កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារលើ​កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់

(VOVWORLD) - សេចក្តីប្រកាសជាផ្លូវការរបស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសលីបង់ (UNIFIL) នៅលើបណ្តាញសង្គម X កាលពីថ្ងៃទី ១៦ ខែតុលា បានឲ្យដឹងថា រថក្រោះរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបាញ់ប្រហារទៅលើប៉មយាម UNIFIL នៅជិតទីក្រុង Kafer Kela ភាគខាងត្បូងប្រទេសលីបង់នាព្រឹកថ្ងៃដដែល។ UNIFIL បានបញ្ជាក់ថា នេះជាការវាយប្រហារដោយមានចេតនាច្បាស់លាស់ ប្រឆាំងនឹងកម្លាំងនេះ។ បច្ចុប្បន្ន កងទ័ពអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយនៅឡើយទេ។

ចាប់តាំងពីពេលដាក់ពង្រាយទ័ពជើងគោក ដើម្បីវាយប្រហារលើកងកម្លាំង Hezbollah នៅភាគខាងត្បូងប្រទេសលីបង់ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា កងទ័ពអ៊ីស្រាអែលត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថា បានបាញ់កាំភ្លើង  និងវាយប្រហារដោយផ្ទាល់ទៅលើបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ មតិអន្តរជាតិ ជាពិសេសប្រទេសដែលបញ្ជូនកងកម្លាំងទៅចូលរួមក្នុងបេសកកម្មនោះ បានថ្កោលទោស និងប្រឆាំងជំទាស់នឹងអំពើរបស់អ៊ីស្រាអែល។ ថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអឺរ៉ុបចំនួន ១៦ ដែលមានទាហានចូលរួមបេសកកម្ម UNIFIL បានអំពាវនាវឱ្យដាក់សម្ពាធនយោបាយ និងការទូតជាអតិបរមាលើអ៊ីស្រាអែល ដើម្បីទប់ស្កាត់ការវាយប្រហារលើកងកម្លាំងសន្តិសុខអង្គការសហប្រជាជាតិក្នុងប្រទេសលីបង់។ នៅថ្ងៃដដែល រដ្ឋាភិបាលបារាំងបានសម្រេចចិត្តហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែលពីការបង្ហាញនិងឧទ្ទេសនាមផលិតផលនៅឯពិព័រណ៍ការពារអន្តរជាតិ Euronaval ដែលនឹងប្រព្រឹត្តិទៅនៅជាយក្រុងប៉ារីសនៅដើមខែវិច្ឆិកា។

កងទ័ពអ៊ីស្រាអែលបន្តវាយប្រហារលើ​កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅលីបង់ - ảnh 1ទាហាននិងរថក្រោះរបស់អ៊ីស្រាអែល ប្រតិបត្តិការនៅភាគខាងត្បូងប្រទេសលីបង់។ រូបថត៖ IDF

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយ នាថ្ងៃទី ១៦ តុលា ក្រសួងសុខាភិបាលនៃប្រទេសលីបង់បានប្រកាសថា មនុស្សចំនួន ១៦ នាក់បានស្លាប់ និង ៥២ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលសំដៅទៅលើទីស្នាក់ការរដ្ឋបាលទីក្រុង Nabatieh ក្នុងខេត្ត Nabatieh  នៅភាគខាងត្បូងប្រទេសលីបង់។ នេះគឺជាការវាយប្រហារដ៏ធំបំផុតទៅលើទីស្នាក់ការរដ្ឋបាលរបស់ប្រទេសលីបង់ ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសរបស់ខ្លួន។

អាជ្ញាធរលីបង់បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលដោយសង្កត់ធ្ងន់ថា អំពើនេះគឺជាភស្តុតាងដែលថា យុទ្ធនាការរបស់ Tel Aviv ប្រឆាំងនឹងចលនា Hezbollah កំពុងប្តូរទិសដៅទៅកាន់រដ្ឋលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ