើម្បីមានផលិតផលដូចជាកន្ត្រក កញ្ច្រែង ប្រកបដោយគុណភាព A Hanh តែងតែចំណាយពេលជ្រើសរើសដើមឫស្សីដោយមានរូបរាងស្អាត បន្ទាប់មកប្រមូលអារម្មណ៍ធ្វើឲ្យបានសុក្រិត។ Hanh ឲ្យដឹងថា ការបណ្តវេននិងអភិវឌ្ឍរបរត្បាញឫស្សីនេះគឺជាចំណោទពិបាកមួយ ប៉ុន្តែកាន់តែពិបាក គឺត្រូវប្ដេជ្ញាកាន់តែខ្លាំងជាងទៀត។
“នាពេលខាងមុខ ខ្ញុំមានបំណងចង់ធ្វើបានផលិតផលជាច្រើនថែមទៀត។ ឧទាហរណ៍ថា ធ្វើកាដូអនុស្សាវរីយ៍ដើម្បីបម្រើភ្ញៀវទេសចរនៅពេលគេមកទស្សនា”។
អ្នកថែរក្សារបរតម្បាញប្រពៃណីរបស់ជនជាតិ Mong នៅខេត្ត Yen Bai - ảnh 2
ប្រការងាយស្រួលរបស់កំលោះ Giang A Hanh គឺការបោះជំហាននីមួយៗរបស់គាត់ សុទ្ធតែទទួលបានការរួមដំណើរនិងការណែនាំរបស់ឪពុក លោក Giang A La ដែលជាអ្នកត្បាញនិងប្រឌិតផលិតផលប្រពៃណីដ៏ពូកែបំផុតនៅក្នុងភូមិ។ ឈានចូលអាយុចាស់ជរាហើយ លោក La មានគោលបំណងមិនត្រឹមតែឲ្យកូនប្រុសប៉ុណ្ណោះទេ ថែមទាំងឲ្យយុវជនជាច្រើនក្នុងភូមិឃុំក៏យកចិត្តទុកដាក់ សិក្សារៀនសូត្រ និងស្នងបន្តអាជីពជីដូនជីតា ដើម្បីអភិវឌ្ឍន៍ នាំឲ្យផលិតផលតម្បាញប្រពៃណីរបស់ជនជាតិខ្លួនខិតមកជិតមិត្តភក្តិទាំងជិតទាំងឆ្ងាយ ហើយក្លាយទៅជាទំនិញបម្រើភ្ញៀវទេសចរផងដែរ។ លោក La បានចែករំលែកថា៖ “របរត្បាញកំពុងត្រូវសាបសូន្យទៅ ខ្ញុំចង់ឲ្យកូនចៅបន្តថែរក្សានិងស្ដាររបរនេះឡើងវិញ។ មិនត្រឹមតែរក្សាបានរបរប្រពៃណីរបស់ជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងមានប្រាក់ចំណូលប្រកបដោយចីរភាពទៀតផង”។
ក្រោយរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ផលិតផលរាប់រយមុខរបស់ A Hanh ត្រូវបានសម្រេចរួចរាល់ មានវត្តមានលើទីផ្សារ ហើយត្រូវបានដាក់លក់នៅក្នុងទិវាបុណ្យវប្បធម៌ស្រុក ព្រមទាំងត្រូវបានភោជនីយដ្ឋាន ផ្ទះសំណាក់ និងភ្ញៀវទេសចរពេញនិយមទៀតផង។ លោក Hang A De ម្ចាស់ហូមស្ទេ Thu De នៅទីរួមស្រុក Mu Cang Chai ឲ្យដឹងថា៖ “ក្នុងដំណើរការប្រើប្រាស់ ខ្ញុំឃើញថា ផលិតផលមានគុណភាពល្អណាស់។ ហើយផលិតផលនេះអាចត្រូវបានប្រើប្រាស់ក្នុងការងារជាច្រើន ដូចជាធ្វើគ្រឿងតុបតែងក្នុងផ្ទះ”។
ពីមួយថ្ងៃទៅមួយថ្ងៃ កំលោះ Giang A Hanh តែងតែខិតខំកែលម្អផលិតផលរបស់ខ្លួន ដោយមានគោលបំណងថា នៅពេលភ្ញៀវទេសចរមកដល់តំបន់ដីជា “ឋានសួរនៃវាលស្រែកាំជណ្ដើរ” នេះម្ដងៗ គេនឹងយល់ដឹងបន្ថែមទៀតអំពីរបរប្រពៃណីរបស់ជនជាតិប្រចាំតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ